jump to navigation

ភរិយា​នាយក​រដ្ឋមន្ត្រី​ធ្វើ​ពិធី​បួងសួង​នៅ​ប្រាសាទ​ព្រះវិហារ ខែសីហា 3, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-08-01

ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បាន​ធ្វើ​ពិធី​បួងសួង​មួយ​នៅ​ឯ​ប្រាសាទ​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ សីហា ដោយ​បាន​អន្ទង​ហៅ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហាក្សត្រ​កសាង​អង្គរ និង​វិញ្ញាណក្ខន្ធ​មេ​ទ័ព​ខ្លាំង​ពូកែ​មក​សណ្ឋិត​នៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​សម្ដែង​ឫទ្ធិ​បារមី​ឲ្យ​មាន​សន្តិភាព​និង​សេចក្ដី​សុខ ។

 
RFA Photo/Uy Sophea
លោក​ជំទាវ ប៊ុន រ៉ានី ភរិយា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អុជ​ទៀន​នៅ​ក្នុង​ពិធី​បួងសួង​សុំ​សុខ​សន្តិភាព នៅ​ឯ​ប្រាសាទ​ព្រះវិហារ​លើ​កំពូល​ភ្នំ​ដងរែក នៅ​ថ្ងៃ​ទី​១ សីហា ២០០៨។

ព្រះ​សង្ឃ​ថ្នាក់​រាជា​គណៈ មន្ត្រី​រដ្ឋាភិបាល​កំពូលៗ កម្លាំង​ប្រដាប់​អាវុធ យោធា ប៉ូលិស ប៉េអឹម និង​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់​បាន​ចូលរួម​ក្នុង​ពិធី​បួងសួង​នោះ ។

តំណាង​ឲ្យ​ក្រសួង​ធម្មការ​និង​សាសនា និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ជាតិ​និង​អន្តរជាតិ លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា​ពិធី​ដ៏សម្បើម​កាលពី​ព្រឹក​មិញ​គឺ​ជា​ការបួងសួង​សុំ​សេចក្ដី​សុខ​ចម្រើន​ដល់​ប្រាសាទ​ព្រះវិហារ ។

លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា ៖ «បួងសួង​សុំ​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាជន ជាមួយ​ព្រះ​សង្ឃ​ដែល​គង់​ចាំ​វស្សា​នៅ​ទី​នេះ និង​ជួប​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​តែ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​យើង​នេះ»

ការធ្វើ​ពិធី​បួងសួង​សុំ​សន្តិភាព​និង​សេចក្ដី​សុខ​ចម្រើន​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កង​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​ចំនួន​ប្រមាណ​៦០០​នាក់ បាន​ចូល​មក​លុកលុយ​ទី​វត្ត​ខ្មែរ កែវសិក្ខាគិរីស្វារៈ ជាប់​តំបន់​ប្រាសាទ​ព្រះវិហារ រយៈពេល​១៧​ថ្ងៃ​មក​ហើយ​ដោយ​មិន​ទាន់​មាន​ផែនការ​ដក​កងទ័ព​ចេញ​នៅ​ឡើយ ។

ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​បាន​បង្ហាញ​ថា គេ​ចង់​ឲ្យ​ទាហាន​ថៃ​ទាំងអស់​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​តាមរយៈ​ការបួងសួង​នេះ ដោយ​គេ​មាន​ចិត្ត​ខឹង​សម្បា​ចាប់តាំងពី​មាន​វត្តមាន​កងទ័ព​ថៃ​ចូល​មក​លុកលុយ​នោះ ៖ «កាល​ពួក​វា​មក​បាតុកម្ម ក៏​មាន​ចិត្ត​ខឹង​ចង់​តែ​វ៉ៃ​វា​វិញ ដី​យើង​សោះ​វា​ជេរ​ប្រមាថ​អាក្រក់ៗ​ណាស់ សុទ្ធតែ​អា​ម៉ឹង អ្ងែង ឲ្យ​ចុះចេញ​ពី​ទឹក​ដី​ព្រះវិហារ យើង​ម៉េច​នឹង​ចុះ​ដី​យើង»

ចំណែក​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មួយ​រូប​ដែល​កំពុង​បោះ​ជំរំ​នៅ​ទី​វត្ត​ខ្មែរ​បាន​និយាយ​ថា គេ​ត្រេកអរ​ចំពោះ​ការបួងសួង​សុំ​សន្តិភាព​នោះ​ដោយ​គេ​មិន​ចង់​ធ្វើ​សង្គ្រាម​ទេ ហើយ​ពួក​គេ​ចង់​តែ​ចាកចេញ​ពី​ទឹក​ដី​ខ្មែរ​ឆាប់ៗ​ដែរ ។

ទោះ​យ៉ាង​ណា​នាយ​ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ត្រៀម​ប្រយុទ្ធ​នៅ​ខ្សែ​ត្រៀម​ទី​១ បាន​មាន​ប្រសាសន៍​ថា​លោក​ចង់​បាន​សន្តិភាព​មិន​បង្ហូរ​ឈាម ក៏ប៉ុន្តែ​កង​ទាហាន​ថៃ​បាន​បង្ហាញ​ឥរិយាបថ​ឲ្យ​ឃើញ​ថា មិន​ចង់​បាន​សន្តិភាព​នេះ​ទេ ៖ «ការបួងសួង​នេះ​យើង​ចង់​បាន​សន្តិភាព​ដែរ តែ​ខ្លាច​តែ​គេ​មិន​យល់ព្រម​សន្តិភាព​ហ្នឹង មើល​ទៅ​ចរិត​វា​ដូច​នៅ​រឹងរូស​នៅ​ត្រង់​ហ្នឹង»

សូម​បញ្ជាក់​ថា​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​រាប់​រយ​នាក់​បាន​ចូល​មក​លុកលុយ​ទី​វត្ត​ខ្មែរ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ តាំងតែ​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ហើយ​រហូត​មក​ដល់​ពេល​នេះ​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ​នៅតែ​កើត​មាន​នៅ​ឡើយ បើទោះបី​ជា​មាន​ការព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ទី​២៨ ខែក​ក្កដា រវាង​មន្ត្រី​ការ​បរទេស​កម្ពុជា​ថៃ ថា​នឹង​ដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នោះ​ក៏​ដោយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/PM-wife-holds-ceremony-at-PV-08012008090132.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: