jump to navigation

កម្ពុជា​នៅ​តែ​ម៉ឺងម៉ាត់​ក្នុង​ការដោះស្រាយ​ជម្លោះ​ជាមួយ​ថៃ ខែកក្កដា 28, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-25

ប្រទេស​កម្ពុជា​នៅតែ​បង្ហាញ​ភាព​ម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈមមុខ​គ្នា​នៅ​តំបន់​ព្រះវិហារ ដោយ​សន្តិវិធី​និង​តាម​ផ្លូវ​ច្បាប់ ។

 
AFP Photo
មន្ត្រី​អ្នក​នាំ​ពាក្យ​នៃ​រាជ​ដ្ឋាភិបាល​កម្ពុជា លោក ខៀវ កាញារីទ្ធ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​២៤ កក្កដា ២០០៨ នៅ​ឯ​ក្រសួង​ព័ត៌មាន​ក្នុង​ទីក្រុង​ភ្នំពេញ ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​ជម្រាប​សន្និសីទ​កាសែត​ពី​ម្សិលមិញ​ថា ក្នុង​ពេល​ភ្លាម​ៗ​នេះ កម្ពុជា​ចង់​ឃើញ​ស្ថានភាព​នៅ​តំបន់​ព្រះវិហារ​មាន​សភាព​ដើម​ដូច​មុន​ថ្ងៃ​១៥ កក្កដា សិន ហើយ​បន្ត​ធ្វើការ​ជាមួយ​គ្នា ។

លោកថា កម្ពុជា​អាច​នឹង​នាំ​បញ្ហា​នេះ ទៅ​តុលាការ​អន្តរជាតិ​ជា​ថ្មី​ទៀត ៖ «យើង​ចង់​ឲ្យ​សកម្មភាព​មាន​សភាព​ដូច​មុន​ថ្ងៃ​១៥ កក្កដា ហើយ​បន្ទាប់​មក បើ​មាន​ការព្រមព្រៀង​គ្នា​លើ​ចំណុច​នេះ​ហើយ គណៈកម្មាធិការ​គូស​ព្រំដែន នឹង​បន្ត​គូស​ទៅ​ទៀត ។ កន្លង​មក យើង​ចង់​បង្កើន​ល្បឿន អ៊ីចឹង យើង​គូស​កន្លែង​ណា​ដែល​គ្មាន​ទំនាស់​សិន វាស់​កន្លែង​ហ្នឹង​ឲ្យ​ហើយ​ៗ​ទៅ ហើយ​បោះ​បង្គោល ឯ​កន្លែង​ណា​មាន​ទំនាស់​ទុក​ធ្វើ​នៅ​ពេល​ក្រោយ ។ ហើយ​ខ្ញុំ​បាន​និយាយ​ហើយ​ថា យើង​អាច​ឈាន​រហូត​ទៅ​ដល់​តុលាការ​អន្តរជាតិ​ម្ដង​ទៀត … ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​បញ្ជៀស​ការប៉ះ​ទង្គិច​ដោយ​អាវុធ»

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​សម្ដែង​ការសោកស្តាយ​ដែល​ថា គោលជំហរ​និង​ឥរិយាបថ​យោគយល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​ស្ថានការណ៍​នយោបាយ​នៅ​ថៃ បែរជា​ត្រូវ​បាន​រាជរដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន ឆ្លៀត​ឱកាស​កេង​យក​ផល​ចំណេញ​ដើម្បី​ចង់​កាន់កាប់​យក​ទឹកដី​កម្ពុជា​ទៅវិញ ។

លោក ខៀវ កាញារីទ្ធ ថ្លែង​បន្ថែម​ដូច្នេះ​ថា ៖ «យើង​មាន​ការសោកស្ដាយ​ដែល​នាយក​រដ្ឋមន្ត្រី​ថៃ ដំបូង​យើង​យោគយល់​គាត់ គឺ​គាត់​ត្រូវ​គណបក្ស​ប្រឆាំង​ចោទ​គាត់​ថា​ក្បត់​ជាតិ អ៊ីចឹង​គាត់​ត្រូវ​តែ​បង្ហាញ​សាច់ដុំ​ខ្លះ ដើម្បី​ឲ្យ​ប្រជាជន​ឃើញ​ថា គាត់​មិន​មែន​អ៊ីចឹង​ទេ ប៉ុន្តែ​ដល់​គាត់​បង្ហាញ​យូរ​ទៅ គាត់​ចង់​យក​មែន​ទែន ។ យើង​បាន​សួរ​គាត់ ហើយ​កន្លង​មក យើង​មិន​បាន​ប្រើ​ពាក្យ​ការរំលោភ​បំពាន​លើ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​របស់​យើង​ទេ ដោយសារ​ថា យើង​ដឹង​ពី​ការលំបាក​របស់​គាត់ ប៉ុន្តែ​យើង​ឃើញ​ថា មិន​អ៊ីចឹង វា​បែរ​ជា​មាន​ការប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ​ការកាន់កាប់​នេះ​ក្លាយ​ជា​អចិន្ត្រៃយ៍ ជា​ការកាន់កាប់​ស្របច្បាប់​មួយ ដែល​គេ​ហៅ​ថា De Facto គឺ​មិន​អាច​ទៅ​រួច​បាន​ទេ»

នៅក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ម្សិលមិញ​នេះ លោក ខៀវ កាញារីទ្ធ ក៏​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ថៃ មិន​អាច​យក​ផែនទី​នៃ​ព្រំ​ប្រទល់​ដែន​រវាង​កម្ពុជា​និង​ថៃ ដែល​ខ្លួន​បាន​គូស​ក្រោយ​ការសម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅឆ្នាំ​១៩៦២ ដែល​ពេល​នោះ​បារាំង​ជា​អ្នក​កំណត់​ផែនទី​នៃ​ប្រទេស​ទាំងពីរ​ហើយ​នោះ ដើម្បី​ទាមទារ​យក​ដែន​ដី ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​នោះ​ទេ ។

លោក​ថា អំពើ​នេះ គឺ​ជា​ការរំលោភ​បូរណភាព​ដែនដី​និង​អធិបតេយ្យ​របស់​កម្ពុជា ៖ «កន្លង​មក យើង​ឃើញ​សារ​របស់​គាត់​ៗ​ថា វត្ត​ហ្នឹង​ស្ថិត​ក្នុង​ដី​ថៃ ប៉ុន្តែ​គាត់​អត់​មាន​អាង​លើ​អ្វី​សោះ ពីព្រោះ​ដែល​គាត់​ចាញ់​យើង​គឺ​នៅ​ត្រង់​ផែនទី​ហ្នឹង​ហើយ ដែល​គាត់​បាន​ទទួល​ស្គាល់ ។ ផែនទី​នេះ​ថ្វី​ត្បិត​តែ​ថៃ​បាន​ចូលរួម​គូស ប៉ុន្តែ​ថៃ​បាន​ទទួល​ស្គាល់​យក​ផែនទី​នេះ ប្រើប្រាស់​ជា​ផ្លូវការ នៅ​ពេល​ដែល​យើង​បញ្ជូន​ផែនទី​នេះ​ទៅ​ថៃ មិន​ត្រឹម​តែ​យក​ប្រើ​ផ្លូវការ​ទេ ថៃ​បាន​សុំ​មក​អាជ្ញាធរ​បារាំង សុំ​ផែនទី​ហ្នឹង​បន្ថែម​ទៀត​ដើម្បី​យក​ទៅ​ប្រើប្រាស់ ដូច្នេះ​តាំងពី​ឆ្នាំ​១៩០៧ នេះ​គឺ​ជា​ផែនទី​ផ្លូវការ ។ ចំណែក​ដែល​គាត់​ចាញ់​ព្រះវិហារ​ហើយ ទើប​គាត់​គូស​ផែនទី​មួយ​ទៀត ជា​ផែនទី​ដែល​គាត់​គូស​ដោយ​ខ្លួន​គាត់ ។ ធម្មតា កាលណា​យើង​និយាយ​អំពី​ព្រំដែន គឺ​យើង​និយាយ​ពី​ប្រទេស​២ ឬ​ប្រទេស​៣​ហើយ អ៊ីចឹង​ព្រំដែន​ត្រូវ​មាន​ការឯកភាព​រវាង​ប្រទេស​ទាំង​ពីរ​ទើប​យើង​ហៅថា ជា​ព្រំដែន ។ ការឯកភាព​នេះ ពិតមែន​តែ​ពី​មុន​គូស​ដោយ​បារាំង​មែន ប៉ុន្តែ​ពេល​ដែល​បារាំង​ចេញ​ពី​ស្រុក​ខ្មែរ នៅ​ពេល​ខ្មែរ​បាន​ឯករាជ្យ បារាំង​បាន​ផ្ទេរ​អំណាច​ទាំងអស់​និង​សិទ្ធិ​ទាំងអស់​មក​ឲ្យ​កម្ពុជា ដូច្នេះ​កម្ពុជា​គឺ​ទទួល​បន្ត​កេរ​ដំណែល​នៃ​ផែនទី​នេះ​មក»

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​ថៃ​ជំនាន់​មុន  ក៏​ដូចជា​រដ្ឋាភិបាល​វៀតណាម​និង​លាវ ដែល​ជា​ប្រទេស​ជិត​ខាង តែងតែ​បង្ហាញ​នូវ​សុច្ឆន្ទៈ​យោគយល់​គ្នា​ទៅវិញ​ទៅមក​ជាមួយ​រាជរដ្ឋាភិបាល​ខ្មែរ ក្នុង​ការដោះស្រាយ​បញ្ហា​ខ្សែ​បន្ទាត់​ព្រំដែន​រួមគ្នា ហើយ​ថែមទាំង​បាន​ព្រមព្រៀង​ថា នឹង​ធ្វើការ​ពិនិត្យ​និង​គូស​បន្ទាត់​ខ្សែ​ព្រំដែន​គោក​មុន រួច​បន្ត​ធ្វើ​ព្រំដែន​សមុទ្រ ជាក្រោយ​ទៀត ៕

ប្រភព៖ http://www.rfa.org/khmer/indepth/cambodia-remains-firm-on-dispute-with-thais-07252008042433.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: