jump to navigation

សម្ភាសន៍​ជាមួយ​មន្ត្រី​ខ្មែរ​ស្ដី​ពី​កិច្ចចរចា​ខ្មែរ​-ថៃ​ជុំ​វិញ​ជម្លោះ​នៅ​ព្រះវិហារ ខែសីហា 21, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-19

ទស្សនកិច្ច​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ នា​ថ្ងៃ​ទី​១៩ សីហា​នេះ គឺ​នៅ​ចំ​ដែល​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បណ្ដាល​ឲ្យ​មាន​មន្ទិល​ពី​ជំហរ​របស់​ថៃ​លើ​បញ្ហា​ទំនាស់​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ។

 
RFA Photo/Keo Nimol
លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​នៃ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា ក្នុង​ឱកាស​ចុះ​ទស្សនកិច្ច​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​ទី​១៨ កក្កដា ២០០៨។

ខាង​ក្រោម​នេះ គឺ​ជា​បទ​សម្ភាសន៍​របស់​លោក សំ បូរិន្ទ ជាមួយ​អ្នក​នាំ​ពាក្យ​គណៈ​រដ្ឋមន្ត្រី​ខ្មែរ លោក ផៃ ស៊ីផាន ជុំ​វិញ​ក្ដី​សង្ស័យ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​នោះ។

សំ បូរិន្ទ ៖ ពី​ល្ងាចមិញ​នេះ ដូច​ឯកឧត្ដម​បាន​ជ្រាប​ហើយ គឺ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​ជួបជុំ​គ្នា​លៀង​សាយភោជន៍​នៅ​សណ្ឋាគារ​តុសិត នៃ​ប្រទេស​ថៃ។ តើ​ឯកឧត្ដម​មាន​អ្វី ជម្រាប​អស់​លោក​អ្នក​នាង​និង​មិត្ត​អ្នកស្ដាប់ ទាក់ទង​នឹង​កិច្ចប្រជុំ​ហ្នឹង​យ៉ាងម៉េច?

ផៃ ស៊ីផាន ៖ នេះ​ជា​រូបភាព​មួយ ដែល​មាន​លក្ខណៈ​តំណាង​មួយ គឺ​ក្រសួង​ការពារ​ជាតិ បូក​ជាមួយ​នឹង​ក្រសួង​ការបរទេស ដែល​គេ​និយាយ​ថា ក្រសួង​ការបរទេស​ជា​តំណាង​អធិបតេយ្យ ក្រសួង​ការពារ​ជាតិ តំណាង​បូរណភាព​ទឹក​ដី។ ការជំនួប​គណៈ​រដ្ឋមន្រ្តី​លើក​នេះ គឺ​យើង​សង្ឃឹម​ថា នឹង​អាច​ប្រសើរ​ជាង​ការប្រជុំ​គណៈ​រដ្ឋមន្រ្តី​នៅ​សៀមរាប ដោយសារ​ការជួប​ប្រជុំ​លើក​នេះ គឺ​ចាប់ផ្ដើម​ពី​លៀង​ភោជនាហារ​ស្វាគមន៍​រាក់​ទាក់​គ្នា។ ហើយ​យើង​ឃើញ​មាន​អ្វី ដែល​ជា​ព្រឹត្តិការណ៍​ចាប់​ផ្ដើម​មុន​ពេល​លៀង​ភោជនាហារ​នេះ យើង​ឃើញ​មាន​ការដក​កម្លាំង​ប្រដាប់​អាវុធ ជា​អ្នក​ប្រយុទ្ធ​ហ្នឹង ចេញ​ពី​តំបន់​វត្ត​នៃ​ប្រាសាទ​ព្រះវិហារ ក៏​ដូចជា​តំបន់​ប្រាសាទ​ព្រះវិហារ។

នេះ​ជា​និមិ្មត​សញ្ញា​មួយ ដែល​គេ​ហៅ​ថា សន្ដិភាព យើង​ទាំងអស់​គ្នា​ចាប់​ផ្ដើម គឺ​ចាក​ចេញ​ពី​ការប្រយុទ្ធ ទៅ​ដល់​លើ​តុ​ក្នុង​ការជជែក​គ្នា បក​មក​រក​ពី​អ្វី​ដែល​យើង​បាន​ព្រមព្រៀង​ជា​មួយ​គ្នា កាល​នៅ​អនុស្សរណៈ​ព្រមព្រៀង​គ្នា ឆ្នាំ​២០០០ ក៏​ដូចជា​អ្វី​ដែល​ជា​នីតិ​វិធី​និង​បច្ចេកទេស ក្នុង​ការជជែក​គ្នា​អំពី​បញ្ហា​ព្រំដែន ដែល​យក​អ្វី​ដែល​ជា​ស្មារតី​នៃ​សន្ធិសញ្ញា អនុសញ្ញា​ឆ្នាំ​១៩០៤, ១៩០៧ និង​ការគូស​វាស​ផែនទី​នៅ​ឆ្នាំ​១៩០៨។ នេះ​ជា​ការសង្កេត​របស់​ខ្ញុំ។

សំ បូរិន្ទ ៖ ឯកឧត្ដម មាន​ចំណុច​ជា​ច្រើន ដែល​តែង​បាន​លើក​ឡើង​ជា​សំណួរ​ទាក់ទង​នឹង​ការធ្វើ​ការចរចា​នេះ ដោយ​ហេតុ​ថា នៅ​ក្នុង​ភ្នែក​នៃ​សហគមន៍​សង្គម​ស៊ីវិល មើល​ឃើញ​ថា បញ្ហា​ដែល​មាន​ទំនាស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-ថៃ​នេះ គឺ​កើត​ឡើង​ចេញ​មក​ពី​ការ​ឈ្លានពាន​នៃ​កងទ័ព​របស់​ថៃ ហើយ​ការចូល​ទៅ​ជួប​ប្រជុំ​នៅ​កន្លែង​អ្នក​ឈ្លានពាន​ហ្នឹង បង្ហាញ​អំពី​ភាព​ទន់​ខ្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ក្នុង​ចំណុច​នេះ តើ​ឯកឧត្ដម​ឆ្លើយតប​យ៉ាង​ម៉េច?

ផៃ ស៊ីផាន ៖ ចម្លើយ​របស់​ខ្ញុំ​យ៉ាង​ខ្លី គឺ​រហូត​ដល់​ពេល​នេះ គឺ​យើង​បាន​ជោគជ័យ ជោគជ័យ​នៅ​ក្នុង​កិត្តិយស​ជា​មនុស្ស​ជាតិ ជោគ​ជ័យ​នៅ​ក្នុង​អ្វី​ដែល​ជា​ស៊ីវីល័យ​នៃ​សម័យ​ថ្មី​នេះ គឺ​ការ​នឹង​មិន​យក​ដំណោះស្រាយ​នៃ​ការប្រយុទ្ធ​គ្នា​នោះ​ទេ។

នេះ​ហើយ​ជា​គោលជំហរ​របស់​រាជ​រដ្ឋាភិបាល យើង​ឃើញ​ហាក់​បី​ដូច​ជា​ខ្សោយ ដូច​ជា​អ្វី​ដែល​ជា​ការវាយ​តម្លៃ​របស់​សង្គម​ស៊ីវិល ក៏​ប៉ុន្តែ សង្គម​ស៊ីវិល​ទាំង​អស់​គ្នា​ហ្នឹង គួរ​ត្រេក​អរ​ថា គ្មាន​មនុស្ស​ម្នាក់​ណា​ស្លាប់​ដោយសារ​ការប្រយុទ្ធ​គ្នា ដោយសារ​ការវិវាទ​គ្នា​នៅ​លើ​ព្រំដែន​នេះ។ ដូចនេះ យើង​ដោះស្រាយ​តាម​អ្វី​ដែល​ជា​ភាព​ស៊ីវីល័យ ភាព​ថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ គឺ​មិនមែន​យក​ការប្រយុទ្ធ​គ្នា​ជា​ការ​ដោះស្រាយ​ទេ។ ហើយ​យើង​ឃើញ​ថា ព្រំដែន​រវាង​កម្ពុជា​ថៃ​ហ្នឹង គឺ​កើត​ឡើង​ពី​សន្ធិសញ្ញា មិន​មែន​កើត​ឡើង លើក​ទ័ព​ទៅ​វាយ​ប្រហារ​គ្នា​ដើម្បី​ដណ្ដើម​ទឹក​ដី​នោះ​ទេ នេះ​ហើយ​ជា​កិត្តិយស​របស់​មនុស្ស​ជាតិ ដែល​យក​វិធីសាស្រ្ដ និង​យក​ទិសដៅ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី ដែល​គ្មាន​អ្នក​ណា​ស្លាប់។ នេះ​ជា​ជោគជ័យ​របស់​មនុស្ស​ជាតិ ដែល​ជា​ពិសេស​កម្ពុជា​ហ្នឹង ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន សន្តិភាព ហើយ​គ្មាន​ការ​បាត់បង់​ជីវិត​ដោយ​ការផ្ទុះ​អាវុធ​នេះ​ហើយ គឺ​ជា​និម្មិត​រូប​ថ្មី​មួយ​នៃ​សាមគ្គីភាព​រវាង​កម្ពុជា​ថៃ ហើយ​គ្មាន​អ្នក​ណា​មួយ​ខាត គ្មាន​អ្នក​ណា​មួយ​ចំណេញ។

សំ បូរិន្ទ ៖ បាទ! ឯកឧត្ដម​បាន​ជ្រាប​ស្រាប់​ហើយ កាលពី​ម្សិលមិញ​នេះ លោក​នាយក​រដ្ឋមន្រ្តី សាម៉ាក់ ស៊ុនដារ៉ាវេទ ដែល​លោក​ក៏​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​រាជាណាចក្រ​ថៃ​ផង បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​ជាមួយ​មេទ័ព​របស់​ថៃ នៅ​តំបន់​ទំនាស់​ទាំង​ពីរ​ហ្នឹង គឺ​នៅ​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​ព្រះវិហារ។ ហើយ​សេចក្ដី​រាយការណ៍​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នេះ លោក​បាន​ធ្វើជា​ចុងភៅ​ស្ល ដាំ​ម្ហូប​ចំណី​អាហារ​ជូន​ដល់​កងទ័ព​ថៃ នៅក្នុង​តំបន់​ព្រំដែន​នោះ​ផង។

តាម​កាយវិការ​នេះ ជា​ធម្មតា គឺ​ជា​កាយ​វិការ​លើក​ទឹក​ចិត្ត​កងទ័ព​របស់​ខ្លួន ដែល​កំពុង​តែ​ប្រឈម​មុខ​ជាមួយ​បច្ចាមិត្ត ក្នុង​ពេល​ជា​មួយ​គ្នា ក៏​កំពុង​តែ​ធ្វើការ​រៀបចំ​ការចរចា​ស្ដី​អំពី​ទំនាស់​នៅ​តាម​ព្រំដែន​ជាមួយ​បច្ចាមិត្ត​ផង​ដែរ។ តើ​ឯកឧត្ដម​មើល​ឃើញ កាយវិការ​របស់​លោក​នាយក​រដ្ឋមន្រ្តី សាម៉ាក់ ស៊ុនដារ៉ាវេទ និង​កាយវិការ​នៃ​ការជួប​ចរចា​ព្រឹក​នេះ តើ​ឆ្លុះ​បញ្ចាំង​គ្នា​យ៉ាង​ដូចម្ដេច?

ផៃ ស៊ីផាន ៖ ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ឃើញ​ថា ជា​សកម្មភាព​មួយ​ដ៏​ល្អ នៅ​ក្នុង​ការបង្កើត​ឲ្យ​មាន​ឯកភាព​រវាង​រដ្ឋាភិបាល​ស៊ីវិល ដែល​កើត​ឡើង​ដោយ​ការ​បោះឆ្នោត ហើយ​និង​កងទ័ព​របស់​ថៃ។ នេះ​ហើយ​ជា​សញ្ញា​មួយ​ល្អ ដែល​បង្កើត​ឲ្យ​មាន​បរិយាកាស​មួយ ដែល​យើង​អាច​និយាយ​គ្នា​បាន ពិភាក្សា​គ្នា​បាន ហើយ​យើង​នាំ​មក​លើ​តុ​វិញ និយាយ​អំពី​អ្វី​ដែល​យើង​មាន​កិច្ច​ព្រមព្រៀង​គ្នា ដែល​គេ​ហៅ​ថា អនុស្សរណៈ​យោគយល់​គ្នា នៅ​ឆ្នាំ​២០០០ ដើម្បី​លើក​ស្ទួយ​សន្តិភាព​និង​ការដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​សន្តិវិធី ហើយ​និង​មិត្តភាព។

ដូច្នេះ កាលពី​កន្លង​មក​យើង​ឃើញ នៅថ្ងៃ​ទី​២១ កក្កដា ពេល​នោះ យើង​ឃើញ​យោធា​តំណាង​ខាង​រាជាណាចក្រ​ថៃ ជួបគ្នា​ជាមួយ​នឹង​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ លោក​ក៏​តំណាង​ខាង​កងទ័ព​ខ្មែរ ទៅ​ជួប​គ្នា ក៏​ប៉ុន្តែ យើង​ឃើញ​មាន​ភាពបាត់បង់​នូវ​តួនាទី​របស់​ក្រសួង​ការបរទេស ហើយ​ដោយសារ​អ៊ីចឹង​ហើយ យើង​ឃើញ​ថា ការនិយាយ​គ្នា​ហ្នឹង មិន​ទាន់​បាន​ជា​អ្វី ដែល​ជា​ឯកភាព​គ្នា​ក្រៅពី​និយាយ​ថា យើង​មិន​ឈ្លោះ​គ្នា យើង​មិន​ប្រយុទ្ធ​គ្នា​ទេ។ ដល់​បន្ទាប់​មក​ទៀត យើង​ឃើញ​ការឯកភាព​គ្នា បន្ទាប់​ពី​ការប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​២៨ គេ​ហៅ​ថា ការប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី គឺ​មាន​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ជាមួយ​នឹង​ខាង​ការពារ​ជាតិ​ហ្នឹង មក​និយាយ​គ្នា នោះ​ហើយ​ដែល​ជា​ភាគី​តំណាង​នៃ​ប្រជាជាតិ​នីមួយៗ តំណាង​ពី​អ្វី ដែល​គេ​ហៅ​អធិបតេយ្យ ហើយ​តំណាង​អ្វី​ដែល​គេ​ហៅ​ថា បូរណភាព​ដែនដី។

ហើយ​ដែល​យើង​ឃើញ​ថា សញ្ញា​នយោបាយ​រាជ​រដ្ឋាភិបាល​ថៃ កើត​ឡើង​ពី​សាមគ្គីភាព​គ្នា ឯកភាព​គ្នា រវាង​រាជរដ្ឋាភិបាល​ថៃ ស៊ីវិល ជាមួយ​នឹង​យោធា​របស់​ថៃ។ ដូច​យើង​ឃើញ នៅ​ពេល​មុន​ឯកឧត្ដម រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ត្រូវ​បាន​លាលែង​ហ្នឹង លោក​បាន​និយាយ​ប្រាប់​ថា លោក​ចង់​ឃើញ​ការសាមគ្គីភាព​គ្នា រវាង​រាជរដ្ឋាភិបាល ក្រសួង​ការបរទេស​ថៃ ជាមួយ​នឹង​មន្រ្តី​ដទៃ​ទៀត ជាពិសេស​ជាមួយ​នឹង​កង​ការពារ​ជាតិ យោធា​របស់​ថៃ អាហ្នឹង​ចំណុច​ទី​១។ ចំណុច​ទី​២ មុន​នឹង​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​នៅ​សៀមរាប​ហ្នឹង បាន​ដំបូន្មាន​របស់​ឯកឧត្ដម ឈួន លីកផៃ បាន​និយាយ​ថា គួរ​តែ​រដ្ឋមន្រ្តី​ការបរទេស​ថៃ​ហ្នឹង ត្រូវ​តែ​ឯកភាព​គ្នា​ទៅ​និយាយ​គ្នា សហការគ្នា​ជាមួយ​នឹង​យោធា​ថៃ ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​នៅ​ពេល​នេះ។

សំ បូរិន្ទ ៖ ឯកឧត្ដម ប្រសិន​បើ​ខ្ញុំ​ស្ដាប់​សេចក្ដី​ពន្យល់​របស់​ឯកឧត្ដម មិន​ច្រឡំ​ទេ គឺ​ថា ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តី សាម៉ាក់ ស៊ុនដារ៉ាវេទ នៅ​ព្រំដែន​កាល​ពី​ម្សិលមិញ​នេះ មាន​ន័យ​ត្រឹម​តែ​ជា​សំណើ​សុំ​ឲ្យ​មាន​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល ជាមួយ​នឹង​កង​យោធា ដែល​ក្នុង​នោះ មាន​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី ជាមួយ​កង​យោធា ព្រមទាំង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ ជាមួយ​កង​យោធា​ថៃ​ផង​ដែរ អ៊ីចឹង​មែន​ទេ?

ផៃ ស៊ីផាន ៖ ហ្នឹង​ជា​យោបល់​ខ្ញុំ​ផ្ទាល់​ទេ ដែល​ខ្ញុំ​ក្លាយ​ការវាយតម្លៃនៃនយោបាយ ក៏ប៉ុន្តែ នេះជាការលើកទឹកចិត្តរបស់យុទ្ធជនរបស់ថៃ ជាមួយនឹងនាយករដ្ឋមន្រ្តីរបស់ថៃ

ប្រភព៖ http://www.rfa.org/khmer/interview/interview-phay-siphan-19aug-08202008034954.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: