jump to navigation

មេ​បញ្ជាការ​ទាហាន​ថៃ​សុំទោស​ពី​រឿង​ទាហាន​ថៃ​បោក​កម្ទេច​ម៉ាស៊ីន GPS របស់​មន្ត្រី​ខ្មែរ ខែសីហា 22, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

ដោយ ជា មករា
2008-08-22

ប្រភព​ពី​មន្ត្រី​ខ្មែរ​បាន​ឲ្យ​ដឹង​ថា មេ​បញ្ជាការ​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​ឈរ​ជើង​នៅ​ជិត​ប្រាសាទ​តាមាន់​ធំ ស្ថិត​ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​មក​សុំទោស​ភាគី​ខ្មែរ ហើយ​បាន​បញ្ឈប់​ទាហាន​ឈុតខ្មៅ​ថៃ​មួយ​រូប​ដែល​បាន​បោក​កម្ទេច​ម៉ាស៊ីន​កំណត់​ភូមិសាស្ត្រ (GPS) របស់​មន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​របស់​ខ្មែរ។

 
RFA Photo/Chea Makara
ទាហាន​ថៃ​ឈរ​យាម​នៅ​ខាង​ក្រៅ​ប្រាសាទ​តាមាន់​ធំ ដែល​ស្ថិត​ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្ដរ​មានជ័យ រារាំង​ទាហាន​ខ្មែរ​មិន​ឲ្យ​ចូល​ក្នុង​បរិវេណ​ប្រាសាទ នា​ថ្ងៃ​ទី​៨ សីហា ២០០៨។

គួរ​ជម្រាប​ថា​កាលពី​ថ្ងៃ​ពុធ ទី​២០ សីហា ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​រូប​បាន​កញ្ឆក់​យក​ម៉ាស៊ីន​កំណត់​ភូមិសាស្ត្រ​របស់​មន្ត្រី​ក្រសួង​វប្បធម៌​របស់​ខ្មែរ ហើយ​យក​ទៅ​កម្ទេច​ចោល ខណៈ​ដែល​មន្ត្រី​ក្រសួង​វប្បធម៌​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រាសាទ​តាមាន់​ធំ​នោះ ។

អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ប៉ិច សុខិន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​កម្ទេច​ម៉ាស៊ីន GPS របស់​ខ្មែរ​រួច​មក ខាង​ភាគី​ខ្មែរ​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ទីបញ្ជាការ​យោធភូមិភាគ​របស់​ថៃ ដែល​ឈរ​ជើង​នៅ​ជិត​ប្រាសាទ​តាមាន់​ធំ ហើយ​ថា​មេ​បញ្ជាការ​ទាហាន​ថៃ​បាន​មក​សុំទោស​ខាង​ភាគី​ខ្មែរ ដោយ​លើក​ឡើង​ថា​ទាហាន​ឈុត​ខ្មៅ​ថៃ​រូប​នោះ​បាន​កម្ទេច​ម៉ាស៊ីន GPS ក៏​ព្រោះតែ​មាន​អាការៈ​ស្រវឹង​ស្រា ។

លោក ប៉ិច សុខិន បាន​មាន​ប្រសាសន៍​ថា ៖ «មេ​បញ្ជាការ​មក​សុំទោស​កងកម្លាំង​យើង​នៅ​ខាង​មុខ ហើយ​បាន​ដក​ទាហាន​ម្នាក់​ហ្នឹង ព្រោះ​គេ​បញ្ជាក់​ប្រាប់​យើង​ថា​វា​ស្រវឹង ។ យើង​ក៏​បាន​ឃើញ​ដែរ ឃើញ​ជាក់ស្ដែង​គឺ​មេ​វា​ស្រែក​ពី​ក្នុង​មក តែ​វា​អត់​ធ្វើ​តាម» ។

មេបញ្ជាការ​កងពល​លេខ​៤២​ដែល​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ​នៃ​ខ្នង​ភ្នំ​ដងរែក លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​មាន​ប្រសាសន៍​ថា​ពិត​ជា​មាន​ព្រឹត្តិការណ៍​បោក​កម្ទេច​ម៉ាស៊ីន GPS នោះ​មែន ហើយ​ថា​ខាង​ភាគី​ថៃ​បាន​មក​សុំទោស​ខាង​ភាគី​ខ្មែរ​រួច​ហើយ ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​នៅ​ឯ​ប្រាសាទ​តាមាន់​ធំ ថា រហូត​មក​ទល់​នឹង​ពេល​នេះ​ទាហាន​ថៃ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ប្រាសាទ​តាមាន់​ធំ ចន្លោះ​ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​តែប៉ុណ្ណោះ ។

លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​ឲ្យ​ដឹង​ថា ៖ «មែនទែន​មិន​ជា​ការចាក់​សោ​អី​ទេ គ្រាន់តែ​គេ​ទាញ​ទ្វារ​បិទ​ធម្មតា​ហ្នឹង ហើយ​យើង​ទៅ​ក៏​យើង​បើក​ទៅ ហៅ​គេ​មក​គេ​បើក​ទៅ» ។

ទោះ​ជា​យ៉ាង​ណា​លោក​វរសេនីយ៍​ឯក នាក់ វង្ស បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​នៃ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​សៀម​និង​កង​ទាហាន​ខ្មែរ រហូត​មក​ទល់​នឹង​ថ្ងៃ​សុក្រ​នេះ គឺ​មិន​មាន​ការប្រែប្រួល​អ្វី​ឡើយ ។

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក ហ៊ឹម ឆែម បាន​មាន​ប្រសាសន៍​ថា​ក្រសួង​វប្បធម៌​បាន​ធ្វើការ​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​២២ សីហា​នេះ ដើម្បី​ពិភាក្សា​ពី​ទង្វើ​របស់​ទាហាន​ថៃ​មក​លើ​គណៈប្រតិភូ​របស់​ខ្មែរ ។ លោក ហ៊ឹម ឆែម បាន​ចាត់ទុក​ទង្វើ​របស់​ទាហាន​ថៃ​ថា​ជា​អំពើ​ឃោរឃៅ ។

លោក ហ៊ឹម ឆែម បាន​បញ្ជាក់​ថា ៖ «ចរិត​របស់​គេ​ហ្នឹង​គេ​ធ្វើ​ហាក់​ដូច​ជា​ឃោរឃៅ​ណាស់ ។ យើង​មិន​អាច​យល់​ចិត្ត​គេ​យ៉ាង​ម៉េច​បាន​ទេ ព្រោះ​ចិត្ត​គេ គេ​មក​នៅ​លើ​ដី​យើង​ទៅ​ហើយ គេ​ធ្វើ​របង​ធ្វើ​អី» ។

លោក ហ៊ឹម ឆែម បាន​មាន​ប្រសាសន៍​ថា​គណៈប្រតិភូ​នៃ​ក្រសួង​វប្បធម៌ បាន​យក​ម៉ាស៊ីន GPS នោះ ដើម្បី​កំណត់​ភូមិសាស្ត្រ​នៃ​ប្រាសាទ​បូរាណ​តាមាន់​ធំ​របស់​ខ្មែរ ដោយ​វាស់វែង​រយៈ​ចម្ងាយ​ពី​ប្រាសាទ​ទៅ​ទីរួមខេត្ត​ឧត្តរមានជ័យ ទៅ​ខេត្ត​សៀមរាប ឬ​ទៅ​ទីក្រុង​ភ្នំពេញ ។

គួរ​ជម្រាប​ថា​ទាហាន​ថៃ​បាន​ចូល​មក​កាន់កាប់​ប្រាសាទ​តាមាន់​ធំ​របស់​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​ថា​ទាំង​ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាមាន់​តូច គឺ​សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​ខ្មែរ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Thai-soldier-broke-Kh-visitor-GPS-08222008083003.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: