jump to navigation

ចំណាប់​អាម្មរណ៍​ពលរដ្ឋ​ខ្មែរ​ជុំវិញ​បញ្ហា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ខែសីហា 24, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-23

ក្នុង​រយៈពេល​ជាង​មួយ​ខែ​ដែល​ទាហាន​ថៃ​បាន​មក​ឈ្លានពាន​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ គេ​សង្កេត​ឃើញ​ខ្មែរ​ស្ទើរ​គ្រប់​រូប​ចង​កំហឹង និង​បាន​ចូលរួម​ជា​ថវិកា​ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ស្នេហា​ជាតិ ។

 
RFA Photo/Keo Nimol
ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​លើ​កំពូល​ភ្នំ​ដងរែក​ នៃ​ខេត្ត​ព្រះវិហារ។

ក្នុង​រយៈពេល​នេះ​ដែរ​អ្នក​លក់​កាសែត​អាន​និង​អ្នក​លក់​កាសែត​ចម្រៀង ស៊ីឌី​ចម្រៀង ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ បាន​អះអាង​ថា​មាន​អតិថិជន​ជា​ច្រើន​បាន​កើនឡើង​លើសលប់​ក្នុង​ការជាវ​ដើម្បី​ចង់​ដឹង​បន្ថែម​អំពី​ប្រវត្តិ​ទឹក​ដី​របស់​ខ្លួន ។

ស្រ្តី​លក់​កាសែត​ម្នាក់​ដែល​មាន​តូប​លក់​នៅ​ក្បែរ​វត្ត​ឧណ្ណាឡោម ឈ្មោះ ធឿន បាន ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ថា​ចាប់តាំង​ពី​មាន​ជម្លោះ​ប្រាសាទ​ព្រះវិហារ​មក កញ្ញា​សង្កេត​ឃើញ​ថា​អ្នក​ដែល​មិន​ធ្លាប់​ទិញ​និង​អាន​កាសែត​សោះ បែរជា​មក​ជាវ​រាល់​ថ្ងៃ។

កញ្ញា ធឿន បាន​បន្ត​ថា​ជា​ធម្មតា​មួយ​ថ្ងៃ​លក់​បាន​តែ​៥០​ច្បាប់​ប៉ុណ្ណោះ តែ​ចាប់តាំង​ពី​មាន​រឿង​ថៃ​ចូល​លុកលុយ​ក្នុង​ទឹក​ដី​ប្រាសាទ​ព្រះវិហារ​មក ក្នុង​មួយ​ថ្ងៃ​កញ្ញា​លក់​បាន​ពី​១០០​ទៅ​១២០​ច្បាប់ ៖ «ប្រជាជន​យើង​ចង់​ដឹង​ច្រើន ។ ពី​មុន​អស់​តែ ៥០​-​៦០​ច្បាប់​អី»

ចំណែកឯ​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​មាន​តូប​លក់​កាសែត​អាន​នៅ​ក្បែរ​វត្ត​លង្កា ក៏​បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ៖ «ដូច​ធ្លាប់​យើង​៥០​អ៊ីចឹង ដល់​ពេល​មាន​រឿង វា​ឡើង​ដល់ ៧០ ។ ខ្មែរ​យើង​ចង់​ដឹង​ពី​រឿង​ទឹក​ដី​របស់​ខ្មែរ​យើង ប្រាសាទ​ព្រះវិហារ តើ​បាន​របស់​យើង​វិញ​ក៏​អត់»

មិន​ខុស​គ្នា​ប៉ុន្មាន​នឹង​អ្នក​លក់​កាសែត​ចម្រៀង ស៊ីឌី​ចម្រៀង​នៅ​ផ្សារ​ចាស់ លោក ទូច បាន​ឲ្យ​ដឹង​ថា​ក្នុង​រយៈពេល​ដែល​មាន​ការឈ្លានពាន​របស់​ថៃ​មក​លើ​ទឹក​ដី​ប្រាសាទ​ព្រះវិហារ គឺ​មាន​អតិថិជន​មក​សួររ​ក​និង​ជាវ​បទ​ចម្រៀង​មិន​ថា​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ​ទេ ឲ្យ​តែ​បទ​ចម្រៀង​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​គឺ​លក់​ដាច់​ច្រើន​ជាង​មុន មិន​ថា​បទ​ចាស់​ឬ​ថ្មី​ទេ ។

រីឯ​និស្សិត​ម្នាក់​ឈ្មោះ សុ ជាតា អាយុ​១៧​ឆ្នាំ រៀន​នៅ​មហា​វិទ្យាល័យ BBU បាន​បង្ហាញ​ពី​ទឹកចិត្ត​របស់​ខ្លួន​ចំពោះ​ប្រទេស​ជាតិ​ថា នាង​មាន​ចំណាប់អារម្មណ៍​ស្តាប់​បទ​ចម្រៀង​ទាំង​ថ្មី ទាំង​ចាស់ ឲ្យ​តែ​និយាយ​អំពី​ប្រាសាទ​ព្រះវិហារ​និង​ពី​ទឹក​ដី​ខ្មែរ ។

កញ្ញា សុ ជាតា បាន​និយាយ​ថា ៖ «ស្ដាប់​បទ​ចម្រៀង​ហ្នឹង គឺ​ចង់​ដឹង​ពី​ប្រាសាទ​ហ្នឹង ហើយ​និង​ពាក់ព័ន្ធ​នឹង​ទឹក​ដី»

និពន្ធ​នាយក​កាសែត​រស្មីកម្ពុជា លោក ប៉ែន សុមិ្មធិ មាន​ប្រ​សាសន៍​ថា​ជា​ធម្មតា​រាល់​ការបោះពុម្ភ​ផ្សាយ​រដូវ​បោះ​ឆ្នោត​ម្តងៗ ត្រូវ​បង្កើន​ការបោះពុម្ភ​៥០% ប៉ុន្តែ​ដោយសារតែ​ប្រទេស​កម្ពុជា​ត្រូវ​ទាហាន​ថៃ​មក​ឈ្លានពាន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ក៏មាន​ការដំឡើង​ការបោះពុម្ភ​ផ្សាយ​៥០%​ទៀត​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន ។

លោក ប៉ែន សុមិ្មធិ បាន​មាន​ប្រសាសន៍​ថា ៖ «មាន​ហេតុការណ៍​ប្រាសាទ​ព្រះវិហារ​កើតឡើង ចំនួន​បាន​កើន​ឡើង​ថែម​ទៀត ហើយ​ដែល​យើង​គិត​មើល​ទៅ​វា​ស្ទើរតែ​កើន ១០០% ហើយ​មក​ទល់​ពេល​ហ្នឹង គឺ​ចំនួន​ហ្នឹង​នៅតែ​រក្សា​ស្ថានភាព​ដដែល មិន​ទាន់​ថយ​ចុះ ។ យើង​ចែក ៧០% កាសែត​ហ្នឹង នៅ​ទីក្រុង​ភ្នំពេញ ហើយ ៣០% ទៀត ទៅ​ខេត្ត គ្រប់​ខេត្ត​ទាំងអស់ ។ ចំនួន​កើន​ឡើង​ហ្នឹង​គឺ​ប្រហាក់​ប្រហែល​គ្នា ទាំង​នៅ​ខេត្ត ទាំង​នៅ​ក្រុង»

បុរស​ម្នាក់​ដែល​កំពុងតែ​អាន​កាសែត​នៅ​មុខ​តូប​លក់​កាសែត​ខាង​ជើង​វត្ត​ឧណ្ណាឡោម បាន​ឲ្យ​ដឹង​ថា​ពី​មុន​លោក​មិន​ដែល​អាន​កាសែត​ឬ​ព័ត៌មាន​ទេ តែ​ក្នុង​នាម​លោក​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ លោក​ចង់​ដឹង​ពី​ការវិត្តន៍​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ ដែល​ថ្មីៗ​ឮ​ថា​ទាហាន​ថៃ​បាន​ឈ្លានពាន​នោះ ដូច្នេះ​លោក​ត្រូវ​មក​ជាវ​កាសែត​មក​អាន​រាល់​ថ្ងៃ ហើយ​តាមដាន​ព័ត៌មាន​នៅ​តាម​ប៉ុស្តិ៍​វិទ្យុ ទូរស្សន៍​ផងដែរ ។

បុរស​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ព្រោះ​អា​នេះ​វា​ជា​រឿង​ប្រទេស​ជាតិ​ដែរ ដល់​អ៊ីចឹង​ខ្ញុំ​ជា​ប្រជាជន​ខ្មែរ​ម្នាក់ យើង​ត្រូវតែ​ដឹង វា​មិន​បាន​ដឹង​រឿង​អស់ ក៏​បាន​ដឹង​ខ្លះៗ​ដែរ»

អ្នក​និពន្ធ​និង​ជា​ទីប្រឹក្សា​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ហេង មាន​ប្រសាសន៍​ថា​ អំឡុងពេល​ដែល​ប្រាសាទ​ព្រះវិហារ​បាន​ដាក់​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក លោក​បាន​និពន្ធ​បទ​ចម្រៀង​ចំនួន​៦​បទ​រួច​មក​ហើយ បទ​ទាំង​នោះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ និង​និយាយ​អំពី​ការអបអរ​សាទរ​ប្រាសាទ​ព្រះវិហារ​ដែល​បាន​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ។

លោក​ក៏​បាន​បង្ហាញ​ពី​បំណង​នៃ​ការនិពន្ធ​នេះ​ថា ៖ «ខ្ញុំ​ក៏​ដូច​ជា​អ្នក​ទាំងអស់​គ្នា​ដែរ រីករាយ​នឹង​បេតិកភណ្ឌ​របស់​ខ្មែរ ឬ​ក៏​ថា​ជា​កេតនភណ្ឌ​របស់​ខ្មែរ បាន​ក្លាយ​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក គឺ​ថា​វា​មាន​ចំណាត់ថ្នាក់​ស្នាដៃ​បុព្វបុរស​យើង ចំណាត់​ថ្នាក់​ដែល​ពិភពលោក​ទទួល​ស្គាល់​យក​ទៅ​ទៀត ទៅ​ថែរក្សា​អ៊ីចឹង ។ បំណង​អ៊ីចឹង​ឯង លើក​តម្កើង​ខ្មែរ​យើង មាន​មោទនភាព»

លោក សឺន និត ដែល​ជា​ពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ចងក្រង​បទ​ចម្រៀង​មួយ​ស៊ីឌី​ដែល​មាន​ចំនួន​១៤​បទ ទាំង​បទ​សម័យ​ចាស់​និង​សម័យ​បច្ចុប្បន្ន​នេះ ដែល​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ និង​ភាព​អស្ចារ្យ​របស់​ខ្មែរ ។ ការប្រមូល​ផ្ដុំ​បទ​ចម្រៀង​នេះ​គឺ​ក្នុង​គោលបំណង​ដើម្បី​រំឭក​ឲ្យ​ខ្មែរ​ទាំងអស់​ចេះ​ស្រឡាញ់​គ្នា ៕

http://www.rfa.org/khmer/indepth/public-interests-over-PV-issue-08232008070047.html

មតិ»

No comments yet — be the first.

បញ្ចេញមតិ