jump to navigation

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​៣) ខែវិច្ឆិកា 18, 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback
2008-11-06

នៅ​ថ្ងៃ​ច័ន្ទ​ទី​៣០ ខែ​មិថុនា កាសែត​ជា​ភាសា​អង់គ្លេស​របស់​ថៃ​ឈ្មោះ The Nation បាន​សរសេរ​អត្ថបទ​រិះគន់​លោក ស៊ុនធិ លីមថុងគុល មេ​ដឹក​នាំ​នៃ​សម្ព័ន្ធ​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ​ថា បាន​យក​លេស​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ ដើម្បី​វាយ​ប្រហារ​រដ្ឋាភិបាល​លោក សាម៉ាក់ ស៊ុនថរៈវេដ។

 
RFA/Uy Sophea
ទាហាន​ខ្មែរ​-ថៃ​ទទួល​ទាន​អាហារ​ជាមួយ​គ្នា​នៅ​លើ​ភ្នំទ្រព្យ ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១៩ តុលា ២០០៨។

ខែ​កក្កដា ឆ្នាំ​២០០៨ ៖

ចូល​ដល់​ខែ​កក្កដា ឆ្នាំ ២០០៨ គឺ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា រដ្ឋាភិបាល​ថៃ​បាន​ដក​ការ​គាំទ្រ​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ដើម្បី​ចុះ​ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ប៉ុន្តែ​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា គេ​នៅតែ​មាន​សង្ឃឹម​អំពី​ជោគជ័យ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ​ ទោះបី​ជា​មាន​ការជំទាស់​ពី​ប្រទេស​ថៃ​ក៏ដោយ។

នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០០៨ ខណៈ​ដែល​អង្គការ​យូណេស្កូ​ចាប់ផ្ដើម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​កេបិក​នៃ​ប្រទេស​កាណាដា កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះ​ផ្សាយ​របាយការណ៍​មួយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​អាល្លឺម៉ង់ (D P-A) ដែល​បកស្រាយ​ដោយ​ខុសឆ្គង​ថា ប្រាសាទ​ព្រះវិហារ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ថៃ។

តាម​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការ​គាំទ្រ​សំណើ​របស់​ប្រទេស​កម្ពុជា​ដើម្បី​ចុះ​ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ ឥស្សរជន​ប្រឆាំង​នៃ​ប្រទេស​ថៃ​ ដែល​មាន​និន្នាការ​ប្រឆាំង​ចំពោះ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក ណុបផៈឌន ផាតាម៉ា ទៅ​តុលាការ។

ជា​ចុង​ក្រោយ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ធ្វើ​ការ​កាត់ក្ដី​កាល​ពី​ថ្ងៃ​ទី​ ៧ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ជាមួយ​នឹង​ការវិន្និច្ឆ័យ​ដោយ​សំឡេង​ ៨​ ទល់​នឹង​ ១ ថា សេចក្ដី​ថ្លែងការណ៍​រួម​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ជាមួយ​កម្ពុជា​គ្មាន​ធម្មនុញ្ញភាព។ ខណៈ​ដែល​អង្គការ​យូណេស្កូ​ជួប​ប្រជុំ​នៅ​ក្នុង​ទីក្រុង​កេបិក​នៃ​ប្រទេស​កាណាដា មាន​ប្រជាជន​ថៃ​ប្រហែល ២០​នាក់ បាន​ឈរ​តវ៉ា​នៅ​ខាង​ក្រៅ​ដោយ​មាន​កាន់​ទង់ជាតិ​ថៃ និងបដា​ដែល​សរសេរ​ថា​ “ណុបផៈឌន លោក​ឯង​ជា​មនុស្ស​កុហក”។

នៅ​ថ្ងៃ​ទី ៦ ខែ កក្កដា នាយក​រដ្ឋមន្រ្តី​ថៃ បាន​ថ្លែង​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន ​ថា ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​ជា​សិទ្ធិ​សម្រេ​ច​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។ លោក សាម៉ាក់ ស៊ុនថរៈវេដ បាន​ថ្លែង​បន្ថែម​ថា ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​មរតក​ពិភពលោក​នោះ ក៏​មិន​បាន​ធ្វើ​ឲ្យ​ប្រទេសថៃ​បាត់បង់​ទឹកដី​ដែរ។

រហូត​ដល់​ថ្ងៃ​ទី៧ ខែកក្កដា ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣២ នៅ​ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា អង្គការ​យូណេស្កូ បាន​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ទោះបី​ជា​មាន​ការ​ជំទាស់​ពី​ប្រទេស​ថៃ ក៏ដោយ។

នៅ​ថ្ងៃ​ទី​៨ កក្កដា ប្រជារាស្រ្ត​ខ្មែរ​រាប់​ពាន់​នាក់​នៅ​ទីក្រុង​ភ្នំពេញ បាន​ហែ​ក្បួន​តាម​ដង​វិថី​នានា ដើម្បី​ជា​កិច្ច​អបអរសាទរ​ដែល​អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ដែរ សាលាក្រុង​ភ្នំពេញ​ក៏​បាន​រៀបចំ​ការ​ប្រគំ​តន្រ្តី​កំសាន្ត​មួយ​នៅ​វត្តភ្នំ ដើម្បី​អបអរ​សាទរ​ដែល​អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ ទោះបីជា​មាន​ភ្លៀង​ធ្លាក់​នៅ​ថ្ងៃ​នោះ ប៉ុន្តែ​មាន​មនុស្ស​ម្នា​ជា​ច្រើន​នៅ​តែ​ចូល​រួម ហើយ​ការ​ប្រគុំ​តន្ត្រី​នោះ​ក៏​បាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់ និង​មាន​ការ​ចូល​រួម​ពី​តារា​ល្បី ទាំង​សិល្បៈ​បុរាណ និង​សម័យ និង​មាន​ការ​បាញ់​កាំជ្រួច​ទៀត​ផង។

អតីត​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះ​មហាវីរក្សត្រ នរោត្តម សីហនុ ដែល​បង្ខំ​ឲ្យ​ប្រទេស​ថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​កម្ពុជា​វិញ តាមរយៈ​ការតវ៉ា​ផ្លូវ​តុលាការ​អន្តរជាតិ បាន​ស្វាគមន៍​ចំពោះ​ដំណើរការ​ដែល​កម្ពុជា​បាន​សម្រេច​​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

មន្ត្រី​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ លោក អ៊ុំ ដារាវុធ បាន​មាន​ប្រសាសន៍​ថា​ព្រះរាជ​បន្ទូល​របស់​ព្រះ​មហាវីរក្សត្រ​ ​គឺ​នៅ​ក្រោយ​កិច្ច​ប្រឹងប្រែង​ខ្លះ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ប៉ុនប៉ង​មិន​បាន​សម្រេច​ក្នុង​កិច្ច​ព្យាយាម​ចង់​រារាំង​មិន​ឲ្យ​មាន​ការដាក់​ប្រាសាទ​ចូលក្នុង​បេតិកភណ្ឌ​ពិភពលោក។

លោក អ៊ុំ ដារាវុធ  បាន​ថ្លែង​ថា ព្រះ​មហាវីរក្សត្រ​តែង​មាន​បន្ទូល​ថា ក្នុង​ព្រះរាជ​ជីវិត​ព្រះ​អង្គ​ព្រឹត្តិការណ៍​ធំ​ៗ៣​ដែល​ព្រះអង្គ​តែង​ចាំ​មិន​ភ្លេច គឺ​មួយ​នៅ​ឆ្នាំ​១៩៤៧ ដែល​ប្រទេស​ថៃ​បាន​សង​មក​កម្ពុជា​វិញ​នូវ​ខេត្ត​មួយ​ចំនួន​ដូច​ជា ខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និង​ព្រឹត្តិការណ៍​ធំ​ទី​២ នៅ​ឆ្នាំ​១៩៥៣ ដែល​ខ្មែរ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង និង​ព្រឹត្តិការណ៍​ធំ​ទី​៣ គឺ​ថ្ងៃ​ដែល​ខ្មែរ​ឈ្នះ​ក្តី​ជាមួយ​ប្រទេស​ថៃ នៅ​ឆ្នាំ​១៩៦២ ដែល​បង្ខំ​ឲ្យ​ប្រទេសថៃ​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា​វិញ តាមរយៈ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ប្រទេស​ហុល្លង់។

នៅ​ថ្ងៃ​ទី​៩ កក្កដា ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​ ដោយ​សុំ​ឲ្យ​ប្រជារាស្រ្ត​ថៃ​និង​ខ្មែរ​រក្សា​មិត្តភាព​ប្រទេស​ជិត​ខាង ដោយ​កុំ​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​ធ្វើ​ជា​ជម្លោះ​រវាង​ប្រជាជាតិ​ទាំង​ពីរ។ ព្រះ​មហាវីរក្សត្រ​បាន​មាន​ព្រះរាជ​ឱង្ការ​ថា ជា​ការ​គួរ​ឲ្យ​សោក​ស្តាយ ដែល​​ប្រជារាស្ត្រ​ថៃ​ខ្លះ​ដែល​យក​បញ្ហា​ប្រាសាទ​ព្រះវិហារ​មក​បង្ក​រឿង​ជាមួយ​នឹង​ប្រជារាស្ត្រ​ខ្មែរ ហើយ​ព្រះអង្គ​ក៏​សុំ​ឲ្យ​ប្រជារាស្រ្ត​ថៃ​និង​ប្រជារាស្រ្ត​ខ្មែរ ខិតខំ​កសាង​មិត្តភាព​និង​សហ​ប្រតិបត្តិការ​ជាជាង​ការយក​បញ្ហា​ប្រាសាទ​ព្រះវិហារ​មក​បង្ក​ជា​អរិភាព​នឹង​គ្នា​នោះ។

នៅ​ថ្ងៃ​ទី​១០ កក្កដា លោក នុបផាឌន ផាតាម៉ា រដ្ឋ​មន្រ្តី​នៃ​ក្រសួង​ការបរទេស​ថៃ បាន​លាលែង​ពី​តំណែង​ទាក់​ទង​នឹង​ការ​ដែល​អង្គការ​យូណេស្កូ​បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។ ការ​លាលែង​របស់​លោក គឺ​បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​ថៃ បាន​សម្រេច​ថា​ការ​ចុះ​ហត្ថលេខា​របស់​លោក​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ​នោះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។

នៅ​ថ្ងៃ​ទី​១៣ កក្កដា ប្រធាន​ផ្នែក​ទេសចរណ៍​ថៃ បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ ១,០០០​នាក់​​បាន​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​មក​កាន់​តំបន់​ប្រាសាទ​អង្គរវត្ត ក្នុង​ប្រទេស​កម្ពុជា គឺចាប់តាំង​ពី​មាន​ជម្លោះ​ជុំវិញ​បញ្ហា​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

ប្រធាន​សមាគម​លើក​ស្ទួយ​ទេសចរណ៍​ថៃ លោក សុងសាក់ ស្រីឃ្លឿប បាន​មាន​ប្រសាសន៍​ថា​ការ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​ដ៏​ច្រើន​នេះ ភាគច្រើន​គឺ​ដោយសារ​មាន​ការ​ភ័យខ្លាច​បញ្ហា​សន្តិសុខ៕

ប្រភពអាស៊ីសេរី

មតិ»

No comments yet — be the first.

បញ្ចេញមតិ