jump to navigation

សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​អធិប្បាយ​អំពី​ប្រាសាទ​ព្រះវិហារ (ភាគ​៥) ខែសីហា 1, 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback
2008-07-30

បើ​តាម​ចំណារ​លើ​សិលា​ចារឹក​នៅ​នឹង​ភ្នំ​សណ្ដក កា​លេខ ១៩៤ និង​នៅ​ភ្នំ​ព្រះវិហារ កា​លេខ ៣៩៨ បាន​ឲ្យ​ដឹង​ថា ព្រាហ្មណ៍​ម្នាក់​ឈ្មោះ ទិវាក ឬ ទិវាការៈ បាន​ទទួល​ងារ​ធំ​ជាង​គេ​បំផុត ក្នុង​ចំណោម​ព្រាហ្មណ៍ និង​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ។

 
RFA Photo/Uy Sophea
​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំដងរែក នៅ​ខេត្ត​ព្រះវិហារ​។

ព្រាហ្មណ៍ទិវាក ក៏​បាន​ទទួល​ភារៈ ជា​អ្នក​ចាត់ចែង​បញ្ជា​ត​ពី​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ គឺ​ថា លោក​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ទាំង​អស់ ដែល​សម្រាប់​ប្រើប្រាស់​ក្នុង​ការកសាង​ប្រាសាទ​ទាំង​អស់ នៅ​ក្នុង​ស្រុក​ខ្មែរ នា​កាលណោះ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បង្រៀន​ប្រវត្តិ​សាស្រ្ត​ខ្មែរ ថៃ លាវ និង​ភូមា នៅឯ​វិទ្យាស្ថាន​ជាតិ អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​ថា បាន​សេចក្តី​ថា ទ្រព្យ​សម្បត្តិ​ភាគ​ច្រើន​ដែល​ព្រាហ្មណ៍ទិវាក បាន​ទទួល​ជា​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ រួមមាន​គ្រឿង​អលង្ការ​ជា​មាស ជា​ពេជ្រ​ដ៏​មាន​តម្លៃ និង​ជា​វត្ថុ​មាន​តម្លៃ​ជា​មធ្យម​ក្តី  គឺ​លោក​យក​ទៅ​ថ្វាយ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។

លោក​សាស្ត្រាចារ្យ ឃិន សុខ មាន​អធិប្បាយ​ដូច្នេះ​ថា ៖ «ក្នុង​ការរក្សា​ទាក់ទង​នឹង​អាទិទេព ស្រីសិខៈ រិស្វារៈ​ហ្នឹង គឺ​លោក​ធ្វើអី​ខ្លះ​នៅ​នឹង​ព្រះវិហារ? ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោក​ទៅ​សង់​រូប​អាទិទេព​ផ្សេង​ៗ លោក​ឲ្យ​ដី​ភូមិ លោក​ទៅ​បោះ​ព្រំប្រទល់ លោក​ឲ្យ​ពល​សម្រាប់​ភូមិ​ណា ដែល​ត្រូវការ​សម្រាប់​ធ្វើ​ម៉េច​ឲ្យ​អាច​បាន​ធ្វើការ យក​ស្រូវ យក​អង្ករ​ហ្នឹង យក​មក​បូជា​ធ្វើ​ពិធី​ផ្សេង​ៗ នៅក្នុង​ប្រាសាទ​ព្រះវិហារ​នេះ ។ ហើយ​មួយ​ពេល​នោះ លោក​ទទួល​បាន​បុស្បុក​មាស​ជា​រង្វាន់​ពី​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ លោក​យក​ទៅ​ថ្វាយ​អាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេល​ដែល​ចូលឆ្នាំ​ក៏​លោក​ធ្វើ​សម្រាប់​អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺ​លោក​យក​សំរឹទ្ធ​ទៅ​ក្រាល​នៅ​កណ្តាល​ប្រាសាទ ដែល​គេ​យល់​ថា​ប្រាសាទ​នៅ​ឯ​ចុង​ភ្នំ​នោះ ហើយ​យក​ចាន​ធ្វើ​អំពី​មាស ពី​ប្រាក់ យក​ទៅ​ប្រើប្រាស់​នៅក្នុង​ប្រាសាទ មាន​ឲ្យ​ជា​សត្វ​ពាហនៈ មាន​ឲ្យ​ជា​ខ្ញុំ​បម្រើ ។ បន្ទាប់​មក​ទៀត លោក​ធ្វើការ​ជួសជុល​សំណង់​ផ្សេង​ៗ លោក​ជា​អ្នក​ទទួល​ព្រះករុណា​យាង​ទៅ​ណា លោក​ទៅ​តាម​ដើម្បី​នឹង​ទទួល​កិច្ចការ​ដែល​ពិនិត្យមើល​ប្រាសាទ​នានា ក្នុង​ព្រះរាជាណាចក្រ ។ អ៊ីចឹង​ផ្នែក​ខាង​បូជា ផ្នែក​ខាង​រក្សា​ប្រាសាទ គឺ​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ លោក​ផ្ទុកផ្ដាក់​ទៅ​លើ​ព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះ​ឯង»

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​បំណង​ពិសេស ខុស​ប្លែក​ពី​ការកសាង​ប្រាសាទ​អង្គរវត្ត ដែល​ស្ថាបនា​ឡើង​ដើម្បី​រំឭក​គុណ​ព្រះ​វិស្នុរ ប្រាសាទ​បាពួន រំឭក​គុណ​ព្រះឥសូរ ។

លោក​សាស្ត្រាចារ្យ​អធិប្បាយ​បន្ថែម​ដូច្នេះ​ថា ៖ «​ខ្ញុំ​សូម​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង ដើម្បី​ធ្វើ​ជា​ទី​ដែល​គេ​រក្សា​ទុក​លិង្គ​ព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ពីព្រោះ​តាម​ជំនឿ​របស់​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១  ជាពិសេស​ព្រះបាទ សុរិយ​វរ្ម័ន​ទី​២ ក៏​អ៊ីចឹង​ដែរ លោក​នៅ​តែ​គាំទ្រ​គំនិត​ដែល​ថា មហិទ្ធិឫទ្ធិ​ធំ​ណាស់​អាទិទេព​នេះ ដូច្នេះ​ត្រូវ​ធ្វើ​ម៉េច បន់​ស្រន់ គោរព​បូជា យ៉ាង​ដាច់​ខាត ។ សេចក្តី​សង្ខេប​របស់​ខ្ញុំ ទីតាំង​ប្រាសាទ​ភ្នំ​ព្រះវិហារ​នេះ ទី​មួយ គឺ​គេ​ទុក​អាទិទេព ស្រីសិខៈ រិស្វារៈ ជួនកាល​គេ​សរសេរ ខរៈ ស្វារៈ ជួនកាល​គេ​សរសេរ សិខៈ រិស្វារៈ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​តែ​មួយ​ទេ ។  គឺ​ជា​កន្លែង​ដែល​គេ​រក្សា​ទុក ពីព្រោះ​អាទិទេព​នេះ ដែល​មាន​លិង្គ​ជា​តំណាង មាន​មហិទ្ធិឫទ្ធិ​ធំ​ណាស់ ។ គេ​ជឿ​ថា នាំ​ភោគ​ផល នាំ​សេចក្តី​សុខ​មក​ដល់​ប្រទេស​ខ្មែរ ។ ទី​២ ប្រាសាទ​ភ្នំ​ព្រះវិហារ ទីកន្លែង​នេះ​មិនមែន​ជា​ទីកន្លែង​សម្រាប់​ព្រះរាជា​គង់​នៅ​ទេ ។ មិនមែន​មាន​ទីភូមិ​សម្រាប់​ប្រជាពលរដ្ឋ​ទេ ។ គឺ​មានតែ​កន្លែង​សម្រាប់​អ្នកបួស ឲ្យ​ចូល​មក​តាំង​សីល ហើយ​និង​ដើម្បី​នឹង​ជួយ​បន្ត​ពិធី​គោរព​បូជា​នេះ ត​ទៅ​ទៀត ។ បើ​បាន​អញ្ជើញ​ទៅ គឺ​ត្រូវ​ពិនិត្យ​មើល​នៅ​ប្រាសាទ ដែល​ជាប់​នឹង​ខ្លោង​ទ្វារ​ទី​៣ រាប់​ពី​ក្រោម​ទៅ នៅ​ខ្លោង​ទ្វារ​ទី​៣  ហ្នឹង​មាន​សិលា​ចារឹក​កា​លេខ ៣៨១ នោះ គេ​សង្ស័យ​ថា នៅ​ត្រង់​កន្លែង​ហ្នឹង គឺ​ជា​កន្លែង​ដែល​គេ​បំបួស​ឲ្យ​ទៅ​ជា​ព្រាហ្មណ៍ ដើម្បី​នឹង​បន្ត​កិច្ចការ​គោរព​និង​ថែ​រក្សា​អាទិទេព ស្រីសិខៈ រិស្វារៈ នោះ​ត​ទៅ​ទៀត ។ ដូច្នេះ​ប្រាសាទ​ភ្នំ​ព្រះវិហារ ខុសពី​ប្រាសាទ​ឯទៀត​ៗ»

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះមហាក្សត្រ​ខ្មែរ តាំងពី​ប្រមាណ ១​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កសាង​ឡើង​នៅ​ក្នុង​ដែនដី​ខ្មែរ ក្នុង​គ្រា​ដែល​ប្រទេស​ថៃ ឬ សៀម នៅ​ពុំទាន់​មាន​វត្តមាន​នៅ​លើ​ទីតាំង​សព្វថ្ងៃ​នេះ នៅ​ឡើយ​ទេ ។

អ្នកប្រវត្តិ​វិទូ​មាន​ជំនឿ​ថា ការសាងសង់​ប្រាសាទ​ព្រះវិហារ មាន​បី​ដំណាក់កាល​ធំ​ៗ ។ ដំណាក់​កាល​ទី​មួយ គេ​គិត​សង្ស័យ​ថា សង់​ឡើង​កាល​ពី​ជំនាន់​ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ ។ ព្រះអង្គម្ចាស់ ឥន្រ្ទាយុទ្ធ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ​ជយវរ្ម័ន​ទី​២ ។

កាលពី​ប្រមាណ​ជា​ពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​៩ នោះ គឺ​អាស្រម​ប្រហែល​ធ្វើ​អំពី​ឈើ ។ លុះ​មក​ដល់​រជ្ជកាល​ព្រះបាទ សុរិយ​វរ្ម័ន​ទី​១ គឺ​នៅពាក់​កណ្តាល​ទី​១ នៃ​សតវត្សរ៍​ទី​១១ មាន​ការកសាង​ប្រាសាទ​ព្រះវិហារ​ជា​ដំណាក់កាល​ធំ​ទី​២ គឺ​គេ​ឈូស​ភ្នំ​យក​ថ្ម​ភ្នំ ធ្វើ​ជា​កាំ​ជណ្តើរ​ធ្វើ​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​និង​យក​ថ្ម​ភ្នំ ទៅ​កសាង​ជា​ទីតាំង​ប្រាសាទ​ផ្សេង​ៗ នៅ​ក្នុង​ដែនដី​នៃ​ប្រាសាទ​ព្រះវិហារ​នោះ ។

បន្ទាប់មក គឺ​ក្នុង​រជ្ជកាល​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ គឺ​នៅពាក់​កណ្តាល​សតវត្សរ៍​ទី​១២ ពេល​នោះ​ហើយ​ដែល​គេ​គិត​ថា ប្រាសាទ​ភ្នំ​ព្រះវិហារ ត្រូវ​បាន​ស្ថាបនា​ឡើង​ឲ្យ​កាន់តែ​ល្អ​ដែល​ជា​ការ​កសាង​ក្នុង​ដំណាក់កាល​ធំ​ទី​៣ ។ ព្រះបាទ​សុរិយ​វរ្ម័ន​ទី​២ នោះ​ហើយ ដែល​ព្រះអង្គ​បាន​សាង​ប្រាង្គ​ប្រាសាទ​អង្គរវត្ត ស្ថិតនៅ​ក្នុង​ខេត្ត​សៀមរាប សព្វថ្ងៃ​នេះ ។

លោក​សាស្រ្តាចារ្យ ឃិន សុខ បញ្ជាក់​ថា ប្រទេស​ថៃ ឬ​សៀម មាន​កំណើត​លើ​ដែនដី​សព្វថ្ងៃ​នេះ គឺ​ចាប់​ពី​សតវត្សរ៍​ទី​១៣ ក្រោយ​មក ។

សូមរំឭក​ជូន​ថា ទីតាំង​ដែល​ធ្វើ​ប្រាសាទ​ព្រះវិហារ ដែល​ស្ថិតនៅ​លើ​កំពូល​ភ្នំ ទី​ខ្ពស់​ជាង គេ​នោះ​មាន​កំពស់ ៥២៥​ម៉ែត្រ ។ តួ​ប្រាសាទ​សំខាន់​នោះ មាន​ទំហំ ៣៥​ម៉ែត្រ​គុណ​នឹង ៤៥​ម៉ែត្រ ដែល​គេ​គិត​សង្ស័យ​ថា ជា​កន្លែង​រក្សា​ទុក​លិង្គ​អាទិទេព ឈ្មោះ ស្រីសិខៈ រិស្វារៈ ។

បើ​គិត​ពី​ផ្លូវចូល​ពី​ដី​ទំនាប មាន​កាំ​ជណ្តើរ​សម្រាប់​ឡើង​បន្តិច​ម្តង​ៗ​រហូត​ដល់​តួ​ប្រាសាទ​ដែល​នៅ​លើ​កំពូល​ភ្នំ​នោះ​គឺ​មាន​ចម្ងាយ​ទាំង​អស់ ៨០៤​ម៉ែត្រ ដែល​ក្នុង​នោះ គេ​ត្រូវ​ឆ្លងកាត់​ខ្លោង​ទ្វារ​៥ ។

លុះ​ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ បាន​ប្រកាស​ជា​ផ្លូវការ​ទទួលស្គាល់​ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ថា ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ ៕

ប្រភព៖ http://www.rfa.org/khmer/preah-vihear-history/preah-vihear-history5-07312008045031.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: