jump to navigation

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​៥) ខែវិច្ឆិកា 19, 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback
2008-11-18

នៅ​ថ្ងៃ​១៩ កក្កដា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ដឹកនាំ​ក្រុម​អ្នកកាសែត​ជាច្រើន​នាក់​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ និង​បាន​ធ្វើ​សន្និសីទ​​កាសែត​​មួយ​នៅ​ទី​នោះ។

 
RFA Photo/Keo Nimol
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។

សមាជិក​សភា​តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី​នៃ​ប្រទេស​កម្ពុជា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្ទាន់​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ដើម្បី​ធានា​នូវ​បូរណភាព​ទឹក​ដី​ខ្មែរ ។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពី​មាន​ការអះអាង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ ថា ទឹក​ដី​ត្រង់​តំបន់​វត្ត​កែវសិក្ខាគិរីស្វរៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទឹកដី​ថៃ មិនមែន​ជា​ទឹក​ដី​កម្ពុជា​នោះ​ឡើយ ។

នៅ​ថ្ងៃ​១៩ កក្កដា នោះ​ដែរ​ទាំង​ប្រទេស​កម្ពុជា​និង​ថៃ បាន​បង្កើន​កម្លាំង​ទ័ព​និង​មាន​ការ​ប្រឈម​មុខ​ដោយ​អាវុធ​ធុន​ធ្ងន់​ផង​នៅ​តំបន់​មាន​ជម្លោះ​នោះ ទោះបី​មាន​ការ​ប្រកាស​ពី​ដំណើរការ​ចរចា​រវាង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ខ្មែរ គឺ​លោក ទៀ បាញ់ និង​អគ្គ​មេ​បញ្ជាការ​កងទ័ព​ថៃ នៅ​ថ្ងៃ​ទី ២១ ខែ​កក្កដា ២០០៨ នោះ​ក៏ដោយ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​មាន​ព័ត៌មាន​ស្តីពី​ប្រទេស​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​កោះ​ប្រជុំ​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​នេះ។

អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​ឈ្នះក្តី​លើ​ប្រទេស​ថៃ និង​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ខ្មែរ​វិញ​កាល​ពី​ឆ្នាំ​១៩៦២ បាន​មាន​បន្ទូល​ប្រាប់​មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​ថា ប្រាសាទ​ព្រះវិហារ​គឺ​ជា​ប្រាសាទ​ខ្មែរ​ដែល​ប្រទេស​ថៃ​តែងតែ​ប្រាថ្នា​ចង់​បាន។

មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បាន​មាន​ប្រសាសន៍​រំឭក​បន្ទូល​អតីត​ព្រះមហាក្សត្រ​យ៉ាង​នេះ​ថា ៖ «[ព្រះមហា​វីរក្សត្រ]​លោក​មាន​ព្រះរាជ​តម្រិះ​មួយ គឺ​លោក​ថា រឿង​នេះ​មិន​អាច​ចប់​អ៊ីចឹង​ទេ វា​ត្រូវ​តែ​មាន​ការបន្ត ព្រោះ​ភាគី​ថៃ​តែងតែ​លួច​គយគន់​មក​លើ​ប្រទេស​កម្ពុជា​យើង កុំ​ថា​ឡើយ​ត្រឹម​ប្រាង្គ​ប្រាសាទ​ព្រះវិហារ សូម្បី​តែ​ខេត្ត​ដែល​ព្រះមហា​វីរក្សត្រ​លោក​ទាមទារ​បាន​ក្នុង​ឆ្នាំ​១៩៤៧ ក៏​ព្រះរាជាណាចក្រ​ថៃ​…»

ចូល​ដល់​ថ្ងៃ​ទី២០ ខែ​កក្កដា ឆ្នាំ​២០០៨ មន្ត្រី​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ឬ​ភាគី​ទី​៣​ណា​ក្នុង​ករណី​ទាហាន​ថៃ កំពុង​តែ​ឈរជើង​នៅ​ក្នុង​ដែនដី​របស់​កម្ពុជា​នោះ​ទេ​។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ដូច្នេះ ៖ «​មិន​ដូច​អ្វី​ដែល​កាសែត​នៅ​ខាង​ក្រៅ ដែល​បាន​និយាយ​ថា កម្ពុជា​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ។ ព្រោះ​កន្លង​មក​នេះ យើង​គ្រាន់តែ​ឲ្យ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ធ្វើ​លិខិត​ដើម្បី​ជម្រាប​ជូន​អំពី​សភាពការណ៍​នេះ​ទៅ​ប្រធាន​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​ជម្រាប​ជូន​អំពី​សភាពការណ៍​និង​មូលហេតុ​នៃ​ទំនាស់​រវាង​កម្ពុជា​និង​ថៃ លើ​បញ្ហា​តំបន់​ជិត​ព្រំដែន​ព្រះវិហារ​នេះ ប៉ុន្តែ​គ្រាន់តែ​ជូន​ដំណឹង និង​សុំ​ឲ្យ​ផ្ញើ​លិខិត​នេះ ចែក​លិខិត​ផ្លូវការ​ជូន​សមាជិក​តែ​ប៉ុណ្ណឹង​ទេ គឺ​មិន​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ទេ»

នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា រដ្ឋមន្រ្តី​ការពារ​ប្រទេស​ខ្មែរ​លោក ទៀ បាញ់ និង​អគ្គ​មេ​បញ្ជាការ​កងទ័ព​ថៃ លោក ប៊ុនស្រាង នីបប្រាឌីត បាន​បើក​កិច្ចចរចា​គ្នា​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ពុំ​បាន​ទទួល​លទ្ធផល​អ្វី​ឡើយ ក្រៅពី​ការ​ឯកភាព​មិន​វាយ​ប្រយុទ្ធ​គ្នា​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​អំពាវនាវ​ឲ្យ​ភាគី​ខ្មែរ​និង​ថៃ មាន​ការអត់ធ្មត់​ឲ្យ​បាន​អតិបរមា​ចំពោះ​បញ្ហា​ប្រឈមមុខ​ដាក់​គ្នា​ផ្នែក​យោធា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

ប្រធាន​សមាគម​អាស៊ាន លោក George Yeo ដែល​ជា​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​សិង្ហបុរី បាន​សម្ដែង​សេចក្ដី​បារម្ភ​ចំពោះ​ការប្រឈម​មុខ​ផ្នែក​យោធា​នោះ ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​សងខាង​ដោះស្រាយ​បញ្ហា​ដោយ​មិត្តភាព​ក្នុង​ស្មារតី​សាមគ្គីភាព​អាស៊ាន និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​នឹង​គ្នា។

នៅ​ថ្ងៃ​ទី​២២ កក្កដា ប្រទេស​ថៃ បាន​បដិសេធ​ការ​ចូលរួម​ជួយ​ដោះស្រាយ​ជម្លោះ​ពី​បណ្តា​ប្រទេស​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (ASEAN) ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​នោះ។

ការ​ប្រកាស​របស់​ប្រទេស​ថៃ​នោះ គឺ​ស្របពេល​ដែល​មាន​ការ​បើក​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​ប្រទេស​សិង្ហបុរី។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) លោក បាន គីមូន បាន​អំពាវនាវ​ដល់​កម្ពុជា​និង​ថៃ ឲ្យ​រក្សា​ភាព​អត់ធ្មត់ និង​សង្ឃឹម​ថា ការដោះស្រាយ​បញ្ហា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នឹង​ធ្វើ​តាម​ការ​ចរចា​ដោយ​សន្តិវិធី និង​ការ​ទូត និង​ការបញ្ចៀស​រាល់​អំពើហិង្សា។

នៅ​ថ្ងៃ​ដដែល​នោះ ស្ថានភាព​ប្រឈម​មុខ​គ្នា​ដោយ​កម្លាំង​យោធា​រវាង​កម្ពុជា​និង​ថៃ នៅតែ​មាន​សភាព​គួរ​ឲ្យ​កត់សម្គាល់​ជា​ដដែល ក្រោយ​ការចរចា​រវាង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ មិន​បាន​សម្រេច។

ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា លោក ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា ការចរចា​បាន​ជាប់​គាំង​នៅត្រង់​ចំណុច​មួយ ដែល​ថៃ​ស្នើ​ឲ្យ​សើរើ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-​ថៃ​សា​ឡើង​វិញ ប៉ុន្តែ​ការសើរើ​នោះ មិន​បាន​ផ្អែកតាម​សន្ធិសញ្ញា​ព្រំដែន​ខ្មែរ​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ដែល​អន្តរជាតិ​បាន​ទទួលស្គាល់​នោះ​ឡើយ។

យោងតាម​ឯកសារ​របស់​ថៃ ការស្នើ​ឲ្យ​សើរើ​ព្រំដែនខ្មែរថៃ ​ប្រវែង​៨០៥​គីឡូម៉ែត្រ​តាមតែ​ការចង់​បាន​របស់​ថៃនោះនឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា បាត់បង់​ប្រាសាទ​ព្រះវិហារ​ដែល​​បាន​ទាមទារ​ពី​ថៃ​មក​វិញ​តាមរយៈ​ក្តី​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​ប្រទេស​ថៃ​ថា បាន​បំពាន​ដោយ​ខុសច្បាប់ ក្នុង​ការបញ្ជូន​ទ័ព​មក​កាន់​ទឹកដី​ដែល​មាន​ជម្លោះ​នៅ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ។ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​បាន​ផ្ញើ​ទៅ​ឲ្យ​អង្គការ​យូណេស្កូ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ការបញ្ជូន​ទ័ព​នោះ គឺ​ជា​ការគំរាម​កំហែង​ចំពោះ​សន្តិភាព​ក្នុង​តំបន់ ។ ស្របពេល​ជាមួយ​គ្នា​នេះដែរ រដ្ឋាភិបាល​បាន​ជូន​ដំណឹង​ដល់​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​កំពុងតែ​ធ្វើការ​ឈ្លានពាន​លើ​អធិបតេយ្យ​ជាតិ​ខ្មែរ​ហើយ៕

ប្រភព៖​ អាស៊ី​សេរី

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: