jump to navigation

ប្រតិកម្ម​ជុំវិញ​ការដាក់​តែ​តួ​បា្រសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក (១) ខែសីហា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-24

រដ្ឋមន្រ្តី​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លោក សុខ អាន បានជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក ណុបផាឌុន ផាត់តាម៉ា និង​អគ្គនាយក​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០០៨ ដោយ​បាន​ព្រមព្រៀង​គ្នា​ដាក់​បញ្ចូល​តែ​តួ​បា្រសាទ​ព្រះវិហារ​ប៉ុណ្ណោះ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក។

លោក​រដ្ឋមន្រ្តី សុខ អាន ដែល​មក​ពី​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ មាន​ប្រសាសន៍​ថា ការ​ដែល​ភាគី​កម្ពុជា​មិន​ដាក់​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែរ​នោះ គឺ​មក​ពី​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ឡើយ ៖ «កម្ពុជា​យល់ព្រម​ទទួល​ការចុះ​ឈ្មោះ​បា្រសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​មិន​និយាយ​ពី​បញ្ហា​ដែល​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើ​ការ​ចែក​ជា​តំបន់​ផ្សេង​ៗ សម្រាប់​ការពារ​ប្រាសាទ ដែល​គេ​ហៅ​ថា តំបន់​ស្នូល ឬ​តំបន់​ទ្រនាប់ តំបន់​អភិវឌ្ឍន៍​នោះ គឺ​យើង​មិន​ទាន់​និយាយ​ពី​បញ្ហា​ទាំង​នេះ​ទេ យើង​និយាយ​តែ​ពី​បញ្ហា​ចុះ​ឈ្មោះ​តែ​បា្រសាទ»

ប៉ុន្តែ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ដែល​នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ ឆ្នាំ​នេះ​ដែរ មាន​ប្រសាសន៍​បង្ហាញ​ពី​ក្តី​បារម្ភ ៖ «ខ្ញុំ​គិត​ថា បេតិក​ភណ្ឌ​ជាតិ​ទាំង​ឡាយ​ហ្នឹង មិន​មែន​រាប់តែ​តួ​អង្គ​ប្រាសាទ​ទេ។ ដី​ធ្លី​បរិវេណ​ទាំង​អស់ ក៏​ជា​បេតិក​ភណ្ឌ​ជាតិ​ដែរ។ បើ​យើង​បញ្ចូល​ទៅ​ជា​បេតិក​ភណ្ឌ​អន្តរជាតិ ក៏​យើង​ត្រូវ​តែ​បញ្ចូល​ទាំងអស់ ដើម្បី​ការធានា​ឲ្យ​បាន​នូវ​វប្បធម៌​យើង នៅ​គង់​វង្ស​បាន​យូរ។ បើ​សិន​ណា​យើង​ឲ្យ​ទៅ​តែ​ប្រាសាទ​អ៊ីចឹង ថ្ងៃ​ណា​មួយ រដ្ឋាភិបាល​គេ​ទៅ​ច្រៀក​ដី​នោះ​លក់​ទៀត​ទៅ មិន​អស់​ទៀត​ទៅ​ហើយ ប៉ះពាល់​ដល់​វត្ថុ​បូរាណ​របស់​យើង​ទៀត។ ផល​វិបាក​ទៅ​ថ្ងៃ​អនាគត គឺ​យើង​ចេះ​តែ​បាត់បង់​ទៅ ស្អី​ដែល​ជា​សម្បត្តិ​ជាតិ​ដែល​មាន​តម្លៃ អត្តសញ្ញាណ​ជាតិ​យើង ចេះ​តែ​ចុះ​ខ្សោយ​ទៅ ថយ​ទៅ ធ្លាក់​ទាប​ទៅ»

ប៉ុន្តែ​លោក សុខ អាន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​នឹង​គូស​ផែនទី​ថ្មី ដែល​ហៅ​ថា ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ គឺ​កំណត់​ទីតាំង​ដើម្បី​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​ដែរ គឺ​គ្រោង​ធ្វើ​ឲ្យ​ហើយ​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០០៨​នេះ។

លោក អ៊ុក ភូរិ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ គ្រោង​នឹង​ចូលរួម​ការ​បោះឆ្នោត​ជាតិ នា​ថ្ងៃ​ទី​២៧ ខែ​កក្កដា ខាង​មុខ​នេះ មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​មើល​ឃើញ​ថា ការ​សម្រេច​គឺ​ជា​ការសម្រេច ដែល​មាន​ការគិត​គូរ​វែង​ឆ្ងាយ​ដែរ ហើយ​មិន​មាន​ទាក់ទង ១០០​ភាគរយ​ទៅ​លើ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ​នោះ​ទេ។ ចំពោះ​ខ្ញុំ គឺ​ថា សំខាន់​ធ្វើ​យ៉ាង​ម៉េច ឲ្យ​ជួសជុល​ស្រោច​ស្រង់​តួ​ប្រាសាទ​ហ្នឹង ឲ្យ​បាន​ល្អ ពីព្រោះ​យើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​យើង​មិន​មាន​មធ្យោបាយ។ ឥឡូវ​យើង​ត្រូវ​តែ​ដាក់​សិន ដើម្បី​ធានា​ការគ្រប់គ្រង​របស់​ប្រទេស​យើង​ហ្នឹង ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​នេះ។ ឯ​រឿង​ដី​ធ្លី ខ្ញុំ​មិន​មាន​យោបល់​អី​ច្រើន​ទេ ពីព្រោះ ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ជុំវិញ​រឿង​ដី​ថ្ងៃ​នេះ ក៏​យើង​គួរ​តែ​អនុគ្រោះ​ទៅ​តាម​ការសម្រេច​ប៉ុណ្ណឹង​សិន​ទៅ។ ចំពោះ​ខ្ញុំ​មិន​មាន​ការវាយ​តម្លៃ​អី ឲ្យ​ប្លែក​ពី​ដំណាក់​កាល​ធ្វើ​បាន​ប៉ុណ្ណឹង​សិន​ទេ»

ប៉ុន្តែ លោក មុត ចន្ថា អ្នក​នាំ​ពាក្យ​របស់​គណបក្ស នរោត្តម រណឫទ្ធិ ដែល​បក្ស​នេះ​គ្រោង​នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​នេះ​ដែរ ថ្លែង​រិះគន់​រដ្ឋាភិបាល ដោយ​យោង​ទៅ​តាម​លទ្ធផល​កាត់​ក្តី​ដែល​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ បាន​សម្រេច​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​១៩៦២ ដែល​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ព្រះវិហារ ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​នោះ។

លោក មុត ចន្ថា ថ្លែង​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​យល់​ឃើញ​ថា ដំណាក់​កាល​នេះ រដ្ឋាភិបាល​កម្ពុជា​ពុំ​គួរ​មក​ធ្វើការ​ចរចា​ជាមួយ​ប្រទេស​សៀម អំពី​បញ្ហា​ព្រំដែន ជា​ពិសេស គឺ​ថា ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​យើង​នេះ ពីព្រោះ​ថា សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​សម្រេច​រួច​ហើយ​ក្នុង​ឆ្នាំ​១៩៦២ ហ្នឹង។ អ៊ីចឹង កាលណា​យើង​យក​មក​ជជែក​គ្នា​ឡើង​វិញ បាន​ន័យ​ថា យើង​រំលោភ​ទៅ​លើ​សាលក្រម​របស់​តុលាការ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ​នោះ​ហើយ។ ខ្ញុំ​ចាត់​ទុក​ថា ជា​ការ​ចាញ់​ប្រៀប​មួយ​ទៅ​លើ​ប្រទេស​សៀម ព្រោះ​ថា កម្ពុជា​ជា​ម្ចាស់​ប្រាសាទ​ព្រះវិហារ រួមទាំង​ទឹក​ដី​ដែល​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នោះ​ដែរ។ ដូច្នេះ យើង​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​ដែល​នាំ​គ្នា​មក​ជជែក​ឡើង​វិញ​ក្នុង​ការ​រៀបចំ​ផែនទី​ថ្មី ឬ​ក៏​ការ​សើរើ​នូវ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ គឺ​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​ទាល់​តែ​សោះ។ មាន​ន័យ​ថា យើង​ទទួល​យក​សម្ពាធ​ពី​បរទេស ប្រទេស​សៀម​នោះ គេ​អះអាង​ថា ជា​របស់​គេ អ៊ីចឹង​យើង​នៅ​តែ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​ប្រទេស​ខ្មែរ​យើង​មាន​ផែនទី​កំណត់​ត្រឹមត្រូវ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ផែនទី​ឆ្នាំ​១៩៦២។ យើង​អត់​មាន​គោល​ជំហរ​ឯករាជ្យ​ទេ។ យើង​មិន​អាច​ការពារ​បាន​បូរណភាព​ទឹក​ដី អធិបតេយ្យ​របស់​យើង​ទេ»

ចំណែក​លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ឈរ​ឈ្មោះ​គ្រោង​នឹង​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ២០០៨ ដែរ​នោះ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ « ខ្ញុំ​គិត​ឃើញ​ថា ដូច​មិន​ដឹង​ជា​ផ្អែក​លើ​អី ដែល​រដ្ឋាភិបាល​និយាយ​ថា ក្រៅពី​តួ​ប្រាសាទ​ហ្នឹង ទុក​ជា​តំបន់​មួយ​ដែល​ត្រូវ​ជជែក​គ្នា​សិន។ ពីព្រោះ​វា​អត់​ត្រូវ​ជជែក​អី​ទៀត​ផង។ តុលាការ​ក្រុង​ឡាអេ​នោះ បាន​បញ្ចប់​រួច​ទៅ​ហើយ។ បើ​សិន​ជា​យើង​បាន​ដាក់​ចូល​ទៅ តើ​ថៃ​វា​មាន​សិទ្ធិ​អី​មក​ជំទាស់ បើ​យើង​ឈ្នះ​រួច​ទៅ​ហើយ​ហ្នឹង។ យើង​ដឹង​ទាំង​អស់​គ្នា បរទេស​ក៏​បាន​ដឹង​ថា  ប្រាសាទ​ហ្នឹង​ត្រូវ​បាន​មក​ខ្មែរ​តាំង​ពី​យូរ​មក​ហើយ ស្រាប់​តែ​ថៃ​ជំទាស់​អ៊ីចឹង វា​ទៅ​ជា​ឥទ្ធិពល​ថៃ​ហ្នឹង វា​ធំ​ជាង​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​ទៅ​អ៊ីចឹង។ រឿង​ប្រាសាទ​ព្រះវិហារ​នេះ វា​មាន​លក្ខណៈ​ច្បាស់​លាស់​ណាស់ គ្រាន់​តែ​ថៃ​តវ៉ា​តែ​ប៉ុណ្ណឹង យើង​ហ៊ាន​ដាក់​តំបន់​ក្រៅពី​តួ​ប្រាសាទ​ទៅ​ជា​តំបន់​ស តំបន់​ដែល​ទុក​ចរចា​លើក​ក្រោយ។ ធ្វើ​អ៊ីចឹង​ថៃ​វា​បាន​ចិត្ត។ ថ្ងៃ​ក្រោយៗ ថៃ​ហ៊ាន​ធ្វើ​កន្លែង​ផ្សេង​ទៀត យក​អ៊ីចឹង​ទៀត»

ប៉ុន្តែ លោក បាន សុផល ដែល​ជា​ប្រធាន​គណបក្ស​សង្គម​យុត្តិធម៌ មាន​ប្រសាសន៍​ផ្ទុយ​ពី​នេះ​ទៅ​វិញ ៖ «ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ធ្វើ​មួយ​ជំហាន​នេះ យើង​បាន​ចំណេញ ធ្វើ​ម៉េច​ឲ្យ​យើង​បាន​តួ​ប្រាសាទ​នេះ​សិន​ចុះ ប៉ុន្តែ​មិន​មាន​ន័យ​ថា ដី​នៅ​ជុំវិញ​ប្រាសាទ​នោះ យើង​មិន​គិតគូរ​ឯ​ណា ព្រោះ​ឥឡូវ​យើង​កំពុង​តែ​ភាគី​ខាង​ថៃ គេ​ធ្វើការ​តវ៉ា​អី​ច្រើន។ ដល់​អ៊ីចឹង បើ​យើង​ចាំ​ដាក់​ទាំង​អស់ ខ្លាច​វា​យូរ នាំ​ឲ្យ​ខាត​យើង ទើប​ដាក់​មួយ​ជំហាន​សិន។ យើង​ចាត់ទុក​ថា យើង​បាន​ទៅ​មុខ​មួយ​ជំហាន​ហើយ»

ចំណែក​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង ដែល​ជា​ក្រុម​អ្នក​ឯកទេស​ផ្នែក​ព្រំដែន​ស្រុក​ខ្មែរ មិន​ចំណុះ​ឲ្យ​គណបក្ស​នយោបាយ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្មី​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នេះ ដោយ​អះអាង​ថា ការ​ដែល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់​តែ​តួ​បា្រសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​ដូច្នោះ គឺ​ជា​ជោគជ័យ​ធំ​មួយ​របស់​ប្រទេស​ថៃ ដែល​បាន​បង្កើត​ការជំទាស់​ជា​លើក​ទី​មួយ ប្រឆាំង​នឹង​សាលក្រម​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២​នោះ។ និង​ថា ការចុះ​បញ្ជី​តែ​តួ​អង្គ​ប្រាសាទ វា​គ្មាន​ផ្តល់​ប្រយោជន៍​អ្វី​ដល់​កម្ពុជា​ឡើយ ផ្ទុយ​ទៅវិញ​វា​នឹង​ធ្វើ​ឲ្យ​លក្ខន្តិកៈ​របស់​ប្រាសាទ​ព្រះវិហារ ធ្លាក់​ចុះ​ខ្សោយ៕ (សម្គាល់៖ អត្ថបទ​នេះ​ត្រូវ​បាន​ផ្សាយ​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០០៨ គឺ​នៅ​មុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ ថ្ងៃ​២៧ កក្កដា ២០០៨)

ប្រភព៖ http://www.rfa.org/khmer/preah-vihear-history/preah-vihear-history9-08252008042713.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: