jump to navigation

នាយក​រដ្ឋមន្រ្តី​ខ្មែរ​ទទូច​ឲ្យ​មាន​ការចរចា​ជាមួយ​ភាគី​ថៃ​ឲ្យ​បាន​ឆាប់ ខែសីហា 30, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
3 comments
2008-08-29

នៅ​ថ្ងៃ​សុក្រ​នេះ​ខុទ្ទកាល័យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ខ្មែរ បាន​ផ្តល់​អនុសាសន៍​ជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ទាក់ទង​ឡើង​វិញ​ជាមួយ​ភាគី​ប្រទេស​ថៃ ដោយ​ជំរុញ​ឲ្យ​មាន​ការចរចា​ជា​ថ្មី​ឲ្យ​បាន​ឆាប់​រហ័ស​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ស្តីពី​ករណី​ជម្លោះ​លើ​ដែន​ដី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

 
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

បញ្ជា​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​២​ថ្ងៃ​ពី​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​សុំ​លុប​ការចរចា​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា​នេះ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប ដោយ​សំអាង​ថា​ប្រទេស​ថៃ​កំពុង​មាន​វិបត្តិ​នយោបាយ៕

ប្រភព៖ http://www.rfa.org/khmer/indepth/PM-asked-2have-negotiation-soon-08292008233554.html

Advertisements

កម្ពុជា​និង​ថៃ​សម្រេច​ផ្អាក​គម្រោង​ជួប​ចរចា​ពី​បញ្ហា​ព្រំដែន​នៅ​សៀមរាប ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
1 comment so far
2008-08-28

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​សម្រេច​ផ្អាក​ជា​បន្ទាន់​នូវ​គម្រោងការ​ជួប​ចរចា​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​គ្រោង​ធ្វើ​នៅ​ថៃ្ង​ទី​២៩ ខែ​សីហា​នេះ ដោយ​មាន​សំណើ​ពី​ភាគី​ថៃ​សុំ​ផ្អាក ដោយ​គ្មាន​ថៃ្ងកំណត់​ធ្វើ​វិញ​នៅ​ពេល​ណា​ទ្បើយ ។

 
RFA Photo/Pong Khemerak
កិច្ច​ចរចា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។

លោក​ឧត្តមសេនីយ៍ឯក នាង ផាត ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ចរចា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ៖ «អត់​ទេ​ផ្អាក​ហើយ ថៃ​សុំ​ពន្យារ​ពេល គេ​អត់​ប្រាប់​មូលហេតុ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​ប្រហែល​ជា​មក​ពី​ផ្ទៃ​ក្នុង​ស្រុក​គេ​ហើយ យើង​មើល​ទៅ ។ …គេ​ថា អត់​ដឹង​ពេល​ណា​ទេ គេ​សុំ​ពន្យារ​ពេល​សិន ។ ក្រុម​ការងារ​គេ​មក​ធ្វើការ​ជាមួយ​ក្រុម​យើង​អស់​ហើយ ម្សិលមិញ ។ ឥឡូវ​គេ​ទៅ​វិញ​ថ្ងៃ​នេះ​អស់​ហើយ គេ​មក​៣០​នាក់ ធ្វើការ​ជាមួយ​ពួក​ខ្ញុំ ហើយ​ខ្ញុំ​អត់​ទៅ ខ្ញុំ​នៅ​ភ្នំពេញ ថ្ងៃ​នេះ​បាន​ត្រូវ​ទៅ គេ​ផ្អាក​អ៊ីចឹង យើង​មិន​បាច់​ទៅ​អី»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​បាន​ធ្វើ​បាតុកម្ម​អហិង្សា​មិន​បាន​សម្រេច កាលពី​ថៃ្ង​ទី​១៧ ខែ​សីហា​សប្តាហ៍​កន្លង​ទៅ ក្នុង​ការសម្ដែង​មតិ​ប្រឆាំង​ការឈ្លានពាន​របស់​កងទ័ព​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​នោះ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ចំពោះ​ការផ្អាក​គម្រោងការ​ចរចា នៅ​ថ្ងៃ​ទី២៩ សីហា​នេះ ថា ៖ «ជំនួប​ប្រជុំ​រវាង​កម្ពុជា ខ្ញុំ​គិត​ថា​វា​អត់​មាន​បាន​ផល​ប្រយោជន៍​អី​ទេ គ្រាន់តែ​ជា​ការពន្យារ​ពេល​របស់​ភាគី​សៀម ហើយ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​អូសបន្លាយ​ពេល​វេលា​ទៅ​តាម​ភាគី​សៀម ពីព្រោះ​សៀម​គេ​ជា​អ្នក​ឈ្លានពាន​មក​លើ​អធិបតេយភាព បូរណភាព​ទឹក​ដី​នៃ​កម្ពុជា ។ ដូច្នេះ​យើង​ក្នុង​នាម​ជា​ជន​រងគ្រោះ​យើង​ត្រូវតែ​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ។ យើង​មិន​ត្រូវ​ឲ្យ​អូសបន្លាយ​ឲ្យ​ចេះតែ​យូរ​ទៅៗ ម្ដង​ហើយ​ម្ដង​ទៀត​ទេ»

សូម​រំឭក​ថា​មន្រ្តី​ជាន់ខ្ពស់​របស់​កម្ពុជា​និង​ថៃ​បាន​ជួប​ប្រជុំ​ចរចា​ទ្វេ​ភាគី​ចំនួន​បី​លើក​រួច​មក​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​កងទ័ព​ថៃ​ចូល​មក​រំលោភ​នឹង​ឈ្លានពាន​នៅ​លើ​ទឹក​ដី​កម្ពុជា ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ប្រាសាទ​តាមាន់​ធំ​របស់​កម្ពុជា ប៉ុន្តែ​សេចក្តី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា កង​យោធា​ថៃ​នៅតែ​បន្ត​ឈរជើង​នៅ​តំបន់​នោះ​នឹង​រាតត្បាត​ទៅ​កន្លែង​ដទៃ​ទៀត ក្នុង​ទឹក​ដី​កម្ពុជា​នៅ​ជាប់​ព្រំដែន​ថៃ ។

កាលពី​ថៃ្ង​ទី​២២ ខែ​សីហា​សប្តាហ៍​កន្លង​ទៅ​នេះ លោក​នាយ​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​លិខិត​ឆ្លើយតប​នឹង​លោក Samak Sundaravej នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ​ជាមួយ​នឹង​ការសង្ឃឹម​ថា កិច្ចប្រជុំ​លើក​ទី​២ រវាង​ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​បណ្តោះអាសន្ន និង​ប្រធាន​គណៈកម្មាធិការ​តំបន់​ព្រំដែន​ថៃ នៅ​ថៃ្ង​ទី​២៩ ខែ​សីហា​ខាង​មុខ​នេះ នឹង​នាំ​មក​នូវ​ការដក​កងទ័ព​ដែល​នៅ​សេសសល់​ទាំងអស់​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ព្រមទាំង​បញ្ឈប់​នូវ​កំណើន​យោធា​កើត​មាន​នៅ​តាម​តំបន់​ព្រំដែន​ផ្សេងៗ​ទៀត៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Thai-postponed-negotiation-08282008215906.html

កម្ពុជា​គ្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-08-28

រាជ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​នឹង​រៀបចំ​ប្រាសាទ​ព្រះវិហារ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​មួយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ទាញ​យក​ប្រាក់​ចំណូល​ពី​ទេសចរ​បរទេស​ក្នុង​លំដាប់​ថ្នាក់​ទី​២ បន្ទាប់ពី​តំបន់​ទេសចរណ៍​ប្រាសាទ​បុរាណ​ខេត្ត​សៀមរាប។

 
RFA file photo/Uy Sophea
ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​លើ​កំពូល​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ប្រទេស​កម្ពុជា លោក ថោង ខុន បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​កំពុង​ផ្ដើម​ធ្វើ​ផ្លូវ​កៅស៊ូ​ប្រវែង​ប្រមាណ​៨០​គីឡូម៉ែត្រ​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ទៅ​ដល់​ភូមិ​ស្រអែម ស្រុក​ជាំក្សាន ខេត្ត​ព្រះវិហារ ក្នុង​បំណង​ត​ភ្ជាប់​ខេត្ត​សៀមរាប​ទៅ​នឹង​ប្រាសាទ​ព្រះវិហារ​ដើម្បី​ឲ្យ​លំហូរ​អ្នក​ទេសចរណ៍​ទៅ​កាន់​តំបន់​នោះ។

លោក ថោង ខុន បាន​មាន​ប្រសាសន៍​ទៀត​ថា​ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ទៅ​កាន់​ព្រះវិហារ គេ​ត្រូវការ​សេវាកម្ម​និង​កន្លែង​ស្នាក់នៅ​ឲ្យ​បាន​សមរម្យ ហើយ​លោក​សុំ​អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​និង​ពាណិជ្ជករ​បាន​ទៅ​ធ្វើ​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ល្អៗ នៅ​ទី​នោះ​ផងដែរ។

លោក ថោង ខុន បាន​មាន​ប្រសាសន៍​ថា ៖ «តំបន់​ទេសចរណ៍​ល្បីល្បាញ​បន្ទាប់ពី​អង្គរ​មក​មាន​ព្រះវិហារ​ហ្នឹង​ហើយ។ អ៊ីចឹង​យើង​តភ្ជាប់​ប្រាសាទ​ព្រះវិហារ​ទៅ​នឹង​សៀមរាប បាន​វា​យក​លំហូរ​ទេសចរ ។ គម្រោង​ហ្នឹង​ឆាប់​ទេ យើង​ចង់​ឲ្យ​មាន​កន្លែង​ស្នាក់នៅ​ស្រួលបួល»

លោក ថោង ខុន បាន​បញ្ជាក់​ទៀត​ថា​បើសិន​ជា​មាន​សណ្ឋាគារ​កន្លែង​ស្នាក់នៅ​ល្អៗ ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ទេសចរណ៍​បរទេស​ប្រមាណ​១០០​នាក់ ទៅ​មើល​ប្រាសាទ​ព្រះវិហារ​ដែរ។

រដ្ឋាភិបាល​ខ្មែរ​នៅតែ​សម្រេច​ចិត្ត​ធ្វើឡើង​គម្រោង​នានា​ដែល​បាន​គ្រោង​ទុក បើទោះបី​ជា​តំបន់​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​កំពុង​កើត​មាន​ជម្លោះ​ព្រំដែន ដោយ​កង​ទាហាន​ខ្មែរ​ថៃ​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ណា​ក៏​ដោយ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា សមាជិក​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ខែ​កញ្ញា​ខាង​មុខ ដើម្បី​ធ្វើ​ការងារ​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ ដោយ​ចាប់ផ្ដើម​បោះបង្គោល​ស្ទង់​និង​រៀបចំ​ផែនការ​អភិរក្ស ការពារ និង​អភិវឌ្ឍ ដោយ​មិន​ឲ្យ​មាន​ការរអាក់រអួល​ដំណើរការ​ទេ ទោះបី​ជា​នៅ​មាន​វត្តមាន​កងទ័ព​ថៃ​លើ​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ​ក៏ដោយ។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា ៖ «សមាជិក​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក គេ​ចាប់ផ្ដើម​មក​ខែ​ក្រោយ រាជ​រដ្ឋាភិបាល ជាពិសេស​តាម​សារ​របស់​សម្ដេច​តេជោ ហ៊ុន សែន លោក​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា យើង​មិន​ឲ្យ​មាន​ការរអាក់រអួល​ប៉ះពាល់​ទៅ​ដល់​កិច្ច​អភិវឌ្ឍ និង​អ្វី​ដែល​ជា​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ក៏​បង្កើន​តំបន់​ទេសចរណ៍ ។ នាយក​រដ្ឋមន្រ្តី​ថៃ​បាន​ឯកភាព​គ្នា​យល់​ឃើញ​ដូច​គ្នា យក​តំបន់​ទិសដៅ​នៃ​វប្បធម៌ មិន​មែន​ជា​ពេល​ដែល​ជា​តំបន់​សម្រាប់​ធ្វើ​សង្រ្គាម​ឈ្លោះ​គ្នា​ទេ»

កាលពី​ពាក់​កណ្ដាល​ខែ​កក្កដា​កន្លង​មក បន្ទាប់ពី​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ជា​ច្រើន​រយ​នាក់​បាន​ចូល​លុកលុយ​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វារៈ ជាប់​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ប្រធាន​អាជ្ញាធរ​ព្រះវិហារ លោក ទី យ៉ាវ ធ្លាប់​បាន​អះអាង​ថា​គម្រោង​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​តម្រូវ​អនុវត្ត​ឲ្យ​ហើយ​ត្រឹមកំណត់​ខែ​កុម្ភៈ ឆ្នាំ ២០០៩ ត្រូវ​យឺតយ៉ាវ​មិន​ដូច​កម្មវិធី​បាន​កំណត់​នោះ​ឡើយ ដោយសារតែ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​ចូល​លុកលុយ​ធ្វើ​ឲ្យ​បុគ្គលិក​ជា​ច្រើន​ភ័យខ្លាច​ហើយ​ចាក​ចោល​ពី​ការងារ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-2develope-PV-area-08282008222537.html

នាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្ដល់​ដី​ធ្លី​ដល់​ទាហាន​ដែល​ការពារ​នៅ​តាម​ព្រំដែន ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-08-28

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ធ្វើ​សម្បទាន​ដីធ្លី​ដល់​កងទ័ព​ដែល​បម្រើ​ការងារ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-ថៃ ដើម្បី​ជា​វិធានការ​មួយ ដែល​គេ​សង្ឃឹម​ថា នឹង​អាច​ទាក់ទាញ​ឲ្យ​មនុស្ស​មក​រស់នៅ​ក្នុង​តំបន់​ព្រំដែន​និង​ពង្រឹង​ព្រំដែន​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​បរទេស​បាន។


RFA Photo/Uy Sophea
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ផែនការ​ថ្មី​នេះ បាន​លេច​ឡើង​ក្រោយ​ពី​មាន​សេចក្តី​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា កង​វិស្វកម្ម​យោធា​នឹង​ស្ថាបនា​ផ្លូវ​ថ្មីៗ​នៅ​ជិត​បរិវេណ​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តាមាន់ ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​ការ ប្រឈម​មុខ​ដាក់​គ្នា​រយៈពេល ៦​សប្តាហ៍​ជាមួយ​នឹង​ប្រទេស​ថៃ។

លោក សាន វណ្ណា អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ណែនាំ​ឲ្យ​លោក​រៀបចំ​ដី​សម្រាប់​ទាហាន​និង​គ្រួសារ​របស់​ពួក​គេ​នៅ​ក្បែរ​មូលដ្ឋាន​ដែល​ពួក​គេ​កំពុង​ឈរ​ជើង។

លោក​មាន​ប្រសាសន៍​ថា ដី​មាន​ស្រាប់​ហើយ ហើយ​ខាង​អាជ្ញាធរ​ខេត្ត​ក៏​កំពុង​ធ្វើការ​លំអិត​ពី​រឿង​នេះ​ដែរ៕

ប្រភព៖ http://www.rfa.org/khmer/indepth/border-soldiers-to-receive-land-08282008041339.html

ខ្មែរ​នៅ​ក្រៅ​ប្រទេស​បន្ត​ប្រមូល​ថវិកា​ឧបត្ថម្ភ​ដល់​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-08-29

ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​ក្រៅ​ប្រទេស​ក៏​បាន​បន្ត​រួបរួម​គ្នា​ប្រមែប្រមូល​ថវិកា​ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ព្រមទាំង​កង​យោធពល​ខេមរភូមិន្ទ​ដែល​កំពុង​ឈរ​ជើង​ការពារ​ព្រំដែន​នៅ​តាម​តំបន់​ជម្លោះ​ទាំង​នោះ ។

 
AFP Photo
ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

នៅ​សហរដ្ឋ​អាមេរិក​សហគមន៍​ខ្មែរ​នៃ​វត្ត​ធម្មឃោសនារាម នៅ​រដ្ឋ​រ៉ូដអៃឡិន្ត និង​វត្ត​ឧត្តមសហរត្ននារាម នៅ​រដ្ឋ​ម៉ាស្សាឈូសេត បាន​មូលមតិ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ផ្កា​សាមគ្គី​រួម​គ្នា​មួយ នៅ​ឯ​វត្ត​ធម្មឃោសនារាម នា​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​សីហា​នេះ ។

ព្រះតេជព្រះគុណ ជៀ ឆោម ពុទ្ធៈសិរីមុនី ព្រះ​គ្រូ​ចៅអធិការ​វត្ត​ធម្មឃោសនារាម បាន​មាន​ដីកា​អំពី​គោលបំណង​នៃ​ពិធី​បុណ្យ​ផ្កា​រួម​គ្នា រវាង​សហគមន៍​និង​វត្ត​នៃ​រដ្ឋ​ទាំង​ពីរ​នេះ ៖ «ជា​ប្រជាជាតិ​ខ្មែរ ដើម្បី​ជួយ​ដល់​ទាហាន​ខ្មែរ​យើង ដែល​ប្រចាំការ​នៅ​ប្រាសាទ​ព្រះវិហារ​ហ្នឹង ដែល​ការពារ​ទឹក​ដី​ខ្មែរ​ហ្នឹង ហើយ​និង​ព្រះសង្ឃ ព្រោះពី​មុន​ព្រះសង្ឃ​មាន​៣​អង្គ ដល់​ឥឡូវ​មាន​ថា​ព្រះសង្ឃ​មាន​ច្រើន​អង្គ ខ្វះខាត​ចង្ហាន់ បិណ្ឌ​បាត្រ ។ អាត្មា​បាន​មើល​តាម​ទូរទស្សន៍​ប៉ុស្តិ៍​ស៊ីធីអិន និង​ប៉ុស្ដិ៍​ទទក ហើយ​បាន​ស្ដាប់​ប៉ុស្ដិ៍​អាស៊ីសេរី​ជាដើម​អី​អ៊ីចឹង ។ អត់​បាន​ទាក់ទង​ផ្ទាល់​ទៅ​ខាង​ហ្នឹង​ទេ»

ព្រះតេជព្រះគុណ កែម សុភ័ណ បិយទត្តោ គង់​នៅ​វត្ត​ឧត្តមសហរត្ននារាម រដ្ឋ​ម៉ាស្សាឈូសេត ដែល​បាន​រួម​គំនិត​ផ្តួចផ្តើម​បុណ្យ​ផ្កា​សាមគ្គី​នេះ បាន​មាន​ថេរដីកា​បន្ថែម​ទៀត ៖ «ការពិត​ទៅ​សម្រាប់​ទស្សនៈ​អាត្មា​ផ្ទាល់ខ្លួន អាត្មា​គិត​ថា​រឿង​ក្រ​ខ្សត់ អត់​ឃ្លាន រឿង​កង្វះខាត​អី​មួយ ដូច​ជា​ប្រជាពលរដ្ឋ​យើង​ខ្វះ​ខាត យើង​ដែល​មាន​ឈាម​ជ័រ មាន​ជាតិ​ជាមួយ​គ្នា មិន​ចាំបាច់​ដល់​ថា​រាជ​រដ្ឋាភិបាល​លោក​ប្រកាស អំពាវនាវ​អី បើសិន​ជា​យើង​មាន​សណ្ដានចិត្ត មាន​ទឹក​ចិត្ត​ស្រឡាញ់ ស្នេហា​ជាតិ​របស់​យើង ហើយ​យើង​មាន​សទ្ធា​ប៉ុណ្ណា ប៉ុណ្ណឹង ជួយ​តាម​លទ្ធភាព​ហ្នឹង​ទៅ»

ព្រះតេជព្រះគុណ ជៀ ឆោម ពុទ្ធៈសិរីមុនី ព្រះ​គ្រូ​ចៅអធិការ​វត្ត​ធម្មឃោសនារាម នៅ​រដ្ឋ​រ៉ូដអៃឡិន្ត បាន​មាន​ដីកា​បញ្ជាក់​ថា​ព្រះអង្គ​នឹង​នាំ​បច្ច័យ​ទៅ​ដោយ​ផ្ទាល់ ។

ព្រះតេជព្រះគុណ ជៀ ឆោម បាន​មាន​ដីកា​ថា ៖ «គម្រោង​ថា​ទៅ​ខែ​១១ ព្រោះ​អាត្មា​ដែល​រៃ​បណ្ដើរៗ​បាន​៤០០​-​៥០០​ហើយ ដើរ​សូត្រ​មន្ត​ចេះតែ​ប្រកាស ហើយ​និង​ថ្ងៃ​ទី​៣១ ចាំមើល​ថ្ងៃ​ហ្នឹង​ទៀត តើ​បាន​ប៉ុន្មាន ? ទិញ​ជា​សម្ភារៈ ទៅ​ដល់​ហ្នឹង​ចាំ​អាត្មា​ពិភាក្សា​ជាមួយ​នឹង​អ្នក​ស្រុក​ខ្មែរ​ទៀត តើ​ទាហាន​ខ្មែរ​ហ្នឹង​ខ្វះ​អីៗ ដូច​ជា​អង្រឹង ដូច​ជា​ស្បែកជើង​អី​ហ្នឹង យើង​ទិញ​ទៅ​តាម​ហ្នឹង​ទៅ អត់​បាន​យក​លុយ​ទៅ​ឲ្យ​ផ្ទាល់​ទេ ។ អត់​បាន​ចូល​តាម​រដ្ឋាភិបាល មាន​គម្រោង​ថា​ចង់​ទៅ​ដល់​ផ្ទាល់ ឃើញ​ផ្ទាល់ មាន​គម្រោង​អ៊ីចឹង»

គួរ​ជម្រាប​ថា​នៅ​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​សីហា​នេះ​ដែរ សហមគមន៍​ខ្មែរ​មួយ​ទៀត​នៃ​វត្ត​ជោតនារាម នៅ​រដ្ឋ​ញូវយ៉ក ក៏​នឹង​រួម​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ផ្កា​ប្រាក់​ក្នុង​បំណង​ដូច​គ្នា​នឹង​សហគមន៍​វត្ត​ទាំង​ពីរ​នោះ​ដែរ៕

ប្រភព៖ http://www.rfa.org/khmer/indepth/fund-raising-in-USA-continues-08292008050734.html

ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (៣) ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
add a comment
2008-08-15

មាន​ចម្ងល់​ថា តើ​ភាគី​ខ្មែរ​មាន​ភស្តុតាង​និង​សាក្សី​សំខាន់ៗ កម្រិត​ណា​ទៅ​បាន​ជា​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាត់​ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​១៩៦២ ដោយ​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្មែរ។

 
RFA Photo/Keo Nimol
ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។

នៅ​ក្នុង​បទសម្ភាសន៍​កាលពី​លើក​មុន លោក​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ កាត់​ក្តី​ឲ្យ​ខ្មែរ​ឈ្នះ​ភាគី​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​១៩៦២ ក្នុង​ករណី​បណ្តឹង​វិវាទ​ពី​ការគ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ដោយសារ​តែ​ភាគី​ខ្មែរ​មាន​ភស្តុតាង​សំខាន់​២។

ទី​មួយ គឺ​ផែនទី​ដែល​បាន​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ​ពិតជា​ស្ថិត​នៅ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មែន។ ទីពីរ​គឺ​ថា មាន​ព្រះអង្គម្ចាស់​ថៃ​មួយ​ព្រះអង្គ ព្រះនាម ដំរ៉ុង បាន​ទៅ​ធ្វើ​ទស្សនកិច្ច ទត​ប្រាសាទ​ព្រះវិហារ កាលពី​ឆ្នាំ​១៩៣០ ក្នុង​នាម​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​ថៃ ដែល​គ្រា​នោះ​មាន​មន្ត្រី​នៃ​អាណានិគម​បារាំង​ជា​អ្នក​ចេញ​មុខ​ទទួល​ស្វាគមន៍​ព្រះអង្គ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ជំនួស​ឲ្យ​ខ្មែរ​ផង។

នៅក្នុង​បទសម្ភាសន៍​ភាគ​បន្ត​នៅ​ថ្ងៃ​នេះ នាង​ខ្ញុំ​សូម​ជម្រាប​សួរ​លោក ស៊ាន ប៉េងសែ ដែល​លោក​ក៏​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​និង​ជា​ស្ថាបនិក​ស្ថាបនា​ផែនទី​ស្រុក​ខ្មែរ​ផង​នោះ​ថា ៖ ពេល​ដែល​ឡើង​តុលាការ​ទាក់ទង​រឿង​ក្តី​ហ្នឹង តើ​មាន​មន្ត្រី​តំណាង​អាណានិគម​បារាំង បាន​ទៅ​ចូលរួម​ធ្វើ​ជា​សាក្សី​ដែរ​ឬ​ទេ?

ស៊ាន ប៉េងសែ ៖ «បាទ! បារាំង​ក៏​ធ្វើ​សាក្សី ខ្មែរ​ក៏​ធ្វើ​សាក្សី​ដែរ។ បារាំង​ក៏​គេ​ឲ្យ​អ្នក​គូស​ផែនទី​ទៅ​ជាមួយ​ដែរ ឯ​ខ្មែរ​យើង​អ្នក​គូស​ផែនទី ក៏​ទៅ​ជាមួយ​ដែរ ព្រោះ​យើង​ត្រូវ​ពន្យល់​គេ​ពី​រឿង​ផែនទី​ហ្នឹង។ ព្រោះ​ខាង​ចៅក្រម​និង​មេធាវី គាត់​មិន​សូវ​ពូកែ​ផែនទី ត្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​នោះ​ជជែក​គ្នា ហើយ​ពន្យល់​គេ​ពី​រឿង​ផែនទី​ហ្នឹង។ ដែល​បារាំង​ជួយ​យើង​នោះ ព្រោះ​ផែនទី​ដែល​បារាំង​ធ្វើ​ឲ្យ​តាំង​ពី​ដើម ដូច​ខ្ញុំ​បាន​និយាយ​មុន​មក​នេះ​គឺ​ថា ប្រាសាទ​ព្រះវិហារ​វា​នៅ​ក្នុង​ដី​យើង​ជានិច្ច មិន​ដែល​នៅ​ក្រៅ​ពី​ផែនទី​ដី​យើង​ទេ។ ដូច្នេះ​សៀម​មិន​អាច​ប្រកែក​អី​បាន ឲ្យ​ខ្មែរ​ចាញ់​នោះ​ទេ»

មឿង ទុម ៖ តើ​ភាគី​ខ្មែរ តំណាង​ខាង​ខ្មែរ​ដែល​ចូល​ទៅ​ស្តាប់​សវនាការ​នោះ ពាក់ព័ន្ធ​ក្នុង​សវនាការ​កាត់​ក្តី​ហ្នឹង ដែល​គេ​ឲ្យ​ប្រាសាទ​ព្រះវិហារ​បាន​មក​ជា​របស់​ខ្មែរ​នោះ លោក​មាន​ចាំ​ទេ​ថា ខ្មែរ​មាន​ប៉ុន្មាន​នាក់ ហើយ​លោក​មាន​ចាំ​ឈ្មោះ​ទេ?

ស៊ាន ប៉េងសែ ៖ «បាទ! នៅ​ក្នុង​ឯកសារ​គេ​មាន​អ្នក​ដែល​ជា​មេធាវី​ខ្មែរ គឺ​លោក ទ្រឿង កាង ជា​អ្នក​ជំនួយការ​យក​ឯកសារ​យក​ស្អីៗ ហើយ​ពន្យល់​គេ​ស្អីៗ គឺ​លោក ទ្រឿង កាង នេះ​ឯង។ ហើយ​ខ្មែរ​ជួល​មេធាវី​អាមេរិកាំង​មួយ គឺ​លោក អាក ចនសុន ជា​អតីត​រដ្ឋមន្ត្រី​ខាង​ក្រសួង​ការបរទេស​អាមេរិកាំង»

មឿង ទុម ៖ នេះ​បាន​សេចក្តី​ថា លោក​នៅ​មិន​ទាន់​បាន​រាប់​បញ្ចូល​មេធាវី​បារាំង ២​រូប​ទៀត​ដែល​ខ្មែរ​បាន​ជួល​ដែរ គឺ​ទី​មួយ​លោក​សាស្រ្តាចារ្យ រ៉ឺទែរ និង​ទី​ពីរ គឺ​លោក​សាស្រ្តាចារ្យ ពិនតូ ដែល​អ្នក​ទាំងពីរ​ជា​សាស្រ្តាចារ្យ​ល្បី​ឈ្មោះ​ផ្នែក​ច្បាប់​ជាតិ​និង​អន្តរជាតិ ប្រចាំ​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង នា​កាល​ណោះ។ បើ​សរុប​មក មេធាវី​បរទេស​ដែល​ខ្មែរ​ជួល​កាល​នោះ​មាន ៣​រូប ជនជាតិ​អាមេរិក​មួយ​រូប​និង​បារាំង​ពីរ​រូប​នេះ តើ​ត្រឹមត្រូវ​អី​ចឹង​ទេ លោក?

ស៊ាន ប៉េងសែ ៖ «បាទ! អ៊ីចឹង​ហើយ​បាទ»។ មឿង ទុម ៖  តើ​ក្រៅ​ពី​នោះ មាន​អ្នក​ណា​ទៀត? ស៊ាន ប៉េងសែ ៖ «ក្រៅ​ពី​នោះ មាន​ច្រើន​ទៅ​ទៀត ពួក​អ្នក​ខាង​ផែនទី​អី​ហ្នឹង»

មឿង ទុម ៖ នៅក្នុង​ការបើក​សវនាការ​នោះ ខាង​ខ្មែរ​ហ្នឹង​មាន​ឲ្យ​តំណាង ក្រៅពី​អ្នក​ចូល​ទៅ​បំពេញ​កិច្ចការ​ក្នុង​សវនាការ​សម្រាប់​តុលាការ​ហ្នឹង ក្រៅពី​នោះ​មាន​ដូច​ថា ប្រជាពលរដ្ឋ​ដែល​អាច​ជា​អ្នក​មុខ​អ្នក​ការ​អី​នោះ គេ​មាន​ឲ្យ​ទៅ​ស្តាប់​ដែរ​ទេ?

ស៊ាន ប៉េងសែ ៖ «ហ្នឹង​គេ​អត់​ទេ តាម​ដែល​ឯកសារ​ហ្នឹង គឺ​ថា មាន​តែ​ពួក​ចៅក្រម ពួក​មេធាវី​និង​ពួក​អ្នក​ដែល​ទទួល​ខុស​ត្រូវ ដែល​គេ​ហៅ​ថា ប្រតិភូ​ខ្មែរ​ហ្នឹង។ គឺ​យើង​សុំ​គេ​ទៅ ជំនាន់​ហ្នឹង​មាន​តែ​អ្នក​អស់​ហ្នឹង​ទេ ដែល​អាច​ចូល​បាន»

មឿង ទុម ៖ ពេល​ដែល​តុលាការ​កាត់​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី សំខាន់​លើ​ចំណុច ២​ធំៗ​ដែល​លោក​មាន​ប្រសាសន៍​អម្បាញ់មិញ​អ៊ីចឹង តើ​ខ្មែរ​មាន​ទាមទារ​ជំងឺ​ចិត្ត​អី​ឲ្យ​ថៃ សង​ទេ?

ស៊ាន ប៉េងសែ ៖ «អត់​ទេ អត់​មាន​ទេ ព្រោះ​គេ​សម្រេច​យ៉ាងម៉េច គឺ​គេ​សម្រេច​ដូច្នោះ​ហើយ។ បើ​សិន​ណា​យើង​ចង់​ទាមទារ​ស្អី យើង​ត្រូវ​តែ​ប្តឹង​គេ ឲ្យ​នៅក្នុង​ឯកសារ​ប្តឹង​មុន​ដំបូង​នោះ​ណា។ ប៉ុន្តែ​ឯកសារ​ដែល​យើង​ប្តឹង​មុន​ដំបូង​នោះ គឺ​ឲ្យ​សៀម​ចេញ​ពី​ប្រាសាទ​ព្រះវិហារ​និង​ចេញ​ពី​បរិវេណ​ប្រាសាទ​ព្រះវិហារ ទី​២ របស់​ណា​ដែល​សៀម​យក​ចេញ​ទៅ​នោះ យក​មក​វិញ។ តែ​ប៉ុណ្ណឹង គេ​សម្រេច​ថា​អ៊ីចឹង»

មឿង ទុម ៖ តើ​នៅ​ពេល​ដែល​តុលាការ​កាត់​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី នៅ​ឆ្នាំ​១៩៦២​នោះ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ទ័ព​សៀម​ដក​ចេញ?

ស៊ាន ប៉េងសែ ៖ «ត្រូវ​តែ​ចេញ​ភ្លាម។ បើ​គេ​សម្រេច​អ៊ីចឹង ត្រូវ​តែ​ចេញ​ភ្លាម​ហើយ។ ដូច្នោះ​ក្រោយ​មក ១​ខែ ២​ខែ បាន​ព្រះ​ករុណា សីហនុ បាន​ទៅ​ដល់​ព្រះវិហារ​ហ្នឹង ដើម្បី​កាន់កាប់។ ព្រោះ​កាលណា​តុលាការ​សម្រេច​អ៊ីចឹង​ហើយ គេ​ឲ្យ​សៀម​ចេញ។ រួច​ទៅ​បាន​ខ្មែរ​ទៅ​កាន់កាប់​ក្រោយ»

មឿង ទុម ៖ តើ​នៅពេល​ណា​ដែល​សៀម​គាត់​ប្រគល់​វត្ថុ​បុរាណ​ដែល​នៅ​លើ​ប្រាសាទ​ព្រះវិហារ ដែល​គាត់​យក​ទៅ​ស្រុក​គាត់ មក​ឲ្យ​ខ្មែរ​វិញ?

ស៊ាន ប៉េងសែ ៖ «រឿង​ហ្នឹង​ខ្ញុំ​អត់​ដឹង​ដែរ។ គេ​ថា របស់​ណា​ដែល​សៀម​យក​របស់​ខ្មែរ ត្រូវតែ​ប្រគល់​មក​វិញ។ នេះ​ជា​ការសម្រេច​របស់​តុលាការ ត្រូវ​តែ​សៀម​ធ្វើ​តាម​តុលាការ​ហ្នឹង»

មឿង ទុម ៖ សូម​ជម្រាប​សួរ​លោក​មួយ​ទៀត វត្ថុ​បុរាណ​ដែល​នៅ​លើ​ប្រាសាទ​ព្រះវិហារ​ហ្នឹង មុន​សៀម​មក​កាន់កាប់​មាន​រឿង​ប្តឹង​ទៅ​ដល់​តុលាការ​ហ្នឹង បារាំង​អ្នក​កាន់កាប់? ស៊ាន ប៉េងសែ ៖ «បាទ»។ មឿង ទុម ៖  ព្រោះ​បារាំង​នៅ​គ្រប់គ្រង​ខ្មែរ កាល​ណោះ? ស៊ាន ប៉េងសែ ៖ «អ៊ីចឹង​ហើយ បាទ»។ មឿង ទុម ៖ តើ​ការកត់ត្រា​វត្ថុ​បុរាណ បារាំង​អ្នក​កត់​ត្រា​ឲ្យ​ខ្មែរ អ៊ីចឹង​ឬ​លោក? ស៊ាន ប៉េងសែ ៖ «បាទ! អ៊ីចឹង​ហើយ»។

មឿង ទុម ៖  ឥឡូវ​នេះ ខ្ញុំ​ជម្រាប​សួរ​លោក​ថា ក្នុង​ការប្តឹង​ទៅ កាល​ណោះ​ខ្មែរ​ជា​អ្នក​ដើម​បណ្តឹង? ស៊ាន ប៉េងសែ ៖ «អ៊ីចឹង​ហើយ ត្រូវ​ហើយ​បាទ»។ មឿង ទុម ៖ ហើយ​សៀម​ជា​អ្នក​ចុងចោទ? ស៊ាន ប៉េងសែ ៖ «អ៊ីចឹង​ហើយ បាទ»។

មឿង ទុម ៖  តើ​ខ្មែរ​ដាក់​ប្តឹង​ទៅ តាំង​ពី​ដំណើរការ​ប្តឹង​រហូត​ទៅ​ដល់​ចប់ តើ​ខ្មែរ​យើង​ចាយ​លុយ​អស់​ប៉ុន្មាន​ឬ​ក៏​យ៉ាងម៉េច​ដែរ?

ស៊ាន ប៉េងសែ ៖ «ខ្ញុំ​អត់​ដឹង​ទេ។ ក្នុង​ឯកសារ​នោះ គេ​អត់​និយាយ​ទេ។ អាហ្នឹង​គឺ​រឿង​សម្ងាត់​របស់​គេ។ ប៉ុន្តែ​គេ​ថា យើង​រើស​(មេធាវី)​ហ្នឹង តែ​បើ​តាម​ខ្ញុំ​ដឹង អត់​មាន​ឯកសារ​ទេ រើស​(មេធាវី)​ហ្នឹង​គឺ​រដ្ឋាភិបាល​ខ្មែរ​យើង​ជួល​មេធាវី​អាមេរិកាំង​លោក អាក់ ចនសុន ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិកាំង​នោះ ជា​មេធាវី​ធំ​ណាស់។ យើង​រក​មេធាវី​ល្អ អ៊ីចឹង​ហើយ ពេល​ដែល​យើង​ដាក់​ប្រាសាទ​ព្រះវិហារ​នោះ​ទៅ​ក្នុង​បេតិកភណ្ឌ​អន្តរជាតិ​ហ្នឹង អាមេរិកាំង​ទទួល​ស្គាល់​យើង​ភ្លាម»

មឿង ទុម ៖  ប៉ុន្តែ កន្លង​មក​ថ្មីៗ​នេះ មន្រ្តី​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ប្រាប់​អ្នក​កាសែត​ជា​បន្តបន្ទាប់​ថា ភាគី​កម្ពុជា​បាន​រំលោភ​លើ​បូរណភាព​ទឹក​ដី​ថៃ ដោយ​បាន​ដាក់ទ័ព​នៅ​ក្នុង​ដែនដី​នៃ​បរិវេណ​ប្រាសាទ​ព្រះវិហារ​នោះ។ ដូច្នេះ​ក្នុង​នាម​លោក​ជា​អ្នក​ឯកទេស តើ​គួរ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ធ្វើ​ដូចម្តេច​ចំពោះ​រដ្ឋាភិបាល​ថៃ ដែល​មាន​បញ្ហា​ទាក់ទិន​នឹង​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នោះ?

ស៊ាន ប៉េងសែ ៖ «គឺ​ថា យើង​យោល​ទៅ​តាម​សេចក្តី​សម្រេច ពាក្យ​បារាំង​ថា កុងហ្វមមេម៉ង់ អាឡា ឌុយសីស្សុង ដឺ ទ្រីប៊ីណាល់ អាំងតេណាស់សូណាល់។ គឺ​ថា យើង​យោល​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ នៅ​តុលាការ​ក្រុង​ឡាអេ។ អាហ្នឹង​ជា​ចំណង​មួយ ចង​សៀម​កុំ​ឲ្យ​សៀម​រើ​បាន ថ្ងៃ​ក្រោយ​ថា នែ​មិន​ទាន់​គូស​ផែនទី​គូស​អី ពី​រឿង​ប្រទល់​ដែន​ហ្នឹង កុំ​ឲ្យ​សៀម​រើ​បាន ពីព្រោះ​ផែនទី​មាន​រួច​ទៅ​ហើយ»

មឿង ទុម ៖ បាន​ន័យ​ថា ផែនទី​ដែល​លោក​មាន​នោះ គឺ​ជា​ផែនទី​ដែល​គេ​ប្រើ​នៅ​ក្នុង​តុលាការ​នោះ អ៊ីចឹង​ឬ?

ស៊ាន ប៉េងសែ ៖ «បាទ។ ក្នុង​តុលាការ​នោះ បើ​គាត់​មាន​លុយ គាត់​ទៅ​ទិញ​បាន​ទេ​តើ សៀវភៅ​នោះ តុលាការ​មាន​ទេ​តើ ជា​អង់គ្លេង​ក៏​បាន ជា​បារាំង​ក៏​បាន។ ដូច​ខ្ញុំ​មាន​ផែនទី​ខ្នាត​១​រយ​ពាន់ នៅ​ស្រុក​បារាំង​នោះ​ទិញ​បាន​តាម​ចិត្ត»

ប្រភព៖ http://www.rfa.org/khmer/preah-vihear-history/preah-vihear-history8-08152008040406.html

ប្រាសាទ​ព្រះវិហារ៖ ដំណើរការ​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ (១) ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
add a comment
2008-08-10

ថ្មីៗ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ទើប​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​ការចោទ​ប្រកាន់​របស់​ប្រទេស​ថៃ ដែល​ថា កម្ពុជា​បាន​បំពាន​លើ​អធិបតេយ្យ​របស់​ថៃ នៅ​បរិវេណ​ប្រាសាទ​ព្រះវិហារ តំបន់​ដែល​កំពុង​ប្រទាញ​ប្រទង់​គ្នា​នោះ។

 
RFA file photo/Uy Sophea
ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​លើ​កំពូល​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

ប៉ុន្តែ សេចក្តី​ថ្លែងការណ៍​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​កម្ពុជា ចុះ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០០៨​នេះ គឺ​បាន​ឆ្លើយតប​ទៅ​ថៃ​ថា កម្ពុជា​ពុំ​មាន​បញ្ហា​តំបន់​ត្រួតស៊ី​គ្នា​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ទេ។

ភាគី​កម្ពុជា​អះអាង​ដូច្នេះ គឺ​សំអាង​ទៅ​លើ​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ដែល​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ ដោយ​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ខ្មែរ។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ថៃ​នៅតែ​មាន​បញ្ហា​មិន​ឈប់ឈរ​ទាក់ទិន​ទៅ​នឹង​ករណី​ប្រាសាទ​ព្រះវិហារ​នេះ។

ហេតុនេះ​ហើយ ទើប​មាន​លោក​អ្នកស្តាប់​មួយ​ចំនួន បាន​ស្នើសុំ​ឲ្យ​វិទ្យុ​អាស៊ីសេរី ផ្សាយ​ជូន​អំពី​ថា​តើ​ដំណើរការ​កាត់ក្តី​នោះ ធ្វើ​ឡើង​បែប​ណា? តើ​ភាគី​ខ្មែរ មាន​អ្វី​ជា​ភស្តុតាង​ខ្លះ ដែល​ជួយ​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ថៃ ក្នុង​ករណី​ប្រាសាទ​ព្រះវិហារ​នេះ។

ដើម្បី​ចង់ដឹង​ករណី​នេះ នាង​ខ្ញុំ​សូម​អញ្ជើញ​លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដែល​មាន​ជំនាញ​ច្បាស់​លាស់ ផ្នែក​ខាង​ព្រំដែន​និង​ផែនទី​នៃ​ប្រទេស​កម្ពុជា​នោះ នាង​ខ្ញុំ​សូម​អញ្ជើញ​លោក​មាន​ប្រសាសន៍​រំឭក​អំពី​ករណី​ដែល​ខ្មែរ​មាន​ការប្តឹង​ផ្តល់​ជាមួយ​នឹង​ប្រទេស​ថៃ ស្តីពី​ប្រាសាទ​ព្រះវិហារ​នេះ ជូន​អស់​លោក​អ្នកស្តាប់​ឲ្យ​បាន​ជ្រាប​ផង។

ស៊ាន ប៉េងសែ ៖ «បាទ! សូម​អរគុណ។ ការកាត់ក្តី​នោះ​មាន​ឯកសារ​ច្រើន ៧០០​សន្លឹក ជា​សៀវភៅ​នោះ​បី​-បួន​ក្បាល ជា​ភាសា​បារាំង​ផង ជា​ភាសា​អង់គ្លេស​ផង។ រឿង​អី បាន​ជា​មាន​រឿង​ព្រះវិហារ? ព្រោះ​ព្រះវិហារ​នេះ តាម​សន្ធិសញ្ញា​ឆ្នាំ​១៩០៤ ឆ្នាំ​១៩០៨ ដែល​សៀម​និង​បារាំង​បាន​ចុះ​ហត្ថលេខា​ជាមួយ​គ្នា​នោះ ប្រាសាទ​ព្រះវិហារ​គឺ​មាន​នៅក្នុង​ទឹក​ដី​ខ្មែរ​រួច​ទៅ​ហើយ។ ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​១៩៥៤ គឺ​មួយ​ឆ្នាំ ក្រោយ​ដែល​ខ្មែរ​បាន​ឯករាជ្យ​នោះ សៀម​បាន​មក​កាន់​កាប់​ប្រាសាទ​ព្រះវិហារ​ហ្នឹង​ឯង។ គឺ​មក​ជួសជុល មក​កាន់កាប់។ ដូច្នោះ បាន​ខ្មែរ​យើង ទៅ​ធ្វើការ​បដិសេធ​ភ្លាម​ទៅ​អង្គការ​សហប្រជាជាតិ​ថា សៀម​នោះ​មក​កាន់កាប់​ខុស​ច្បាប់ រំលោភ​លើ​បូរណភាព​ទឹក​ដី​ខ្មែរ»

មឿង ទុម ៖ ដូច្នេះ​បាន​ន័យ​ថា របប​សង្គមរាស្រ្ត​និយម ដែល​មាន​ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ជា​ព្រះប្រមុខរដ្ឋ​កាល​ណោះ គឺ​ភាគី​ខ្មែរ​ជា​ដើម​ចោទ ឬ​ដើម​បណ្តឹង ចំណែក​ប្រទេស​ថៃ​គឺ​ជា​ចុងចោទ តើ​អ៊ីចឹង​មែន​ទេ​លោក?

ស៊ាន ប៉េងសែ ៖ «បាទ! រដ្ឋាភិបាល​ខ្មែរ​ជំនាន់​ហ្នឹង បាន​ចាប់​ផ្តើម​ធ្វើ​ឯកសារ​ប្តឹង​ទៅ​អន្តរជាតិ​ដើម្បី​ឲ្យ​សៀម​នោះ​ដកទ័ព​ចេញ​ពី​ស្រុក​ខ្មែរ​ទៅ។ នៅក្នុង​ឆ្នាំ​១៩៥៩ ខ្មែរ​យើង​បាន​ដាក់​ពាក្យ​នោះ​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ»

មឿង ទុម ៖ តើ​លោក​អាច​បញ្ជាក់​ជូន​អស់​លោក​អ្នកស្តាប់​បាន​ទេ ថា​តើ​ភាគី​ខ្មែរ​ជា​ដើម​ចោទ ដែល​បាន​ដាក់​បណ្តឹង​ប្តឹង​ទៅ​ថៃ កាលពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​១៩៥៩​នោះ ដាក់​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ តើ​ខ្មែរ​ប្តឹង​ថៃ​ក្នុង​ន័យ​ថា​ម៉េច​ខ្លះ កាល​ណោះ?

ស៊ាន ប៉េងសែ ៖ «បណ្តឹង​របស់​ខ្មែរ កាលណោះ​និយាយ​តែ​បន្តិច​ទេ គឺ​ថា សុំ​ឲ្យ​ប្រទេស​សៀម​នោះ ដកទ័ព​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ក្នុង​ការកាន់កាប់​ខុស​ច្បាប់​ហ្នឹង។ គេ​និយាយ​ថា តំបន់​ព្រះវិហារ​និង​តំបន់​ជុំវិញ​ឬ​បរិវេណ​ព្រះវិហារ។ គេ​និយាយ​ច្បាស់​ណាស់»

មឿង ទុម ៖ បើ​តាម​នាង​ខ្ញុំ​ដឹង គឺ​ថា នៅ​ឆ្នាំ​១៩៥៩ ពេល​ដែល​ភាគី​ខ្មែរ​ដាក់​បណ្តឹង​ជូន​ទៅ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ គឺ​ថា តុលាការ​អន្តរជាតិ​នោះ ពុំទាន់​បាន​ចាត់ការ​លើ​បណ្តឹង​នោះ​ភ្លាម​ៗ​នៅ​ឡើយ​ទេ គឺ​ទាល់តែ​ដល់​ឆ្នាំ​១៩៦២ បាន​ន័យ​ថា ៣​ឆ្នាំ​ក្រោយ​មក ទើប​គេ​លើក​យក​បណ្តឹង​ខ្មែរ​នោះ​មក​ពិនិត្យ។ តើ​រឿង​នោះ ត្រឹម​ត្រូវ​អ៊ីចឹង​ទេ?

ស៊ាន ប៉េងសែ ៖ «បាទ! តុលាការ​អន្តរជាតិ គេ​ចាប់​ធ្វើការ​ពិនិត្យ​បណ្តឹង​របស់​ខ្មែរ​នោះ ក្នុង​ឆ្នាំ​១៩៦២ គឺ​គេ ចាប់​ធ្វើ​ហើយ។ ដូច្នោះ​គេ​យក​សេចក្តី​បណ្តឹង​ហ្នឹង​មក​ពិនិត្យ។ ហើយ​មុន​នឹង​ពិនិត្យ គេ​ត្រូវ​មើល​ផែនទី។ ខ្ញុំ​សូម​ជម្រាប​ថា ក្នុង​ឆ្នាំ​១៩៦២​ហ្នឹង មុន​គេ​ចាប់​ធ្វើការ​ពិនិត្យ ដល់​ពិនិត្យ​រួច​ទៅ គេ​ឃើញ​ថា បណ្តឹង​របស់​ខ្មែរ​នោះ​គឺ​អាច​ទទួល​យក​បាន។ ហ្នឹង​ទី​មួយ។ ហើយ​ទី​២ ដែល​ហៅ​ថា សមត្ថភាព​តុលាការ​ហ្នឹង តើ​គូ​ភាគី​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ទេ។ ដល់​គេ​បោះឆ្នោត​ទៅ គេ​ថា តុលាការ​ហ្នឹង​គេ​អាច​មាន​សមត្ថភាព។ ហើយ​ទី​៣ តុលាការ​ហ្នឹង​គេ​សួរ​ថា បើ​សិន​ណា​ជា​គេ​កាត់​សេចក្តី​ទៅ ឈ្នះ ឬ​ចាញ់ តើ​ភាគី​ទាំង​២ ត្រូវ​ទទួល​ឬ​យ៉ាងម៉េច? ដល់​គេ​បោះឆ្នោត​ទៅ គឺ​ថា ត្រូវតែ​អ្នក​ទាំងពីរ​ហ្នឹង ទទួល​យក។ ខ្មែរ​ហ្នឹង គឺ​ចាញ់​ក៏​ដោយ ឈ្នះ​ក៏​ដោយ ក៏​ខ្មែរ​ទទួល​យក។ ហើយ​សៀម​ហ្នឹង​វា ត្រូវតែ​ទទួល​ដូច​ខ្មែរ​ដែរ ពីព្រោះ​គាត់​ចូល​ក្នុង​តុលាការ​អន្តរជាតិ​នេះ​ឯង។ គេ​សួរ​សំណួរ​បី​នោះ​ច្បាស់​ណាស់ ថា​តើ​សំណុំ​រឿង​ខ្មែរ​នោះ អាច​ទទួល​យក​បាន​ទេ ហ្នឹង​ទី​មួយ បោះឆ្នោត​ឈ្នះ​។ ទី​២ តើ​គេ​មាន​សមត្ថភាព​ទេ បោះឆ្នោត​ឈ្នះ។ ទី​៣ បើ​បាន​សម្រេច​ហើយ អ្នក​ឯង​ទាំង​ពីរ​នាក់ ទទួល​យក​ទេ»

មឿង ទុម ៖ ខ្ញុំ​សូម​សួរ​កាត់ លោក​មាន​ប្រសាសន៍​ថា គេ​បោះឆ្នោត​ឈ្នះ គេ​ហ្នឹង តើ​ជា​អ្នកណា?

ស៊ាន ប៉េងសែ ៖ «គេ​ហ្នឹង សូម​ជម្រាប​ថា ជា​ពួក​អ្នក​កាត់​ក្តី ហៅ​ថា​ចៅក្រម»

មឿង ទុម ៖ តើ​ចៅក្រម ដែល​មាន​វត្តមាន​ដោះស្រាយ​បណ្តឹង​ខ្មែរ​ថៃ ក្នុង​តុលាការ​អន្តរជាតិ​នោះ មាន​មក​ពី​ប្រទេស​ណា​ខ្លះ?

ស៊ាន ប៉េងសែ ៖ «ចៅក្រម​ហ្នឹង គេ​មាន​ប្រទេស​ច្រើន គេ​ដាក់​នៅ​ក្នុង​ហ្នឹង តាម​តុលាការ​ហ្នឹង ដូចជា​មាន​ជប៉ុន មាន​អាមេរិកាំង មាន​ស្អី​ៗ​អីចឹង​ទៅ។ ហើយ​ចៅក្រម​ហ្នឹង មាន​៣, ៤, ៥​សាសន៍។ ចំណែក ខាង​ខ្មែរ​និង​សៀម គេ​មាន​មេធាវី​ការពារ​ជា​ការ​ធម្មតា»

មឿង ទុម ៖ តើ​លោក​អាច​មាន​ប្រសាសន៍​សរុប​ថា តើ​មាន​ប៉ុន្មាន​ប្រទេស​ទេ ចៅក្រម​តំណាង​ហ្នឹង?

ស៊ាន ប៉េងសែ ៖ «តាម​ខ្ញុំ​មើល ដូចជា​មាន ៧​ប្រទេស។ អាហ្នឹង​គឺ​ថា នៅ​ក្នុង​ច្បាប់​លក្ខន្តិកៈ​តុលាការ​អន្តរជាតិ​ហ្នឹង គឺ​ថា គេ​មាន​ឲ្យ​ប្រទេស​ណា​ខ្លះ​ចូល​ក្នុង​ហ្នឹង។ គេ​មាន​លក្ខន្តិកៈ ហើយ​ការ​ដែល​ជ្រើសរើស​រក​ចៅក្រម​ហ្នឹង ក៏​គេ​មាន​លក្ខន្តិកៈ​ផ្ទៃក្នុង​របស់​គេ​ហើយ»

មឿង ទុម ៖ តែ​លោក​អត់​អាច​រាប់​ជូន​លោក​អ្នក​ស្តាប់​បាន​ទេ?

ស៊ាន ប៉េងសែ ៖ «អត់​បាន​ទេ ព្រោះ​គេ​អត់​ដាក់​ឈ្មោះ​ប្រទេស​ណា  តែ​គេ​ដាក់​ឈ្មោះ​ចៅក្រម។  ចៅក្រម​ហ្នឹង ខ្ញុំ​មើល​ទៅ វា​មាន​អាមេរិកាំង អាស៊ី​ដូច​មាន​ជប៉ុន និង​មាន​អ្នក​ខ្លះ​ផ្សេង​ទៀត ដែល​ខ្ញុំ​ពុំ​អាច​បញ្ជាក់​បាន​នៅក្នុង​ពេល​នេះ»

មឿង ទុម ៖ តើ​កាល​បរិច្ឆេទ​ជា​ផ្លូវការ ក្នុងការ​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ផ្តើម​បើក​សវនាការ​ធ្វើការ​កាត់​ក្តី​ក្នុង​បណ្តឹង​របស់​ខ្មែរ​ដែល​ប្តឹង​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ​នា​កាលណោះ តើ​គេ​ផ្តើម​នៅ​ពេល​ណា?

ស៊ាន ប៉េងសែ ៖ «កាត់​ក្តី​នោះ ក្នុង​ថ្ងៃ​២៦ ខែ​៥ (ឧសភា) ឆ្នាំ​១៩៦១ ហ្នឹង​គេ​ចាប់​កាត់​ក្តី​ហើយ។ ពីព្រោះ​គេ​បាន​ផែនទី​សព្វគ្រប់​អស់​ហើយ បាន​ឯកសារ​អស់​ហើយ។ គេ​សួរ​អ្នក​នេះ គេ​សួរ​អ្នក​នោះ ឲ្យ​ឆ្លើយ គេ​មើល​ទៅ​ក្នុង​ផែនទី។ គឺ​ថា​សេចក្តី​រាយការណ៍​របស់​គេ​នោះ ហើយ​ដែល​គេ​បាន​បោះពុម្ព​នោះ សៀវភៅ ៥ ឬ​៦​ក្បាល​ដែល​មាន​ប្រហែល ៧​រយ​សន្លឹក​នោះ​ឯង។ ខ្ញុំ​និយាយ​អម្បាញ់មិញ​គឺ​ថ្ងៃ​២៦ ខែ​៥ (ឧសភា) ឆ្នាំ​១៩៦១ គេ​ចាប់​កាត់​ក្តី។ ពីមុន​ហ្នឹង​គេ​មើល​ផែនទី​អស់​ហើយ។ ឆ្នាំ​១៩៥៩ គេ​មើល​ផែនទី​អស់​ហើយ យូរ​ដែរ។ រហូត​ដល់​ទី​បញ្ចប់​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​១៩៦២ អា​ហ្នឹង​គេ​សម្រេច​តែ​ម្តង​បាទ»

ប្រភព៖ http://www.rfa.org/khmer/preah-vihear-history/preah-vihear-history6-08102008052742.html

ប្រតិកម្ម​ជុំវិញ​ការដាក់​តែ​តួ​បា្រសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក (១) ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-08-24

រដ្ឋមន្រ្តី​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លោក សុខ អាន បានជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ណុបផាឌុន ផាត់តាម៉ា និង​អគ្គនាយក​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០០៨ ដោយ​បាន​ព្រមព្រៀង​គ្នា​ដាក់​បញ្ចូល​តែ​តួ​បា្រសាទ​ព្រះវិហារ​ប៉ុណ្ណោះ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក។

លោក​រដ្ឋមន្រ្តី សុខ អាន ដែល​មក​ពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ មាន​ប្រសាសន៍​ថា ការ​ដែល​ភាគី​កម្ពុជា​មិន​ដាក់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែរ​នោះ គឺ​មក​ពី​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ឡើយ ៖ «កម្ពុជា​យល់ព្រម​ទទួល​ការចុះ​ឈ្មោះ​បា្រសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​មិន​និយាយ​ពី​បញ្ហា​ដែល​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើ​ការ​ចែក​ជា​តំបន់​ផ្សេង​ៗ សម្រាប់​ការពារ​ប្រាសាទ ដែល​គេ​ហៅ​ថា តំបន់​ស្នូល ឬ​តំបន់​ទ្រនាប់ តំបន់​អភិវឌ្ឍន៍​នោះ គឺ​យើង​មិន​ទាន់​និយាយ​ពី​បញ្ហា​ទាំង​នេះ​ទេ យើង​និយាយ​តែ​ពី​បញ្ហា​ចុះ​ឈ្មោះ​តែ​បា្រសាទ»

ប៉ុន្តែ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ ឆ្នាំ​នេះ​ដែរ មាន​ប្រសាសន៍​បង្ហាញ​ពី​ក្តី​បារម្ភ ៖ «ខ្ញុំ​គិត​ថា បេតិក​ភណ្ឌ​ជាតិ​ទាំង​ឡាយ​ហ្នឹង មិន​មែន​រាប់តែ​តួ​អង្គ​ប្រាសាទ​ទេ។ ដី​ធ្លី​បរិវេណ​ទាំង​អស់ ក៏​ជា​បេតិក​ភណ្ឌ​ជាតិ​ដែរ។ បើ​យើង​បញ្ចូល​ទៅ​ជា​បេតិក​ភណ្ឌ​អន្តរជាតិ ក៏​យើង​ត្រូវ​តែ​បញ្ចូល​ទាំងអស់ ដើម្បី​ការធានា​ឲ្យ​បាន​នូវ​វប្បធម៌​យើង នៅ​គង់​វង្ស​បាន​យូរ។ បើ​សិន​ណា​យើង​ឲ្យ​ទៅ​តែ​ប្រាសាទ​អ៊ីចឹង ថ្ងៃ​ណា​មួយ រដ្ឋាភិបាល​គេ​ទៅ​ច្រៀក​ដី​នោះ​លក់​ទៀត​ទៅ មិន​អស់​ទៀត​ទៅ​ហើយ ប៉ះពាល់​ដល់​វត្ថុ​បូរាណ​របស់​យើង​ទៀត។ ផល​វិបាក​ទៅ​ថ្ងៃ​អនាគត គឺ​យើង​ចេះ​តែ​បាត់បង់​ទៅ ស្អី​ដែល​ជា​សម្បត្តិ​ជាតិ​ដែល​មាន​តម្លៃ អត្តសញ្ញាណ​ជាតិ​យើង ចេះ​តែ​ចុះ​ខ្សោយ​ទៅ ថយ​ទៅ ធ្លាក់​ទាប​ទៅ»

ប៉ុន្តែ​លោក សុខ អាន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​នឹង​គូស​ផែនទី​ថ្មី ដែល​ហៅ​ថា ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ គឺ​កំណត់​ទីតាំង​ដើម្បី​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​ដែរ គឺ​គ្រោង​ធ្វើ​ឲ្យ​ហើយ​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០០៨​នេះ។

លោក អ៊ុក ភូរិ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ គ្រោង​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា ខាង​មុខ​នេះ មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​មើល​ឃើញ​ថា ការ​សម្រេច​គឺ​ជា​ការសម្រេច ដែល​មាន​ការគិត​គូរ​វែង​ឆ្ងាយ​ដែរ ហើយ​មិន​មាន​ទាក់ទង ១០០​ភាគរយ​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​នោះ​ទេ។ ចំពោះ​ខ្ញុំ គឺ​ថា សំខាន់​ធ្វើ​យ៉ាង​ម៉េច ឲ្យ​ជួសជុល​ស្រោច​ស្រង់​តួ​ប្រាសាទ​ហ្នឹង ឲ្យ​បាន​ល្អ ពីព្រោះ​យើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​យើង​មិន​មាន​មធ្យោបាយ។ ឥឡូវ​យើង​ត្រូវ​តែ​ដាក់​សិន ដើម្បី​ធានា​ការគ្រប់គ្រង​របស់​ប្រទេស​យើង​ហ្នឹង ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​នេះ។ ឯ​រឿង​ដី​ធ្លី ខ្ញុំ​មិន​មាន​យោបល់​អី​ច្រើន​ទេ ពីព្រោះ ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ជុំវិញ​រឿង​ដី​ថ្ងៃ​នេះ ក៏​យើង​គួរ​តែ​អនុគ្រោះ​ទៅ​តាម​ការសម្រេច​ប៉ុណ្ណឹង​សិន​ទៅ។ ចំពោះ​ខ្ញុំ​មិន​មាន​ការវាយ​តម្លៃ​អី ឲ្យ​ប្លែក​ពី​ដំណាក់​កាល​ធ្វើ​បាន​ប៉ុណ្ណឹង​សិន​ទេ»

ប៉ុន្តែ លោក មុត ចន្ថា អ្នក​នាំ​ពាក្យ​របស់​គណបក្ស នរោត្តម រណឫទ្ធិ ដែល​បក្ស​នេះ​គ្រោង​នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​នេះ​ដែរ ថ្លែង​រិះគន់​រដ្ឋាភិបាល ដោយ​យោង​ទៅ​តាម​លទ្ធផល​កាត់​ក្តី​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ បាន​សម្រេច​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​១៩៦២ ដែល​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​នោះ។

លោក មុត ចន្ថា ថ្លែង​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​យល់​ឃើញ​ថា ដំណាក់​កាល​នេះ រដ្ឋាភិបាល​កម្ពុជា​ពុំ​គួរ​មក​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​សៀម អំពី​បញ្ហា​ព្រំដែន ជា​ពិសេស គឺ​ថា ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​យើង​នេះ ពីព្រោះ​ថា សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​សម្រេច​រួច​ហើយ​ក្នុង​ឆ្នាំ​១៩៦២ ហ្នឹង។ អ៊ីចឹង កាលណា​យើង​យក​មក​ជជែក​គ្នា​ឡើង​វិញ បាន​ន័យ​ថា យើង​រំលោភ​ទៅ​លើ​សាលក្រម​របស់​តុលាការ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ​នោះ​ហើយ។ ខ្ញុំ​ចាត់​ទុក​ថា ជា​ការ​ចាញ់​ប្រៀប​មួយ​ទៅ​លើ​ប្រទេស​សៀម ព្រោះ​ថា កម្ពុជា​ជា​ម្ចាស់​ប្រាសាទ​ព្រះវិហារ រួមទាំង​ទឹក​ដី​ដែល​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នោះ​ដែរ។ ដូច្នេះ យើង​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​ដែល​នាំ​គ្នា​មក​ជជែក​ឡើង​វិញ​ក្នុង​ការ​រៀបចំ​ផែនទី​ថ្មី ឬ​ក៏​ការ​សើរើ​នូវ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ គឺ​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ។ មាន​ន័យ​ថា យើង​ទទួល​យក​សម្ពាធ​ពី​បរទេស ប្រទេស​សៀម​នោះ គេ​អះអាង​ថា ជា​របស់​គេ អ៊ីចឹង​យើង​នៅ​តែ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​ប្រទេស​ខ្មែរ​យើង​មាន​ផែនទី​កំណត់​ត្រឹមត្រូវ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ផែនទី​ឆ្នាំ​១៩៦២។ យើង​អត់​មាន​គោល​ជំហរ​ឯករាជ្យ​ទេ។ យើង​មិន​អាច​ការពារ​បាន​បូរណភាព​ទឹក​ដី អធិបតេយ្យ​របស់​យើង​ទេ»

ចំណែក​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ឈរ​ឈ្មោះ​គ្រោង​នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ២០០៨ ដែរ​នោះ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ « ខ្ញុំ​គិត​ឃើញ​ថា ដូច​មិន​ដឹង​ជា​ផ្អែក​លើ​អី ដែល​រដ្ឋាភិបាល​និយាយ​ថា ក្រៅពី​តួ​ប្រាសាទ​ហ្នឹង ទុក​ជា​តំបន់​មួយ​ដែល​ត្រូវ​ជជែក​គ្នា​សិន។ ពីព្រោះ​វា​អត់​ត្រូវ​ជជែក​អី​ទៀត​ផង។ តុលាការ​ក្រុង​ឡាអេ​នោះ បាន​បញ្ចប់​រួច​ទៅ​ហើយ។ បើ​សិន​ជា​យើង​បាន​ដាក់​ចូល​ទៅ តើ​ថៃ​វា​មាន​សិទ្ធិ​អី​មក​ជំទាស់ បើ​យើង​ឈ្នះ​រួច​ទៅ​ហើយ​ហ្នឹង។ យើង​ដឹង​ទាំង​អស់​គ្នា បរទេស​ក៏​បាន​ដឹង​ថា  ប្រាសាទ​ហ្នឹង​ត្រូវ​បាន​មក​ខ្មែរ​តាំង​ពី​យូរ​មក​ហើយ ស្រាប់​តែ​ថៃ​ជំទាស់​អ៊ីចឹង វា​ទៅ​ជា​ឥទ្ធិពល​ថៃ​ហ្នឹង វា​ធំ​ជាង​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទៅ​អ៊ីចឹង។ រឿង​ប្រាសាទ​ព្រះវិហារ​នេះ វា​មាន​លក្ខណៈ​ច្បាស់​លាស់​ណាស់ គ្រាន់​តែ​ថៃ​តវ៉ា​តែ​ប៉ុណ្ណឹង យើង​ហ៊ាន​ដាក់​តំបន់​ក្រៅពី​តួ​ប្រាសាទ​ទៅ​ជា​តំបន់​ស តំបន់​ដែល​ទុក​ចរចា​លើក​ក្រោយ។ ធ្វើ​អ៊ីចឹង​ថៃ​វា​បាន​ចិត្ត។ ថ្ងៃ​ក្រោយៗ ថៃ​ហ៊ាន​ធ្វើ​កន្លែង​ផ្សេង​ទៀត យក​អ៊ីចឹង​ទៀត»

ប៉ុន្តែ លោក បាន សុផល ដែល​ជា​ប្រធាន​គណបក្ស​សង្គម​យុត្តិធម៌ មាន​ប្រសាសន៍​ផ្ទុយ​ពី​នេះ​ទៅ​វិញ ៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ធ្វើ​មួយ​ជំហាន​នេះ យើង​បាន​ចំណេញ ធ្វើ​ម៉េច​ឲ្យ​យើង​បាន​តួ​ប្រាសាទ​នេះ​សិន​ចុះ ប៉ុន្តែ​មិន​មាន​ន័យ​ថា ដី​នៅ​ជុំវិញ​ប្រាសាទ​នោះ យើង​មិន​គិតគូរ​ឯ​ណា ព្រោះ​ឥឡូវ​យើង​កំពុង​តែ​ភាគី​ខាង​ថៃ គេ​ធ្វើការ​តវ៉ា​អី​ច្រើន។ ដល់​អ៊ីចឹង បើ​យើង​ចាំ​ដាក់​ទាំង​អស់ ខ្លាច​វា​យូរ នាំ​ឲ្យ​ខាត​យើង ទើប​ដាក់​មួយ​ជំហាន​សិន។ យើង​ចាត់ទុក​ថា យើង​បាន​ទៅ​មុខ​មួយ​ជំហាន​ហើយ»

ចំណែក​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង ដែល​ជា​ក្រុម​អ្នក​ឯកទេស​ផ្នែក​ព្រំដែន​ស្រុក​ខ្មែរ មិន​ចំណុះ​ឲ្យ​គណបក្ស​នយោបាយ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ ដោយ​អះអាង​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​តែ​តួ​បា្រសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​ដូច្នោះ គឺ​ជា​ជោគជ័យ​ធំ​មួយ​របស់​ប្រទេស​ថៃ ដែល​បាន​បង្កើត​ការជំទាស់​ជា​លើក​ទី​មួយ ប្រឆាំង​នឹង​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២​នោះ។ និង​ថា ការចុះ​បញ្ជី​តែ​តួ​អង្គ​ប្រាសាទ វា​គ្មាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​កម្ពុជា​ឡើយ ផ្ទុយ​ទៅវិញ​វា​នឹង​ធ្វើ​ឲ្យ​លក្ខន្តិកៈ​របស់​ប្រាសាទ​ព្រះវិហារ ធ្លាក់​ចុះ​ខ្សោយ៕ (សម្គាល់៖ អត្ថបទ​នេះ​ត្រូវ​បាន​ផ្សាយ​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០០៨ គឺ​នៅ​មុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ ថ្ងៃ​២៧ កក្កដា ២០០៨)

ប្រភព៖ http://www.rfa.org/khmer/preah-vihear-history/preah-vihear-history9-08252008042713.html

ទាហាន​ថៃ​ចូល​លុកលុយ​ដី​ខ្មែរ​មួយ​កន្លែង​ថ្មី​ទៀត​ក្បែរ​ប្រាសាទ​តាមាន់ ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-08-27

មន្រ្តី​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​រំកិល​ចូល​មក​បោះ​ទីតាំង​នៅ​លើ​បន្ទាត់​ព្រំដែន​ខ្មែរ​នៃ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មាន​ជ័យ ជិត​តំបន់​ប្រាសាទ​តាមាន់​ជា​ថ្មី​ទៀត។

 
RFA Photo/Savyouth
ទាហាន​ថៃ​អង្គុយ​លើ​ផ្លូវ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។

មេបញ្ជាការ​កង​វរសេនា​តូច​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​លេខ ៤២២ លោក ប៉ុល ថេន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា ថា លោក​បាន​ទទួល​ព័ត៌មាន​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​ក្រុម បាន​ចូល​មក​បោះ​ទីតាំង​នៅ​ចន្លោះ​តំបន់​ចៃឆ្កែ កាល​ពី ៣​ថ្ងៃ​មុន បន្ទាប់​ពី​តំបន់​ជប់​ត្រឡោក ដែល​នៅ​ក្បែរ​គ្នា​នោះ ត្រូវ​បាន​កង​ទាហាន​ថៃ ចូល​កាន់​កាប់​កាល​ពី​សប្ដាហ៍​មុន​មក។

លោក ប៉ុល ថេន មាន​ប្រសាសន៍​ថា ៖ «ខាង​លិច​ចៃ​ឆ្កែ​ប្រហែល​ជា ១០០​ម៉ែត្រ ទាហាន​នៅ​ហ្នឹង បោះ​បន្ទាយ​អី។ មក​នៅ ៣​-៤​ថ្ងៃ​ហើយ។ ពី​មុន​វា​នៅ ក្រោយ​មក​វា​ដក ឥឡូវ​វា​មក​នៅ​វិញ»

តាម​មន្រ្តី​យោធា​បាន​និយាយ​ថា តំបន់​ចៃឆ្កែ​មិន​មាន​កង​ទាហាន​ខ្មែរ​ច្រើន​ទេ មាន​តែ​កង​រក្សា​ព្រំដែន​ខ្មែរ​មួយ​ក្រុម​ប្រមាណ​ជាង ១០​នាក់​ប៉ុណ្ណោះ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ភូមិ​ជប់គគីរ​ខាង​លិច ជិត​តំបន់​ចៃឆ្កែ​នោះ បាន​អះអាង​ថា បច្ចុប្បន្ន​កង​ទាហាន​ថៃ កំពុង​ដើរ​ល្បាត​ជិត​ផ្ទះ​អ្នក​ភូមិ​ខ្មែរ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​ការព្រួយ​បារម្ភ ៖ «ថៃ សឹង​តែ​រាល់​ថ្ងៃ​ដែរ វា​ដើរ​ល្បាត តាម​ព្រំដែន ជាប់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ៥០​ម៉ែត្រ»

ក្រុម​ប្រជាពលរដ្ឋ​ទីនោះ​បាន​និយាយ​ថា អ្នកភូមិ​ក្រីក្រ​ជាង ៦០​គ្រួសារ ដែល​កំពុង​រស់នៅ​ជាប់​ព្រំដែន​បាន​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង​អាហារ បន្ទាប់​ពី​កង​ទាហាន​ថៃ បាន​បិទ​ច្រក​មិន​ឲ្យ​ចេញ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ហើយ​ពួក​គេ​សុំ​អំពាវនាវ​ដល់​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ និង​សប្បុរស​ជន​នានា ជួយ​ផ្ដល់​ស្បៀង​ឲ្យ​ពួកគេ​បាន​គ្រប់គ្រាន់​ផង។

ចំណែក​នៅ​ឯ​ប្រាសាទ​តាមាន់​វិញ កង​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា កង​ទាហាន​ឈុត​ខ្មៅ​ថៃ នៅ​មិន​ទាន់​ធ្វើការ​បើក​ច្រក​ទ្វារ​ឲ្យ​ប្រជាពលរដ្ឋ​និង​ទាហាន​ខ្មែរ​បាន​ចេញ​ចូល​ទៅ​កាន់​ប្រាសាទ​ដូច​ធម្មតា​វិញ​ទេ បន្ទាប់​ពី​មាន​ការចាក់​សោ​បិទ​ទ្វារ​កាល​ពី​សប្ដាហ៍​មុន ខណៈ​ដែល​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ម្នាក់ បាន​មក​ចាប់​យក​ឧបករណ៍​មើល​ផែនទី​ពី​មន្រ្តី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​របស់​ខ្មែរ ហើយ​បោក​កម្ទេច​ចោល​នោះ។

ស្រប​គ្នា​នេះ​ដែរ នៅឯ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ រហូត​មក​ដល់​ពេល​នេះ ផែនការ​ដក​កងទ័ព​ទាំង​សង​ខាង​រាប់​រយ​នាក់ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ចេញ​ពី​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ​នោះ ត្រូវ​បាន​ពន្យារ​ពេល​ត​ទៅ​ទៀត ដោយ​មិន​មាន​ការ​កំណត់​ច្បាស់លាស់​នៅ​ឡើយ។

តាម​ទាហាន​ឈុត​ខ្មៅ​ម្នាក់ ដែល​កំពុងតែ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៃ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ បាន​និយាយ​ថា មេបញ្ជាការ​របស់​ពួក​គេ ពុំ​ប្រាប់​ពី​ការ​ដក​ចេញ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ៖ «នៅ​ដដែល​អ៊ីចឹង ឮ​តែ​គេ​និយាយ ចាំ​ប្រជុំ​ថ្ងៃ​២៩, ៣០ [សីហា] អី​ណា​ទៀត»

កង​ទាហាន​ខ្មែរ​ថៃ​ទាំង​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​ទន្ទឹង​រង់ចាំ​ផែនការ​ថ្មី ដែល​នឹង​ចេញ​ពី​លទ្ធផល​នៃ​ការជួប​ចរចា​រវាង​មន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ ដែល​គ្រោង​នឹង​ជួប​ជជែក​គ្នា​លើក​ទី​៤ នៅ​ឯ​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​២៩ ខែ​សីហា ខាង​មុខ​នេះ៕

ប្រភព៖ http://www.rfa.org/khmer/indepth/thai-troops-enter-khmer-soil-near-tamoan-08272008221101.html

Thai military cancels talks with Cambodia on border dispute ខែសីហា 28, 2008

Posted by សុភ័ក្ត្រ in News.
add a comment

PHNOM PENH, Aug. 28 (Xinhua) — Amid mass protests in Bangkok, the Thai military has canceled bilateral talks with Cambodia over the border dispute near the Preah Vihear temple scheduled for Friday in Siem Reap town, local newspaper reported Thursday, citing Cambodian officials.

    Defense Ministry Secretary of State Neang Phat told the Cambodia Daily that he learned Wednesday morning of the last-minute cancellation of the talks.

    As Cambodian officials gathered Wednesday in Siem Reap town to prepare for Friday’s talks, Neang Phat said they received an emergency call from the 30-member Thai delegation, which had already arrived in Siem Reap.

    The two groups held an immediate meeting at the Century Hotel, and, at the Thai military’s request, agreed to postpone Friday’s meeting because of the protests in Bangkok, Neang Phat said.

    Meanwhile, Thai Foreign Ministry press officer Apirat Sugondhabhirom said the military had only informed the Thai government of the canceled negotiations Wednesday, but he downplayed the Bangkok demonstrations as the reason for the delay, the newspaper said.

    The Preah Vihear Temple straddles the Cambodian-Thai border atop the Dangrek Mountain and was listed as a World Heritage Site on July 7 by UNESCO’s World Heritage Committee.

    In 1962, the International Court of Justice decided that the 11-century temple and the land around belong to Cambodia, which rankled the Thais and has led to continuous disputes.

ប្រភព៖ http://news.xinhuanet.com/english/2008-08/28/content_9727010.htm