jump to navigation

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​៤) ខែវិច្ឆិកា 18, 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback
2008-11-12

ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​បាន​អង្គការ​យូណេស្កូ​សម្រេច​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី ៧ កក្កដា ឆ្នាំ​២០០៨ ហើយ​​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​បាន​ចូល​រួម​ក្នុង​វេទិកា​ប្រគំ​តន្រ្តី​មួយ​ដើម្បី​អបអរ​សាទរ​នៃ​ជោគជ័យ​នេះ។

 
RFA Photo/Keo Nimol
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

ខែ​កក្កដា ឆ្នាំ​២០០៨ ៖

នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ប្រជារាស្រ្ត​រាប់ម៉ឺន​នាក់​បាន​ចូល​រួម​ក្នុង​វេទិកា​ប្រគំ​តន្ត្រី​មួយ​នា​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​អបអរ​សាទរ​ការ​វិលត្រឡប់​របស់​គណៈ​ប្រតិភូ​ខ្មែរ​ពី​ទីក្រុង​កេបិច ប្រទេស​កាណាដា ដែល​នៅ​ទី​នោះ​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក។

នៅ​ថ្ងៃ​អង្គារ ទី​១៥ កក្កដា ជម្លោះ​តានតឹង​ស្តីពី​ការ​រំលោភ​ព្រំដែន​បាន​កើត​ឡើង បន្ទាប់​ពី​អាជ្ញាធរ​ខ្មែរ​បាន​ចាប់​ខ្លួន​ជនជាតិ​ថៃ ៣​នាក់ ដែល​បាន​ឆ្លង​ព្រំដែន​ខុស​ច្បាប់​ក្នុង​បំណង​ដោត​ទង់ជាតិ​លើ​ប្រាសាទ​ព្រះវិហារ ហើយ​បន្ទាប់​មក​មាន​កងទ័ព​ថៃ​ជាច្រើន​នាក់​ក៏​បាន​ចូល​មក​តាម​ក្រោយ​ដែរ។ មាន​កង​ទ័ព​ថៃ​ម្នាក់​បាន​ជាន់មីន​ដាច់​ជើង​ក្នុង​ការ​ឆ្លង​ចូល​ដី​ខ្មែរ​នេះ។ បន្ទាប់​ពី​ឆ្លង​ព្រំដែន កងទ័ព​ថៃ​បាន​រក្សា​កម្លាំង​នៅ​ទី​នោះ ជាពិសេស​នៅ​តំបន់​ជុំវិញ​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​ហៅ​ថា​វត្ត​ប្រាសាទ​ព្រះវិហារ។

មេ​ទ័ព​ថៃ​និង​នាយក​រដ្ឋ​មន្រ្តី​ថៃ បាន​ប្រកាស​ថា​ដី​តំបន់​នោះ​គឺ​ជា​ទឹក​ដី​ក្នុង​ជម្លោះ ដែល​ជា​របស់​ថៃ ប៉ុន្តែ​ក៏​បាន​ទប់​ទល់​ដល់​ពួក​បាតុករ​មិន​ឲ្យ​ចូល​មក​តំបន់​នោះ​ដែរ។ អាជ្ញាធរ​ខ្មែរ​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​៥០​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​លើក​គ្នា​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ។ កម្លាំង​ទ័ព​នេះ​ក្រោយ​មក​ភ្លាមៗ​បាន​កើន​ដល់​១០០​នាក់។

មន្ត្រី​សំខាន់​របស់​កង​រាជ​អាវុធហត្ថ​ប្រចាំ​ស្រុក​ជាំក្សាន្ត​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​លើក​គ្នា​ចូល​មក​ដល់​ទី​វត្ត​ខ្មែរ​មួយ​នៅ​ខាង​លិច​ប្រាសាទ​ព្រះវិហារ ហើយ​កងកម្លាំង​ថៃ​ជា​ច្រើន​បាន​កាន់កាប់​នៅ​លើ​តំបន់​ជណ្តើរ​បូរាណ​នៃ​ទឹក​ដី​ខ្មែរ ដោយ​បិទ​ច្រក​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ទៀត​ផង ៖ «ទាហាន​ឈុត​ខ្មៅ​វា​ប្រដាប់​ដោយ​អាវុធ​កំប៉្លេ​តែម្ដង នៅ​វត្ត​លើ​ប្រាសាទ​ហ្នឹង»

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​បាន​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​១៥​នាទី​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​កំពុង​សំរុក​ចូល​មក​ច្រក​ខាង​លិច​នៃ​ប្រាសាទ កាលពី​វេលា​ម៉ោង​ប្រមាណ​​១២​ថ្ងៃ​ត្រង់ ហើយ​បាន​ចូល​ដល់​វត្ត​របស់​ខ្មែរ។

ប្រជាពលរដ្ឋ​ម្នាក់​បាន​បញ្ជាក់​ថា ៖ «គេ​ចូល​មក​ខាង​ទឹក​ដី​យើង​តែម្ដង ជណ្ដើរ​បូរាណ កន្លែង​វត្ត ទាហាន​ខ្មៅ​ប្រហែល​៥០​-​៦០​នាក់ សុទ្ធតែ​កាំភ្លើង… ថ្ងៃ​ហ្នឹង​ខ្លាំង​ណាស់។ ឥឡូវ​នាំ​គ្នា​ភ័យ ឥឡូវ​ខ្ញុំ​ឡើង​ទៅ​ប្រាសាទ​ទី​១ ទី​២»

រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ថៃ​បាន​បង្កើន​កម្លាំង​ទ័ព​ថែមទៀត​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ កក្កដា​នោះ បាន​បើក​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​រក​វិធានការ​ដោះស្រាយ​សភាពការណ៍​បន្ទាប់ពី​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​បង្កើន​កម្លាំង​ជិត​២០០​នាក់​ចូល​កាន់កាប់​វត្ត​ខ្មែរ​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​ខ្មែរ គឺ​លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ដោយ​ដក​ស្រង់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​មាន​ការអត់ធ្មត់ និង​បន្ត​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ៖ «យើង​ដាច់ខាត​មិន​ប្រើ​កម្លាំង​យោធា​ទេ លើកលែងតែ​យើង​ត្រូវ​គេ​វាយ​ប្រហារ​តែម្ដង។ ប៉ុន្តែ​យើង​ឃើញ​ថា​ប្រសិនបើ​ការវាយ​ប្រហារ យើង​ឃើញ​ថា​ចំណុច​គឺ​ថៃ​គឺ​ជា​អ្នក​នឹង​ទទួល​ការថ្កោលទោស​ខ្លាំង​ណាស់ ពីព្រោះ​ដោយសារ​ថា​ការងារ​យើង​ជា​សមាជិក​អាស៊ាន យើង​មាន​គោលការណ៍​គឺ​មិន​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ទេ»

លោក ខៀវ កាញារីទ្ធ ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់ដែរ​ថា ភាគី​កម្ពុជា​ក៏​បាន​បញ្ជូន​កម្លាំង​កងទ័ព​ទៅ​ទី​នោះ​ផងដែរ ៖ «ប៉ុន្តែ​យើង​បាន​បន្ថែម​កម្លាំង​របស់​យើង​ឡើង​ដល់​៣០០​ជាង​ហើយ ជិត​៤០០​កម្លាំង​របស់​យើង ៣៨០​នាក់​ហើយ»

ជាមួយ​គ្នា​នេះ លោក ខៀវ កាញារីទ្ធ ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថៃ​ក៏​បាន​ទូរស័ព្ទ​មក​ភាគី​កម្ពុជា​ដើម្បី​ស្នើ​ឲ្យ​មាន​ការចរចា​អំពី​រឿង​នេះ​ទ្វេភាគីផងដែរ ។

នៅ​ថ្ងៃ​១៧ កក្កដា ថៃ បាន​បង្កើន​កម្លាំង​ទ័ព​រហូត​ដល់​ជាង​១,០០០​នាក់ ដែល​ក្នុង​នោះ​មាន​ប្រមាណ​ជាង​៤០០​នាក់​ស្ថិត​នៅ​ក្នុង​តំបន់​វត្ត​កែវសិក្ខាគិរីស្វារៈ​ជា​របស់​កម្ពុជា ប៉ុន្តែ​កង​ទ័ព​ថៃ​បាន​និយាយ​ថា​តំបន់​នោះ​មិន​មែន​របស់​កម្ពុជា​ឡើយ។

យោង​តាម​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ភូមិ​ក្បែរ​វត្ត​កែវសិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ ព្រះសង្ឃ​ខ្មែរ​បី​អង្គ​នៅ​វត្ត​នោះ​ដែល​ថៃ​កំពុង​កាន់កាប់​ដោយ​ទាហាន​ថៃ បាន​ភៀស​ចេញ​ពី​វត្ត នៅ​សល់​តែ​ព្រះសង្ឃ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​គង់​នៅ។ ក៏ប៉ុន្តែ​មាន​ព្រះសង្ឃ​ថៃ​បី​អង្គ​និង​អាចារ្យ​ម្នាក់​បាន​ចូល​មក​នៅ​កាន់​វត្ត​នោះ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​លិខិត​មួយ​ទៅ​លោក​នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ ស៊ុនថរៈវេដ ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ដក​កង​ទ័ព​ជា​បន្ទាន់​ចេញ​ពី​តំបន់​នោះ។

នៅ​ថ្ងៃ​១៨ កក្កដា នាយក​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ បាន​ឆ្លើយ​តប​លិខិត​មក​លោក ហ៊ុន សែន ដោយ​និយាយ​ថា កង​ទ័ព​ថៃ​ដែល​ដាក់​រាយ​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ គឺ​ជា​អធិបតេយ្យ​របស់​ថៃ​ទេ។ នៅ​ក្នុង​លិខិត​នោះ លោក សាម៉ាក់ បាន​បញ្ជាក់​ទៀត​ថា កង​ទ័ព​កម្ពុជា និង​ប្រជារាស្រ្ត​ខ្មែរ​ទេ​ដែល​មាន​ការ​សាងសង់​សំណង់​លើ​ទឹក​ដី​ដែល​មាន​ទំនាស់ ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ ៤,៦​គីឡូម៉ែត្រ​ក្រឡា ដែល​ជា​ការ​រំលោភ​ដល់​បូរណភាព និង​អធិបតេយ្យ​របស់​ថៃ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​នៅ​តែ​ស្វែរ​រក​ដំណោះស្រាយ​បញ្ហា​ដោយ​ត្រឹមត្រូវ​និង​សន្តិ​វិធី។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ មន្ត្រី​ការពារ​នៅ​តំបន់​ព្រំដែន​ខ្មែរ​ដទៃ​ទៀត​បាន​ឲ្យ​ដឹង​ថា ទាហាន​​ឈុត​ខ្មៅ​ថៃ​បាន​ធ្វើ​សកម្មភាព​ជីក​រណ្តៅ​​ធ្វើ​ប៉ម​ការពារ​លើ​ទឹក​ដី​របស់​ខ្លួន ចំណែកឯ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​មាន​ការបារម្ភ​ពី​ស្ថានភាព​អសន្តិសុខ។

លោក ឈូក អាង ប្រធាន​វរ​ការពារ​ព្រំដែន​លេខ​៩១១ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ថ្លែងថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​ផ្តើម​សកម្មភាព​ជីក​រណ្តៅ​ចំនួន​៥ ទំហំ​មួយ​ម៉ែត្រ​កន្លះ​បួន​ជ្រុង ៖ «អ៊ីចឹង​វា​មាន​៥​រណ្តៅ​ពី​ខាង​ជើង​ស្ពាន​មក ជាង​៥០០​ម៉ែត្រ​គឺ​មាន​រណ្តៅ​៥ ។ ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ១០០​ម៉ែត្រ»

រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​មាន​ការព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ទាហាន​ឈុត​ខ្មៅ​ថៃ ហាក់បី​ដូច​ជា​ត្រៀម​លក្ខណៈ​ចំពោះ​ស្ថានការណ៍​អ្វី​មួយ​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅ​តាម​ព្រំដែន។

ប្រជាពលរដ្ឋ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ៖ «ពី​ម្សិលម៉្ងៃ​វា​មាន​ឈុត​ខ្មៅ ហើយ​និង​ឈុត​ប៉ារ៉ាហើយ​និង​កម្មករ​ឈរ​ជីក​អ៊ីចឹង​ទៅ​ណា៎ ។ យើង​ចេះតែ​ភ័យខ្លាច​មួយៗ​ចេះតែ​មាន​អារម្មណ៍​តក់​ស្លុត»

នៅ​ពេល​ជាមួយ​គ្នា​នោះ​បាតុករ​ថៃ​ដែល​បាន​លើក​គ្នា​មក​តវ៉ា​រឿង​ករណី​ប្រាសាទ​ព្រះវិហារ​បាន​ដក​ថយ ប៉ុន្តែ​ទាហាន​ឈុត​ខ្មៅ​ថៃ​មិន​បាន​ដក​ថយ​ទេ។ ការ​កាន់​កាប់​របស់​ទាហាន​ឈុតខ្មៅថៃ​នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ​មាន​ចំនួន​៤​ថ្ងៃ​​ហើយ៕

ប្រភពអាស៊ី​សេរី

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: