jump to navigation

បាតុកម្ម​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ​មក​លើ​ទឹក​ដី​ខ្មែរ ត្រូវ​បាន​បង្ក្រាប ខែសីហា 20, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-17

មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន នៅ​ថ្ងៃ​អាទិត្យ ១៧ សីហា​នេះ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ ធ្វើការ​បង្ក្រាប​រារាំង​ក្រុម​បាតុករ​ដែល​បម្រុង​ដើរ​ជា​ក្បួន​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​ថៃ មក​លើ​ទឹកដី​កម្ពុជា តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

 
RFA Photo/Chea Makara
កម្លាំង​នគរបាល​និង​បាតុករ​ប៉ះ​ទង្គិច​គ្នា នា​ថ្ងៃ​ទី​១៧ សីហា ២០០៨ ខណៈ​ដែល​កម្លាំង​នគរបាល​ព្យាយាម​រារាំង​មិន​ឲ្យ​បាតុករ​ធ្វើ​ការប្រមូល​ផ្ដុំ​ដើម្បី​ដើរ​ហែ​ក្បួន​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​ទឹក​ដី​ខ្មែរ។

បុគ្គលិក​សហជីព​សេរីកម្មករ​កម្ពុជា និង​អ្នក​បើកបរ​រថយន្ត​ដឹក​ទឹក​សម្រាប់​បាតុករ ត្រូវ​បាន​ឃាត់​ខ្លួន ហើយ​បញ្ជូន​ទៅ​សាលា​ខណ្ឌ​ដូនពេញ ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​វិញ នៅ​វេលា​ម៉ោង ៣​រសៀល បន្ទាប់​ពី​បាន​សរសេរ​កំណត់​ហេតុ​និង​ការចរចា​ជាមួយ​នឹង​មេដឹកនាំ​បាតុកម្ម។

ក្នុង​ការបង្ក្រាប​នោះ មាន​ការប្រទូសរ៉ាយ​គ្នា​មួយ​ឈុត​រវាង​ក្រុម​បាតុករ​និង​នគរបាល​បង្ក្រាប​បាតុកម្ម​ដែល​មាន​កាន់​ខែល ដំបង​ឆក់ ហើយ​មេដឹកនាំ​ក្រុម​បាតុកម្ម គឺ​លោក រ៉ុង ឈុន បាន​ចោទ​ថា ក្រុម​នគរបាល​បាន​ប្រើ​ដំបង​ឆក់ ឆក់​រូប​លោក ត្រូវ​ដៃ​ខាង​ស្ដាំ។

បាតុកម្ម ដែល​ទទួល​បាន​បរាជ័យ​នោះ ដឹកនាំ​ដោយ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ហើយ​បាន​គ្រោង​ថា នឹង​មាន​មនុស្ស​ប្រមាណ ៣០០​នាក់​ចូលរួម​ដង្ហែ​ក្បួន​ពី​រដ្ឋសភា​ចាស់ ដែល​បច្ចុប្បន្ន ជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន ឆ្ពោះ​តាម​មហា​វិថី​នានា ទៅ​កាន់​ស្ថានទូត​ថៃ ហើយ​ធ្វើការ​ប្រគល់​ញត្តិ​ដល់​ស្ថានទូត​ទាមទារ​ឲ្យ​មាន​ការដក​កងទ័ព​ថៃ​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ។

លោក រ៉ុង ឈុន ចោទ​ថា អាជ្ញាធរ​បាន​រារាំង​អ្នក​ចូលរួម​ធ្វើ​បាតុកម្ម​គ្រប់​ផ្លូវ មិន​ឲ្យ​មក​ជួបជុំ​គ្នា​បាន ៖ «នៅតាម​ដង​ផ្លូវ​ច្រក​ចូល​ឆ្ពោះ​មក​កន្លែង​បាតុកម្ម​យើង​នេះ ត្រូវ​បាន​ប៉ូលិស​រារាំង ហើយ​និង​មាន​ឃាត់​ខ្លួន​ដល់​បាតុករ អ្នក​ដែល​មាន​បំណង​មក​ចូលរួម»

បន្ទាប់ពី​មាន​ការរារាំង​នៅ​មុខ​រដ្ឋសភា​ចាស់ លោក រ៉ុង ឈុន និង​លោក ជា មុន្នី បាន​ប្ដូរ​គម្រោង​ធ្វើ​បាតុកម្ម ចេញ​ពី​អតីត​រដ្ឋសភា ដោយ​ចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ការិយាល័យ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​៣ ខណ្ឌ​ចម្ការមន​ឯណោះ​វិញ។ នៅ​ទីនោះ នគរបាល​និង​កងកម្លាំង​ប្រដាប់​អាវុធ បាន​បិទ​ផ្លូវ​ចេញ​ចូល​និង​បាន​រាំង​ខ្ទប់​ក្រុម​បាតុករ មិន​ឲ្យ​ចេញ​ពី​ការិយាល័យ​សហជីព​សេរី​កម្មករ​នោះ​បាន​ឡើយ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឧត្តមសេនីយ៍ ទូច ណារ៉ុថ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាតុកម្ម​នោះ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​អាច​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​បាតុកម្ម​នោះ​បាន​ឡើយ ដោយ​ថា គ្មាន​ច្បាប់​និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម។

លោក ទូច ណារ៉ុថ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «គាត់​ហែ​ហ្នឹង ថៃ​ដក​ចេញ​ឬ​អត់? អត់​ទេ។ ដូច្នេះ​ទុក​ឲ្យ​គេ​ដោះស្រាយ។ ការហែ​ក្បួន​របស់​គាត់​ហ្នឹង បាន​ត្រឹម​បង្ក​បញ្ហា ស្ទះ​ចរាចរណ៍​សណ្ដាប់​ធ្នាប់ ហើយ​អាច​ឈាន​ទៅ​មាន​បាតុភាព​ផ្សេង​ៗ​ទៀត»

លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា ការបង្ក្រាប​របស់​អាជ្ញាធរ គឺ​ជា​ការបំបិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ៖ «បាន​តែ​បង្រ្កាប​ខ្មែរ​គ្នា​ឯង ប៉ុន្តែ​ចំពោះ​ចោរ​សៀម​ឈ្លានពាន ជាមួយ​ប្រទេស​ជិត​ខាង ជាមួយ​បរទេស ទម្លាក់​កន្ទុយ​ខ្លាច​គេ»

គួរ​ជម្រាប​ថា ការធ្វើ​បាតុកម្ម​នេះ គឺ​បាន​កើត​ឡើង​មួយ​ថ្ងៃ នៅ​មុន​ការចរចា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​-ថៃ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ៕

ប្រភព៖ http://www.rfa.org/khmer/indepth/anti-thai-protest-dispersed-08182008001532.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: