jump to navigation

ថៃ​នាំ​មន្ត្រី​យោធា​អម​ស្ថានទូត​១១​ប្រទេស​មក​ពិនិត្យ​តំបន់​ជម្លោះ ខែកក្កដា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-28

មន្ត្រី​យោធា​អម​ស្ថានទូត​មក​ពី​១១​ប្រទេស​ប្រចាំ​ទីក្រុង​បាងកក ត្រូវ​បាន​កង​ទាហាន​ថៃ​ដឹកនាំ​មក​ពិនិត្យ​ស្ថានភាព​ប្រឈមមុខ​ដាក់​គ្នា​ដោយ​យោធា​រវាង​ថៃ​ខ្មែរ នៅ​តំបន់​ជម្លោះ​ខ្សែ​ត្រៀម​ទី​១​ក្នុង​ទឹក​ដី​ថៃ​នៃ​បរិវេណ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កក្កដា វេលាម៉ោង​ប្រមាណ​១១:៣០​នាទី ។

 
RFA Photo/Uy Sophea
មន្ត្រី​យោធា​អម​ស្ថានទូត​មក​ពី​១១​ប្រទេស​ពិនិត្យ​តំបន់​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​២៨ កក្កដា ២០០៨ ។

តាម​មន្ត្រី​យោធា​អម​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​ទីក្រុង​បាងកក​មួយ​រូប​ដែល​បាន​មក​ពិនិត្យ​ស្ថានការណ៍​នៃ​ជម្លោះ​នោះ លោក​វរសេនីយ៍ឯក ហ្គ័រហាត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​រូប​លោក​និង​មន្ត្រី​យោធា​អម​ស្ថានទូត​ចំនួន​១០​ប្រទេស​ផ្សេង​ទៀត បាន​មក​កាន់​តំបន់​ប្រឈម​មុខ​តានតឹង​ដាក់​គ្នា​រវាង​កង​ទាហាន​ខ្មែរ​ថៃ​នៃ​ប្រាសាទ​ព្រះវិហារ​នេះ ដោយសារតែ​មាន​ការសំណូមពរ​យ៉ាង​ទទូច​ពី​ក្រុម​មន្ត្រី​យោធា​ថៃ ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា នៅ​ពេល​ដែល​លោក​បាន​ពិនិត្យ​ឃើញ​ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​រវាង​យោធា​ខ្មែរ​ថៃ​នោះ គួរតែ​ភាគី​ទាំង​ពីរ​អង្គុយ​នៅ​តុ​ចរចា​ដើម្បី​ស្វែងរក​សន្តិភាព ។

អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​បាន​ចូល​ទៅ​ជួប​ផ្ទាល់​ក្នុង​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ មន្ត្រី​យោធា​អម​ស្ថានទូត​ទាំង​នោះ​មក​ពី​ប្រទេស​កាណាដា អាល្លឺម៉ង់ វៀតណាម សិង្ហបុរី លាវ ឥណ្ឌូណេស៊ី ឥណ្ឌា និង​មន្ត្រី​មួយចំនួន​ទៀត​ដែល​មិន​បាន​ជួប​ដោយសារតែ​មន្ត្រី​យោធា​ថៃ​ប្រញាប់​ឲ្យ​វិល​ត្រឡប់ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​មាន​ការជួប​សម្ភាស​ជាមួយ​អ្នក​កាសែត​ខ្មែរ ។

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​វា​ជា​ការប្រសើរ​ដែល​មន្ត្រី​យោធា​ថៃ​បាន​នាំ​មន្ត្រី​យោធា​អម​ស្ថានទូត​បរទេស​ទៅ​ពិនិត្យ​ស្ថានការណ៍​ជាក់ស្ដែង​ក្នុង​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​ទាហាន​ខ្មែរ​និង​ថៃ​នោះ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «អត់​អី​ទេ ពីព្រោះ​ធម្មតា​អ្នក​ការទូត​មក​ផ្អែក​លើ​ច្បាប់»

ស្ថានភាព​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​នៃ​កង​ទាហាន​ខ្មែរ​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​រហូត​មក​ដល់​ថ្ងៃ​ច័ន្ទ​នេះ មាន​រយៈពេល​១៣​ថ្ងៃ​ហើយ នៅតែ​មិន​ទាន់​ធូរស្រាល​ទេ ដោយ​កងទ័ព​ទាំង​សងខាង​បាន​ត្រឹមតែ​និយាយ​ថា គេ​នៅ​រង់ចាំ​ស្ដាប់​លទ្ធផល​ការចរចា​រវាង​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ឯ​ខែត្រ​សៀមរាប​ប៉ុណ្ណោះ ។

ទាហាន​ខ្មែរ​ម្នាក់​នៃ​កង​វរសេនា​តូច​៤១២ កំពុង​ត្រៀម​ប្រយុទ្ធ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​បាន​និយាយ​ថា គេ​បាន​ត្រៀម​លះបង់​ជីវិត​ជា​ស្រេច​សម្រាប់​ការពារ​ទឹក​ដី​ខ្មែរ​ប្រសិនបើ​មាន​សង្គ្រាម​កើតឡើង ។

ទាហាន​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​គិត​រួច​ហើយ​ថា ខ្ញុំ​ចូល​ទាហាន​នេះ​ខ្ញុំ​ធ្វើ​ដើម្បី​ទឹក​ដី​សមរភូមិ ការពារ​ប្រទេស​ជាតិ ។ អត់​ញញើត​ទេ ផ្ញើ​ជីវិត​ក្នុង​សមរភូមិ​ហើយ»

ប៉ុន្តែ​ចំពោះ​ទាហាន​ថៃ​មួយ​រូប​បាន​និយាយ​ថា​គេ​មិន​ចង់​ធ្វើ​សង្គ្រាម​ទេ បើសិន​ស្ថានការណ៍​ឲ្យ​ពួក​គេ​វិល​ត្រឡប់​គេ​នឹង​បាន​ជួប​ប្រពន្ធ​កូន​និង​បាន​ទៅ​ធ្វើ​ស្រែ​ចម្ការ ។

ស្រប​ពេល​ជាមួយ​គ្នា​ដែល​កង​ទាហាន​ឈុត​ខ្មៅ​និង​កង​ទាហាន​ប៉ារ៉ា​ថៃ​កំពុង​ចូល​លុកលុយ​ព្រំដែន​និង​វត្ត​ខ្មែរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ នៅ​ឯ​ព្រំដែន​ខ្មែរ​ថៃ​តំបន់​ជាំស្រង៉ាំ ស្រុក​អន្លង់វែង ខែត្រ​ឧត្ដរមានជ័យ ឯណោះ​វិញ កង​ប៉ូលិស​ព្រំដែន​ខ្មែរ​បាន​រាយការណ៍​ថា ទាហាន​ឈុត​ខ្មៅ​និង​ទាហាន​ប៉ារ៉ា​របស់​ថៃ​ចំនួន​១៦​នាក់ ប្រដាប់​ដោយ​អាវុធ​បាន​ចូល​មក​ព្រំដែន​ខ្មែរ​ចម្ងាយ​ប្រមាណ​៧០​ម៉ែត្រ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ច័ន្ទ​នេះ ក៏ប៉ុន្តែ​ត្រូវ​កង​រក្សា​ព្រំដែន​ខ្មែរ​រុញ​ច្រាន​ត្រឡប់​ទៅ​វិញ​បន្ទាប់ពី​មួយ​ម៉ោង​ក្រោយ​មក ៕

ប្រភព៖ http://www.rfa.org/khmer/indepth/foreign-observers-brought-2dispute-area-07292008004936.html

មតិ»

No comments yet — be the first.

បញ្ចេញមតិ