jump to navigation

មតិ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ការ​ចរចា​ខ្មែរ-ថៃ​ស្ដីពី​ជម្លោះ​នៅ​ព្រះវិហារ ខែសីហា 21, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-21

ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​សម្ដែង​មតិយោបល់​រៀង​ៗ​ខ្លួន ជុំវិញ​ដំណើរការ​ចរចា​របស់​ភាគី​ខ្មែរ-ថៃ អំពី​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ។

 
RFA Photo/Uy Sophea
​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំដងរែក នៅ​ខេត្ត​ព្រះវិហារ​។

ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ដែល​បាន​ជួប​សម្ភាសន៍ បាន​សម្ដែង​ការខឹងសម្បា​ចំពោះ​កងទ័ព​ថៃ និង​សម្មភាព​របស់​ប្រទេស​ថៃ មក​លើ​កម្ពុជា នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី សាកសួរ​មតិ​ជុំវិញ​រឿង​ ប្រាសាទ​ព្រះវិហារ និង​ការប្រឹងប្រែង​ចរចា​របស់​រដ្ឋាភិបាល​ខ្មែរ ដែល​នាំឲ្យ​ដក​កងទ័ព​ជា​បន្តបន្ទាប់​ចេញ​ពី​តំបន់​នោះ ។

លោក អាំងអេង សុភាព ជា​វេជ្ជបណ្ឌិត​ម្នាក់​សម្ដែង​ថា លោក​អន់​ចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ខ្មែរ ដែល​មិន​ព្រម​ប្រគល់​រឿង​នេះ​ទៅ​ឲ្យ​អង្គការ​សហប្រជាតិ​ជា​អ្នក​ដោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា​ជម្លោះ​ទល់ដែន​ជាមួយ​ថៃ​ទាំងស្រុង ។

លោក អាំងអេង សុភាព បាន​មាន​ប្រសាសន៍​ដូច្នេះ ៖ «បើសិនជា​រដ្ឋាភិបាល​យើង​ឆ្លាត យើង​ត្រូវ​យក​ចំណេញ​នៅ​កន្លែង​ហ្នឹង ប្ដឹង​ឲ្យ​អង្គការ​សហប្រជាជាតិ​សើរើ​ព្រំដែន​កម្ពុជា-ថៃ ទាំងមូល​តែម្ដង នេះ​បាន​យើង​មាន​ផ្លូវ​ចំណេញ​បាន ។ ភាគី​ខាង​គេ គេ​មក​រំលោភ​ខាង​យើង យើង​ធ្វើ​សម្បទាន​បន្តិច គេ​សម្បទាន​បន្តិច អ៊ីចឹង​មាន​ន័យ​ថា យើង​ជា​អ្នក​ចាញ់​ហើយ»

លោក ស៊ុន ធន់ គ្រូបង្រៀន​នៅ​កំពង់ធំ ថ្លែង​ថា លោក​មិន​ដែល​ឃើញ​ខ្មែរ​ចំណេញ​ទាល់តែសោះ នៅ​ក្នុង​ការចរចា​កន្លងមក​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​រឿង​ទំនាស់​ដែន​ដី​នេះ ។ លោក​បន្ត​ទៀត​ថា ការ​ធ្វើ​របៀប​នេះ កំពុង​នាំ​ឲ្យ​មាន​ភាពច្របូក​ច្របល់ ។

លោក ស៊ុន ធន់ មាន​ប្រសាសន៍​ថា ៖ «យើង ការចរចា​រវាង​ខ្មែរ, យួន និង​សៀម ចោរ​យួន ចោរ​សៀម បញ្ហា​ព្រំដែន​នេះ គឺ​អត់​ដែល​បាន​ផលប្រយោជន៍​ទេ គឺ​ខ្មែរ​យើង​មាន​តែ​ការខាតបង់ ។ ដូច្នេះ​ខ្ញុំ​យល់​ថា រដ្ឋាភិបាល​ចរចា​ជាមួយ​រដ្ឋាភិបាល​សៀម​នេះ គឺ​យើង​អត់​បាន​ទទួល​ផលប្រយោជន៍​ទេ ពីព្រោះ​មិន​អាច​ចរចា​បាន​ទេ ព្រោះ​របស់​យើង​ៗ ត្រូវ​ឲ្យ​អន្តរជាតិ​ដោះស្រាយ ឲ្យ​សហគមន៍​អន្តរជាតិ​ដោះស្រាយ ព្រោះ​ជា​របស់​ខ្មែរ»

អ្នកស្រី រ៉ានី មាន​ប្រសាសន៍​ពី​ខេត្ត​ពោធិ៍សាត់​ថា មោទនភាព​ជាតិ​ខ្មែរ​មិន​ដឹង​ជា​នៅ​កន្លែង​ណា​ទេ បើ​ប្រាង្គ​ប្រាសាទ​ជា​របស់​ខ្មែរ បែរ​ជា​មន្ត្រី​ខ្មែរ​ដាក់​ខ្លួន​យ៉ាង​ទន់ភ្លន់ ទៅ​ចរចា​ជាមួយ​ប្រទេស​ថៃ ដែល​ជា​អ្នក​រំលោភ​យក​ទៅ​វិញ​នោះ ។

អ្នកស្រី រ៉ានី មាន​ប្រសាសន៍​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា​ចម្រៀង​មោទនភាព​ជាតិ​ខ្មែរ​វា​គ្មាន​ន័យ​អី​ទេ អត់​មាន​មោទនភាព​អី​ទេ បើ​មោទនភាព​គ្រាន់​តែ​ដើរ​តាម​អង្វរ​ចោរ​ហើយ​ឥឡូវ​ហ្នឹង ។ ខក​ចិត្ត​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល ។ ខ្ញុំ​មាន​អារម្មណ៍ធុញទ្រាន់​ណាស់​ពី​រឿង​ចរចា ពី​រឿង​រៃ​ភាគទាន​ស្អី​សប្បុរស​ជន សប្បុរស​ធម៌​ហ្នឹង ។ បើ​តាម​ចិត្ត​ខ្ញុំ ខ្ញុំ​គិត​ថា ការចរចា​ផ្អែមល្ហែម​ហ្នឹង វា​សម្រាប់​តែ​អ្នក​ខុស​ចរចា​ជាមួយ​អ្នក​ត្រូវ ប៉ុន្តែ​ដល់​យើង​នេះ​ជា​អ្នក​អស់​ទឹក​ដី ជា​ជន​រងគ្រោះ ដែល​ត្រូវ​ជន​បរទេស​ឈ្លានពាន​ រំលោភ​ដីធ្លី តែ​បែរ​ជា​ទៅ​ទន់ភ្លន់ អង្វរករ​គេ ចរចា​ផ្អែមល្ហែម​ដាក់​គេ​អ៊ីចឹង ខ្ញុំ​ក៏​អត់​យល់​ដែរ ហើយ​ថែមទាំង​ធុញថប់​ទៀត ។ ចុះ​ហេតុ​អី​ក៏​យើង​មិន​ធ្វើ​តាម​ច្បាប់​ទៅ ? យើង​ចាំ​បាច់​ទៅ​ចរចា​ស្អី​ជាមួយ​ស្ដេច​ថៃ ទៅ​ចរចា​ជាមួយ​អ្នក​ខុស ។ ខ្ញុំ​ឧទាហរណ៍​តូច​មួយ​ថា ផ្ទះ​ខ្ញុំ​ចោរ​ប្លន់​ម៉ូតូ ហើយ​ប៉ូលិស​អត់​ទាំង​ទៅ​ចាប់​ចោរ​ផង​ហ្នឹង ទៅ​ចរចា​អង្វរ​ចោរ ឲ្យ​យក​ម៉ូតូ​មក​ឲ្យ​ខ្ញុំ​មក»

និស្សិត ហ៊ុន ឈិន អាយុ ២៨​ឆ្នាំ​វិញ អត្ថាធិប្បាយ​ថា គេ​មាន​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​ជា​ខ្លាំង ដោយ​គេ​គិត​ថា រដ្ឋាភិបាល​គ្មាន​ចេតនា​ដោះស្រាយ​បញ្ហា​នោះ​ទេ ដោយ​ហេតុ​ថា ទំនង​ពាក់ព័ន្ធ​នឹង​បញ្ហា​អ្វី​ផ្សេង​ទៀត​នៅ​ពី​ខាង​ក្រោយ​ក្នុង​រឿង​ហ្នឹង​ហើយ ៖ «និយាយ​ទៅ​សម្រាប់​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​គិត​ថា​វា​គ្រាន់តែ​ជា​ល្បែង​នយោបាយ​មួយ របស់​អ្នក​ដឹកនាំ​ខ្មែរ​តែប៉ុណ្ណឹង​ទេ សម្រាប់​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ម្នាក់ ដូច​ជា​ពិបាក​នឹង​ថ្លែង​ដែរ បើ​និយាយ​ទៅ​វា​គ្រាន់​តែ​ជា​ការយល់​ឃើញ​ទេ ។ ខ្ញុំ​គិត​ថា​វា​ប្រាកដ​ជា​បញ្ហា​នៅ​ពី​ក្រោយ»

លោក ថេន ចាន់ថា អាយុ ៣២​ឆ្នាំ​បន្ថែម​ថា ការចរចា និង​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​រឹតតែ​ច្រើន ។ លោក​គិត​ថា ការ​ទម្លាក់​រឿងរ៉ាវ​នេះ​ឲ្យ​សមាជិក​អាស៊ាន ឬ​ក៏​អង្គការ​សហប្រជាជាតិ​ដោះស្រាយ នឹង​ធ្វើ​ពលរដ្ឋ​ខ្មែរ​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​ទង្វើ​បច្ចុប្បន្ន ដែល​ផ្តោត​ទៅ​លើ​ការចរចា ។

លោក ថេន ចាន់ថា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​យល់​ថា បើសិនជា​មិន​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​ទេ ហើយ​យើង​ចរចា​គ្នា​រវាង​កម្ពុជា-ថៃ​ហ្នឹង ខ្ញុំ​ជឿ​ថា ខ្មែរ​នឹង​ខាត​ប្រយោជន៍​ហើយៗ បើសិនជា​យើង​ធ្វើ​របៀប​នេះ ព្រោះ​អី​ថៃ​គេ​មិន​ព្រម​ឲ្យ​យើង​ទេ ថ្វីត្បិត​តែ​គេ​ថា​ដក​មែន តែ​គេ​នៅ​មាន​គំនិត​មួយ គេ​នៅ​ចង់​ឲ្យ​ព្រំដែន​ហ្នឹង ខ្មែរ​ក៏​កាន់​មិន​បាន ថៃ​ក៏​កាន់​មិន​បាន នៅ​គំនូស​ស ខ្មែរ​អត់​ដដែល​ហ្នឹង»

អាជីវករ​ម្នាក់​ទៀត​ឈ្មោះ ផាន់នី អាយុ​ជាង ៤០​ឆ្នាំ ពិពណ៍នា​ថា លោក​មាន​ការភ័យព្រួយ នៅ​ពេល​ដែល​ឮ​ថា ភាគី​កម្ពុជា​សុខចិត្ត​ទទួល​ការចរចា ជំនួស​ការវែក​ញែក​អំពី​រឿង​ច្បាប់ ៖ «មាន​ការព្រួយបារម្ភ​ទៅ​លើ​បញ្ហា​ដែល​ជា​របស់​ខ្មែរ​ហើយ ត្រូវ​គេ​ឈ្លាន​ពាន ។ ខ្ញុំ​មិន​ជឿ​ថា​ការចរចា​ បែប​ហ្នឹង​ទទួល​បាន​ជោគជ័យ ក្រៅ​ពី​អង្គការ​សហប្រជាជាតិ»

លោក កេង វណ្ណថា គ្រូបង្រៀន បាន​ហៅ​ការដក​កងទ័ព​របស់​ខ្មែរ ថា​ជា​ទង្វើ​កំសាក ។ លោក​ថា ទឹក​ដី​ខ្មែរ​បាន​បាត់បង់​ជា​បន្តបន្ទាប់​មក​ទល់​បច្ចុប្បន្ន ប៉ុន្តែ​ខ្មែរ​នៅ​តែ​ខំ​ចរចា មិន​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ ដែល​មាន​ស្រាប់​សម្រាប់​តំបន់​ប្រាសាទ​ព្រះវិហារ ។

លោក កេង វណ្ណថា មាន​ប្រសាសន៍​ដូច្នេះ ៖ «ថៃ​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទាំង​កំរោល​តែម្ដង ទៅ​លើ​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ។ អ្វី​ដែល​ទាក់ទង​នឹង​ការព្រួយបារម្ភ​នោះ គឺ​ក្នុង​នាម​ជា​ពលរដ្ឋខ្មែរ​ម្នាក់ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ ខ្ញុំ​គិត​ថា​មិន​ខុស​គ្នា​ទេ គឺ​ការដែល​ព្រួយបារម្ភ​នេះ គឺ​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ទឹក​ដី ព្រោះ​យើង​បាន​ដឹង​ហើយ​ថា តាម​ប្រវត្តិសាស្រ្ដ​ខ្មែរ​យើង​បាន​បាត់​បង់​ទឹក​ដី​ដ៏​ច្រើន ប្រហែល​ជា​បាត់​បង់ ៣​ភាគ​៤ នៃ​ទឹក​ដី​បច្ចុប្បន្ន គឺ​ខ្មែរ​យើង​បាន​បាត់បង់​អស់ ៣​ភាគ​៤​ហើយ នៅ​សល់​ប្រហែល​ជា ១​ភាគ​៤​ទេ ។ បើ​រដ្ឋាភិបាល​យើង​នៅ​តែ​ប្រកាន់​ជំហរ​ដោះស្រាយ​ៗ តែ​ក្នុង​លក្ខណៈ​មួយ​រណប​ឲ្យ​បរទេស យើង​មិន​គួរ​ណា​ចរចា​ឲ្យ​ដក​កងទ័ព នេះ​ជា​រឿង​មួយ​កំសាក​របស់​រដ្ឋាភិបាល ខ្ញុំ​យល់​ថា​អ៊ីចឹង»

នៅ​ក្នុង​ការសាកសួរ​ពលរដ្ឋ​សាមញ្ញ​ជា​ច្រើន​នាក់ គេ​ហាក់​ដូច​ពិបាក​រក​ឃើញ​អ្នក​ផ្តល់​យោបល់ យល់ស្រប​ចំពោះ​ការដក​កងទ័ព​ខ្មែរ ចេញ​ពី​ប្រាសាទ​ព្រះវិហារ និង​ការចរចា​ដែល​មន្ត្រី​ខ្មែរ​កំពុង​ធ្វើ​បច្ចុប្បន្ន​នេះ ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង ដែល​ទើប​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​ការចរចា​នោះ បាន​អះអាងថា ការចរចា​ជាមួយ​នឹង​ភាគី​ថៃ​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់ ដោយ​ភាគី​សងខាង​បាន​សុខ​ចិត្ត​ដក​ទ័ព​ចេញ​រៀង​ៗ​ខ្លួន ចៀសវាង​សង្រ្គាម ហើយ​រង់ចាំ​ការដោះស្រាយ​ដោយ​សន្តិវិធី ។

បច្ចុប្បន្ន​នេះ​បរិវេណ​ប្រាសាទ​ព្រះវិហា រក្សា​ទុក​កងទ័ព ៣០​នាក់ នៃ​ភាគី​ម្ខាង​ៗ នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ។

លទ្ធផល​នៃ​ការចរចា​នេះ នាំ​ឲ្យ​គេ​គិត​ថា វា​មិន​បាន​បង្ហាញ​អំពី​ការដោះស្រាយ​ជាក់លាក់​ណា​មួយ និង​បាន​ផ្តល់​ផល​ចំណេញសម្រាប់​កម្ពុជា ដែល​កំពុង​ត្រូវ​គេ​រំលោភ​បូរណភាព​ទឹក​ដី​នោះ​ឡើយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/people_opinion_on_khmer_thai_negotiation-08212008052333.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: