jump to navigation

ទាហាន​ថៃ​ម្នាក់​ស្លាប់​ក្នុង​វត្ត​បា្រសាទ​ព្រះវិហារ​ដោយ​មិន​ដឹង​មូលហេតុ ខែសីហា 5, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-04

ទាហាន​ថៃ​ឈុត​ខ្មៅ​ម្នាក់ បាន​ស្លាប់​ដោយ​មិន​ដឹង​មូលហេតុ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ រំលង​ចូល​ថ្ងៃ​អាទិត្យ នៅ​ខណៈ​ដែល​កងទាហាន​ផ្សេង​ទៀត​រាប់​រយ​នាក់ កំពុង​បោះ​ទីតាំង​នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ ជា​ទឹកដី​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ។

 
AFP Photo
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ កងពល​អន្តរាគមន៍​លេខ​១២ ដែល​កំពុង​គ្រប់គ្រង​នៅ​តំបន់​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កង​យោធា​កម្ពុជា​-ថៃ លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​សីហា​ថា ទាហាន​ថៃ​ឈុត​ខ្មៅ​ម្នាក់​បាន​ស្លាប់​ទំនង​ជា​កាលពី​វេលា​ម៉ោង ៣​រំលង​អធ្រាត្រ ដោយ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់ ខណៈ​ដែល​ពួកគេ​ដេក​យប់ នៅ​បរិវេណ​ទី​វត្ត​ខ្មែរ ដែល​ក្រុម​ពួកគេ​បាន​ចូល​លុកលុយ​និង​បោះ​ជំរំ​នោះ។

លោក​ឧត្ដមសេនីយ៍​ទោ ស្រី ឌឹក ថ្លែង​ប្រាប់​ដូច្នេះ​ថា ៖ «ឈុត​ខ្មៅ ស្លាប់​មួយ​ពី​យប់​មិញ ដេក​ៗ​ងាប់​តែ​ម្ដង ងាប់​ប្រហែល​ជា​ម៉ោង ៣ ឡើង​រឹង​ហើយ ហើយ​វា​សែង​យក​ទៅ​ស្រុក​វា​បាត់​ហើយ សែង​ទៅ​ម៉ោង​ប្រហែល ៨​ជាង»

ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា ក៏​ព័ត៌មាន​នៃ​ការស្លាប់​ទាហាន​ឈុត​ខ្មៅ​ថៃ​ក្នុង​ការចូល​លុកលុយ​ទឹក​ដី​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ត្រូវ​បាន​កងទ័ព​ថៃ​ព្យាយាម​បិទ​បាំង។

ទាហាន​ថៃ​ឈុត​ខ្មៅ​មួយ​រូប ដែល​កំពុង​បោះ​ជំរំ​ក្នុង​ទី​វត្ត​ខ្មែរ កែវ​សិក្ខា​គិរី​ស្វារៈ បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ប្រាប់​ថា គេ​ពុំ​បាន​ទទួល​ព័ត៌មាន​ពី​ការស្លាប់​ទាហាន​នោះ​ទេ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែ​សីហា​នេះ ការបញ្ជូន​កង​ទាហាន​ថៃ​ចូល​មក​លុកលុយ​ទី​វត្ត​នៃ​ទឹកដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ មាន​រយៈពេល ១៨​ថ្ងៃ​ហើយ ដោយ​វត្តមាន​កង​ទាហាន​ថៃ ចូល​មក​ក្នុង​ទឹកដី​ខ្មែរ នៅ​ដដែល។

ចំណែក​ឯ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ កង​ប្រយុទ្ធ​របស់​ខ្មែរ​និង​ទាហាន​ប៉ារ៉ា​ថៃ នៅតែ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​នៅ​ឡើយ។

ទាហាន​ថៃ​ចូល​កាន់កាប់​ប្រាសាទ​តាមាន់​ខ្មែរ​នៅ​ខេត្ត​ឧត្តរមានជ័យ

ស្រប​ពេល​ដែល​កងទាហាន​ថៃ​ជា​ច្រើន មិន​បាន​បញ្ជាក់​ពី​គម្រោង​ច្បាស់​លាស់​ក្នុង​ការដក​ចេញ​ពី​ទឹកដី​ខ្មែរ​នេះ នៅឯ​បន្ទាត់​ព្រំដែន​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ ឯណោះ​វិញ មាន​សេចក្ដី​រាយការណ៍​មក​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ចូល​កាប់កាប់​ប្រាសាទ​បុរាណ​ខ្មែរ គឺ​ប្រាសាទ​តាមាន់ ដែល​នៅ​ជាប់​បន្ទាត់​ព្រំដែន។

នាយ​ទាហាន​ខ្មែរ​មួយ​រូប​ប្រចាំការ​នៅ​តាម​ព្រំដែន​តំបន់​អូរស្មាច់ បាន​មាន​ប្រសាសន៍​ថា ទាហាន​ឈុត​ខ្មៅ​ថៃ ជាង​២០​នាក់ បាន​ចូល​កាន់កាប់​ប្រាសាទ តាមាន់ ជា​របស់​ខ្មែរ និង​បាន​ហាម​ឃាត់​មិន​ឲ្យ​យោធា​ខ្មែរ ចូល​ទៅ​ទីនោះ​ផង កាលពី​ម្សិលមិញ ៖ «ប្រាសាទ​តាមាន់ វា​រុល​ចូល​មក​ដល់​ប្រាសាទ។ កម្លាំង​វា ២៥​នាក់ អង្គភាព ៩៦០​ថៃ។ ក្រុម​ការងារ​ទៅ ម្សិលមិញ​នេះ ចង់​ឡើង​ទៅ​ប្រាសាទ​តាមាន់ ប៉ុន្តែ​ខាង​ថៃ​គេ​អត់​ឲ្យ​ឡើង គេ​ឲ្យ​ចូល​ចម្ងាយ ១០០​ម៉ែត្រ ពី​កន្លែង​ដែល​គេ​កាន់កាប់។ គេ​ថា​ដី​គេ»

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា កន្លង​មក តាម​កិច្ច​ជួប​ចរចា​រវាង​មន្រ្តី​ការបរទេស​ខ្មែរ​-ថៃ នៅឯ​ខេត្ត​សៀមរាប បាន​ព្រមព្រៀង​លើ​ការដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ ខេត្ត​ព្រះវិហារ ក៏​ប៉ុន្តែ រហូត​ដល់​ថ្ងៃ​នេះ កងទ័ព​ថៃ​នៅតែ​ស្ថិត​ក្នុង​ទឹកដី​ខ្មែរ ហើយ​តំបន់​បន្ទាត់​ព្រំដែន​ជា​ច្រើន​កន្លែង ដូចជា​នៅ​ស្រុក​ជាំស្រងាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​និង​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវ​កង​ទាហាន​ថៃ​កំពុង​ចល័ត​កងទ័ព​បន្ថែម​ទៀត៕

ប្រភព៖ http://www.rfa.org/khmer/indepth/thai-soldier-died-in-khmer-pagoda-08042008060009.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: