jump to navigation

ទស្សនៈ​បញ្ញវន្ត​ខ្មែរ​ជុំវិញ​រឿង​វិវាទ​ព្រំដែន​កម្ពុជា​-ថៃ ខែមករា 13, 2009

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2009-01-13

ការ​ប្រឈម​មុខ​ផ្នែក​យោធា​រវាង​ខ្មែរ​និង​ថៃ បាន​បន្ត​អូស​បន្លាយ​រយៈពេល​ជាង​៦​ខែ​មក​ហើយ ដោយសារ​តែ​ការ​មិន​ឯកភាព​គ្នា​លើ​ចំណុច​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​ជា​ពិសេស គឺ​ទំនាស់​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ក្រោយ​ពេល​ដែល​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក។

 
RFA Photo/Savyuth
ទាហាន​ថៃ​រៀបចំ​បោះតង់​សម្រាក​នៅក្នុង​ដី​ខ្មែរ ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​១៨ សីហា ២០០៨។ កម្ពុជា​-ថៃ​ចាប់​ផ្ដើម​ចរចា​ជា​ថ្មី​ស្ដី​ពី​ជម្លោះ​ព្រំដែន នា​ថ្ងៃ​១៨ សីហា ២០០៨ នៅ​ប្រទេស​ថៃ។

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិ​នយោបាយ​មួយ​រូប គឺ​លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​ថា វិបត្តិ​ព្រំដែន​កម្ពុជា​-ថៃ​នេះ នឹង​អាច​ដោះស្រាយ​រួច នៅ​ពេល​ដែល​គេ​កំណត់​បញ្ហា​ទំនាស់​នេះ​ឲ្យ​ច្បាស់ ៖ «យើង​ឈប់​និយាយ​ទៅ​ទំនាស់​ព្រំដែន យើង​ត្រូវ​តែ​ប្រើ​ពាក្យ​មួយ​ថា ការ​ឈ្លាន​ពាន។ ដើម្បី​អ្វី? ដើម្បី​ឲ្យ​អង្គការ​សហប្រជាជាតិ​គេ​ចូល​ខ្លួន​មក​ដោះស្រាយ​ក្នុង​ពេល​ដែល​យើង​ប្ដឹង​គេ។ កាល​ណា​យើង​និយាយ​ពី​ទំនាស់ គឺ​ដាច់​ខាត​ជា​ទូទៅ​មិន​ដែល​មាន​រឿង​អង្គការ​សហប្រជាជាតិ​ចេញ​មុខ​ទេ។ ឧទាហរណ៍​យើង​ឃើញ​មាន​ទំនាស់​រវាង​កាស្មៀ រវាង​ហ្សកហ្ស៊ី រវាង​អី​ទាំង​អស់​ហ្នឹង យើង​ឧទាហរណ៍ ប៉ុន្តែ​បើ​សិន​ជា​រំលោភ ដូច​យើង​ឃើញ​ហើយ​នៅ​ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​អ៊ីរ៉ាក់ រំលោភ​ទឹក​ដី គុយវ៉េត បាន​ន័យ​ថា អង្គការ​សហប្រជាជាតិ​ដើរ​តួនាទី​ក្នុង​ការ​ដោះស្រាយ»

សូម​ជម្រាប​ថា វិបត្តិ​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ បាន​នាំ​ឲ្យ​ប្រទេស​នៃ​សមាជិក​អាស៊ាន​មួយ​ចំនួន​ចង់​ដើរ​តួនាទី​រួម​ចំណែក​ជួយ​ដោះស្រាយ​បញ្ហា​ផង​ដែរ ក៏​ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។

ចំណែក​ឯ​សហគមន៍​អន្តរជាតិ​ដែល​រួម​មាន​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក ជប៉ុន និង​ប្រទេស​បារាំង​ផង​នោះ បាន​ជំរុញ​ឲ្យ​កម្ពុជា​និង​ថៃ​បន្ត​ដោះស្រាយ​ដោយ​ទ្វេ​ភាគី។

រូបមន្ត​នេះ​គឺ​ត្រូវ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នក​នយោបាយ និង​បញ្ញវន្ត​ខ្មែរ​មួយ​ចំនួន​មើល​ឃើញ​ថា មិន​អាច​ទៅ​រួច​ឡើយ ក៏​ប៉ុន្តែ​រូបមន្ត​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា ស្រប​នឹង​នយោបាយ​របស់​ថៃ​ដែល​លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «នយោបាយ​របស់​ថៃ​ចង់​បិទ​បាំង​នូវ​ភាព​អាក្រក់​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពិភពលោក​ថា​ខ្លួន​នៅ​តែ​ល្អ ខ្លួន​គ្មាន​បាន​ជ្រៀត​ជ្រែក​ទៅ​លើ​ប្រទេស​ណា​ទេ នេះ​វា​ជា​រឿង​នយោបាយ​ដោះស្រាយ​នៅ​ក្នុង​ព្រំដែន​តែ​ប៉ុណ្ណឹង។ ហើយ​តាម​ការ​ពិត​ថៃ បាន​រំលោភ​និង​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ពេញ​មុខ​ពេញ​មាត់ ដូច្នេះ​ហើយ​ថៃ​មិន​ចង់​ឲ្យ​ពិភពលោក​យល់​ដូច​ដែល​ប្រជាជន​កម្ពុជា ឬ​បញ្ញវន្ត​មួយ​ចំនួន​ដែល​គេ​យល់​ថា ថៃ​រំលោភ​បូរណ​ភាព​ទឹក​ដី មិន​មែន​ជា​រឿង​ព្រំដែន​ទេ»

នៅ​ក្នុង​ករណី​ដែល​មិន​ទាន់​មាន​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ ឬ​គ្មាន​កិច្ច​អន្តរាគមន៍​ពី​ប្រទេស​ទី​៣ លើ​ទំនាស់​ខ្មែរ​-ថៃ​នោះ លោក​បណ្ឌិត សុខ ទូច បាន​ថ្លែង​ថា មាន​ចំណុច​គន្លឹះ​មួយ​ចំនួន ដែល​ជម្លោះ​នេះ​នឹង​អាច​ត្រូវ​ដោះស្រាយ​ចេញ​រួច​តាម​រយៈ​ទ្វេ​ភាគី។

លោក​បណ្ឌិត សុខ ទូច បាន​លើក​យក​ឧទាហរណ៍​កន្លង​មក ដែល​ប្រទេស​ថៃ​មាន​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ដែល​ក្នុង​នោះ ថៃ​មាន​ទំនាស់​ព្រំដែន​ជា​មួយ​ប្រទេស​លាវ​នៅ​ឆ្នាំ​១៩៨៤ ថៃ​មាន​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី នៅ​ឆ្នាំ​១៩៩១ និង​ថៃ​មាន​ទំនាស់​ព្រំដែន​ជាមួយ​ភូមា​នៅ​ឆ្នាំ​២០០១ មក​អធិប្បាយ​យ៉ាង​ដូច្នេះ​ថា ៖ «បញ្ហា​ព្រំដែន​រវាង​ប្រទេស​នៅ​ជុំវិញ​របស់​ប្រទេស​ថៃ​ហ្នឹង យើង​ឃើញ​ថា វា​គ្មាន​ដំណោះស្រាយ​ណា​ដែល​បរទេស​លូក​ដៃ​ទេ គឺ​មាន​តែ​ប្រទេស​ជម្លោះ​ហ្នឹង​បង្ហាញ​តុល្យភាព។ ឧទាហរណ៍​នៅ​ភូមា ឧទាហរណ៍​នៅ​ម៉ាឡេស៊ី ឧទាហរណ៍​នៅ​លាវ ចុង​ក្រោយ នៅ​ខ្មែរ​យើង​ហ្នឹង​ឯង។ យើង​ឃើញ​ហើយ​ប្រវត្តិសាស្រ្ដ​គឺ​ថា លើកលែង​តែ​ម៉ាឡេស៊ី​មួយ​ទេ ដែល​ថៃ​សុខ​ចិត្ត​អង្គុយ​ដោះស្រាយ ហើយ​ថៃ​សុខ​ចិត្ត​អត់​ប្រើ​កម្លាំង​យោធា​ទេ ដោយសារ​តែ​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង​ប្រទេស​ថៃ អ៊ីចឹង​គេ​ដោះស្រាយ ហើយ​ប្រទេស​ម៉ាឡេស៊ី​គេ​ធ្វើ​របង ក្រៅ​តែ​ពី​ហ្នុង​គឺ​ថា​ប្រើ​កម្លាំង​យោធា​ទាំង​អស់។ នៅ​ភូមា​មាន​រហូត​ដល់​កាត់​ក្បាល​ទាហាន​ថៃ​ទៀត នៅ​ប្រទេស​លាវ ក៏​ដូច​គ្នា​ដែរ តាម​របាយ​ការណ៍​ដែល​យើង​ស្រាវជ្រាវ​ហ្នឹង ងាប់​ទាំង​សងខាង ១​ពាន់ ប៉ុន្តែ​ការ​ពិត មិន​មែន​ប៉ុណ្ណឹង​ទេ»

នៅ​ក្នុង​ករណី​របស់​កម្ពុជា​វិញ លោក​បណ្ឌិត សុខ ទូច បាន​លើក​យក​ចំណុច​សំខាន់​៤​ទៀត ដើម្បី​ជា​កម្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ដែល​ក្នុង​នោះ​រួម​មាន កម្ពុជា​ត្រូវ​ពង្រឹង​កម្លាំង​យោធា បង្ហាញ​នូវ​ឯករាជ​ភាព​ខាង​សេដ្ឋកិច្ច ពង្រីក​នយោបាយ​ការ​បរទេស​និង​ប្រមូល​ការ​គាំទ្រ​ពី​មហាជន​និង​បញ្ញវន្ត​ខ្មែរ។

លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ពី​តុល្យភាព​កម្លាំង​យោធា​យ៉ាង​ដូច្នេះ​ថា ៖ «អ៊ីចឹង​ប្រទេស​កម្ពុជា យើង​រក​ដំណោះស្រាយ​ការ​ទូត ប៉ុន្តែ​ក៏​យើង​មិន​អាច​បំភ្លេច​នូវ​កម្លាំង​តុល្យភាព​ខាង​យោធា​បាន​ដែរ។ យើង​ឃើញ​ហើយ​ថា សង្ឃឹម​បរទេស យើង​សង្ឃឹម​តិច​តួច​ណាស់ សំខាន់​គឺ​ខ្លួន​យើង​ហ្នឹង​តែ​ម្ដង គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​យើង​មាន​កម្លាំង​យោធា​មាន​តុល្យភាព មិន​មាន​តុល្យភាព​យ៉ាង​ម៉េច គឺ​ថា​បង្ហាញ​អំពី​កម្លាំង​របស់​យើង ថា​យើង​នឹង​អាច​ឆ្លើយតប​គ្រប់​ពេល​វេលា​នៅ​ពេល​ណា​ដែល​ប្រទេស​ជិត​ខាង​រំលោភ​បូរណភាព​ទឹក​ដី​យើង»

ចំណែក​ឯ​ការ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​និង​ការ​ពង្រីក​នយោបាយ​ការបរទេស​វិញ លោក​បណ្ឌិត សុខ ទូច ថ្លែង​ថា ៖ «យើង​បង្ហាញ​អំពី​សេដ្ឋកិច្ច​ដែល​យើង​អាច​មិន​ពឹង​ពាក់​គេ​បាន នោះ​ហើយ​ដែល​យើង​អាច​យក​ប្រទេស​ដែល​មាន​ទំនាស់​មក​អង្គុយ​លើ​តុ​ចរចា​បាន។ ចំណុច​ទី​៣ ក្នុង​សំណួរ​ទី​២​ហ្នឹង​ដដែល គឺ​យើង​ត្រូវ​ពង្រឹង​យ៉ាង​រឹងមាំ​ជាមួយ​ប្រទេស​មហា​អំណាច។ យើង​ដឹង​ហើយ​ថា ប្រទេស​មហា​អំណាច ពីព្រោះ​ផល​ប្រយោជន៍​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​ថៃ​ច្រើន​ណាស់ ច្រើន​មែន​ទែន អ៊ីចឹង​យើង​គិត​មើល​ថា​តើ​យើង​ត្រូវ​ចាប់​ខាង​ណា នេះ​ជា​នយោបាយ​របស់​រដ្ឋាភិបាល ខ្ញុំ​មិន​មាន​សិទ្ធិ​អី ចូល​ទៅ​ក្នុង​កិច្ចការ​ហ្នឹង​ទេ។ អ៊ីចឹង​ដើម្បី​ឲ្យ​ឃើញ​ថា ឲ្យ​មាន​តុល្យភាព​នៅ​ក្នុង​នយោបាយ​ការបរទេស ដើម្បី​ឲ្យ​គេ​ដាក់​សម្ពាធ​ទៅ​លើ​ប្រទេស​ថៃ»

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត សុខ ទូច ថ្លែង​ទៀត​ថា ការ​រួបរួម​កម្លាំង​បញ្ញាជន​និង​មហាជន​ទាំង​ក្នុង​និង​ក្រៅ​បរទេស​គឺ​ជា​រឿង​សំខាន់​មួយ​ទៀត​របស់​កម្ពុជា ៖ «ជា​ការ​ពិត​ណាស់ នៅ​ទី​នេះ កម្លាំង​ពលរដ្ឋ​និង​កម្លាំង​បញ្ញវន្ត​ហ្នឹង​ជា​បញ្ហា​សំខាន់​ណាស់ ដែល​ត្រូវ​ជួយ​កម្លាំង​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល កម្លាំង​ទឹក​ចិត្ត កម្លាំង​ជួយ​ឧបត្ថម្ភ កម្លាំង​គាំទ្រ។ បញ្ញវន្ត​ផ្ដល់​នូវ​ចក្ខុវិស័យ​និង​ត្រី​វិស័យ​ដើម្បី​ដោះស្រាយ»

សូម​ជម្រាប​ថា ទំនាស់​នៅ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ ជា​ពិសេស​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​មួយ​នោះ បាន​កាន់​តែ​ក្តៅ​ឡើង រហូត​ឈាន​ដល់​មាន​ការ​ផ្ទុះ​អាវុធ​មួយ​ឈុត​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨ ហើយ​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​ទាហាន​ទាំង​សង​ខាង។

ជា​មួយ​គ្នា​នេះ ស្រប​ពេល​ដែល​ភាគី​ថៃ​ព្យាយាម​រក​ការ​ដោះស្រាយ​ទ្វេ​ភាគី​នោះ ថៃ​ក៏​បាន​បន្ត​ចល័ត​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន​និង​បញ្ជូន​កម្លាំង​ចូល​ទន្ទ្រាន​នៅ​តាម​តំបន់​ខ្មែរ​មួយ​ចំនួន​ជា​បន្ត​បន្ទាប់​ដែរ ដូច​ជា​ការ​ធ្វើ​សម​យុទ្ធ​យោធា​នៅ​តំបន់​ច្រក​ជាំ​ស្រងាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​បញ្ចូល​កម្លាំង​ទ័ព​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​ប្រាសាទ​តា​ក្របី​ជា​ដើម។

បើ​ទោះ​បី​ជា​ការ​ផ្ទុះ​អាវុធ​បាន​ស្ងប់ស្ងាត់ ក៏​ប៉ុន្តែ​សេចក្តី​រាយការណ៍​ពី​ព្រំដែន​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ទាហាន​ទាំង​សង​ខាង​បន្ត​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​នៅ​តាម​ព្រំដែន​នៅ​ឡើយ៕

អាស៊ី​សេរី 

Advertisements

កម្ពុជា​គ្រោង​នឹង​ជជែក​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​នៅ​ឯ​កិច្ច​ប្រជុំ​អាស៊ាន ខែមករា 13, 2009

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2009-01-12

មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​លើក​យក​បញ្ហា​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ នា​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

 
RFA File/Savyuth
ទាហាន​ខ្មែរ​ដើរ​ល្បាត​នៅ​តំបន់​ប្រឈម​មុខ​ប្រដាប់​អាវុធ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១៣ តុលា ២០០៨។

លោក ខៀវ កាញារីទ្ធ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផង​ដែរ​នោះ មាន​ប្រសាសន៍​គូស​បញ្ជាក់​អំពី​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ការ​ជជែក​ជាមួយ​សមភាគី​ថៃ នា​កិច្ច​ប្រជុំ​នៅ​ហួហ៊ីន នៃ​ប្រទេស​ថៃ​នោះ យ៉ាង​ដូច្នេះ​ថា ៖ «សូម​ជម្រាប​ថា កិច្ច​ប្រជុំ​អាស៊ាន បន្ទាប់​មក​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី ប៉ុន្តែ​ជា​ធម្មតា កិច្ចប្រជុំ​អាស៊ាន​គេ​មាន​របៀប​វារៈ អ៊ីចឹង​ក៏​យើង​ដឹង​អំពី​ច្បាប់​អន្តរជាតិ​ដែរ អ៊ីចឹង​របៀប​វារៈ​និយាយ​ប៉ុន្មាន យើង​និយាយ​ក្នុង​កម្រិត​ហ្នឹង ប៉ុន្តែ​កម្ពុជា​រក្សា​សិទ្ធិ ទី​១ យើង​នឹង​ជជែក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​នៅ​ក្នុង​ការ​ជជែក​អំពី​បញ្ហា​ព្រះវិហារ។ ទី​២ បើ​សិន​ជា​ការ​ជជែក​ហ្នឹង លទ្ធផល​វា​មិន​បាន​វិជ្ជមាន​ទេ កម្ពុជា​រក្សា​សិទ្ធិ​ក្នុង​ការ​ជម្រាប​ជូន​អ្នក​កាសែត​អន្តរជាតិ​ទាំង​អស់​អំពី​សភាព​ការណ៍​នៅ​ព្រះវិហារ​ហ្នឹង»

សូម​ជម្រាប​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤ ត្រូវ​ថៃ​ដែល​ទទួល​វេន​ជា​អគ្គលេខាធិការ​អាស៊ាន គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មីនា នៅ​ឯ​ហួហ៊ីន ប្រទេស​ថៃ។

ក៏​ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ថៃ គឺលោក Abhisit Vejjajiva បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្រុង​បាងកក កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​ជឿ​ជាក់​ថា សមភាគី​កម្ពុជា​នឹង​មិន​លើក​ឡើង​នូវ​បញ្ហា​ប្រាសាទ​ព្រះវិហារ​ដែល​មិន​ទាន់​ដោះស្រាយ​រួច​នោះ​នៅ​ឯ​ជំនួប​ប្រជុំ​កំពូល​អាស៊ាន​នោះ​ឡើយ។

នាយក​រដ្ឋមន្ត្រី​ថៃ លោក Abhisit Vejjajiva មាន​ប្រសាសន៍​បន្ត​ថា ជា​គោលការណ៍​អំពី​បញ្ហា​ព្រំដែន​នេះ គឺ​ភាគី​ថៃ​បាន​យល់ព្រម​ហើយ ដោយ​អនុវត្ត​តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០​នោះ។

លោក​បណ្ឌិត សុក ទូច សាស្ត្រាចារ្យ​ប្រវត្តិសាស្រ្ត​នយោបាយ​មាន​ប្រសាសន៍​ថា ថៃ​មិន​ចង់​ឲ្យ​បរទេស​ដឹង​ឮ​អំពី​ទំនាស់​ជាមួយ​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ឡើយ ពីព្រោះ​នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ថៃ​មាន​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​នោះ​រួម​មាន​ទំនាស់​ជាមួយ​លាវ ភូមា និង​ម៉ាឡេស៊ី ជា​ដើម ៖ «អ៊ីចឹង​កាល​ណា​ខ្មែរ​ពន្លេច​នូវ​បញ្ហា​នេះ​ឲ្យ​ពិភពលោក ឬ​ប្រទេស​នៅ​លើ​ពិភពលោក​យល់​ថា ថៃ​ជា​ប្រទេស​មួយ​ដែល​មិន​យល់​ច្បាប់ ជា​ប្រទេស​មួយ​ដែល​បង្ក​អសន្តិសុខ​ដែល​យក​បញ្ហា​កម្ពុជា​ជា​ចំណាប់​នៃ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ»

សូម​ជម្រាប​បន្ថែម​ថា ជម្លោះ​នៅ​តាម​ព្រំដែន​កម្ពុជា​និង​ថៃ​នៅ​ពុំ​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ ហើយ​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​បន្ត​បន្ទាប់ បាន​នាំ​ឲ្យ​អាក់​ខាន​គម្រោង​បោះ​បង្គោល​ព្រំដែន​នៅ​ត្រង់​ចំណុច​អាទិភាព​ជិត​ប្រាសាទ​ព្រះវិហារ ដែល​ភាគី​ទាំង​ពីរ គឺ​ខ្មែរ​និង​ថៃ បាន​យល់ព្រម​ធ្វើ​តាំង​ពី​ពាក់​ខែ​ធ្នូ​នោះ​ផង៕

អាស៊ី​សេរី

ខេត្ត​បន្ទាយមានជ័យ​រៃ​អង្គាស​ថវិកា​ដើម្បី​ជួយ​ទាហាន​នៅ​ប្រាសាទ​ព្រះវិហារ ខែវិច្ឆិកា 25, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-11-24

មន្រ្តី​ខ្មែរ​បាន​ថ្លែង​ថា អាជ្ញាធរ​ខែត្រ​បន្ទាយ​មាន​ជ័យ កំពុង​ចលនា​រៃ​អង្គាស​ថវិកា​ពី​ពលរដ្ឋ​ដើម្បី​ទិញ​ស្បៀង​យក​ទៅ​ឧបត្ថម្ភ​កង​ទ័ព​ខ្មែរ​ដែល​កំពុង​ឈរ​ជើង​ការពារ​នៅ​តំបន់​​​ប្រាសាទ​ព្រះវិហារ។

 
RFA Photo/Uy Sophea
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ខណៈ​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ថៃ​ជួប​ប្រជុំ​គ្នា​នៅ​ខែត្រ​សៀមរាប​ដើម្បី​រក​ដំណោះស្រាយ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​បា្រសាទ​ព្រះវិហារ ។

លោក អ៊ុក កែវរតនៈ នាយ​រង​ខុទ្ទកាល័យ​សាលាខែត្រ​បន្ទាយមានជ័យ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែ​វិច្ឆិកា​ថា មន្ត្រី​ស្រុក ឃុំ និង​ភូមិ​កំពុង​ធ្វើការ​រៃ​អង្គាស​ថវិកា សម្ភារៈ​និង​គ្រឿង​ឧបភោគ​ពី​សប្បុរស​ជន​ដើម្បី​ផ្តល់​ឲ្យ​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។ ចលនា​នេះ បាន​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​កន្លង​ទៅ​នេះ។

លោក អ៊ុក កែវរតនៈ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «រឿង​លុយ​កាក់ មិន​ចាំ​បាច់​យក​ទៅ​ទេ សំខាន់​សម្ភារៈ​ទេ សម្ភាៈ​ឲ្យ​បាន​ច្រើន សម្ភារៈ​ណា​ដែល​កម្លាំង​កងទ័ព​លោក​ត្រូវការ ព្រោះ​បញ្ហា​ឥឡូវ​នេះ សម្ភារៈ​ចាំបាច់​គឺ​គ្រឿង​ម្ហូប​អាហារ ភួយ​សម្រាប់​ការពារ​អាកាសធាតុ​ត្រជាក់​ ដែល​សំខាន់ ជៀសវាង​កុំ​ឲ្យ​ជា​លុយ​ទាំង​ដុំ​យក​ទៅ​ខ្លាច​មិន​ដល់​ដៃ​កូន​ចៅ​ថ្នាក់​ក្រោម»

អភិបាល​ស្រុក​ថ្មពួក លោក ផាន់ សារឿន បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​សុទ្ធ​តែ​សម្តែង​សុច្ឆន្ទៈ​ចង់​ជួយ​ឧបត្ថម្ភ​ដល់​កងទ័ព​ដែល​កំពុង​ការពារ​ទឹក​ដី ៖ «ក្រោយ​ពី​ដាក់​ផែនការ​ហ្នឹង​ទៅ ឃើញ​ថា គាត់​មាន​ឆន្ទៈ​មួយ​រយ​ភាគ​រយ គាត់​រីក​រាយ​សប្បាយ​ចិត្ត​នឹង​ធ្វើ​ចលនា​ហ្នឹង គឺ​គាត់​សប្បាយ​ចិត្ត​នឹង​ទទួល​យក ហើយ​គាត់​ជួយ​តាម​លទ្ធភាព​របស់​គាត់»

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ថ្មពួក លោក ដា ឈាន បាន​ថ្លែង​ថា លោក​បាន​រៃ​អង្គាស​ពី​ប្រជាពលរដ្ឋ​បាន​ថវិកា​មួយ​ចំនួន​ហើយ ប៉ុន្តែ​មួយ​ចំនួន​កំពុង​ជាប់​រវល់​ប្រមូល​ផល​ស្រូវ ៖ «ខ្ញុំ​ជា​ក្រុមប្រឹក្សា​ផ្ទាល់​នៅ​ឃុំ​ថ្មពួក បាន​ធ្វើការ​រៃ​អង្គាស​បាន​មួយ​ចំនួន​ហើយ នៅ​មួយ​ចំនួន​ទៀត​ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​កំពុង​ធ្វើការ​ច្រូត​កាត់ យើង​ពុំ​បាន​ជួប​គាត់»

បើ​តាម​មន្ត្រី​ខែត្រ​បន្ទាយមានជ័យ ស្បៀង​ដែល​សប្បុរសជន​ឧបត្ថម្ភ​ដល់​កងទ័ព​នេះ នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២៦​-២៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ ទៅ​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ។

សម្ភារៈ មាន​ដូច​ជា  មី ត្រី​ខ ត្រី​ងៀត ប្រហុក ទឹក​ត្រី ទឹក​ស៊ីអ៊ីវ និង​សម្លៀក​បំពាក់ ភួយ ថ្នាំ​ផ្តាសាយ ថ្នំា​គ្រុន​ចាញ់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ខែត្រ​បន្ទាយ​មាន​ជ័យ មិន​អាច​បញ្ជាក់​ពី​ចំនួន​សរុប​ជាក់​លាក់​បាន​ទេ ចំពោះ​អំណោយ​សប្បុរស​ធម៌​ទាំង​នេះ ពីព្រោះ​សកម្មភាព​រៃ​អង្គាស​កំពុង​តែ​ធ្វើ។

មេ​បញ្ជាការ​កង​ពល​អន្តរាគមន៍​លេខ​១២ ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក បាន​ថ្លែង​ថា កងទ័ព​ទាំង​អស់​បាន​ស្វាគមន៍​អំណោយ​សប្បុរស​ធម៌​ដែល​បាន​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ដល់​កងទ័ព ៖ «ចេះ​តែ​ស្វាគមន៍ ចេះ​តែ​ទទួល​ហើយ នេះ​ជា​ការ​ភ្ញាក់​រឭក​របស់​បង​ប្អូន​មហាជន ប្រជាជន ជា​ការ​ត្រេក​អរ​ម្យ៉ាង​ដែរ»

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​អាជ្ញាធរ​ខែត្រ​បន្ទាយមានជ័យ គ្រោង​នាំ​យក​អំណោយ​សប្បុរស​ធម៌​របស់​ប្រជាពលរដ្ឋ​ផ្តល់​ឲ្យ​កងទ័ព។ ហើយ​កាល​ពី​លើក​ទី​១ បាន​ផ្តល់​ឲ្យ​កងទ័ព​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​និង​កងទ័ព​នៅ​ប្រាសាទ​តាមាន់​ក្នុង​ខែត្រ​ឧត្តរមានជ័យ ដែល​សរុប​ទឹក​ប្រាក់​ទាំង​អស់​ជាង ១០០​លាន​រៀល៕

ប្រភពអាស៊ី​សេរី

ក្រសួង​ការបរទេស​កម្ពុជា​ឆ្លើយតប​ចំពោះ​ការតវ៉ា​របស់​ថៃ ខែវិច្ឆិកា 20, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-11-20

ក្រសួង​ការបរទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា បាន​ធ្វើការ​ឆ្លើយ​តប​ជា​ផ្លូវការ​ចំពោះ​កំណត់​ទូត​ចំនួន​បី​របស់​ក្រសួង​ការបរទេស​ថៃ​ដែល​បាន​ផ្ញើ​មក​កម្ពុជា​ដោយ​បាន​ចោទ​ប្រកាន់​ថា កម្ពុជា​បាន​រំលោភ​លើ​បូរណភាព​ទឹក​ដី​របស់​ថៃ​នោះ។

 
AFP Photo
ទាហាន​ខ្មែរ​រៀបចំ​លើក​ទង់​បេតិកភណ្ឌ​ពិភពលោក នៅ​ឯ​ប្រាសាទ​ព្រះវិហារ​ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ២០០៨។

ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​បន្ទាប់​ពី​ការជួប​ជាមួយ​ឯកអគ្គរាជ​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួង​ថា ប្រទេស​ថៃ​ហាក់​កំពុង​បង្ក​បញ្ហា​ជាមួយ​កម្ពុជា​បន្ទា​ប់ពី​ការរារាំង​មិន​បាន​សម្រេច​នូវ​ការបញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

លោក ហោ ណាំហុង បន្ត​ថា រាល់​ការចោទ​ប្រកាន់​របស់​ប្រទេស​ថៃ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ៖ «យើង​ផ្អែក​លើ​ផែនទី​មួយ​ហាសិប​ពាន់​ដែល​ក្រុម​បច្ចេកទេស​កម្ពុជា​ថៃ​បាន​ប្រើប្រាស់​ដើម្បី​ទៅ​រក​បង្គោល​ព្រំដែន​ចំនួន​៧៣ នៅ​តាម​ព្រំដែន​កម្ពុជា យើង​ផ្អែក​លើ​ឯកសារ​ទាំងអស់​នេះ ហើយ​ប្រាប់​ថៃ​វិញ​ថា តំបន់​នោះ​គឺ​នៅ​ក្នុង​ទឹក​ដី​របស់​កម្ពុជា ហើយ​ក៏​យើង​បាន​ជម្រាប​ថៃ​ដែរ​ថា តំបន់​នេះ​គឺ​តាំងតែ​ពី​១៩០៧ ដែល​ពេល​ចាប់​ធ្វើ​ផែនទី​នោះ​មក​គឺ​យើង​បាន​គ្រប់គ្រង​តំបន់​នេះ​រហូត​មក… តាំងពី​ថ្ងៃ​១៥ កក្កដា ក្រោយ​ពេល​ប្រាសាទ​ព្រះវិហារ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក បាន​ថៃ​លើក​បញ្ហា​មួយ​ហើយ​មួយ​ទៀតៗ»

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ក្រសួង​ការបរទេស​ថៃ​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​មួយ​មក​ក្រសួង​ការបរទេស​កម្ពុជា​ដោយ​អះអាង​ថា សំណង់​មួយចំនួន​ដែល​សង់​នៅ​ប៉ោយប៉ែត​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ​បាន​សង់​រំលោភ​ចូល​ទឹក​ដី​ថៃ។ ហើយ​នៅ​ថ្ងៃ​ទី​១២ និង ១៣ វិច្ឆិកា ថៃ​ក៏​បាន​ផ្ញើ​កំណត់​ទូត​ចំនួន​ពីរ​ទៀត​តវ៉ា​ចំពោះ​ការដោត​ទង់​ជាតិ​កម្ពុជា ទង់​សម្គាល់​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ទង់​យូណេស្កូ​នៅ​លើ​តំបន់​ប្រាសាទ​ព្រះវិហារ ព្រមទាំង​ការដង្ហែ​អង្គ​កឋិនទាន​ចូល​វត្ត​កែវសិក្ខាគិរីស្វៈរៈ​របស់​ពុទ្ធ​បរិស័ទ​ខ្មែរ។

លោក ហោ ណាំហុង បាន​ព្រមាន​ចំពោះ​ភាគី​ថៃ​ដែល​បាន​ធ្វើការ​តវ៉ា​ដោយ​គ្មាន​មូលដ្ឋាន​ដោយ​លោក​បាន​ចាត់ទុក​ទង្វើ​នេះ​ថា​ជា​សកម្មភាព​រំខាន​បរិយាកាស​ចរចា​នា​ពេល​ខាង​មុខ។

លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​ជម្រាប ខ្ញុំ​មិន​យល់​ដែរ។ ថ្ងៃ​មិញ​នេះ​ខ្ញុំ​បាន​ប្រាប់​លោក​ឯកអគ្គរាជ​ទូត​ថៃ​ថា ក្រោយៗ​បើ​ថៃ​ចង់​ធ្វើ​លិខិត​មក​តវ៉ា​អ្វី​មួយ សូម​ថៃ​មើល​ឯកសារ​ផ្លូវ​ច្បាប់ មើល​ផែនទី​ឲ្យ​ច្បាស់លាស់ កុំ​ឲ្យ​យើង​ខាត​ពេល​នឹង​ឆ្លើយ​ទៅ​ថៃ ហ្នឹង​ទី​១។ ទី​២​ទៀត ដោយសារ​យើង​ប្ដេជ្ញា​ទាំង​សងខាង​ធ្វើការ​ចរចា​ដោយ​សន្តិវិធី​ដោយ​មិត្តភាព រក​ដំណោះស្រាយ​បញ្ហា​មិន​បាន យើង​ទុក​ឲ្យ​មាន​បរិយាកាស​ស្ងាត់ស្ងៀម​ស្រួល​ទៅ​ចរចា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី កុំ​ឲ្យ​តវ៉ា​ហើយ​តវ៉ា​ទៀត​ដោយ​អត់​មូលហេតុ មូលដ្ឋាន​អ្វី​ទាំងអស់»

យ៉ាង​ណា​ក៏​ដោយ​លោក​ឧប​នាយ​រដ្ឋមន្ត្រី ហោ ណាំហុង បាន​ចាត់ទុក​ជម្រើស​ប្តឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ថា​ជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ថៃ៕

ប្រភពអាស៊ី​សេរី

អ្នក​ប្រវត្តិសាស្ត្រ មន្ត្រី​រដ្ឋាភិបាល​និង​បញ្ញវន្ត​ខ្មែរ​រិះគន់​អ្នក​នយោបាយ​ថៃ ខែវិច្ឆិកា 19, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
1 comment so far
2008-11-18

ថ្មីៗ​នេះ អ្នក​នយោបាយ​ថៃ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អះអាង​ថា ប្រាសាទ​ព្រះវិហារ​និង​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ជា​ទឹក​ដី​របស់​ថៃ ដែល​នាំ​ឲ្យ​មាន​ប្រតិកម្ម​តប​ត​ពី​មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ប្រវត្តិសាស្ត្រ​ខ្មែរ។

 
RFA Photo/Keo Nimol
ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុម​មន្រ្តី​រដ្ឋាភិបាល អ្នក​ប្រវត្តិ​សាស្រ្ដ​និង​បញ្ញវន្ត​ខ្មែរ​បាន​សម្ដែង​ប្រតិកម្ម​យ៉ាង​ខ្លាំង​ដោយ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ប្រឆាំង​នឹង​ប្រទេស​ថៃ ដែល​បាន​អះអាង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ពេល​ថ្មីៗ​ថា ប្រាសាទ​ព្រះវិហារ​និង​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ​គឺ​ជា​ទឹក​ដី​ថៃ ហើយ​បាន​ចោទ​ប្រកាន់​កម្ពុជា​ថា ការ​ធ្វើ​បុណ្យ​កឋិន​ទៅ​កាន់​ទី​វត្ត​និង​ដោត​ទង់​ជាតិ​ចំនួន ៣ ព្រមទាំង​ការ​ដាក់​ស្លាក​សញ្ញា​ប៉ាណូ​ធំៗ​របស់​អង្គការ​យូណេស្កូ នៅ​លើ​ប្រាសាទ​ព្រះវិហារ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ភាគី​ថៃ ដែល​ជា​ការ​រំលោភ​ទៅ​លើ​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដី​របស់​ថៃ​នោះ។

អ្នក​ប្រវត្តិសាស្រ្ដ​នៃ​ប្រទេស​កម្ពុជា លោក​បណ្ឌិត រស់ ចន្រ្តាបុត្រ បាន​បញ្ចេញ​ប្រតិកម្ម​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​វិច្ឆិកា ថា អ្វី​ដែល​អ្នក​នយោបាយ​ថៃ​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​តាមរយៈ​ក្រសួង​ការ​បរទេស​ថៃ​នោះ គ្រាន់តែ​ជា​ការ​បន្ត​មហិច្ឆតា​របស់​ខ្លួន​មក​លើ​កម្ពុជា ហើយ​ទង្វើ​ទាំង​អស់​នេះ ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ទៅ​អនាគត​រាល់​ការ​ចរចា​ពី​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​និង​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​អ្នក​នយោបាយ​របស់​ថៃ​បាន​បំពុល​គ្រប់​បរិយាកាស​យក​កម្ពុជា​ធ្វើ​ជា​ចំណាត់​ខ្មាំង​ក្នុង​នយោបាយ​របស់​គេ​និង​មហិច្ឆតា​ពង្រីក​ទឹក​ដី។

លោក រស់ ចន្រ្តាបុត្រ បាន​មាន​ប្រសាសន៍​បន្ថែម​ថា បើ​និយាយ​អំពី​ឯកសារ​ផ្លូវ​ច្បាប់​មាន​គ្រប់គ្រាន់​ជាង ១០០​ឆ្នាំ​មក​ហើយ ដែល​ថៃ​បាន​ទទួល​ស្គាល់​ទាំង​សន្ធិសញ្ញា ទាំង​ផែនទី​ថា ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ជា​ទឹក​ដី​របស់​ខ្មែរ។

លោក រស់ ចន្ត្រាបុត្រ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គណៈកម្មការ​កំណត់​ព្រំដែន​បារាំង​និង​សៀម ហើយ​ខាង​បារាំង​ជា​អ្នក​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ធ្វើការ​ជាង ២​ឆ្នាំ តាំង​តែ​ពី​ដើម​ឆ្នាំ​១៩០៥ រហូត​ដល់​ឆ្នាំ​១៩០៧។ ពីរ​ឆ្នាំ​ជាង​គឺ​ថា គណៈកម្មការ​នេះ បាន​ធ្វើ​ការងារ​ហ្នឹង​រហូត​មក​ដល់​ឆ្នាំ​១៩០៧ ដែល​ចេញ​ជា​សន្ធិសញ្ញា​ថ្មី​មួយ​ទៀត​នោះ យើង​ឃើញ​ថា ថៃ​ក៏​បាន​ទទួល​ស្គាល់​នូវ​ការ​កំណត់​ព្រំដែន​បោះបង្គោល​ទាំង​អស់​ហ្នុង​ដែរ។ ចាប់​ពី ១៩០៧​មក ខាង​បារាំង​ហ្នឹង ក៏​បាន​បោះពុម្ព​ផ្សាយ​នូវ​ផែនទី​ឲ្យ​ចេញ​ជា​រូបរាង​ទៅ​តាម​អ្វី​ដែល​គណៈកម្មការ​ចម្រុះ​របស់​ថៃ​និង​បារាំង​បាន​ស្រុះស្រួល​គ្នា​មក​ហើយ។ ស្រុះស្រួល​គ្នា​ទាំង​អស់​ហ្នឹង មិនមែន​ស្រុះស្រួល​តែ​មាត់​ទេ សុទ្ធ​តែ​មាន​របាយការណ៍​ដល់​ទៅ ២៥​របាយការណ៍​រវាង​បារាំង ហើយ​និង​សៀម»

ចំណែក​សកលវិទ្យាធិការ​រង​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​និង​ជា​បេក្ខជន​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក សេង ប៊ុនធឿន បាន​ហៅ​ការ​អះអាង​របស់​ថៃ ដែល​ថា​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ​គឺ​ជា​ទឹក​ដី​ថៃ​នោះ គឺ​ជា​ការ​មិន​ចេះ​អៀន​ខ្មាស​និង​ជា​ការ​បំភ្លៃ​ប្រវត្តិ​សាស្រ្ដ។

លោក សេង ប៊ុនធឿន មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​បាន​ទៅ​ដល់​កាល​ពី​ថ្ងៃ​ទី​១៦ ថ្មីៗ​នេះ អ្នកស្រុក​អតីត​ខ្មែរ​ក្រហម​ដែល​នៅ​រស់​នៅ​ឡើយ​នៅ​តំបន់​នោះ គាត់​ថា​ដី​ហ្នឹង តាម៉ុក ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម គាត់​ទៅ​នៅ​ចំ​វត្ត​មួយ​ដែល​មាន​ទង់​ជាតិ​ថៃ​នោះ អ៊ីចឹង​អាហ្នឹង​ក៏​ជា​ឯកសារ​មួយ​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​កន្លែង​ហ្នឹង គាត់​ស្គាល់​ទឹក​ដី​កន្លែង​ហ្នឹង ដី​ហ្នឹង​គឺ​ជា​ដី​របស់​ខ្មែរ ប៉ុន្តែ​ថៃ​កំពុង​តែ​រំលោភ។ សុំ​ឲ្យ​ថៃ​មើល​ប្រវត្តិសាស្រ្ដ​ឡើង​វិញ បង្រៀន​ប្រវត្តិសាស្រ្ដ​ឲ្យ​កូន​ថៃ​ផង កុំ​ឲ្យ​ចេះ​តែ​មក​ថា​របស់​គេ​ជា​របស់​ឯង​អ៊ីចឹង​ត​ទៅ​ទៀត គួរ​ឲ្យ​ខ្មាស​អៀន»

សូម​បញ្ជាក់​ថា ប្រតិកម្ម​របស់​អ្នក​ប្រវត្តិសាស្រ្ដ​និង​បញ្ញវន្ត​ខ្មែរ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា កន្លង​មក ក្រសួង​ការបរទេស​ថៃ​បាន​សរសេរ​លិខិត​តវ៉ា​មួយ​ច្បាប់​បញ្ជូន​មក​ក្រសួង​ការ​បរទេស​ខ្មែរ ដោយ​អះអាង​ថា រដ្ឋាភិបាល​ថៃ​តវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​បុណ្យ​កឋិន​មួយ​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ជាមួយ​និង​ការ​ដោត​ទង់​ជាតិ​ចំនួន ៣ ស្លាក​ប៉ាណូ​យូណេស្កូ​ធំៗនៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ភាគី​ថៃ ហើយ​ថា កម្ពុជា​បាន​រំលោភ​លើ​អធិបតេយ្យ​និង​បូរណភាព​ទឹក​ដី​របស់​ថៃ​ផង។

ទោះ​យ៉ាង​ណា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មិន​បាន​អធិប្បាយ​ជុំវិញ​បញ្ហា​នោះ​នៅ​ឡើយ​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​ទៅ​មន្រ្តី​ក្រសួង​ការ​បរទេស​ខ្មែរ ដែល​ជា​អ្នក​បាន​ទទួល​លិខិត​ទាំង​នោះ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ៖ «សួរ​ទៅ​ក្រសួង​ការបរទេស គេ​អ្នក​ទទួល​លិខិត​ហ្នឹង គេ​អាច​ឲ្យ​មតិ​ម៉េចៗ គេ​កំពុង​រៀបចំ​ឆ្លើយ​ទៅ​វិញ តាម​ខ្ញុំ​ដឹង ព្រោះ​លោក​ជា​អ្នក​ទទួល​ជំនួយ​ស្មារតី​ពី​ប្រទេស​ថៃ ខ្ញុំ​អត់​ចង់​និយាយ​ថែម​ទៀត​ទេ»

ក៏​ប៉ុន្តែ​ពេញ​មួយ​ថ្ងៃ​ច័ន្ទ គ្មាន​មន្រ្តី​ក្រសួង​ការបរទេស​ខ្មែរ​ណា​ម្នាក់ បាន​ឆ្លើយ​តប​ឲ្យ​ដឹង​ពី​ចំណាត់ការ​នោះ​យ៉ាង​ណា​នៅ​ឡើយ។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បាន​ធ្វើការ​បដិសេធ​ចោល​ចំពោះ​ការ​អះអាង​របស់​ក្រសួង​ការ​បរទេស​ថៃ ដែល​ថា​ទី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ជា​ទឹក​ដី​ថៃ ជាមួយ​នឹង​ការ​លើក​ទង់​ជាតិ​និង​ការ​លើក​ប៉ាណូ​របស់​អង្គការ​យូណេស្កូ ដែល​តម្រូវ​ឲ្យ​ចាំបាច់​សុំ​ការ​អនុញ្ញាត​ពី​ភាគី​ថៃ​នោះ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ៖ «ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​គ្រឹះ ត្បិត​អី​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ​បាន​សង់ ហើយ​តំបន់​ហ្នឹង​គឺ​ស្ថិត​នៅ​លើ​ដី​ខ្មែរ​ចំនួន ១០០​ឆ្នាំ​មក​ហើយ ជាពិសេស​តុលាការ​យុត្តិធម៌​អន្តរជាតិ តាមរយៈ​ផែនទី​ឧបសម្ព័ន្ធ​បង្ហាញ​យ៉ាង​ច្បាស់​ថា របស់​កម្ពុជា។ យើង​ទើប​តែ​ប្រទះ​ឃើញ​នៅ​ខែ​កក្កដា ២០០៨​នេះ​ទេ ដែល​ថៃ​បាន​ចល័ត​ទ័ព​របស់​ខ្លួន​មក​បោះ​ទីតាំង​មក​លើ​តំបន់​កម្ពុជា តាម​ពិត គាត់​[ថៃ]​ទេ​ជា​អ្នក​មក​នៅ​លើ​ដី​កម្ពុជា»

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​ថៃ​តវ៉ា​នោះ​ប្រហែល​ជា​ថៃ​មិន​មាន​អ្នក​ចេះ​ច្បាប់​និង​មិន​បាន​ពិនិត្យ​លើ​ច្បាប់​អន្តរជាតិ។ ពីព្រោះ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​អន្តរជាតិ​សម្រេច​ក្ដី​ប្រគល់​មក​ឲ្យ​ជា​ទឹក​ដី​របស់​ខ្មែរ។

ចំណែក​ឯ​ប្រាសាទ​ព្រះវិហារ​កាល​ណា​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​រួច​ហើយ គឺ​ត្រូវ​តែ​បោះ​សញ្ញា​អង្គការ​សហប្រជាជាតិ​ដើម្បី​ការពារ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា ៖ «ថៃ​ធ្វើ​អ៊ីចឹង គួរ​ខ្មាស​អន្តរជាតិ ថៃ​មាន​ប្រជាជន​ជាង ៨០​លាន​នាក់ រក​អ្នក​ជំនាញ​ច្បាប់​ស្រួល​បួល​មិន​បាន។ ក្រសួង​ការ​បរទេស​ថៃ​គួរ​តែ​មើល​ច្បាប់​អន្តរជាតិ​ឡើង​វិញ។ កន្លែង​មួយ​ដែល​ប្រកាស​ថា ជា​បេតិក​ភណ្ឌ​ពិភពលោក​គឺ​ត្រូវ​តែ​បោះ​ហើយ ហើយ​ទី​២ យើង​បោះ​នៅ​ព្រះវិហារ​គឺ​តុលាការ​អន្តរជាតិ កាល​ពី​ឆ្នាំ​១៩៦២ បាន​កំណត់​រួច​ហើយ គេ​ឲ្យ​ថៃ​ហ្នឹង​១០​ឆ្នាំ​ដើម្បី​រក​ទឡ្ហីករណ៍​ថ្មី​ដើម្បី​តវ៉ា អ៊ីចឹង​ពី ៦២ ដល់ ២០០៨ វា​ហួស​ឆ្ងាយ​ណាស់។ ប្រហែល​ជា​ក្រសួង​ការបរទេស​ថៃ​ដូរ​រដ្ឋមន្រ្តី​ច្រើន​ពេក គាត់​អត់​មាន​អ្នក​ដែល​យល់​ការងារ​ច្បាប់​ច្រើន»

អ្នក​ជំនាញ​ផ្នែក​ច្បាប់​របស់​ប្រទេស​កម្ពុជា បាន​និយាយ​ថា យោងតាម​ឯកសារ​ផ្លូវ​ច្បាប់ ប្រទេស​ថៃ​ត្រូវ​តែ​បោះបង់​ចោល​ការ​រំលោភ​បំពាន​មក​លើ​បូរណភាព​ទឹក​ដី​ខ្មែរ។

បើ​និយាយ​ពី​អនុសញ្ញា​និង​សន្ធិសញ្ញា​ស្ដីពី​ការ​កំណត់​ព្រំដែន​ធ្វើ​ឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង​-សៀម ចាប់​ពី​ឆ្នាំ​១៩០៤ រហូត​ដល់​ឆ្នាំ​១៩០៨ រដ្ឋាភិបាល​ថៃ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សីមា​ព្រំដែន ដូច​ជា​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​១៩០៥ រដ្ឋាភិបាល​សៀម​បាន​ស្នើ​ឲ្យ​មន្រ្តី​លេខា​បារាំង​ធ្វើ​ផែនទី​ព្រំដែន​តំបន់​នានា ហើយ​សំណើ​នេះ​មាន​ការ​យល់ព្រម​របស់​សមាជិក​ក្រុម​សៀម​ផង​ដែរ។

ក្នុង​ឆ្នាំ​១៩០៨ រដ្ឋាភិបាល​បារាំង​បាន​ផលិត​ផែនទី​ចំនួន​១១​ផ្ទាំង ដែល​ក្នុង​នោះ​មាន​ចំនួន ៦​ផ្ទាំង​គ្រប​ដណ្ដប់​ព្រំដែន​រវាង​កម្ពុជា​-ថៃ តាម​សំណើ​របស់​រដ្ឋាភិបាល​សៀម ហើយ​នៅ​ខែ​កញ្ញា ឆ្នាំ​១៩០៨ មន្រ្តី​ជាន់​ខ្ពស់​សៀម​ធំៗ មាន​រដ្ឋមន្រ្តី​ការ​បរទេស រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ គណៈកម្មការ​ព្រំដែន ឯក​អគ្គ​រាជ​ទូត​សៀម​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស ប្រទេស​អាមេរិក រុស្សី បារាំង និង​អាល្លឺម៉ង់​ជា​ដើម​បាន​ទទួល​ផែនទី​ទាំង​អស់​នោះ៕

ប្រភពអាស៊ី​សេរី

កម្ពុជា និង​ថៃ​ធ្លាក់​ក្នុង​សង្គ្រាម​ពាក្យ​សម្តី​ការ​ទូត​ជា​ថ្មី​ម្ដង​ទៀត ខែវិច្ឆិកា 19, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​ឈាន​ទៅ​ដល់​សង្គ្រាម​ពាក្យ​សម្តី​ការ​ទូត​ជា​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ប្រទេស​ថៃ​បាន​អះអាង​ថា វត្ត​កែវសិក្ខាគិរីស្វារៈ ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ថៃ ហើយ​ថា​កម្ពុជា បាន​ធ្វើ​ការ​ហែ​កថិន​ទៅ​កាន់​វត្ត​នោះ​ដោយ​រំលោភ​ទឹក​ដី​របស់​ខ្លួន។ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា បាន​ចាត់​ទុក​ការ​អះអាង​របស់​ថៃ​បែប​នេះ​ថា គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់​ហើយ​ក្រសួង​ការបរទេស​កម្ពុជា គ្រោង​នឹង​ធ្វើ​លិខិត​ប្រតិកម្ម​ចំពោះ​រឿង​នេះ។ លោក ដែន សីម៉ា ជូន​របាយការណ៍​ពី​ទីក្រុង​ភ្នំពេញ៖

លោក ផៃ ស៊ីផាន មន្ត្រី​អ្នក​នាំ​ពាក្យ និង​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ក្រសួង​ការបរទេស​កម្ពុជា នឹង​ធ្វើ​លិខិត​មួយ​ប្រតិកម្ម​ទៅ​នឹង​កំណត់​ទូត របស់​ក្រសួង​ការបរទេស​ថៃ​ដែល​ថា​វត្ត​កែវសិក្ខាគិរីស្វារៈ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​សៀម និង​បាន​ចោទ​ប្រកាន់​កម្ពុជា​ថា បាន​ធ្វើ​បុណ្យ​ចូល​វត្ត​កែវសិក្ខាគិរីស្វារៈ​ដោយ​មិន​ផ្តល់​ព័ត៌មាន​ដល់​ប្រទេស​សៀម។

លោក​បន្ថែម​ទៀត​ថា ក្រសួង​ការបរទេស​កម្ពុជា នឹង​ធ្វើ​លិខិត​នោះ​ឲ្យ​បាន​ឆាប់​បំផុត​នៅ​ក្នុង​សប្តាហ៍​នេះ។ លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា វត្ត​កែវសិក្ខាគិរីស្វារៈ​គឺ​ជា​របស់​ខ្មែរ​ហើយ យើង​នៅ​ទី​នោះ​១០០​ឆ្នាំ មក​ហើយ។​យើង​មាន​ឯកសារ​ក្រដាស​ស្នាម​គ្រប់​គ្រាន់ ដើម្បី​បញ្ជាក់​ថា វត្ត​កែវសិក្ខាគិរីស្វារៈ​គឺ ជា​របស់​ខ្មែរ​ពិសេស​សាលក្រម​ឆ្នាំ​១៩៦២។

លោក​បាន​និយាយ​បន្ថែម​ទៀត​ថា គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ណា​មួយ ដែល​ថៃ​ត្រូវ​និយាយ​ដូច្នេះ​ឡើយ។​ជាមួយ​គ្នា​នេះ លោក ផៃ ស៊ីផាន ក៏​បាន​សម្តែង​ការ​សោកស្តាយ​ថា ប្រទេស​សៀម មិន​គួរ​ស្រែក​បែប​នេះ​ដែល​នាំ​​អោយ​ល្អក់​កករ​ទៅ​ដល់​ការ​ពិភាក្សា​រក​ដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ។​លោក​ផៃ ស៊ីផាន បញ្ជាក់​ថា ប្រទេស​ថៃ​មិន​គួរ​ប្រើ​យុទ្ធសាស្ត្រ​សង្គ្រាម​ពាក្យ​សម្តី​ឡើយ ហើយ​គួរ​តែ​ប្រើ​ច្បាប់​អន្តរជាតិ ដើម្បី​រក្សា​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ។

សំឡេង​លោក​ផៃ ស៊ីផាន

ប្រទេស​សៀម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​ធ្វើ​ឯកសារ​ជំនួយ​ស្មារតី​មួយ​មក​អោយ​កម្ពុជា ដោយ​ចោទ​ប្រកាន់​ថា កម្ពុជា​បាន​រំលោភ​អធិបតេយ្យភាព​ទឹក​ដី​របស់​ខ្លួន ដោយ​បាន​ហែ​កថិន​ចូល​មក​កាន់​វត្ត​កែវសិក្ខាគិរីស្វារៈ។​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​ថៃ បាន​ឱ្យ​ដឹង​ថា ប្រទេស​សៀម​បាន​ប្រើ​ពាក្យ​ធ្ងន់​ៗ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​របស់​ខ្លួន។

ទីភ្នាក់ងារ​នេះ​បាន​ដក​ស្រង់​ខ្លឹមសារ​របស់​ឯកសារ​ជំនួយ​ស្មារតី​នោះ ដែល​និយាយ​ថា សកម្មភាព​បែប​នេះ​ត្រូវ​ចាត់​ជា​ការ​រំលោភ​ដោយ​ចេតនា និង​ច្បាស់​ក្រឡែត​ទៅ​លើ​អធិបតេយ្យភាព​ពី​កម្ពុជា ពី​ព្រោះ​ហ្វូង​មនុស្ស​បាន​ដើរ​ចូល​ទឹក​ដី​ថៃ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ប្រទេស​ថៃ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ចុះ វត្ត​កែវសិក្ខាគិរីស្វារៈ នេះ​គឺ​ព្រះសង្ឃ​កម្ពុជា​បាន​គង់​នៅ​ទី​នោះ​ជា​យូរ​មក​ហើយ។ ចំណែក​ប្រជាជន​កម្ពុជា​​ក៏​បាន​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​ទាន​នៅ​លើ​វត្ត​នោះ​តាំង​ពី​យូរយារ​មក​ហើយ​ដែរ តាំង​ពី​មុន​ពេល​ដែល​ទ័ព​សៀម បាន​ចូល​មក​ឈ្លានពាន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ឆ្នាំ​២០០៨ មក​ម្ល៉េះ៕

(រាយការណ៍​ដោយ ដែន សីមា)

ថៃ​តវ៉ា​ប្រឆាំង​នឹង​ការដោត​ទង់​យូណេស្កូ​នៅ​ប្រាសាទ​ព្រះវិហារ ខែវិច្ឆិកា 16, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
1 comment so far

ពិធី​ដោត​ទង់​សញ្ញា​អន្តរជាតិ​ជា​និមិត្តរូប​ការពារ​ប្រាសាទ​បូរាណ​ខ្មែរ និង​សកម្មភាព​ពុទ្ធ​បរិស័ទ​ខ្មែរ​ធ្វើ​កឋិន​ទៅ​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វរៈ នៅ​ឯ​បរិវេណ​ប្រាសាទ​ព្រះវិហារ​កន្លង​មក​នេះ បាន​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល​ថៃ​កើត​ក្តី​ក្តៅ​ក្រហាយ​និង​បាន​ធ្វើការ​តវ៉ា​ជា​ខ្លាំង។


AFP Photo
ទង់​យូណេស្កូ (ឆ្វេង) ទង់​បេតិកភណ្ឌ​ពិភពលោក (កណ្ដាល) និង​ទង់​ជាតិ​ប្រទេស​កម្ពុជា (ស្ដាំ) បក់​រវិច​ក្នុង​អំឡុង​ពេល​ពិធី​ដំឡើង​ជា​ផ្លូវការ នៅ​ឯ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​៧ វិច្ឆិកា ២០០៨។

សេចក្តី​រាយការណ៍​ពី​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ថៃ​បាន​ធ្វើ​សេចក្តី​តវ៉ា​នៅ​ក្នុង​កិច្ច​ប្រកាស​មួយ​កាលពី​ថ្ងៃ​សុក្រ ទី​១៤ វិច្ឆិកា​កន្លង​មក​នេះ។

ក្រសួង​ការ​បរទេស​ថៃ​បាន​ប្រតិកម្ម​តវ៉ា​ប្រឆាំង​ទៅ​នឹង​សកម្មភាព​មួយចំនួន​របស់​អាជ្ញាធរ​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​សកម្មភាព​មួយ​កើត​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា និង​សកម្មភាព​មួយ​ទៀត​កើត​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ដោយ​ចោទ​ថា​កម្ពុជា​បាន​រំលោភ​អធិបតេយ្យភាពនិង​បូរណភាព​ទឹក​ដី​របស់​ខ្លួន។

សូម​បញ្ជាក់​ថា ថ្ងៃ​ទី​៧ វិច្ឆិកា គឺ​ជា​ទិវា​ដែល​មន្ត្រី​អង្គការ​យូណេស្កូ​និង​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ធ្វើ​ពិធី​ដោត​ទង់​និង​ផ្លាក​សញ្ញា​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ និង​ថ្ងៃ​ទី​១២ វិច្ឆិកា គឺ​ជា​ទិវា​ដែល​មាន​ពុទ្ធ​បរិស័ទ​ខ្មែរ​បាន​នាំ​គ្នា​ធ្វើ​កឋិន​នៅ​ក្នុង​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វរៈ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃ​ទី​១៤ វិច្ឆិកា ក្រសួង​ការ​បរទេស​ថៃ​បាន​សរសេរ​ថា ថៃ​បាន​បញ្ជូន​លិខិត​តវ៉ា​របស់​ខ្លួន​ទៅ​កាន់​ក្រសួង​ការ​បរទេស​កម្ពុជា​ជុំវិញ​ការធ្វើ​បុណ្យ​កឋិនទាន​នៅ​វត្ត​កែវសិក្ខាគិរីស្វរៈ ដោយ​ចោទ​អាជ្ញាធរ​កម្ពុជា​ថា​ពុំ​បាន​អនុញ្ញាត​ឲ្យ​ភាគី​ថៃ​ដឹង​ឮ​អំពី​រឿង​ពិធី​នោះ​ទេ និង​ចោទ​ថា​កម្ពុជា​បាន​រំលោភ​លើ​ទឹក​ដី​របស់​ខ្លួន​ត្រង់​វត្ត​កែវសិក្ខាគិរីស្វរៈ​នោះ។

ក្រសួង​ការ​បរទេស​ថៃ​នៅ​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា បាន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ទៀត​ដោយសារ​តែ​សកម្មភាព​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា រួម​មាន​ការដោត​ទង់​ជាតិ​ចំនួន​៣​នៅ​លើ​កំពូល​ប្រាសាទ​ព្រះវិហារ ការកសាង​ប៉ាណូ​ធំៗ​ពីរ​នៅ​នឹង​ជើង​ជណ្តើរ​ប្រាសាទ​ព្រះវិហារ និង​ការធ្វើ​ដំណើរ​ឆ្លងកាត់​របស់​មន្ត្រី​កម្ពុជា​ចូល​ទៅ​លើក​ទង់​ជាតិ​ទាំង​នោះ ដោយ​មិន​មាន​ការអនុញ្ញាត​ពី​ភាគី​ថៃ​ជា​មុន។

គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ​ជុំវិញ​ការតវ៉ា​និង​ការចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ថៃ​នា​ពេល​នេះ។

ទោះ​ជា​យ៉ាង​ណា​ក្តី​ក្រុម​សកម្មជន​ការពារ​ព្រំដែន​ខ្មែរ​នៅ​ទ្វីប​អឺរុប​បាន​សម្ដែង​ប្រតិកម្ម​ទៅ​នឹង​ការតវ៉ា​របស់​ក្រសួង​ការ​បរទេស​ថៃ។

លោក គិរី សេនា ដែល​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​រស់នៅ​ក្នុង​ប្រទេស​ហុល្លង់​បាន​ថ្លែង​ថា ៖ «ការ​ដែល​ដាក់​ទង់​អង្គការ​យូណេស្កូ ដាក់​ទង់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ និង​ទង់​របស់​កម្ពុជា​ទៅ​លើ​ប្រាសាទ​ព្រះវិហារ​ហ្នឹង ក៏​ជា​អធិបតេយ្យភាព​របស់​កម្ពុជា​ក្នុង​ការបញ្ជាក់​ពី​កេរមរតក​របស់​ខ្លួន។ ឯ​ការធ្វើ​កឋិន​នៅ​វត្ត​កែវសិក្ខាគិរីស្វរៈ​ហ្នឹង​គឺ​ជា​រឿង​របស់​កម្ពុជា​សុទ្ធសាធ ជា​សិទ្ធិ​អំណាច​របស់​កម្ពុជា»

លោក គិរី សេនា បាន​ឲ្យ​ដឹង​ទៀត​ថា ការខឹង​នឹង​សកម្មភាព​ឈ្លានពាន​របស់​ថៃ​នោះ​ហើយ​បាន​ញ៉ាំង​ឲ្យ​មាន​ការធ្វើ​បាតុកម្ម​មួយ​ដោយ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចំនួន​ប្រមាណ​២៧០​នាក់ កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា នៅ​មុខ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​នៃ​ប្រទេស​ហុល្លង់។

ពលរដ្ឋ​ខ្មែរ​ទាំង​២៧០​នាក់​នោះ គឺ​រួម​មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក កាណាដា ន័រវ៉េ បារាំង អាល្លឺម៉ង់ ហុល្លង់ និង​ពី​ប្រទេស​កម្ពុជា​ផង​នោះ​ដែរ៕

ប្រភពអាស៊ី​សេរី

ទង់​យូណេស្កូ​និង​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​បាន​ដោត​នៅ​ប្រាសាទ​ព្រះវិហារ ខែវិច្ឆិកា 16, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment

ដោយ ផាន សូផាត និង សាវយុត
2008-11-07

ទង់​ជាតិ​និង​ផ្លាក​សញ្ញា​របស់​អង្គការ​យូណេស្កូ (UNESCO) និង​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​បាន​ដោត​ដំឡើង​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​នេះ នៅ​ឯ​បរិវេណ​ប្រាសាទ​ព្រះវិហារ។


AFP Photo
ទង់​យូណេស្កូ (ឆ្វេង) ទង់​បេតិកភណ្ឌ​ពិភពលោក (កណ្ដាល) និង​ទង់​ជាតិ​ប្រទេស​កម្ពុជា (ស្ដាំ) បក់​រវិច​ក្នុង​អំឡុង​ពេល​ពិធី​ដំឡើង​ជា​ផ្លូវការ នៅ​ឯ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​៧ វិច្ឆិកា ២០០៨។

ទង់​ជាតិ​និង​ផ្លាក​សញ្ញា​ទាំង​នោះ​ត្រូវ​បាន​ដោត​ដំឡើង​ដោយ​មន្ត្រី​ចម្រុះ​មួយ​ក្រុម​ដែល​រួម​មាន​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​តំណាង​ខ្មែរ​អាមេរិក​ទៅ​ពី​សហរដ្ឋ​អាមេរិក​ផង និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ផង។

លោក ផាន សូផាត បាន​សាកសួរ​ព័ត៌មាន​បន្ថែម​ពី​លោក សាវយុត ដែល​កំពុង​ឈរ​ជើង​នៅ​ឯ​ទី​កើត​ហេតុ​នោះ ៖

ផាន សូផាត ៖ តើ​នៅ​ពេល​នេះ​សកម្មភាព​នៃ​ការ​ដែល​អង្គការ​យូណេស្កូ​ថា​នឹង​មាន​ការដោត​ទង់​ដើម្បី​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ​ក៏​ដូច​ជា​តួ​ប្រាសាទ​ព្រះវិហារ តើ​នៅ​ថ្ងៃ​នេះ​យ៉ាង​ម៉េច​ដែរ?

សាវយុត ៖ សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​គណៈកម្មការ​យូណេស្កូ​ជាតិ​កម្ពុជា​រួម​នឹង​មន្ត្រី​រដ្ឋាភិបាល ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ធ្វើការ​លើក​ទង់​នៅ​ឯ​ប្រាសាទ​ព្រះវិហារ​ហើយ គឺ​មាន​ទង់​ចំនួន​៣។ ទី​១ គឺ​ទង់ជាតិ ទី​២ គឺ​ទង់​របស់​អង្គការ​យូណេស្កូ ហើយ​និង​ទី​៣ គឺ​ជា​ទង់​របស់​អង្គការ​បេតិកភណ្ឌ​ពិភពលោក។

ផាន សូផាត ៖ លោក​បាន​សាកសួរ​មន្ត្រី​អង្គការ​យូណេស្កូ​ហ្នឹង​ដែរ​ឬ​ទេ​ថា​តើ​ការលើក​ទង់​ហ្នឹង​នឹង​អាច​មាន​ប្រសិទ្ធភាព​ការពារ​ទៅ​ដល់​ប្រាសាទ​បុរាណ​ហ្នឹង​យ៉ាង​ម៉េច​ដែរ?

សាវយុត ៖ បើ​តាម​ការរៀបរាប់​របស់​មន្ត្រី​យូណេស្កូ​ជាតិ​កម្ពុជា អ្នកស្រី តាន់ ភានី ដែល​ជា​អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​យូណេស្កូ​កម្ពុជា បាន​ប្រាប់​ថា​ការលើក​ទង់​នេះ​មាន​លក្ខណៈ​ពិសេស​សម្រាប់​ការពារ​ដល់​ប្រាសាទ​ព្រះវិហារ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក ហើយ​នៅ​បន្ទាប់​ពី​ការលើក​ទង់​នេះ​ជា​ការប្រកាស​កំណត់​ទីតាំង​យ៉ាង​ច្បាស់​ថា​មិន​ឲ្យ​មាន​កម្លាំង​ប្រដាប់​អាវុធ​ណា​រំលោភ​ឬ​ក៏​ទៅ​ប៉ះពាល់​ប្រាសាទ​ព្រះវិហារ​ដែល​ជា​របស់​ប្រទេស​កម្ពុជា​ហើយ​ក៏​បាន​ដាក់​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ជា​របស់​មនុស្ស​ជាតិ​នោះ​បាន​ទៀត​ទេ។

ផាន សូផាត ៖ ការលើក​ទង់​ហ្នឹង​លើក​តែ​នៅ​តួ​ប្រាសាទ​តែម្ដង ឬ​មួយ​ក៏​មាន​លើក​នៅ​បរិវេណ​ជុំវិញ​ហ្នឹង​ដែរ?

សាវយុត ៖ ក្នុង​នេះ​សូម​បញ្ជាក់​ថា ចំនួន​ដែល​បាន​លើក​នោះ​គឺ​មាន​ស្លាក​ហាមឃាត់ ពិសេស​របស់​តុលាការ​ក្រុង​ឡាអេ​ចំនួន​៧ ស្លាក​របស់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៧ ហើយ​និង​ស្លាក​របស់​អង្គការ​យូណេស្កូ​ចំនួន​៥ ហើយ​និង​មាន​ទង់​ចំនួន​៣។ ទង់​ទាំង​នោះ​ហើយ​និង​ស្លាក​ហ្នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បរិវេណ​ប្រាសាទ​និង​ទី​សួន​ឧទ្យាន​របស់​ប្រាសាទ រួម​នឹង​នៅ​គម្លាត​ឆ្ងាយ​ពី​កន្លែង​តំបន់​បរិវេណ​ប្រាសាទ​ដែល​មក​ជិត​តំបន់​វត្ត​កែវសិក្ខាគិរីស្វៈរៈ​ហ្នឹង​ផងដែរ

អាស៊ី​សេរី

នាយក​រដ្ឋមន្រ្តី​ខ្មែរ​ទទូច​ឲ្យ​មាន​ការចរចា​ជាមួយ​ភាគី​ថៃ​ឲ្យ​បាន​ឆាប់ ខែសីហា 30, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
3 comments
2008-08-29

នៅ​ថ្ងៃ​សុក្រ​នេះ​ខុទ្ទកាល័យ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ខ្មែរ បាន​ផ្តល់​អនុសាសន៍​ជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ទាក់ទង​ឡើង​វិញ​ជាមួយ​ភាគី​ប្រទេស​ថៃ ដោយ​ជំរុញ​ឲ្យ​មាន​ការចរចា​ជា​ថ្មី​ឲ្យ​បាន​ឆាប់​រហ័ស​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ស្តីពី​ករណី​ជម្លោះ​លើ​ដែន​ដី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

 
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។

បញ្ជា​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​២​ថ្ងៃ​ពី​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​សុំ​លុប​ការចរចា​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា​នេះ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប ដោយ​សំអាង​ថា​ប្រទេស​ថៃ​កំពុង​មាន​វិបត្តិ​នយោបាយ៕

ប្រភព៖ http://www.rfa.org/khmer/indepth/PM-asked-2have-negotiation-soon-08292008233554.html

កម្ពុជា​និង​ថៃ​សម្រេច​ផ្អាក​គម្រោង​ជួប​ចរចា​ពី​បញ្ហា​ព្រំដែន​នៅ​សៀមរាប ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
1 comment so far
2008-08-28

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​សម្រេច​ផ្អាក​ជា​បន្ទាន់​នូវ​គម្រោងការ​ជួប​ចរចា​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​គ្រោង​ធ្វើ​នៅ​ថៃ្ង​ទី​២៩ ខែ​សីហា​នេះ ដោយ​មាន​សំណើ​ពី​ភាគី​ថៃ​សុំ​ផ្អាក ដោយ​គ្មាន​ថៃ្ងកំណត់​ធ្វើ​វិញ​នៅ​ពេល​ណា​ទ្បើយ ។

 
RFA Photo/Pong Khemerak
កិច្ច​ចរចា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​និង​ថៃ កាលពី​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។

លោក​ឧត្តមសេនីយ៍ឯក នាង ផាត ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ចរចា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ៖ «អត់​ទេ​ផ្អាក​ហើយ ថៃ​សុំ​ពន្យារ​ពេល គេ​អត់​ប្រាប់​មូលហេតុ​ទេ ប៉ុន្តែ​យើង​ដឹង​ថា​ប្រហែល​ជា​មក​ពី​ផ្ទៃ​ក្នុង​ស្រុក​គេ​ហើយ យើង​មើល​ទៅ ។ …គេ​ថា អត់​ដឹង​ពេល​ណា​ទេ គេ​សុំ​ពន្យារ​ពេល​សិន ។ ក្រុម​ការងារ​គេ​មក​ធ្វើការ​ជាមួយ​ក្រុម​យើង​អស់​ហើយ ម្សិលមិញ ។ ឥឡូវ​គេ​ទៅ​វិញ​ថ្ងៃ​នេះ​អស់​ហើយ គេ​មក​៣០​នាក់ ធ្វើការ​ជាមួយ​ពួក​ខ្ញុំ ហើយ​ខ្ញុំ​អត់​ទៅ ខ្ញុំ​នៅ​ភ្នំពេញ ថ្ងៃ​នេះ​បាន​ត្រូវ​ទៅ គេ​ផ្អាក​អ៊ីចឹង យើង​មិន​បាច់​ទៅ​អី»

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​បាន​ធ្វើ​បាតុកម្ម​អហិង្សា​មិន​បាន​សម្រេច កាលពី​ថៃ្ង​ទី​១៧ ខែ​សីហា​សប្តាហ៍​កន្លង​ទៅ ក្នុង​ការសម្ដែង​មតិ​ប្រឆាំង​ការឈ្លានពាន​របស់​កងទ័ព​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​នោះ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ចំពោះ​ការផ្អាក​គម្រោងការ​ចរចា នៅ​ថ្ងៃ​ទី២៩ សីហា​នេះ ថា ៖ «ជំនួប​ប្រជុំ​រវាង​កម្ពុជា ខ្ញុំ​គិត​ថា​វា​អត់​មាន​បាន​ផល​ប្រយោជន៍​អី​ទេ គ្រាន់តែ​ជា​ការពន្យារ​ពេល​របស់​ភាគី​សៀម ហើយ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​អូសបន្លាយ​ពេល​វេលា​ទៅ​តាម​ភាគី​សៀម ពីព្រោះ​សៀម​គេ​ជា​អ្នក​ឈ្លានពាន​មក​លើ​អធិបតេយភាព បូរណភាព​ទឹក​ដី​នៃ​កម្ពុជា ។ ដូច្នេះ​យើង​ក្នុង​នាម​ជា​ជន​រងគ្រោះ​យើង​ត្រូវតែ​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ។ យើង​មិន​ត្រូវ​ឲ្យ​អូសបន្លាយ​ឲ្យ​ចេះតែ​យូរ​ទៅៗ ម្ដង​ហើយ​ម្ដង​ទៀត​ទេ»

សូម​រំឭក​ថា​មន្រ្តី​ជាន់ខ្ពស់​របស់​កម្ពុជា​និង​ថៃ​បាន​ជួប​ប្រជុំ​ចរចា​ទ្វេ​ភាគី​ចំនួន​បី​លើក​រួច​មក​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​កងទ័ព​ថៃ​ចូល​មក​រំលោភ​នឹង​ឈ្លានពាន​នៅ​លើ​ទឹក​ដី​កម្ពុជា ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ប្រាសាទ​តាមាន់​ធំ​របស់​កម្ពុជា ប៉ុន្តែ​សេចក្តី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា កង​យោធា​ថៃ​នៅតែ​បន្ត​ឈរជើង​នៅ​តំបន់​នោះ​នឹង​រាតត្បាត​ទៅ​កន្លែង​ដទៃ​ទៀត ក្នុង​ទឹក​ដី​កម្ពុជា​នៅ​ជាប់​ព្រំដែន​ថៃ ។

កាលពី​ថៃ្ង​ទី​២២ ខែ​សីហា​សប្តាហ៍​កន្លង​ទៅ​នេះ លោក​នាយ​រដ្ឋមន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា បាន​សរសេរ​លិខិត​ឆ្លើយតប​នឹង​លោក Samak Sundaravej នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ​ជាមួយ​នឹង​ការសង្ឃឹម​ថា កិច្ចប្រជុំ​លើក​ទី​២ រវាង​ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​បណ្តោះអាសន្ន និង​ប្រធាន​គណៈកម្មាធិការ​តំបន់​ព្រំដែន​ថៃ នៅ​ថៃ្ង​ទី​២៩ ខែ​សីហា​ខាង​មុខ​នេះ នឹង​នាំ​មក​នូវ​ការដក​កងទ័ព​ដែល​នៅ​សេសសល់​ទាំងអស់​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ព្រមទាំង​បញ្ឈប់​នូវ​កំណើន​យោធា​កើត​មាន​នៅ​តាម​តំបន់​ព្រំដែន​ផ្សេងៗ​ទៀត៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Thai-postponed-negotiation-08282008215906.html