jump to navigation

កាលប្បវត្តិ​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ (ភាគ​២) ខែវិច្ឆិកា 18, 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback
2008-11-02

នៅថ្ងៃទី១៥ ខែមិថុនា ប្រទេស​កម្ពុជា បានប្រារព្ធ​ទិវា​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​ឆ្នាំទី​៤៦ នៃ​ទិវា​ដែល​កម្ពុជា​ឈ្នះក្តី​ជាមួយ​ប្រទេស​ថៃ ក្នុង​ករណី​ប្រាសាទ​ព្រះវិហារ​នៅ​ទីក្រុង​ឡាអេ កាលពី​ឆ្នាំ​១៩៦២។

 
RFA Photo/Savyuth
ទាហាន​ខ្មែរ​ឈរ​យាម​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​១៤ សីហា ២០០៨។

មនុស្ស​ជា​ច្រើន​រយ​នាក់​បាន​ចូលរួម​ក្នុង​ទិវា​នេះ ដោយ​បាន​បង្ហាញ​ពី​គោលបំណង​ដើម្បី​រំឭក​និង​បង្ហាញ​កូន​ខ្មែរ​បច្ចុប្បន្ន​និង​អនាគត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យ​នឹក​ដល់​ប្រវត្តិសាស្រ្ត​និង​បេតិក​ភណ្ឌ​ជាតិ​នា​សម័យ​មហា​នគរ​ដ៏​រុងរឿង និង​សម្តែង​កតញ្ញូតា​ធម៌​ដល់​មហា​បុព្វ​បុរស​ខ្មែរ ព្រះមហាក្សត្រ​ខ្មែរ អ្នក​ដឹកនាំ​ដ៏​ក្លាហាន​មុះមុត​គ្រប់​ជំនាន់ ដែល​បាន​កសាង​ប្រាសាទ​ព្រះវិហារ​និង​ការពារ​អធិបតេយ្យ​ជាតិ​បាន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

នៅ​ថ្ងៃ​ទី​១៨ មិថុនា   ប្រទេស​កម្ពុជា​និង​ថៃ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ទាក់ទង​នឹង​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក។

នៅ​ថ្ងៃ​ទី​១៩ មិថុនា  ឆ្នាំ​២០០៨  សមាជិក​សភា​ទទួល​បន្ទុក​ខាង​កិច្ចការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ស្នើ​សុំ​ឲ្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ខ្មែរ ផ្ញើ​ជា​បន្ទាន់​នូវ​ផែនទី​ប្រាសាទ​ព្រះវិហារ ដែល​រដ្ឋាភិបាល​កម្ពុជា​ទើបតែ​បាន​ផ្ញើ​ទៅឲ្យ​ភាគី​ថៃ។

ប្រធាន​គណៈកម្មការ​ទី​ប្រាំ​ទទួល​បន្ទុក​ខាង​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ លោក សុន ឆ័យ បាន​ចោទ​ប្រកាន់​ថា ខាង​រដ្ឋាភិបាល​មិន​បាន​ប្រើប្រាស់​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ដែល​បាន​កាត់​ឲ្យ​ប្រទេស​កម្ពុជា ឈ្នះ​ក្ដី​ក្នុង​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ។

នៅ​ថ្ងៃ​ទី​២០ មិថុនា  គណៈកម្មាធិការ​ព្រឹទ្ធសភា​ថៃ​ជំទាស់​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​ផែនទី​ថ្មី។ កាសែត​ថៃ​បាន​រាយការណ៍​​ថា គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធ​សភា​ថៃ បាន​ដាក់​សំណើ​ជា​ផ្លូវការ​ទៅ​អង្គការ​យូណេស្កូ (UNESCO) ដើម្បី​ពន្យារ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ជា​បេតិក​ភណ្ឌ​ពិភពលោក​នោះ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​ថៃ ត្រូវ​បាន​កាសែត​ស្រង់​សម្ដី​ថា ក្រសួង​ការ​បរទេស​ធ្វើការ​ខ្វះ​តម្លាភាព​ក្នុង​ការចរចា​ជាមួយ​សមភាគី​កម្ពុជា​លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ។

រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ លោក ណុបផៈដុន ប៉ាតាម៉ា បដិសេធ​ការ​លើក​ឡើង​នោះ​ដោយ​ពន្យល់​ថា តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​បាន​កាត់សេចក្តី​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឲ្យ​ទៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៦២​មក និង​ថា ការ​សម្រេច​ឲ្យ​កម្ពុជា​ប្រើ​ផែនទី​ថ្មី​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​ការ​ការពារ​របស់​អង្គការ​យូណេស្កូ នឹង​មិន​ធ្វើ​ឲ្យ​ថៃ​បាត់បង់​ទឹក​ដី​នោះ​ទេ។

លោក ណុបផៈដុន ប៉ាតាម៉ា បាន​មាន​ប្រសាសន៍​ថា ៖ «ជោគជ័យ​របស់​ក្រសួង​ការ​បរទេស​គឺ​ថា វា​បាន​បញ្ឈប់​កម្ពុជា​ពី​ការដាក់​បញ្ចូល​ដី​របស់​ថៃ​នៅ​ក្នុង​សំណើ​ទៅ​អង្គការ​ពិភពលោក វា​ជា​ការចាំបាច់​ណាស់ ដែល​ជនជាតិ​ថៃ​ទាំង​អស់​ត្រូវ​យល់ ហើយ​វា​ត្រូវ​បាន​កត់ត្រា​ជា​ឯកសារ​និង​មិន​អាច​បំភ្លេច​បាន​ទេ»

ទោះជា​យ៉ាង​នេះ​ក្តី សមាជិក​សភា​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​និង​សកម្មជន​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា​បាន​បង្ហាញ​ទស្សនៈ​ថា ការប្រើ​ផែនទី​ថ្មី​របស់​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដើម្បី​ដាក់​បញ្ចូល​ប្រាសាទ​នេះ​ជា​មរតក​ពិភពលោក​នោះ គឺ​ជា​ការខាតបង់​សម្រាប់​កម្ពុជា​ទៅវិញ​ទេ។

នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា ២០០៨ ឧត្តមសេនីយ៍ ប្រេម ទីនសូឡាណន់ ជា​ទីប្រឹក្សា​ព្រះមហាក្សត្រ​ថៃ បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​គាំទ្រ​បាតុករ​ថៃ​ដែល​បាន​ជំទាស់​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក។

នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​២២​មិថុនា ប្រទេស​កម្ពុជា​បាន​បិទ​ច្រក​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​ដែល​មាន​ការ​តវ៉ា​ប្រឆាំង ក្នុង​ប្រទេស​ថៃ​នៅ​មាត់​ច្រក​ព្រំដែន​នោះ។

ក្រុម​បាតុករ​ថៃ​ដែល​ដឹកនាំ​ដោយ​លោក ស៊ុនធិ លឹមថុងគុល ជា​មេដឹកនាំ​ក្រុម​ស្តាំ​និយម​នៃ​សម្ព័ន្ធ​ប្រជាជន​ដើម្បី​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​ប្រឆាំង​នឹង​លោក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះ ក៏​បាន​ចោទ​ប្រកាន់​ដល់​លោក​នាយក​រដ្ឋមន្រ្តី​ថៃ សាម៉ាក់ ស៊ុនថរ៉ៈវ៉េត ថា មាន​ពាក់ព័ន្ធ​ផល​ប្រយោជន៍​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា ទើប​បាន​ជា​កាត់​ទឹក​ដី​ឲ្យ​កម្ពុជា នៅ​ពេល​ដែល​មាន​ការ​ចរចា​អំពី​ផែនទី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​កិច្ច​ប្រជុំ​អង្គការ​យូណេស្កូ នា​ទីក្រុង​កេបិច នៅ​ប្រទេស​កាណាដា។

នៅ​ថ្ងៃ​អង្គារ ទី​២៤ មិថុនា  ឆ្នាំ​២០០៨ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ការ​បិទ​ច្រក​នោះ​ដោយ​ភ័យខ្លាច​ថា អាច​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ភាគី​ខ្មែរ​និង​ថៃ។

នៅ​ថ្ងៃ​ទី​២៥ មិថុនា អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ការ​ដែល​មាន​បាតុកម្ម​របស់​អ្នក​នយោបាយ​និង​ប្រជាពលរដ្ឋ​ថៃ​ស្តីពី​ប្រាសាទ​ព្រះវិហារ​នោះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ខ្មែរ​បាន​សម្រេច​ចិត្ត​ខុស ដោយ​បានធ្វើ​ផែនទី​ថ្មី​ស្តីពី​បរិវេណ​ប្រាសាទព្រះវិហារ​នេះ​តាម​ឥទ្ធិពល​របស់​ថៃ។

លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការគូរ​ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ​ថ្មី​ដើម្បី​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​សំណើ​របស់​ថៃ​នោះ គឺ​ជា​នយោបាយ​ខុសឆ្គង​របស់​រដ្ឋាភិបាល​ខ្មែរ​និង​ធ្វើ​ឲ្យ​បាត់​បង់​អធិបតេយ្យ​ជាតិ។

ប៉ុន្តែ​ឆ្លើយតប​ទៅ​នឹង​ការចោទ​ប្រកាន់​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​របស់​លោក សុន ឆ័យ នោះ គឺ​ជា​រឿង​នយោបាយ​ដ៏​អាក្រក់​និង​មើលងាយ​ជាតិ​ខ្លួន​តែ​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា តុលាការ​រដ្ឋបាល​ប្រទេស​ថៃ​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​និង​ក្រសួង​ការ​បរទេស​ថៃ ពន្យារ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជា​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។

នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​រាជ​រដ្ឋាភិបាល​ថា បាន​ធើ្វ​ឲ្យ​បាត់បង់​សិទ្ធិ​អធិបតេយ្យ​របស់​ខ្លួន​ក្នុង​ដំណើរការ​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ដាក់​ប្រាសាទ​ព្រះវិហារ​និង​ផ្ទៃ​ដី​បរិវេណ​ជុំវិញ​ប្រាសាទ​ជា​សម្បត្តិ​ពិភពលោក។ សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​អះអាង​ថា «រដ្ឋាភិបាល​បាន​ចាញ់​កល​ថៃ​ដោយ​បាន​កំណត់​យក​ផ្ទៃ​ដី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទំហំ​ត្រឹមតែ ៣០​ម៉ែត្រ​ប៉ុណ្ណោះ»

ប្រភពអាស៊ីសេរី

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: