jump to navigation

ស្ថានភាព​នៅ​ប្រាសាទ​ព្រះវិហារ​នាថ្ងៃ​២០ កក្កដា ២០០៨ ខែកក្កដា 22, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-20

ស្ថានភាព​បញ្ជូន​កម្លាំង​យោធា​ពី​ភាគី​ខ្មែរ​និង​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ នៅ​តែ​បន្ត នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨​នេះ ។

 
RFA Photo/Savyuth
ទាហាន​ខ្មែរ​ត្រៀម​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​ទី​១៨ កក្កដា ២០០៨ ខណៈ​ដែល​ការប្រឈម​មុខ​គ្នា​រវាង​ទាហាន​ខ្មែរ​និង​ទាហាន​ថៃ​ឈាន​ចូល​ដល់​ថ្ងៃ​ទី៤ហើយ។

ម៉ាយ៉ារិទ្ធិ ៖ លោក សាវយុត តើ​ស្ថានការណ៍​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ហ្នឹង មាន​ស្ថានភាព​យ៉ាងម៉េច​ដែរ​ទៅ?

សាវយុត ៖ សូម​ជម្រាប​ថា ស្ថានការណ៍​នៅឯ​ខ្នង​ភ្នំ​ខេត្ត​ព្រះវិហារ នៅ​តំបន់​វត្ត​ខ្មែរ ដែល​ទាហាន​ថៃ ចូល​កាន់កាប់​ហ្នឹង រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ស្ថានការណ៍​អី​ធូរស្រាល​នៅ​ឡើយ​ទេ គ្រាន់តែ​កងកម្លាំង​ទាំង​សង​ខាង​ហ្នឹង មិន​ទៅ​ប្រឈមមុខ​ជិតដិត​នឹង​គ្នា​តែ​ប៉ុណ្ណោះ ហើយ​ដាក់​ខ្សែ​ត្រៀម​រៀង​ៗ​ខ្លួន ។ ក្រៅពី​នោះ ឃើញ​ថា កង​ទាហាន​ថៃ​នៅតែ​ព្យាយាម​បញ្ជូន​កងកម្លាំង​ចូល​មក​ជា​រៀង​រាល់​ថ្ងៃ ។

ម៉ាយ៉ារិទ្ធិ ៖ តើ​មាន​សេចក្ដី​រាយការណ៍​ពិត​ប្រាកដ​ថា ចំនួន​ទាហាន​ថៃ ប៉ុន្មាន​ដែរ​ឬ​ទេ បើ​តាម​សេចក្ដី​រាយការណ៍​ពី​ប្រទេស​ថៃ តាម​សារព័ត៌មាន បាន​ឲ្យ​ដឹង​ថា មាន​ចំនួន ៣​ពាន់​នាក់ ។ តើ​លោក​អាច​បញ្ជាក់​ថា ជា​ការពិត​ដែរ​ឬ​ទេ?

សាវយុត ៖ នៅក្នុង​ទី​វត្ត​នា​ទឹក​ដី​ខ្មែរ​នេះ វត្តមាន​កងទ័ព​ថៃ ប្រហែល​ជា​ថ្ងៃ​នេះ ចូល​ដល់​ជាង ៦០០​នាក់​ហើយ ។ ចំណែកឯ​នៅ​ជាប់​បន្ទាត់​ព្រំដែន ឡើង​ប្រមាណ​ជា​ជាង ៤០០​នាក់ ហើយ​នៅឯ​ក្នុង​ព្រំដែន​ថៃ​ឯណោះ វត្តមាន ៣​ពាន់​នាក់​នេះ ប្រហែល​ជា​ការពិត​បាន ។

ម៉ាយ៉ារិទ្ធិ ៖ ហើយ​មាន​ការធ្វើ​ចលនា​កងទ័ព ឬក៏​ជា​កង​រថក្រោះ ឬ​ក៏​មាន​កាំភ្លើង​ត្បាល់​អ្វី ដែល​លោក​អាច​សង្កេត​ឃើញ​ដែរ​ឬ​ទេ?

សាវយុត ៖ នៅ​ជាប់​បន្ទាត់​ព្រំដែន​ខ្មែរ​យើង​ហ្នឹង មិន​មាន​ការដាក់​កាំភ្លើង​ធំ ឬ​ក៏​រថក្រោះ​អី​ទេ ក៏​ប៉ុន្តែ នៅក្នុង​ទឹក​ដី​ថៃ ចម្ងាយ​ប្រមាណ​ជា​ជាង ២​គីឡូម៉ែត្រ យើង​ឃើញ​ថា មាន​ការដាក់​កងទ័ព ហើយ​និង​ដាក់​កាំភ្លើង​ធំ កាំភ្លើង​យន្ត​អី​ជាច្រើន ។ ហើយ​ពីរ​ថ្ងៃ​មក​នេះ គឺ​កង​ទាហាន​ប៉ារ៉ា​ថៃ បាន​សម្រុក​ចូល​មក​តាម​ច្រក​មួយ​ទៀត នៅ​ជាប់​នឹង​ច្រក​ទ្វារ​ព្រំដែន​ចូល​មក​ប្រាសាទ​នោះ ក៏​ប៉ុន្តែ កងកម្លាំង​ខ្មែរ​យើង ក៏​បាន​កំពុង​តែ​ធ្វើការ​រាយ​បណ្ដាក់​លួស​សំណាញ់​យ៉ាង​ច្រើន​ដុំ យក​ទៅ​កាន់​តំបន់​នោះ ។ រហូត​ដល់​ពេល​នេះ កងទាហាន​ប៉ារ៉ា​គឺ​នៅ​មាន​វត្តមាន​នៅក្នុង​ព្រំដែន​ថៃ នៅ​ឡើយ​ទេ មិនទាន់​មាន​វត្តមាន ចូល​មក​កាន់​ទឹកដី​ខ្មែរ​នៅ​ឡើយ ។

ម៉ាយ៉ារិទ្ធិ ៖ តើ​លោក​បាន​សាកសួរ​ទៅកាន់​ទាហាន​ខ្មែរ ក៏​ដូចជា​នាយ​ទាហាន​ខ្មែរ តើ​គេយល់​យ៉ាង​ម៉េច​ដែរ ចំពោះ​ភាព​ប្រឈម​មុខ​គ្នា ដោយ​យោធា​នោះ?

សាវយុត ៖ ខ្ញុំ​បាន​សាកសួរ​ទៅ​ទាហាន​ខ្មែរ​ជា​ច្រើន ដែល​កំពុងតែ​នៅ​តទល់​ប្រឈម​មុខ​គ្នា ជាមួយ​នឹង​កងទាហាន​ឈុត​ខ្មៅ គាត់​បាន​បង្ហាញ​ទឹក​ចិត្ត យ៉ាង​អង់អាច​ក្លាហាន​ណាស់ ថា គាត់​នឹង​មិន​មាន​ការតក់ស្លុត​សម្រាប់​ការត្រៀម​ខ្លួន ប៉ះ​ប្រយុទ្ធ​ណា​មួយ​នោះ​ទេ បើ​សិន​ជា​ការចរចា​រវាង​ថ្នាក់​ជាតិ រវាង​ប្រទេស​ទាំងពីរ​ហ្នឹង មិន​ត្រូវរ៉ូវ​គ្នា ហើយ​បើ​សិន​ជា​មាន​ការផ្ទុះ​អាវុធ គឺ​ទាហាន​ខ្មែរ​ទាំង​អស់ គាត់​បាន​ប្រាប់​ថា គាត់​សុខចិត្ត​ប្ដូរ​ជីវិត​ដើម្បី​ទឹកដី​ប្រទេស​កម្ពុជា ។

ម៉ាយ៉ារិទ្ធិ ៖ តើ​គេ​មាន​ជូន​ដំណឹង​ឬ​ទេ​ថា ថ្ងៃ​ច័ន្ទ​នេះ នឹង​មាន​ការបញ្ជូន​មន្រ្តី​រដ្ឋាភិបាល​ទៅ​ប្រទេស​ថៃ ក្នុង​ការជួប​ជជែក​គ្នា រឿង​បញ្ហា​នោះ?

សាវយុត ៖ បញ្ហា​នេះ កង​ទាហាន​ថៃ តែងតែ​លើក​មក​ចរចា​ជាមួយ​ទាហាន​ខ្មែរ ជា​ញឹកញាប់ ក្នុង​មួយ​ថ្ងៃ​មាន​ការជួប​យ៉ាងហោច​ណាស់ ក៏​បី​ដង​ដែរ រវាង​មេបញ្ជាការ​ទាហាន​ឈុត​ខ្មៅ​ថៃ ហើយ​ទាហាន​ធុរនារី​របស់​ថៃ ជាមួយ​នឹង​មេបញ្ជាការ​ទាហាន​ខ្មែរ គេ​តែងតែ​និយាយ​ថា គេ​ស្នើ​សុំ​កុំ​ឲ្យ​ភាគី​រដ្ឋាភិបាល​ខ្មែរ ឬ​ក៏​កងទាហាន​ថៃ និង​កងទ័ព​ខ្មែរ​ហ្នឹង មាន​ការប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ ហើយ​រង់ចាំ​ស្ដាប់​ថ្ងៃ​ចរចា លទ្ធផល​ថ្ងៃ​ទី​២១ ថ្ងៃ​ច័ន្ទ​នេះ ប្រសិន​បើ​មាន​លទ្ធផល​យ៉ាង​ណា​ៗ​នោះ កងទាហាន​ថៃ សន្យា​ថា នឹង​ដក​ចេញ ក៏​ប៉ុន្តែ​ពី​ម្សិល​មួយ​ថ្ងៃ មេបញ្ជាការ​រង​នៃ​កងពល​យោធា​ថៃ លោក ចាយ៉ាន់ ស៊ុយស៊ុងនឿន នោះ គាត់​បាន​ធ្លាប់​សន្យា​ថា គាត់​នឹង​ដក​កងទាហាន​ថៃ​ចេញ ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ គ្មាន​វត្តមាន​កងទាហាន​ថៃ​ណា​មួយ ត្រូវ​ដកចេញ​ទេ ហើយ​ពេល​ក្រុម​អ្នក​សារព័ត៌មាន សួរ​បញ្ជាក់​ថា អ្វី​ទៅ​ដែល​ជា​ការសន្យា​ថា លោក​បាន​ដក​កងទ័ព​ថៃ​នោះ គាត់​ថា គាត់​អត់​បាន​សន្យា​អ្វី​ទាល់​តែ​សោះ ។ អ៊ីចឹង​មាន​ន័យ​ថា លទ្ធផល​ចរចា​ជា​ប្រចាំ​ថ្ងៃ​រវាង​កងទ័ព​ខ្មែរ​និង​កងទ័ព​ថៃ​នោះ មិនមាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ ហើយ​កាលពី​ព្រឹកមិញ ក្រុម​កង​ទាហាន​ដោះ​មីន​ថៃ ដែល​បញ្ជូន​មក​ដល់​ទីតាំង​ដី​ខ្មែរ ដែល​ស្នាក់នៅ​ក្រោយ​វត្ត​នោះ បាន​ព្យាយាម​ដោះមីន​នៅ​ខាង​ក្រោយ​វត្ត​ខ្មែរ​ហ្នឹង ដើម្បី​ឲ្យ​កងទ័ព​របស់​ខ្លួន បោះ​ទីតាំង​នៅ ក៏ប៉ុន្តែ កង​ទាហាន​ខ្មែរ បាន​ធ្វើ​ការរារាំង​ភ្លាម​ៗ​ដែរ ហើយ​សកម្មភាព​នោះ បាន​ផ្អាក​ទៅ​វិញ ដោយ​កង​ទាហាន ដោះមីន​ថៃ​ហ្នឹង បាន​ថយ​ក្រោយ ។

ម៉ាយ៉ារិទ្ធិ ៖ មីន​ហ្នឹង ជា​មីន​របស់​អ្នកណា និង​ពី​វេលា​ណា​មក​ដែរ?

សាវយុត ៖ មីន​នោះ គឺ​ជា​មីន បើ​តាម​ដឹង​ទៅ គឺ​សម័យ​សង្រ្គាម​ពី​វៀតណាម ជាមួយ​នឹង​កងទ័ព​ខ្មែរ​ក្រហម ហើយ​តំបន់​នេះ គឺ​ជា​តំបន់​ឈរជើង​របស់​រដ្ឋ​កម្ពុជា ដូច្នេះ​មីន​នេះ ជា​មីន​នៅ​ក្នុង​លេណដ្ឋាន ហើយ​កន្លែង​នោះ នៅ​មាន​ជីក​លេណដ្ឋាន​នៅ​ឡើយ ហើយ​មាន​សម្រាប់​ការពារ​រវាង​កង​ទាហាន​រដ្ឋកម្ពុជា ជាមួយ​នឹង​ខ្មែរ​ក្រហម ។

ម៉ាយ៉ារិទ្ធិ ៖ លោក​មាន​ប្រសាសន៍​មុន​នេះ​ថា មាន​ការរារាំង​ពី​ទាហាន​ខ្មែរ ក្នុង​ករណី​ដែល​ទាហាន​ថៃ បម្រុង​ចូល​មក​ដោះមីន តើ​រារាំង​ដោយ​មធ្យោបាយ​យ៉ាង​ម៉េច​ទៅ?

សាវយុត ៖ ការរារាំង​នោះ មិន​មាន​ជា​ប្រទូសរ៉ាយ​គ្នា​ដោយ​អាវុធ​ទេ គ្រាន់តែ​មេបញ្ជាការ​ខ្មែរ​រួម​ជាមួយ​នឹង​អភិបាល​រង​ខេត្ត​ព្រះវិហារ​ហ្នឹង បាន​ហៅ​មេបញ្ជាការ​ថៃ​ជា​បន្ទាន់ ដើម្បី​ឲ្យ​ហៅ​ក្រុម​ដោះមីន​របស់​ខ្លួន​ចេញ​ពី​វាល​ស្មៅ ដែល​កំពុងតែ​ដាក់​រាយ​បណ្ដាក់​ខ្សែ​និង​ស្លាក​សញ្ញា​មីន ហើយ​ចាប់​ផ្ដើម​យក​ឧបករណ៍​រាវ​មក​ដោះ​នោះ បន្ទាប់​ភ្លាម​មក មេបញ្ជាការ​ថៃ​បាន​ទទួល​យល់ព្រម ហើយ​បាន​បញ្ជា​កងទ័ព​របស់​ខ្លួន និង​ក្រុមដោះមីន​របស់​ខ្លួន​ហ្នឹង មិន​ឲ្យ​ធ្វើការ​ដោះ​មីន​នៅលើ​វាល​ស្មៅ​នោះ​ទេ ។ ហើយ​កាលពី​ព្រឹកមិញ​នេះ សូម​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ព្រះវិហារ ក៏​មាន​ប្រតិកម្ម​ដែរ​ថា វត្តមាន​កងទ័ពថៃ​ដែល​បាន​ចូល​មក​លើ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ធ្វើ​ឲ្យ​កម្មករ​ខ្មែរ ដែល​ជា​អ្នក​ធ្វើការ​ដើម្បី​អភិវឌ្ឍ​ប្រាសាទ​ព្រះវិហារ ដូចជា ការយក​ជន្ទល់​ទ្រ​ប្រាសាទ ឬក៏​ការសម្អាត​សំរាម​សួន​ច្បារ​អី នៅក្នុង​ប្រាសាទ​ហ្នឹង បាន​រត់ចោល​ការងារ​អស់​ហើយ ធ្វើ​ឲ្យ​ការងារ​ទាំងអស់​ហ្នឹង​ត្រូវ​ទុកចោល ហើយ​ការងារ​អភិវឌ្ឍ​ប្រាសាទ​ព្រះវិហារ ត្រូវ​អូស​បន្លាយ​តទៅ​ទៀត ។ ហើយ​លោក ស៊ី យ៉ាវ ដែល​ជា​អគ្គនាយក​អាជ្ញាធរ​ព្រះវិហារ​ហ្នឹង បាន​ថ្កោលទោស​ដល់​វត្តមាន​កងទ័ព​ថៃ​ថា បាន​ចូល​ឈ្លានពាន​កម្ពុជា ហើយ​លោក ស៊ី យ៉ាវ បាន​ព្រមាន​ថា លោក​នឹង​ធ្វើ​លិខិត​មួយ​ទៅ​អង្គការ​យូណេស្កូ និង​អង្គការ​សហប្រជាជាតិ ដើម្បី​សំណូមពរ​យ៉ាងណា​ឲ្យ​ធ្វើការ​គាបសង្កត់​ដល់​កងទ័ព​ថៃ ឲ្យ​ដក​ចេញ​ពី​ប្រាសាទ​ព្រះវិហារ ពីព្រោះ​ថា ប្រាសាទ​ព្រះវិហារ​គឺ​ជា​បេតិកភណ្ឌ​ពិភពលោក​ហើយ ដូច្នេះ កងទ័ព​ថៃ ដែល​ចូល​មក​នេះ គឺ​ឈ្លានពាន ។

ម៉ាយ៉ារិទ្ធិ ៖ ចុះ​ស្ថានភាព​នៅក្នុង​វត្ត​ខ្មែរ​នោះ តើ​យ៉ាងណា​ទៅ​ដែរ? តើ​ព្រះសង្ឃ​ខ្មែរ លោក​គង់​នៅ​ទីនោះ​ដដែល ហើយ​ទាហាន​ខ្មែរ អាច​ចូល​ទៅ​ក្នុង​វត្ត​នោះ​ដែរ ឬ​ទេ?

សាវយុត ៖ រហូត​មក​ដល់​ពេល​នេះ គឺ​ព្រះសង្ឃ​ខ្មែរ នៅតែ​គង់​នៅ​ក្នុង​វត្ត​នោះ ហើយ​កងទាហាន​ខ្មែរ ឬក៏​ប្រជាពលរដ្ឋ​ខ្មែរ​ហ្នឹង នៅតែ​ចេញ​ចូល​ដដែល ។ ទាហាន​ថៃ ដែល​ធ្លាប់តែ​តឹងរ៉ឹង ដែល​ហាម​ឃាត់​តំបន់​ខ្លះ មិន​ឲ្យ​ប្រជាពលរដ្ឋ​និង​កងទាហាន​ខ្មែរ​ចេញ​ចូល​នោះ បន្ទាប់​មក​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ ក៏​ប៉ុន្តែ​បើ​តាម​យុទ្ធសាស្រ្ដ​ខាង​កងទ័ព គេ​បាន​និយាយ​ថា នេះ​មិនមែន​ជា​ការបន្ធូរ​បន្ថយ​ទេ ក៏​ប៉ុន្តែ​ទំនង​ជា​ស្ថានការណ៍​តានតឹង ហើយ​មិន​អាច​រាយ​បណ្ដាក់​កងទ័ព​ដោយ​ចំហ​បាន ដោយ​ដក​ខ្លួន​ទៅ​កាន់​តំបន់​ព្រៃ ឬ​ក៏​ដុំ​ថ្ម​អី​អ៊ីចឹង

ប្រភព៖ http://www.rfa.org/khmer/indepth/preah-vihear-update2008-07-20-07212008052041.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: