jump to navigation

អ្នក​ប្រវត្តិសាស្ត្រ មន្ត្រី​រដ្ឋាភិបាល​និង​បញ្ញវន្ត​ខ្មែរ​រិះគន់​អ្នក​នយោបាយ​ថៃ ខែវិច្ឆិកា 19, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-11-18

ថ្មីៗ​នេះ អ្នក​នយោបាយ​ថៃ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អះអាង​ថា ប្រាសាទ​ព្រះវិហារ​និង​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ជា​ទឹក​ដី​របស់​ថៃ ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​តប​ត​ពី​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ។

 
RFA Photo/Keo Nimol
ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុម​មន្រ្តី​រដ្ឋាភិបាល អ្នក​ប្រវត្តិ​សាស្រ្ដ​និង​បញ្ញវន្ត​ខ្មែរ​បាន​សម្ដែង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដោយ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ប្រឆាំង​នឹង​ប្រទេស​ថៃ ដែល​បាន​អះអាង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មីៗ​ថា ប្រាសាទ​ព្រះវិហារ​និង​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ​គឺ​ជា​ទឹក​ដី​ថៃ ហើយ​បាន​ចោទ​ប្រកាន់​កម្ពុជា​ថា ការ​ធ្វើ​បុណ្យ​កឋិន​ទៅ​កាន់​ទី​វត្ត​និង​ដោត​ទង់​ជាតិ​ចំនួន ៣ ព្រមទាំង​ការ​ដាក់​ស្លាក​សញ្ញា​ប៉ាណូ​ធំៗ​របស់​អង្គការ​យូណេស្កូ នៅ​លើ​ប្រាសាទ​ព្រះវិហារ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ភាគី​ថៃ ដែល​ជា​ការ​រំលោភ​ទៅ​លើ​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដី​របស់​ថៃ​នោះ។

អ្នក​ប្រវត្តិសាស្រ្ដ​នៃ​ប្រទេស​កម្ពុជា លោក​បណ្ឌិត រស់ ចន្រ្តាបុត្រ បាន​បញ្ចេញ​ប្រតិកម្ម​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​វិច្ឆិកា ថា អ្វី​ដែល​អ្នក​នយោបាយ​ថៃ​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​តាមរយៈ​ក្រសួង​ការ​បរទេស​ថៃ​នោះ គ្រាន់តែ​ជា​ការ​បន្ត​មហិច្ឆតា​របស់​ខ្លួន​មក​លើ​កម្ពុជា ហើយ​ទង្វើ​ទាំង​អស់​នេះ ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ទៅ​អនាគត​រាល់​ការ​ចរចា​ពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​និង​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​អ្នក​នយោបាយ​របស់​ថៃ​បាន​បំពុល​គ្រប់​បរិយាកាស​យក​កម្ពុជា​ធ្វើ​ជា​ចំណាត់​ខ្មាំង​ក្នុង​នយោបាយ​របស់​គេ​និង​មហិច្ឆតា​ពង្រីក​ទឹក​ដី។

លោក រស់ ចន្រ្តាបុត្រ បាន​មាន​ប្រសាសន៍​បន្ថែម​ថា បើ​និយាយ​អំពី​ឯកសារ​ផ្លូវ​ច្បាប់​មាន​គ្រប់គ្រាន់​ជាង ១០០​ឆ្នាំ​មក​ហើយ ដែល​ថៃ​បាន​ទទួល​ស្គាល់​ទាំង​សន្ធិសញ្ញា ទាំង​ផែនទី​ថា ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ជា​ទឹក​ដី​របស់​ខ្មែរ។

លោក រស់ ចន្ត្រាបុត្រ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គណៈកម្មការ​កំណត់​ព្រំដែន​បារាំង​និង​សៀម ហើយ​ខាង​បារាំង​ជា​អ្នក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ធ្វើការ​ជាង ២​ឆ្នាំ តាំង​តែ​ពី​ដើម​ឆ្នាំ​១៩០៥ រហូត​ដល់​ឆ្នាំ​១៩០៧។ ពីរ​ឆ្នាំ​ជាង​គឺ​ថា គណៈកម្មការ​នេះ បាន​ធ្វើ​ការងារ​ហ្នឹង​រហូត​មក​ដល់​ឆ្នាំ​១៩០៧ ដែល​ចេញ​ជា​សន្ធិសញ្ញា​ថ្មី​មួយ​ទៀត​នោះ យើង​ឃើញ​ថា ថៃ​ក៏​បាន​ទទួល​ស្គាល់​នូវ​ការ​កំណត់​ព្រំដែន​បោះបង្គោល​ទាំង​អស់​ហ្នុង​ដែរ។ ចាប់​ពី ១៩០៧​មក ខាង​បារាំង​ហ្នឹង ក៏​បាន​បោះពុម្ព​ផ្សាយ​នូវ​ផែនទី​ឲ្យ​ចេញ​ជា​រូបរាង​ទៅ​តាម​អ្វី​ដែល​គណៈកម្មការ​ចម្រុះ​របស់​ថៃ​និង​បារាំង​បាន​ស្រុះស្រួល​គ្នា​មក​ហើយ។ ស្រុះស្រួល​គ្នា​ទាំង​អស់​ហ្នឹង មិនមែន​ស្រុះស្រួល​តែ​មាត់​ទេ សុទ្ធ​តែ​មាន​របាយការណ៍​ដល់​ទៅ ២៥​របាយការណ៍​រវាង​បារាំង ហើយ​និង​សៀម»

ចំណែក​សកលវិទ្យាធិការ​រង​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​និង​ជា​បេក្ខជន​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក សេង ប៊ុនធឿន បាន​ហៅ​ការ​អះអាង​របស់​ថៃ ដែល​ថា​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ​គឺ​ជា​ទឹក​ដី​ថៃ​នោះ គឺ​ជា​ការ​មិន​ចេះ​អៀន​ខ្មាស​និង​ជា​ការ​បំភ្លៃ​ប្រវត្តិ​សាស្រ្ដ។

លោក សេង ប៊ុនធឿន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​បាន​ទៅ​ដល់​កាល​ពី​ថ្ងៃ​ទី​១៦ ថ្មីៗ​នេះ អ្នកស្រុក​អតីត​ខ្មែរ​ក្រហម​ដែល​នៅ​រស់​នៅ​ឡើយ​នៅ​តំបន់​នោះ គាត់​ថា​ដី​ហ្នឹង តាម៉ុក ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម គាត់​ទៅ​នៅ​ចំ​វត្ត​មួយ​ដែល​មាន​ទង់​ជាតិ​ថៃ​នោះ អ៊ីចឹង​អាហ្នឹង​ក៏​ជា​ឯកសារ​មួយ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​កន្លែង​ហ្នឹង គាត់​ស្គាល់​ទឹក​ដី​កន្លែង​ហ្នឹង ដី​ហ្នឹង​គឺ​ជា​ដី​របស់​ខ្មែរ ប៉ុន្តែ​ថៃ​កំពុង​តែ​រំលោភ។ សុំ​ឲ្យ​ថៃ​មើល​ប្រវត្តិសាស្រ្ដ​ឡើង​វិញ បង្រៀន​ប្រវត្តិសាស្រ្ដ​ឲ្យ​កូន​ថៃ​ផង កុំ​ឲ្យ​ចេះ​តែ​មក​ថា​របស់​គេ​ជា​របស់​ឯង​អ៊ីចឹង​ត​ទៅ​ទៀត គួរ​ឲ្យ​ខ្មាស​អៀន»

សូម​បញ្ជាក់​ថា ប្រតិកម្ម​របស់​អ្នក​ប្រវត្តិសាស្រ្ដ​និង​បញ្ញវន្ត​ខ្មែរ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា កន្លង​មក ក្រសួង​ការបរទេស​ថៃ​បាន​សរសេរ​លិខិត​តវ៉ា​មួយ​ច្បាប់​បញ្ជូន​មក​ក្រសួង​ការ​បរទេស​ខ្មែរ ដោយ​អះអាង​ថា រដ្ឋាភិបាល​ថៃ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​បុណ្យ​កឋិន​មួយ​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ជាមួយ​និង​ការ​ដោត​ទង់​ជាតិ​ចំនួន ៣ ស្លាក​ប៉ាណូ​យូណេស្កូ​ធំៗនៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ភាគី​ថៃ ហើយ​ថា កម្ពុជា​បាន​រំលោភ​លើ​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដី​របស់​ថៃ​ផង។

ទោះ​យ៉ាង​ណា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មិន​បាន​អធិប្បាយ​ជុំវិញ​បញ្ហា​នោះ​នៅ​ឡើយ​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​មន្រ្តី​ក្រសួង​ការ​បរទេស​ខ្មែរ ដែល​ជា​អ្នក​បាន​ទទួល​លិខិត​ទាំង​នោះ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ៖ «សួរ​ទៅ​ក្រសួង​ការបរទេស គេ​អ្នក​ទទួល​លិខិត​ហ្នឹង គេ​អាច​ឲ្យ​មតិ​ម៉េចៗ គេ​កំពុង​រៀបចំ​ឆ្លើយ​ទៅ​វិញ តាម​ខ្ញុំ​ដឹង ព្រោះ​លោក​ជា​អ្នក​ទទួល​ជំនួយ​ស្មារតី​ពី​ប្រទេស​ថៃ ខ្ញុំ​អត់​ចង់​និយាយ​ថែម​ទៀត​ទេ»

ក៏​ប៉ុន្តែ​ពេញ​មួយ​ថ្ងៃ​ច័ន្ទ គ្មាន​មន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ​ណា​ម្នាក់ បាន​ឆ្លើយ​តប​ឲ្យ​ដឹង​ពី​ចំណាត់ការ​នោះ​យ៉ាង​ណា​នៅ​ឡើយ។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​ធ្វើការ​បដិសេធ​ចោល​ចំពោះ​ការ​អះអាង​របស់​ក្រសួង​ការ​បរទេស​ថៃ ដែល​ថា​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ជា​ទឹក​ដី​ថៃ ជាមួយ​នឹង​ការ​លើក​ទង់​ជាតិ​និង​ការ​លើក​ប៉ាណូ​របស់​អង្គការ​យូណេស្កូ ដែល​តម្រូវ​ឲ្យ​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​ភាគី​ថៃ​នោះ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ៖ «ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​គ្រឹះ ត្បិត​អី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ​បាន​សង់ ហើយ​តំបន់​ហ្នឹង​គឺ​ស្ថិត​នៅ​លើ​ដី​ខ្មែរ​ចំនួន ១០០​ឆ្នាំ​មក​ហើយ ជាពិសេស​តុលាការ​យុត្តិធម៌​អន្តរជាតិ តាមរយៈ​ផែនទី​ឧបសម្ព័ន្ធ​បង្ហាញ​យ៉ាង​ច្បាស់​ថា របស់​កម្ពុជា។ យើង​ទើប​តែ​ប្រទះ​ឃើញ​នៅ​ខែ​កក្កដា ២០០៨​នេះ​ទេ ដែល​ថៃ​បាន​ចល័ត​ទ័ព​របស់​ខ្លួន​មក​បោះ​ទីតាំង​មក​លើ​តំបន់​កម្ពុជា តាម​ពិត គាត់​[ថៃ]​ទេ​ជា​អ្នក​មក​នៅ​លើ​ដី​កម្ពុជា»

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​ថៃ​តវ៉ា​នោះ​ប្រហែល​ជា​ថៃ​មិន​មាន​អ្នក​ចេះ​ច្បាប់​និង​មិន​បាន​ពិនិត្យ​លើ​ច្បាប់​អន្តរជាតិ។ ពីព្រោះ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​អន្តរជាតិ​សម្រេច​ក្ដី​ប្រគល់​មក​ឲ្យ​ជា​ទឹក​ដី​របស់​ខ្មែរ។

ចំណែក​ឯ​ប្រាសាទ​ព្រះវិហារ​កាល​ណា​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​រួច​ហើយ គឺ​ត្រូវ​តែ​បោះ​សញ្ញា​អង្គការ​សហប្រជាជាតិ​ដើម្បី​ការពារ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា ៖ «ថៃ​ធ្វើ​អ៊ីចឹង គួរ​ខ្មាស​អន្តរជាតិ ថៃ​មាន​ប្រជាជន​ជាង ៨០​លាន​នាក់ រក​អ្នក​ជំនាញ​ច្បាប់​ស្រួល​បួល​មិន​បាន។ ក្រសួង​ការ​បរទេស​ថៃ​គួរ​តែ​មើល​ច្បាប់​អន្តរជាតិ​ឡើង​វិញ។ កន្លែង​មួយ​ដែល​ប្រកាស​ថា ជា​បេតិក​ភណ្ឌ​ពិភពលោក​គឺ​ត្រូវ​តែ​បោះ​ហើយ ហើយ​ទី​២ យើង​បោះ​នៅ​ព្រះវិហារ​គឺ​តុលាការ​អន្តរជាតិ កាល​ពី​ឆ្នាំ​១៩៦២ បាន​កំណត់​រួច​ហើយ គេ​ឲ្យ​ថៃ​ហ្នឹង​១០​ឆ្នាំ​ដើម្បី​រក​ទឡ្ហីករណ៍​ថ្មី​ដើម្បី​តវ៉ា អ៊ីចឹង​ពី ៦២ ដល់ ២០០៨ វា​ហួស​ឆ្ងាយ​ណាស់។ ប្រហែល​ជា​ក្រសួង​ការបរទេស​ថៃ​ដូរ​រដ្ឋមន្រ្តី​ច្រើន​ពេក គាត់​អត់​មាន​អ្នក​ដែល​យល់​ការងារ​ច្បាប់​ច្រើន»

អ្នក​ជំនាញ​ផ្នែក​ច្បាប់​របស់​ប្រទេស​កម្ពុជា បាន​និយាយ​ថា យោងតាម​ឯកសារ​ផ្លូវ​ច្បាប់ ប្រទេស​ថៃ​ត្រូវ​តែ​បោះបង់​ចោល​ការ​រំលោភ​បំពាន​មក​លើ​បូរណភាព​ទឹក​ដី​ខ្មែរ។

បើ​និយាយ​ពី​អនុសញ្ញា​និង​សន្ធិសញ្ញា​ស្ដីពី​ការ​កំណត់​ព្រំដែន​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង​-សៀម ចាប់​ពី​ឆ្នាំ​១៩០៤ រហូត​ដល់​ឆ្នាំ​១៩០៨ រដ្ឋាភិបាល​ថៃ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សីមា​ព្រំដែន ដូច​ជា​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​១៩០៥ រដ្ឋាភិបាល​សៀម​បាន​ស្នើ​ឲ្យ​មន្រ្តី​លេខា​បារាំង​ធ្វើ​ផែនទី​ព្រំដែន​តំបន់​នានា ហើយ​សំណើ​នេះ​មាន​ការ​យល់ព្រម​របស់​សមាជិក​ក្រុម​សៀម​ផង​ដែរ។

ក្នុង​ឆ្នាំ​១៩០៨ រដ្ឋាភិបាល​បារាំង​បាន​ផលិត​ផែនទី​ចំនួន​១១​ផ្ទាំង ដែល​ក្នុង​នោះ​មាន​ចំនួន ៦​ផ្ទាំង​គ្រប​ដណ្ដប់​ព្រំដែន​រវាង​កម្ពុជា​-ថៃ តាម​សំណើ​របស់​រដ្ឋាភិបាល​សៀម ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩០៨ មន្រ្តី​ជាន់​ខ្ពស់​សៀម​ធំៗ មាន​រដ្ឋមន្រ្តី​ការ​បរទេស រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ គណៈកម្មការ​ព្រំដែន ឯក​អគ្គ​រាជ​ទូត​សៀម​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស ប្រទេស​អាមេរិក រុស្សី បារាំង និង​អាល្លឺម៉ង់​ជា​ដើម​បាន​ទទួល​ផែនទី​ទាំង​អស់​នោះ៕

ប្រភពអាស៊ី​សេរី

មតិ»

1. អគ្គលីបុត្រ - ខែវិច្ឆិកា 21, 2008

បានត្រឹមរិះគន់គឺគ្មានប្រយោជន៍ទេ សំខាន់ត្រូវប្រញាប់ប្តឹងទៅ អសប ទើទាន់សភាពការណ៍ ព្រោះពេលនេះ ខ្មែរបានក្លាយជាចំនាប់ខ្មាំង​​របស់​សៀម​ទៅហើយ។ សៀមបានអូសខ្មែរឲ្យធ្លាក់​ក្នុង​វិបត្តិ​នៅថៃ ដែលជាបញ្ហាអាច​នឹង​ឈាន​ដល់​ការ​ប្រយុទ្ធទ្រង់ទ្រាយធំរវាង នាយករដ្ឋមន្រ្តីថៃ និងស្តេចសៀម។


បញ្ចេញមតិ