jump to navigation

គណៈ​ប្រតិភូ​ខ្មែរ​ចេញ​ដំណើរ​ទៅ​ចរចា​ជាមួយ​ថៃ​អំពី​ជម្លោះ​នៅ​ព្រំដែន ខែសីហា 20, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-18

លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ កាលពី​ព្រឹក​ថៃ្ង​ចន្ទ​នេះ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​ទៅ​បើក​ការចរចា​ទេ្វ​ភាគី​ជាមួយ​នឹង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ថៃ​ឈាន​ទៅ​រក​ការដក​ទាំង​ស្រុង​នូវ​កង​ទ័ព​ថៃ​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តាមាន់​របស់​កម្ពុជា​នា​ពេល​ខាង​មុខ​នេះ។

 
RFA Photo/Savyuth
ទាហាន​ថៃ​រៀបចំ​បោះតង់​សម្រាក​នៅក្នុង​ដី​ខ្មែរ ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​១៨ សីហា ២០០៨។ កម្ពុជា​-ថៃ​ចាប់​ផ្ដើម​ចរចា​ជា​ថ្មី​ស្ដី​ពី​ជម្លោះ​ព្រំដែន នា​ថ្ងៃ​១៨ សីហា ២០០៨ នៅ​ប្រទេស​ថៃ។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា សមាសភាព​នៃ​គណៈ​ប្រតិភូ​កម្ពុជា​មាន​ចំនួន​ប្រមាណ ១០​រូប មក​ពី​ក្រសួង​ការបរទេស ក្រសួង​ការពារ​ជាតិ និង​មន្រ្តី​ជំនាញ​កិច្ចការ​ព្រំដែន​របស់​កម្ពុជា។

លោក ហោ ណាំហុង ជា​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​មុន​ការ​ចាកចេញ​នោះ​ថា ៖ «ទិសដៅ​ជា​ចម្បង​របស់​ខ្ញុំ គឺ​ធ្វើ​យ៉ាងម៉េច​ឲ្យ​បាន​ដក​ទ័ព​ទាំង​អស់​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​នេះ ២០​នាក់​នៅ​ជុំវិញ​វត្ត ដក​ឲ្យ​អស់។ ទន្ទឹម​នឹង​នេះ គឺ​ឈាន​ទៅ​ការជួប​គណៈកម្មការ​ចម្រុះ​ព្រំដែន​ទាំង​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ជា​ទូទៅ ហើយ​មាន​ការជួប​អ្នក​ច្បាប់។ ដោះមីន​នៅ​តាម​តំបន់​ណា ដែល​គណៈកម្មការ​ចម្រុះ​ត្រូវ​រក​ដោះ​មីន។ ហើយ​ទន្ទឹម​នឹង​ហ្នឹង ខ្ញុំ​ក៏​ស្នើ​ថៃ​ឲ្យ​ដោះស្រាយ​បញ្ហា​ប្រាសាទ​តាមាន់​នេះ តាម​ផ្លូវ​ច្បាប់ ដោះស្រាយ​ដោយ​សន្តិវិធី។ មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ខ្ញុំ​ជឿជាក់​ថា ការប្រជុំ​នេះ នឹង​ឈាន​ទៅ​រក​ការដោះស្រាយ​ទាំង​ស្រុង»

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​លោក នឹង​ជួប​គាល់​ព្រះមហាក្សត្រ​ថៃ និង​ជួប​ជាមួយ​នឹង​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ថៃ​មួយ​ចំនួន​ទៀត ផ្តោត​លើ​ការរឹត​ចំណង​មិត្តភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ជា​ប្រទេស​ជិត​ខាង​គ្នា​នៅ​ក្នុង​តំបន់។

ទាក់ទង​នឹង​ការបើក​ការចរចា​ទេ្វ​ភាគី​រវាង​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​និង​ថៃ នៅ​ថៃ្ង​ចន្ទ ទី​១៨ ខែ​សីហា​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ធ្វើ​បាតុកម្ម​មិន​បាន​សម្រេច​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តាមាន់​នោះ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ប្រតិកម្ម​ថា ៖ «ខ្ញុំ​មើល​ឃើញ​ថា អត់​មាន​សង្ឃឹម​នឹង​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​នោះ​ទេ នូវ​កិច្ច​ចរចា​រវាង​កម្ពុជា​-សៀម។ យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា សៀម​មាន​ល្បិចកល​ច្រើន​ណាស់»

សូម​រំឭក​ថា កងទ័ព​ថៃ ផ្អែក​តាម​ប្រភព​នានា បាន​អះអាង​ថា ពួកគេ​បាន​ចូល​មក​ឈ្លានពាន​ក្នុង​ទឹកដី​កម្ពុជា​ត្រង់​តំបន់​ប្រាសាទ​ព្រះវិហារ ជា​ពិសេស​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តាមាន់​ជាច្រើន​សប្តាហ៍​កន្លង​មក​ហើយ ចាប់​តាំង​ពី​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ត្រូវ​បាន​អង្គការ យូណេស្កូ (UNESCO) បាន​សម្រេច​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ថៃ្ង​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ ក្នុង​ទីក្រុង​កេបិក ប្រទេស​កាណាដា។

ផ្អែក​តាម​សេចក្តី​រាយការណ៍​នានា ព្រមទាំង​ប្រភព​ពី​មន្រ្តី​រដ្ឋាភិបាល​ផង​ដែរ​នោះ បាន​អះអាង​ថា កងទ័ព​ថៃ​និង​កម្ពុជា​បាន​ដក​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ក្នុង​ចំនួន​ភាគ​ច្រើន កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​សម្រាល​ស្ថានការណ៍​នៅ​មុន​ការបើក​ការ​ចរចា​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ថៃ។

កិច្ច​ចរចា​នៅ​ថ្ងៃ​ច័ន្ទ​នេះ នៅ​ក្នុង​ប្រទេស​ថៃ​នឹង​ផ្តោត​លើ​ការដក​ទ័ពថៃ​ទាំង​ស្រុង​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​និង​ប្រាសាទ​តាមាន់ នា​ពេល​ខាង​មុខ​នេះ៕

ប្រភព៖ http://www.rfa.org/khmer/indepth/cam-thai-talks-begin-18aug-08182008224239.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: