jump to navigation

ស្ថានភាព​ប្រឈមមុខ​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ​នៅ​តំបន់​ព្រះវិហារ​នៅ​តានតឹង​ដដែល ខែកក្កដា 29, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-29

ទន្ទឹម​ដែល​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ខ្មែរ​និង​ថៃ ជួប​ប្រជុំគ្នា​ដោះស្រាយ​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ នៅ​ខេត្ត​សៀមរាប អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​រាយការណ៍​ឲ្យ​ដឹង​ថា ការប្រឈមមុខ​នៃ​កងទ័ព​ខ្មែរ​និង​ថៃ នៅ​មាន​សភាព​តានតឹង​ជា​ដដែល ហើយ​នៅ​ពុំទាន់​បាន​ទទួល​បញ្ជា​ឲ្យ​ដកទ័ព ចេញ​ពី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ឬ​វត្ត​ប្រាសាទ​ព្រះវិហារ នៅ​ឡើយ​ទេ ។


RFA Photo/Savyuth
ទាហាន​ខ្មែរ​ត្រៀម​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​ទី​១៨ កក្កដា ២០០៨ ខណៈ​ដែល​ការប្រឈម​មុខ​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​ឈាន​ចូល​ដល់​ថ្ងៃ​ទី៤ហើយ។

សំ បូរិន្ទ ៖ ភាព​តឹងតែង​នៅ​តំបន់​ព្រះវិហារ ដោយ​ការឈ្លានពាន​នៃ​ទាហាន​ថៃ​មក​លើ​អធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា បាន​ឈាន​ចូល​ថ្ងៃ​ទី​១៣ នៅ​ថ្ងៃ​នេះ ហើយ​វិទ្យុ​អាស៊ីសេរី បាន​បញ្ជូន​អ្នក​យក​ព័ត៌មាន​ទៅ​ប្រចាំការ ទាំង​ខាង​ក្នុង​ប្រទេស​ថៃ និង​ពី​ខាង​ក្នុង​ប្រទេស​កម្ពុជា ។ នៅក្នុង​ឱកាស​នេះ ខ្ញុំ​បាន​អញ្ជើញ​លោក សាវ​យុត ដើម្បី​ជម្រាប​អំពី​ស្ថានភាព​ចុងក្រោយ​នៅ​តំបន់​ព្រះវិហារ​នោះ តើ​យ៉ាងម៉េច​ហើយ?

សាវយុត ៖ បាទ សូម​ជម្រាប​ថា ស្ថានភាព​កងទ័ព​កម្ពុជា ហើយ​និង​ថៃ​នោះ គឺ​នៅ​មាន​សភាព​តានតឹង​ដដែល មិន​មាន​អ្វី​ផ្លាស់ប្ដូរ​ទេ ដោយឡែក​គ្រាន់តែ​កងទ័ព​ថៃ​មិន​បាន​បញ្ជូន​គ្នា មក​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​វត្តមាន​កងទ័ព​ដែល​នៅ​មាន​វត្តមាន​នៅក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ដែល​ជា​ទឹកដី​ខ្មែរ​នោះ នៅ​មាន​វត្តមាន​ប្រមាណ​ជាង ៦០០​នាក់​នៅ​ឡើយ ហើយ​រីឯ​កងទ័ព​ប៉ារ៉ា​ថៃ ដែល​ចូល​នៅក្នុង​ខ្សែ​ត្រៀម​ទី​១ ត​ទល់​គ្នា​ជាមួយ​នឹង​កងទាហាន​ខ្មែរ​ហ្នឹង គឺ​មាន​ចំនួន​ប្រមាណ​ជា ៧០០​នាក់​នៅ​ឡើយ​ទេ គឺ​ចំនួន​នេះ នៅស្ថិត​ក្នុង​ភាព​តានតឹង ហើយ​នៅតែ​ប្រឈមមុខ​គ្នា​នៅ​ឡើយ ។

សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំ​បាន​ទទួល​រូបថត​ជា​ច្រើន ហើយ​រូបភាព​ទាំង​នោះ មាន​រួម​ទាំង​រូបភាព ដូច​ជា​ជនជាតិ​អឺរ៉ុប ឬ​ក៏​មាន​ជនជាតិ​អាស៊ី ដូចជា​ខាង​វៀតណាម ឬ​លាវ​ផង​ដែរ តើ​រូប​ទាំង​អស់​ហ្នឹង បង្ហាញ​យ៉ាង​ម៉េច?

សាវយុត ៖ សូម​ជម្រាប​ថា នៅឯ​បន្ទាត់​ព្រំដែន ខេត្ត​ព្រះវិហារ​ខ្មែរ​ថៃ​ហ្នឹង គឺ​មន្រ្តី​យោធា​ថៃ បាន​អញ្ជើញ​មន្រ្តី​អម​ស្ថាន​ទូត​បរទេស ចំនួន ១១​ប្រទេស ចូល​មក​កាន់​បន្ទាត់​ព្រំដែន ខ្មែរ​-ថៃ ប្រាកដ​ដូចជា​លោក​មាន​ប្រសាសន៍​ថា មាន​ដូចជា​មន្រ្តី​បរទេស គឺ​ដូច្នោះ​មែន យើង​បាន​ជួប​ជាមួយ​នឹង​មន្រ្តី​អម​ស្ថានទូត​យោធា​អាល្លឺម៉ង់ ហើយ​គាត់​បាន​បញ្ជាក់​ថា គាត់​បាន​មក​កាន់​ទីនេះ ដើម្បី​ត្រួត​ពិនិត្យមើល ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ​-ថៃ ដោយសារ​តែ​យោធា​ថៃ មាន​ការទទូច​សុំ​ឲ្យ​ពួកគាត់​អញ្ជើញ​មក​ជាមួយ​នឹង​មន្រ្តី​យោធា អម​ស្ថានទូត ចំនួន ១០​ប្រទេស​ផ្សេង​ទៀត ហើយ​ក្នុង​នោះ ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​មន្រ្តី​យោធា​អម​ស្ថានទូត​លាវ ស្ថានទូត​វៀតណាម ស្ថានទូត​កាណាដា ហើយ​និង​ឥណ្ឌូណេស៊ី រួមជាមួយ​នឹង​សិង្ហបុរី គឺ​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក ដោយសារ​តែ​ពួកខ្ញុំ​បាន​រុកចូល​ពី​ព្រំដែន​ខ្មែរ​ហ្នឹង ឆ្ពោះ​ទៅកាន់​បន្ទាត់​ព្រំដែន​ថៃ ដោយ​មិន​មាន​វត្តមាន​អ្នក​សារព័ត៌មាន​ខ្មែរ ឬ​កងទ័ព​ខ្មែរ ចូល​ទៅកាន់​ទីនោះ​ទេ ។

សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំ​បាន​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក​ពី​ម្សិលមិញ ខ្ញុំ​គិត​ថា​ជា​សេនានុព័ន្ធ​យោធា​ប្រចាំ​ស្ថានទូត​អាល្លឺម៉ង់ ។ តើ​ទីកន្លែង​នៃ​ទស្សនកិច្ច​របស់​ក្រុម​សេនានុព័ន្ធ​យោធា​ទាំងអស់​ហ្នឹង នៅ​ម្ដុំ​ណា? តើ​ជា​កន្លែង​ក្នុង​ទឹកដី​ខាង​ថៃ ឬ​ក៏​ក្នុង​ទឹកដី​ខាង​កម្ពុជា?

សាវយុត ៖ កន្លែង​ដែល​មន្រ្តី​យោធា​អម​ស្ថានទូត​មក​នេះ គឺ​ត្រូវ​បាន​កំណត់​តំបន់​ប្រទាញ​ប្រទង់​គ្នា​នៅ​ឡើយ ក៏​ប៉ុន្តែ​យោងតាម​ផែនទី​ខ្មែរ ពី​ឆ្នាំ​១៩៦២​នោះគេ​បាន​អះអាង​ថា ជា​ទឹកដី​ខ្មែរ ក៏​ប៉ុន្តែ​រហូតដល់​ពេល​នេះ ខាង​ទាហាន​ថៃ បាន​អះអាង​ថា ជា​ទឹកដី​របស់​ថៃ​ទៅ​ហើយ ហើយ​កងទ័ព​ខ្មែរ​និង​កងទ័ព​ថៃ បាន​ចាត់ទុក​តំបន់​នេះ គឺ​ជា​តំបន់​ស្រួច ហើយ​កងទ័ព​ខ្មែរ មិន​មាន​វត្តមាន​នៅ​ទីនោះ​ទេ ។ ហើយ​តំបន់​នេះ មាន​ចម្ងាយ​ប្រមាណ ១៥០​ម៉ែត្រ​ពី​ច្រកទ្វារ​ចូលមក​កាន់​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ ។

សំ បូរិន្ទ ៖ បើ​សិនជា​ខ្ញុំ​ស្ដាប់​មិន​ច្រឡំ​ទេ យោងតាម​សេចក្ដី​សម្រេច​នៃ​តុលាការ​ក្រុង​ឡាអេ ឆ្នាំ​១៩៦២ កន្លែង​ដែល​ពួក​ក្រុម​សេនានុព័ន្ធ​យោធា ដែល​ខាង​ទាហាន​ថៃ ដឹកនាំ​មក​កាលពី​ម្សិលមិញ​នេះ ស្ថិត​នៅ​ក្នុង​តំបន់​ដែនដី​ខ្មែរ អ៊ីចឹង​មែន​ទេ?

សាវយុត ៖ បាទ បើ​យោងតាម​ផែនទី​ឆ្នាំ​១៩៦២ កន្លែង​នេះ​គឺ​ជា​ដែនដី​ខ្មែរ ក៏​ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​នេះ វា​មាន​ចម្ងាយ​ប្រមាណ​តែ ៥០​ម៉ែត្រ ពី​ផ្លូវជាតិ​ថៃ ដែល​ផ្លូវ​ហ្នឹង​ចូល​មក​ដល់​តំបន់​នោះ​ទៅ​ហើយ ។

សំ បូរិន្ទ ៖ សូម​លោក​អញ្ជើញ​ពិពណ៌នា​ជាថ្មី​ឡើង​វិញ អំពី​អ្វី​ដែល​លោក​បាន​ជួបផ្ទាល់​ជាមួយ​ក្រុម​ទាហាន​ថៃ ទាំង​ជាមួយ​ក្រុម​ទាហាន​ខ្មែរ អំពី​អារម្មណ៍​របស់​ពួកគេ​ដែល​ត្រូវ​បញ្ជូន​ឲ្យ​ទៅកាន់​ទីនោះ?

សាវយុត ៖ កងទាហាន​ខ្មែរ​ជាច្រើន​ស្ថិត​នៅ​ក្នុង​សភាព​ហេវហត់ ដោយសារ​តែ​ស្បៀង​អាហារ​មិន​គ្រប់គ្រាន់ ហើយ​ពេល​ខ្លះ គាត់​ប្រឈមមុខ​ទៅនឹង​បញ្ហា​ជំងឺ​រាក ដោយសារ​តែ​ចំណី​អាហារ ឬ​ក៏​ទឹក​មិន​ស្អាត ក៏​ប៉ុន្តែ គាត់​បាន​បង្ហាញ​ថា ទោះ​យ៉ាង​ណា​ក៏​ដោយ គាត់​បាន​គិត​រួច​ជាស្រេច​ថា គាត់​នឹង​លះបង់​ជីវិត ដើម្បី​ការពារ​ទឹកដី​នេះ ឲ្យ​បាន​គង់វង្ស ហើយ​គាត់​នឹង​មិន​ខ្លាច​សង្រ្គាម​ទេ នៅពេល​ណា​ដែល​មាន​បទបញ្ជា​ថា ឲ្យ​បណ្ដេញ​ជន​បរទេស ចូល​មក​លុកលុយ​នៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ ។ តែ​ដោយឡែក ក្រុម​ទាហាន​ថៃ និយាយ​ជា​ភាសា​ខ្មែរ​បាន​ខ្លះ ហើយ​គាត់​និយាយ​ជា​ភាសា​ថៃ​នោះ គាត់​បាន​ប្រាប់​ថា គាត់​មិន​ចង់​ធ្វើ​សង្រ្គាម​ជាមួយ​នឹង​កង​ទាហាន​ខ្មែរ​ទេ ហើយ​គាត់​ថា គាត់​មក​ទីនេះ ដោយសារ​តែ​មេ​របស់​គាត់​តម្រូវ​ឲ្យ​មក ហើយ​បើ​សិន​ជា​មាន​ការឲ្យ​វិល​ត្រឡប់​ទៅវិញ​ឆាប់​ៗ គាត់​មាន​ការត្រេក​អរ​ច្រើន ពីព្រោះ​គាត់​ចង់​ជួប​ប្រពន្ធ​និង​កូន ហើយ​ទៅ​ធ្វើ​ស្រែ​ចម្ការ​វិញ ។

សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំ​គិត​ថា ប្រហែល​ជា​លោក​អាច​សាកសួរ​បាន​ខ្លះ ចំពោះ​ការចេះ​ដឹង​ពី​ពេល​មុន​មក ។ តើ​ពួក​ទាហាន​ថៃ​ទាំងនោះ​ដឹង​ថា ជា​ទឹកដី​កម្ពុជា​ទេ?

សាវយុត ៖ យើង​សាកសួរ​កង​ទាហាន​ខ្លះ ឆ្លើយ​ដោយ​ភ័យខ្លាច ដោយសារ​តែ​ក្នុង​ចំណោម​ទាហាន ដែល​បញ្ជូន​មក​ហ្នឹង គឺ​មាន​ប្រមាណ​ជា ២០​% ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន ខ្លះ​អាច​និយាយ​ច្រើន ហើយ​ទាហាន​ថៃ ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​នោះ គេ​តែងតែ​លប​មើល​ទៅ​កង​ទាហាន​ថៃ ដែល​មិន​ចេះ​ខ្មែរ ប៉ុន្តែ​គេ​បាន​ប្រាប់​ថា គេ​ដឹង​ថា​ជា​ទឹកដី​ខ្មែរ​ហើយ ហើយ​គេ​មិន​ចង់​ប្ដូរ​ជីវិត​នៅលើ​ទឹកដី​ខ្មែរ​ទេ ។ គេ​បាន​ប្រាប់​ទាហាន​ខ្មែរ​ទៀត​ថា បើ​សិន​ជា​មាន​ការបញ្ជា​ឲ្យ​បាញ់​អី គឺ​សូម​ឲ្យ​ប្រាប់​គេ​មុន​ផង ដើម្បី​ឲ្យ​គេ​គេច​ខ្លួន​ចេញ​ពី​តំបន់​នេះ វិល​ត្រឡប់​ទៅ​ប្រទេស​គេ ហើយ​បើ​មិន​ដូច្នោះ​ទេ ក្នុង​ស្ថានភាព​ណា​មួយ​តានតឹង​នោះ គឺ​សូម​ទុក​ជីវិត​គេ ដោយ​គេ​សុខចិត្ត​បក​ខោ​អាវ​ទាហាន​ថៃ​ចេញ បោះ​កាំភ្លើង​ចោល គេ​សុខចិត្ត​រត់​ចូល​មក​ទឹកដី​ខ្មែរ ជា​បណ្ដោះ​អាសន្ន​សិន ដើម្បី​ឲ្យ​រួច​ជីវិត ។

សំ បូរិន្ទ ៖ មាន​ន័យ​ថា អស់​លោក​ទាំង​អស់​នោះ ក៏​បាន​ជ្រួតជ្រាប​នូវ​ប្រវត្តិ​ដែល​ថា​ជា​ទឹកដី​ខ្មែរ ផង​ដែរ អ៊ីចឹង​ទេ? សាវយុត ៖ បាទ ។

សំ បូរិន្ទ ៖ ចំណុច​មួយ​ទៀត ដែល​លោក​ទើប​មាន​ប្រសាសន៍​អម្បាញ់មិញ ទាក់ទង​នឹង​ភាព​ហេវហត់​អស់​កម្លាំង​កាយ ។ មក​ទល់​ពេល​នេះ តើ​លោក​បាន​កត់សម្គាល់​ឃើញ​ថា មាន​ជំនួយ​ផ្សេង​ៗ ពី​សប្បុរស​ជន​មក​ដល់​កន្លែង​ហ្នឹង​ហើយ ឬ​នៅ?

សាវយុត ៖ បើ​តាម​សង្កេត​ឃើញ​មាន​ជំនួយ​ជា​ហូរហែ​ទៅ​ដែរ ក៏​ប៉ុន្តែ និយាយ​ឲ្យ​ចំ​ទៅ គឺ​មាន​តែ​របស់​ក្រៀម ដូចជា មី​កញ្ចប់ ហើយ​និង​ត្រី​ខ​កំប៉ុង ។ ចំណុច​មួយ​ទៀត គឺ​យើង​ឃើញ​ថា ចាប់ផ្ដើម​ដំបូង ដែល​កង​ទាហាន​មក ខ្លះ​ស្លៀក​អាវ​ទាហាន ខោ​ស៊ីវិល អង្គុយ​ឱប​កាំភ្លើង​នៅ​កណ្ដាល​ភ្លៀង អត់​មាន​សំពត់​ភ្លៀង​អី ឥឡូវ​នេះ មន្រ្តី​ក្រសួង​ការពារ​ជាតិ បាន​ចែក​សម្លៀក​បំពាក់​ថ្មី ឲ្យ​ទាហាន​ហើយ ហើយ​និង​សំពត់​កៅស៊ូ​អី​ហ្នឹង ត្រូវ​បាន​សប្បុរស​ជន បាន​ផ្ដល់​ឲ្យ​ដែរ គឺ​មិន​ឲ្យ​មាន​សភាព​ដូច​ពីមុន​ពិបាក​មើល​នឹង​ភ្នែក​នោះ​ទេ

http://www.rfa.org/khmer/indepth/thai-khmer-standoff-remains-tense-07292008080006.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: