jump to navigation

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការចរចា​ជាមួយ​ថៃ ខែកក្កដា 30, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-29

មន្រ្តី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​បាន​អំពាវនាវ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​បញ្ឈប់​ការចរចា​ជាមួយ​ថៃ​ក្នុង​ជម្លោះ​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ហើយ​ចង់​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​នេះ​ជា​លក្ខណៈ​អន្តរជាតិ ។

 
AFP Photo
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​មួយ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៧ កក្កដា ២០០៨ ។

ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយពី​មាន​ការចរចា​ជាថ្មី​ទៀត កាលពី​ថ្ងៃ​ច័ន្ទ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ​និង​ថៃ នៅ​ខេត្ត​សៀមរាប ដែល​ពួក​មន្រ្តី​បាន​និយាយ​ថា មាន​ផ្លែផ្កា​ល្អ តែ​ក្រុម​មន្រ្តី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា វា​ជា​ការទាល់ច្រក​និង​ការចាញ់​ប្រៀប ។

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​និង​ជា​នាយក​ក្រុមហ៊ុន​ទេសចរណ៍ ឈ្មោះ អឺរ៉ាស៊ី​ត្រាវែល បាន​មាន​ប្រសាសន៍​ថា វា​ជា​ការចាញ់​ប្រៀប​មួយ​នៅ​ពេល​ដែល​កម្ពុជា​សុខចិត្ត​ចរចា​ជាមួយ​ប្រទេស​មួយ​ដែល​មាន​កម្លាំង​ទ័ព​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​ទៅ​ហើយ​នោះ ៖ «ខ្ញុំ​យល់​ថា អត់​មាន​បាន​លទ្ធផល​អី​ជា​វិជ្ជមាន​សម្រាប់​ឲ្យ​មាន​សុខ​សន្តិភាព ហើយ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​ស្ថានភាព​ដូច​ពី​មុន​ថ្ងៃ​១៥ កក្កដា ទេ ពីព្រោះ​លទ្ធផល​ទាំង​ប៉ុន្មាន​គាត់​និយាយ​ថា ចាំ​គាត់​ទៅ​ជម្រាប​រាជរដ្ឋាភិបាល និង​រាយការណ៍​ជូន​រាជរដ្ឋាភិបាល ។ អ៊ីចឹង បាន​ន័យ​ថា អត់​មាន​បាន​ប្រយោជន៍​អី​ទាំង​អស់ ព្រោះ​រដ្ឋាភិបាល​គេ​មាន​គម្រោង​លុកលុយ​ឈ្លានពាន​ទឹក​ដី​យើង​រួច​ទៅ​ហើយ»

លោក មឿង សុន ក៏​បាន​សម្តែង​មន្ទិល​សង្ស័យ​ដែរ​ថា ការ​ដែល​ថៃ​សុំ​ឲ្យ​មាន​ការចរចា​ទ្វេ​ភាគី​នោះ ក៏​អាច​ជា​កលល្បិច​មួយ​ផង​ដែរ ៖ «ពីព្រោះ​យើង​ដឹង​ហើយ យើង​មើល​ទៅ ជំហរ​ថៃ​គាត់​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ​គាត់ ដោយ​ដក​ទ័ព​ទេ ។ ការដែល​គាត់​ហៅ​ចរចា​ទ្វេ​ភាគី វា​ចំណេញ​ម្យ៉ាង​សម្រាប់​ភាគី​ថៃ​និង​ភាគី​កម្ពុជា​យើង ។ ភាគី​កម្ពុជា​យើង យើង​ចំណេញ​បាន​បង្ហាញ​ពិភពលោក​ឲ្យ​ដឹង​ថា ខ្មែរ​ស្រលាញ់​សន្តិភាព យើង​សុខចិត្ត​ស្រប​តាម​ភាគី​ថៃ​សំណូមពរ ហើយ​ភាគី​ថៃ​គាត់​ចំណេញ​វិញ គាត់​ចង់​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ដែរ​ថា គាត់​មាន​ចេតនា​ចរចា​ជាមួយ​យើង ហើយ​គាត់​មាន​បំណង​ថា គាត់​ចង់​ពន្យារ​ពេល កុំ​ឲ្យ​យើង​ឆាប់​ទៅ​ប្ដឹង​ភ្លាម ដើម្បី​ទុក​ពេលវេលា​ឲ្យ​គាត់​ចំណេញ​នយោបាយ​ជាមួយ​នឹង​ក្រុម​គណបក្ស​ប្រឆាំង ។ អ៊ីចឹង​អាហ្នឹង​ជា​ល្បិចកល​របស់​គេ​ទេ គេ​ចំណេញ​នយោបាយ​របស់​គេ​ទេ»

ក្នុងករណី​នេះ លោក មឿង សុន ក៏​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវតែ​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​នេះ ជា​លក្ខណៈ​អន្តរជាតិ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​មួយ​ដ៏​មាំទាំ​បាន ៖ «គឺ​យើង​ចំណេញ​ពីរ​យ៉ាង​ធំ ។ ទីមួយ គឺ​យើង​ត្រូវ​យក​ផែនទី​សម័យ​អាណានិគម​បារាំង ឆ្នាំ​១៩០៤, ១៩០៧ ហើយ​និង​តុលាការ​ក្រុង​ឡាអេ ជា​មូលដ្ឋាន ចាប់​វាស់​ឡើង​វិញ​ទាំងអស់​នូវ​ព្រំ​ប្រទល់​ជាមួយ​ថៃ ។ អ៊ីចឹង យើង​ត្រូវ​ចំណេញ​ដី​និង​កោះ​ថែម​ទៀត ។ ខ្ញុំ​ជឿ​ថា ពេល​យើង​កើត​សង្គ្រាម​ស៊ីវិល​និង​សម័យ​ខ្មែរ​ក្រហម និង​សម័យ​លន់​នល់ គឺ​ពួក​ប្រទេស​អស់​ហ្នឹង ឈ្លានពាន​ដី​យើង​ច្រើន​ណាស់ អ៊ីចឹង បើ​កាលណា​ជ្រុល​បាន​ប្ដឹង​ហើយ យើង​ត្រូវ​តែ​ឲ្យ​អន្តរជាតិ​សើរើ​ព្រំ​ប្រទល់​ខ្មែរ​យើង​វិញ​ទាំង​អស់ គឺ​អ្វី​ដែល​បារាំង​បាន​គូស​ទុក​ឲ្យ​ជាមួយ​នឹង​ភាគី​ថៃ​ហ្នឹង ។ ចំណេញ​ទី​ពីរ គឺ​យើង​ចំណេញ​ទាំង​នយោបាយ គឺ​យើង​ឲ្យ​ថៃ​ដឹង​ថា ខ្លួន​ឯង​ជា​ប្រទេស​មួយ​ដែល​រំលោភ​ទៅ​លើ ទាំង​យូណេស្កូ ផង ទាំង​អង្គការ​សហ​ប្រជាជាតិ​ទៀត»

ដូចគ្នា​នេះ​ដែរ​លោក រ៉ុង ឈុន មេដឹកនាំ​នៃ​ក្រុម​ឃ្លាំមើល​កម្ពុជា បាន​ថ្លែង​ថា ការចរចា​របស់​កម្ពុជា​ជាមួយ​ប្រទេស​ថៃ​នោះ​គឺ​បង្ហាញ​ពី​ភាព​អាម៉ាស់​និង​អន់​ខ្សោយ​ខាង​ការទូត​មួយ​របស់​ខ្មែរ​ដែល​បាន​ធ្វើតប​នឹង​ប្រទេស​ដែល​ឈ្លានពាន​ខ្លួន ៖ «ពេល​វេលា​នេះ​ហើយ យើង​មិន​ចាំបាច់​ចរចា​ជាមួយ​ភាគី​សៀម​ទេ ពីព្រោះ​ចោរ​គេ​មក​ឈ្លានពាន​យើង​ហើយ យើង​ទៅ​បន្ទន់​ឥរិយាបថ​ទៅ​ចរចា​ជាមួយ​ចោរ គឺ​យើង​អន់​មែនទែន»

លោក រ៉ុង ឈុន ក៏​យល់​ដូចគ្នា​ដែរ​នឹង​ការលើក​ឡើង​របស់​លោក មឿង សុន ដែល​ថា ការ​ដោះស្រាយ​វិបត្តិ​នេះ​ត្រូវ​តែ​ធ្វើឡើង​ដោយ​អង្គការ​សហប្រជាជាតិ ៖ «ចំពោះ​ក្រុមប្រឹក្សា​ឃ្លាំ​មើល ក៏​ដូចជា​ខ្លួន​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ រឹងមាំ យក​ផល​ប្រយោជន៍​ជាតិ​ជា​ធំ គឺ​ឈរ​ទៅ​លើ​សន្ធិសញ្ញា​បារាំង​-សៀម ឆ្នាំ​១៩០៤, ១៩០៧ ហើយ​ឈរ​លើ​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ ឈរ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ដែល​មាន​ប្រទេស​ហត្ថលេខី​ចំនួន ១៩ រួម​ជាមួយ​នោះ មាន​មហាអំណាច​ធំៗ ហើយ​ប្រទេស​ជាប់​ប្រទេស​យើង​ហ្នឹង​ក៏​ជា​ហត្ថលេខី គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​ឈរ​ឲ្យ​រឹង​មាំ ប្រកាន់​ជំហរ​ឲ្យ​ច្បាស់លាស់ ហើយ​ស្នើ​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ»

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក ធន សារាយ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​សម្តែង​ទស្សនៈ​ថា ការចរចា​ទ្វេភាគី​ក៏​អាច​ជា​រឿង​ល្អ​ម្យ៉ាង​ដែរ ប៉ុន្តែ​ត្រូវ​តែ​ធ្វើ​ដោយ​តម្លាភាព ភាព​ម៉ឺងម៉ាត់ ក្នុង​ការគោរព​សមភាគី​និង​ការគោរព​សន្ធិសញ្ញា​និង​អនុសញ្ញា​ព្រំដែន​និង​ច្បាប់​អន្តរជាតិ​នានា​ដែល​ធ្លាប់​មាន​រួច​មក​ហើយ ។

លោក ធន សារាយ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ការចរចា​វា​ជា​ការមួយ​ល្អ​ដែ ព្រោះ​ថា កុំ​ឲ្យ​បាក់​មុខ​ទាំង​សង​ខាង ព្រោះ​ប្រទេស​យើង​ជិត​ខាង​គ្នា ត្រូវការ​រស់​នៅ​ជាមួយ​គ្នា រាប់​រយ​រាប់​ពាន់​ឆ្នាំ​ទៅ​មុខ​ទៀត ប៉ុន្តែ​ត្រង់​ថា ការយល់ព្រម​មក​អង្គុយ​តុ​ចរចា​គ្នា​នេះ តើ​ភាគី​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​ថា លោក​ចង់​សើរើ​ព្រំដែន​ដែល​មាន​ការឯកភាព​គ្នា​រួច​ហើយ ឬ​មួយ​ក៏​លោក​គ្រាន់​តែ​យល់​ថា យើង​ត្រូវការ​ជជែក​គ្នា​លំអិត​នូវ​ការបោះ​បង្គោល​ថ្មី​ទៅ​លើ​ព្រំដែន​ដែល កាល​ឆ្នាំ​១៩៦២ ទទួល​ស្គាល់​បន្ថែម​ទៀត​ដោយ​តុលាការ​ក្រុង​ឡាអេ​នេះ [ឬ​យ៉ាង​ណា]»

គួរ​បញ្ជាក់​ថា ជម្លោះ​ព្រំដែន​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​បាន​កើត​មាន​ឡើង ក្រោយ​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​ពី​ការចូល​ឈ្លានពាន​របស់​ថៃ ជាពិសេស គឺ​ការចូល​កាន់កាប់​ទឹកដី​នៃ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ហៅវត្ត​ប្រាសាទ​ព្រះវិហារ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រទេស​ថៃ​បាន​ប្រឆាំង​ជំទាស់​ជា​យូរ​មក​ហើយ ។

ក្រោយពី​ការលុកលុយ​នោះ​កម្ពុជា​បាន​ធ្វើការ​ចរចា​ជាមួយ​ថៃ​ជា​លើក​ដំបូង នៅ​ស្រុក​អារញ្ញ ប្រទេស​ថៃ​ម្តង​រួច​មក​ហើយ​តែ​មិន​បាន​លទ្ធផល​ឡើយ ដែល​នាំ​ឲ្យ​កម្ពុជា​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍ ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ប៉ុន្តែ​ប្រទេស​ថៃ​បាន​សុំ​ឲ្យ​មាន​ការចរចា​ទ្វេ​ភាគី​ជា​ថ្មី​ទៀត ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​សម្រេច​ព្យួរ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​សិន ។

ការចរចា​ចុងក្រោយ​នៅ​ខេត្ត​សៀមរាប​នោះ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​នោះ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ថា​ធ្វើ​ឡើង​នៅ​ពេលណា​ឡើយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/ngos-urge-govt-to-stop-bilateral-talks-07292008093223.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: