jump to navigation

កម្ពុជា និង​ថៃ​ធ្លាក់​ក្នុង​សង្គ្រាម​ពាក្យ​សម្តី​ការ​ទូត​ជា​ថ្មី​ម្ដង​ទៀត ខែវិច្ឆិកា 19, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​ឈាន​ទៅ​ដល់​សង្គ្រាម​ពាក្យ​សម្តី​ការ​ទូត​ជា​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ប្រទេស​ថៃ​បាន​អះអាង​ថា វត្ត​កែវសិក្ខាគិរីស្វារៈ ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ថៃ ហើយ​ថា​កម្ពុជា បាន​ធ្វើ​ការ​ហែ​កថិន​ទៅ​កាន់​វត្ត​នោះ​ដោយ​រំលោភ​ទឹក​ដី​របស់​ខ្លួន។ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ចាត់​ទុក​ការ​អះអាង​របស់​ថៃ​បែប​នេះ​ថា គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ហើយ​ក្រសួង​ការបរទេស​កម្ពុជា គ្រោង​នឹង​ធ្វើ​លិខិត​ប្រតិកម្ម​ចំពោះ​រឿង​នេះ។ លោក ដែន សីម៉ា ជូន​របាយការណ៍​ពី​ទីក្រុង​ភ្នំពេញ៖

លោក ផៃ ស៊ីផាន មន្ត្រី​អ្នក​នាំ​ពាក្យ និង​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ក្រសួង​ការបរទេស​កម្ពុជា នឹង​ធ្វើ​លិខិត​មួយ​ប្រតិកម្ម​ទៅ​នឹង​កំណត់​ទូត របស់​ក្រសួង​ការបរទេស​ថៃ​ដែល​ថា​វត្ត​កែវសិក្ខាគិរីស្វារៈ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​សៀម និង​បាន​ចោទ​ប្រកាន់​កម្ពុជា​ថា បាន​ធ្វើ​បុណ្យ​ចូល​វត្ត​កែវសិក្ខាគិរីស្វារៈ​ដោយ​មិន​ផ្តល់​ព័ត៌មាន​ដល់​ប្រទេស​សៀម។

លោក​បន្ថែម​ទៀត​ថា ក្រសួង​ការបរទេស​កម្ពុជា នឹង​ធ្វើ​លិខិត​នោះ​ឲ្យ​បាន​ឆាប់​បំផុត​នៅ​ក្នុង​សប្តាហ៍​នេះ។ លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា វត្ត​កែវសិក្ខាគិរីស្វារៈ​គឺ​ជា​របស់​ខ្មែរ​ហើយ យើង​នៅ​ទី​នោះ​១០០​ឆ្នាំ មក​ហើយ។​យើង​មាន​ឯកសារ​ក្រដាស​ស្នាម​គ្រប់​គ្រាន់ ដើម្បី​បញ្ជាក់​ថា វត្ត​កែវសិក្ខាគិរីស្វារៈ​គឺ ជា​របស់​ខ្មែរ​ពិសេស​សាលក្រម​ឆ្នាំ​១៩៦២។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ណា​មួយ ដែល​ថៃ​ត្រូវ​និយាយ​ដូច្នេះ​ឡើយ។​ជាមួយ​គ្នា​នេះ លោក ផៃ ស៊ីផាន ក៏​បាន​សម្តែង​ការ​សោកស្តាយ​ថា ប្រទេស​សៀម មិន​គួរ​ស្រែក​បែប​នេះ​ដែល​នាំ​​អោយ​ល្អក់​កករ​ទៅ​ដល់​ការ​ពិភាក្សា​រក​ដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ។​លោក​ផៃ ស៊ីផាន បញ្ជាក់​ថា ប្រទេស​ថៃ​មិន​គួរ​ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាម​ពាក្យ​សម្តី​ឡើយ ហើយ​គួរ​តែ​ប្រើ​ច្បាប់​អន្តរជាតិ ដើម្បី​រក្សា​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។

សំឡេង​លោក​ផៃ ស៊ីផាន

ប្រទេស​សៀម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​ធ្វើ​ឯកសារ​ជំនួយ​ស្មារតី​មួយ​មក​អោយ​កម្ពុជា ដោយ​ចោទ​ប្រកាន់​ថា កម្ពុជា​បាន​រំលោភ​អធិបតេយ្យភាព​ទឹក​ដី​របស់​ខ្លួន ដោយ​បាន​ហែ​កថិន​ចូល​មក​កាន់​វត្ត​កែវសិក្ខាគិរីស្វារៈ។​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​ថៃ បាន​ឱ្យ​ដឹង​ថា ប្រទេស​សៀម​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​របស់​ខ្លួន។

ទីភ្នាក់ងារ​នេះ​បាន​ដក​ស្រង់​ខ្លឹមសារ​របស់​ឯកសារ​ជំនួយ​ស្មារតី​នោះ ដែល​និយាយ​ថា សកម្មភាព​បែប​នេះ​ត្រូវ​ចាត់​ជា​ការ​រំលោភ​ដោយ​ចេតនា និង​ច្បាស់​ក្រឡែត​ទៅ​លើ​អធិបតេយ្យភាព​ពី​កម្ពុជា ពី​ព្រោះ​ហ្វូង​មនុស្ស​បាន​ដើរ​ចូល​ទឹក​ដី​ថៃ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ប្រទេស​ថៃ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ វត្ត​កែវសិក្ខាគិរីស្វារៈ នេះ​គឺ​ព្រះសង្ឃ​កម្ពុជា​បាន​គង់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ។ ចំណែក​ប្រជាជន​កម្ពុជា​​ក៏​បាន​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​ទាន​នៅ​លើ​វត្ត​នោះ​តាំង​ពី​យូរយារ​មក​ហើយ​ដែរ តាំង​ពី​មុន​ពេល​ដែល​ទ័ព​សៀម បាន​ចូល​មក​ឈ្លានពាន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ឆ្នាំ​២០០៨ មក​ម្ល៉េះ៕

(រាយការណ៍​ដោយ ដែន សីមា)

មតិ»

No comments yet — be the first.

បញ្ចេញមតិ