jump to navigation

កម្ពុជា​-ថៃ​ព្រមព្រៀង​គ្នា​លើ​៥​ចំណុច ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ប្រាសាទ​ព្រះវិហារ ខែសីហា 20, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-19

ប្រធាន​ក្រុម​ចរចា​ភាគី​កម្ពុជា​អះអាង​ថា កម្ពុជា​នឹង​ដក​បណ្តឹង​របស់​ខ្លួន​នៅ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ជុំវិញ​ការរំលោភ​អធិបតេយ្យ​កម្ពុជា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ដោយ​កងទ័ព​ថៃ និង​ថា កម្ពុជា​នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នោះ​ឲ្យ​បាន​ឆាប់​ជា​ឯកតោ​ភាគី មុន​ការដក​របស់​កងទ័ព​ថៃ។

 
RFA Photo/Pong Khemerak
រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង (ឆ្វេង) ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ លោក តេជ ប៊ុណ្ណាក នា​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ខាង​ក្រៅ​ជំនួប​ប្រជុំ​នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។

លោក​រដ្ឋមន្រ្តី​ការបរទេស ហោ ណាំហុង បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​អង្គារ​យ៉ាង​ដូច្នេះ ៖ «យើង​ដក​ពី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ទាំង​អស់​គ្នា។ យើង​ដក​ពី​តំបន់​ជុំវិញ​វត្ត​ទាំង​អស់​គ្នា ប៉ុន្តែ​ដោយ​ឡែក នៅ​លើ​ប្រាសាទ​ព្រះវិហារ ក៏​យើង​ដក​ដែរ យើង​ដក​ជា​ឯកតោ​ភាគី​កម្ពុជា​យើង ដើម្បី​បង្ហាញ​នូវ​សុច្ឆន្ទៈ​របស់​កម្ពុជា​យើង។ ដោយសារ​ការចរចា​របស់​យើង បាន​ឈាន​ទៅ​មុខ ជា​ពីរ​ជំហាន​ហើយ ហើយ​ទៅ​មុខ វា​នឹង​ឈាន​ទៅ​រក​ដំណោះស្រាយ​ទាំង​ស្រុង​ទៀត ខ្ញុំ​យល់​ថា ការដក​ពាក្យ​កម្ពុជា ពី​ក្រុមប្រឹក្សា​សន្តិសុខ ជា​បញ្ហា​ពេល​វេលា​ដ៏​ខ្លី​ខាង​មុខ​នេះ»

ការអះអាង​នេះ​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់ពី​គណៈប្រតិភូ​នៃ​ភាគី​ជម្លោះ​ថៃ​និង​កម្ពុជា បាន​ព្រមព្រៀង​គ្នា​លើ ៥​ចំណុច​សំខាន់ៗ​ជុំវិញ​បញ្ហា​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

រដ្ឋមន្រ្តី​ការបរទេស​និង​ជា​ប្រធាន​ក្រុម​ចរចា​ភាគី​ថៃ លោក តេជ ប៊ុនណាក បាន​ថ្លែង​ថា ចំណុច​ទាំង​៥ ដែល​កម្ពុជា​និង​ថៃ បាន​ឯកភាព​គ្នា​នោះ រួម​មាន ៖ ទី​១ នៅ​ថ្ងៃ​ទី​២៩ សីហា ខាង​មុខ​នេះ ក្រុម​ការងារ​ព្រំដែន​យោធា​ថៃ​និង​កម្ពុជា នឹង​ជួប​ជជែក​គ្នា​អំពី​ការដក​កងទ័ព​ដែល​នៅ​សេសសល់​នៅ​តំបន់​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ។ ទី​២ នៅ​ដើម​ខែ​តុលា ឆ្នាំ​២០០៨​នេះ គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​ថៃ​និង​កម្ពុជា នឹង​ជួប​ពិភាក្សា​អំពី​ការ​ស្រាវជ្រាវ​និង​ការ​បោះ​បង្គោល​ព្រំដែន នៅ​តំបន់​ព្រំដែន​ក្បែរ​ព្រះវិហារ​គឺ​នៅ​តំបន់​ភ្នំ​សិទ្ធិស៊ុំ ជាមួយ​នឹង​អ្នក​ជំនាញ​ការ​ផ្នែក​ច្បាប់​ទាំង​ខាង​ប្រទេស​ថៃ​និង​កម្ពុជា ហើយ​ចំណុច​ទី​៣ គឺ​រដ្ឋមន្រ្តី​ការបរទេស​ថៃ​និង​កម្ពុជា នឹង​ជួប​គ្នា​ម្តង​ទៀត នៅ​ក្រោយ​កិច្ច​ប្រជុំ​របស់​ក្រុម​អ្នក​ច្បាប់​និង​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នោះ។

ចំណែក​ឯ​ចំណុច​ទី​៤ និង​ទី​៥ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នោះ លោក តេជ ប៊ុនណាក បន្ថែម​ដូច្នេះ៖ «ទី​៤ ភាគី​ទាំង​ពីរ បាន​សម្រេច​ថា នឹង​ស្នើ​ទៅ​កាន់​រាជ​រដ្ឋាភិបាល​របស់​ខ្លួន ដើម្បី​រៀបចំ​ធ្វើ​កិច្ច​ព្រមព្រៀង​បណ្ដោះ​អាសន្ន​ដើម្បី​ប្រើប្រាស់​ក្នុង​រវាង​កិច្ច​ដំណើរការ​នៃ​គណៈកម្មាធិការ​បោះ​បង្គោល​ព្រំដែន​រួម នៅ​ក្នុង​បរិវេណ​ភ្នំ​ព្រះវិហារ ដែល​មិន​ទាន់​បាន​សម្រេច។ ទី​៥ ភាគី​ទាំង​ពីរ​បាន​សម្រេច​ថា នឹង​ធ្វើការ​ពិចារណា​នៅ​លើ​ចំណុច ដែល​ទាក់ទិន​នឹង​ក្រុម​ប្រាសាទ​តាមាន់ នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ»

បើ​យោង​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស ហោ ណាំហុង កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​គ្នា​ថា នឹង​រក្សា​ទាហាន​នៅ​តំបន់​ជម្លោះ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ចំនួន ៣០​នាក់ សម្រាប់​ភាគី​ម្ខាងៗ គឺ ១០​នាក់​នៅ​លើ​វត្ត និង​២០​នាក់​នៅ​ខាង​ក្រៅ​វត្ត នៅ​ក្រោយ​ការជួប​ប្រជុំ​សម្រួល​កម្លាំង​យោធា​ទាំង​ពីរ នៅ​ចុង​ខែ​សីហា​នេះ។

កម្ពុជា​បាន​ដាក់​បណ្តឹង​ទៅ​អង្គការ​សហប្រជាជាតិ​ជុំវិញ​ការរំលោភ​អធិបតេយ្យ​របស់​កម្ពុជា នៅ​ក្រោយ​ការចូល​លុកលុយ​ដោយ​ទាហាន​ថៃ​ក្នុង​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ដែល​ជា​វត្ត​របស់​ខ្មែរ​ក្នុង​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ២០០៨ កន្លង​មក​នេះ៕

ប្រភព៖ http://www.rfa.org/khmer/indepth/thai-khmer-talks-reached-5points-08192008235738.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: