jump to navigation

មន្ត្រី​ខុទ្ទកាល័យ​រដ្ឋាភិបាល​ដឹកនាំ​ក្រុម​អ្នក​កាសែត​ទៅ​ប្រាសាទ​ព្រះវិហារ ខែកក្កដា 21, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-19

មន្ត្រី​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ​រដ្ឋាភិបាល​បាន​ដឹកនាំ​អ្នកកាសែត​ជា​ច្រើន​នាក់​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ និង​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ទី​នោះ ។


RFA Photo/Keo Nimol
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន (ឆ្វេង) ចុះ​ជួប​ទាហាន​ខ្មែរ​ដែល​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី​១៨ កក្កដា ២០០៨ ។

តើ​ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មាន​លក្ខណៈ​យ៉ាងណា ? លោក ម៉ាយ៉ារិទ្ធិ បាន​សាកសួរ​លោក កែវ និមល អំពី​បញ្ហា​នេះ ៖

ម៉ាយ៉ារិទ្ធិ ៖ លោក កែវ និមល នៅ​ថ្ងៃ​នេះ​មន្រ្តី​របស់​រដ្ឋាភិបាល​បាន​ដឹកនាំ​អ្នក​កាសែត​មួយ​ក្រុម​ធ្វើ​ដំណើរ​ត្រួតពិនិត្យ​ចំពោះ​ស្ថានការណ៍​នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ ។ តើ​លោក​កត់សម្គាល់​ឃើញ​ស្ថានភាព​យ៉ាង​ម៉េច​ដែរ​ទៅ ?

កែវ និមល ៖ នៅ​ថ្ងៃ​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​បាន​ដឹកនាំ​អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​មក​ពី​១៦​អង្គភាព ទាំង​ទូរទស្សន៍​និង​វិទ្យុ​មួយចំនួន​ផង ដើម្បី​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​នៅ​ប្រាសាទ​ព្រះវិហារ​នៅ​ខេត្ត​ព្រះវិហារ ដែល​កំពុង​មាន​ការប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ថៃ​និង​កងទ័ព​ខ្មែរ ដើម្បី​ការពារ​អធិបតេយ្យភាព​នៅ​ទី​នោះ ។

នៅ​ពេល​ព្រឹក​នេះ​យើង​បាន​ចាកចេញ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ពី​ព្រលាន​យន្តហោះ​យោធា​ពោធិ៍ចិនតុង ទៅ​ចុះ​ចត​នៅ​ទីតាំង​មួយ​គេ​ហៅ​ថា សាឯម ប៉ុន្តែ​យើង​ធ្វើ​ដំណើរ​ដោយ​ជិះ​ឡាន​ជិត​២​ម៉ោង​ពី​សាឯម​ហ្នឹង យើង​ចុះ​ពី​ឧទ្ធម្ភាគចក្រ​ទៅ​មាន​ឡាន​កង​បញ្ជាការ​កងពល​ទាហាន ជូន​ដំណើរ​ទៅ​ជិះ​ឡាន​ប្រហែល​ពីរ​ម៉ោង​បាន​ឡើង​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ ។ ហើយ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ហ្នឹង​នៅ​ចំណុច​វត្ត​កែវសិក្ខាគិរីស្វារៈ​ហ្នឹង គឺ​មាន​ទាហាន​ថៃ​រាយ​គ្នា ៤​-​៥​នាក់ៗ ស្លៀក​ពាក់​ខោ​អាវ​ឈុត​ខ្មៅ​យាម​នៅ​ទី​នោះ ហើយ​ក្នុង​ហ្នឹង​ក៏​មាន​ទាហាន​ខ្មែរ​យាម​នៅ​ឡូកឡំ​គ្នា​ដែរ ។ ប៉ុន្តែ​តាម​ផ្លូវ​ឡើង​ទៅ​ប្រាសាទ​ហ្នឹង​គឺ​មាន​ទាហាន​ខ្មែរ​រាយ​បណ្ដាក់​គ្នា បោះ​ជំរំ​ទ័ព​មាន​៤​-​១០​នាក់ៗ​រាយ​គ្នា​ជា​បន្តបន្ទាប់ ដើម្បី​ការពារ​ចំណុច​មួយចំនួន​ផងដែរ ។

សូម​ជម្រាប​ថា​តាម​ដំណឹង​ដែល​ខ្ញុំ​ទទួល​បាន​ពី​នាយ​ទាហាន​ដែល​គាត់​សុំ​មិន​បញ្ចេញ​ឈ្មោះ គាត់​ថា​មក​ទល់​បច្ចុប្បន្ន​នេះ​ទាហាន​ថៃ​មាន​ប៉ុន្មាន ៤០០​នាក់​ហើយ ហើយ​នៅ​ម៉ោង​ប្រហែល​ជា​១២ គឺ​ទាហាន​ថៃ​ប្រមាណ​ពី​៧០​ទៅ​១០០​នាក់​ទៀត​បាន​លើក​រាយ​គ្នា​ចូល​មក​កាន់​ព័ទ្ធ​ជុំវិញ​តំបន់​ប្រាសាទ​ហ្នឹង​ថែម​ទៀត ។ ហើយ​ចំពោះ​ទាហាន​ខ្មែរ​វិញ គេ​បាន​ឲ្យ​ដឹង​ថា គ្នា​មិន​តិច​ជាង​៨០០​នាក់​ទេ​ដែល​រាយ​គ្នា​តាម​ដងផ្លូវ​របៀង​ទាំងឡាយ ការពារ​ផ្លូវ​ឡើង​ប្រាសាទ និង​នៅ​ក្នុង​ព្រៃ​តាម​ព្រំដែន​ទាំងឡាយ​នេះ ។ ហើយ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​ហ្នឹង ឃើញ​មាន​ឡាន​ប៉េអឹម​ប្រហែល​ពី ១០ ទៅ ១៥​ឡាន ដែល​តាម​សាកសួរ​ទៅ​ថា​មាន​ប៉េអឹម​កង​រាជ​អាវុធហត្ថ​ហ្នឹង ប្រមាណ​ពី​១៥០ ទៅ ២០០​នាក់​ទៀត​កំពុង​បញ្ជូន​ពី​ទីក្រុង​ភ្នំពេញ និង​ខេត្ត​មួយចំនួន ដើម្បី​ទៅ​ជួយ​ការពារ​ចំណុច​ប្រាសាទ​ហ្នឹង​ដែរ ។

នៅ​ពេល​ទៅ​ដល់​វត្ត​កែវសិក្ខាគិរីស្វារៈ​ហ្នឹង លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី លោក​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​ដែល​មាន​អ្នក​កាសែត​ទៅ​ពី​ភ្នំពេញ​ជាង​១០​នាក់ ជាមួយ​អ្នក​កាសែត​ដែល​នៅ​ទី​នោះ​ប្រហែល​ជា​១០​នាក់​ជាង​ទៀត ជួបជុំ​គ្នា​ធ្វើ​សន្និសីទ​កាសែត​នៅ​មុខ​វត្ត​កែវសិក្ខាគិរីស្វារៈ​ហ្នឹង ។ ក្នុង​នោះ​លោក ផៃ ស៊ីផាន បាន​លើកឡើង​ពី​ចំណុច​ដែល​កងទ័ព​ថៃ​បាន​លើក​ចូល​មក​ចំណុច​មួយចំនួន​ដែល​ជា​ទឹកដី​កម្ពុជា ហើយ​សុំ​ឲ្យ​កងទ័ព​នោះ​ដក​ទៅ​វិញ ។ ហើយ​ទន្ទឹម​នោះ​ដែរ​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការប្រយុទ្ធ​គ្នា ។

ម៉ាយ៉ារិទ្ធិ ៖ សន្និសីទ​កាសែត​ហ្នឹង​ធ្វើ​នៅ​ក្នុង​បរិវេណ​វត្ត​តែម្ដង ឬ​ក៏​ធ្វើ​នៅ​កន្លែង​ណា ?

កែវ និមល ៖ ធ្វើ​នៅ​មុខ​ខ្លោង​ទ្វារ​វត្ត​កែវសិក្ខាគិរីស្វារៈ​នោះ​តែម្ដង​ដែល​មាន​ទាហាន​ថៃ​ហ្នឹង​ឈរ​មើល​ថត ហើយ​នៅ​ពេល​ដែល​អ្នក​កាសែត​ខ្មែរ​សាកសួរ​មាន​សំឡេង​សួរ​ខ្លាំងៗ​មួយចំនួន​នោះ ទាហាន​ថៃ​នោះ​ក៏​ស្ទុះស្ទារ​កាន់​អាវុធ​គ្រប់​គ្នា ហើយ​ទាហាន​ខ្មែរ​ហ្នឹង​ក៏​មាន​ការប្រុងប្រយ័ត្ន​យាមកាម​ជាប់​ជានិច្ច ពីព្រោះ​ពួក​គេ​ទទួល​ភារកិច្ច​ការពារ​អ្នក​កាសែត​ហ្នឹង​ផងដែរ ។ ទាហាន​ថៃ​មាន​ការភ្ញាក់ផ្អើល​ដោយ​ឃើញ​ក្រុម​អ្នក​កាសែត​ទៅ​ច្រើន​នាក់ ហើយ​ព្រោងព្រាត​ថត ។ ហើយ​យើង​ក៏​បាន​សាកសួរ​គេ​ដោយ​អ្នក​ខ្លះ​ចេះ​ភាសា​ថៃ ប៉ុន្តែ​ទាហាន​ថៃ​គេ​មិន​ឆ្លើយ​ទេ គេ​ថា​គេ​រង់ចាំ​តែ​បញ្ជា​ពី​មេ​គេ​ខាងលើ​ទេ គឺ​ថា​មេ​គេ​បញ្ជា​មក​ធ្វើ​ម៉េច គេ​ធ្វើ​អ៊ីចឹង ។ ទន្ទឹម​ហ្នឹង​ដែរ​ខ្ញុំ​ចង់​ជម្រាប​ផងដែរ​ថា លោក ផៃ ស៊ីផាន ជាមួយ​នឹង​ចៅ​អធិការ​វត្ត កែវសិក្ខាគិរីស្វារៈ​ហ្នឹង បាន​ជួប​ជាមួយ​ទាហាន​ថៃ​អំពាវនាវ​សុំ​ឲ្យ​ទាហាន​ថៃ ដក​ចេញ​ពី​បរិវេណ​វត្ត គឺ​ថា​បន្ទាប់ពី​ទាហាន​ថៃ​ដក​មក ទាហាន​ខ្មែរ​នឹង​ដក​ចេញ​ពី​បរិវេណ​វត្ត​ដែរ ដើម្បី​ទុក​ទីវត្ត​ជា​ទី​សុវត្ថិភាព​មួយ សម្រាប់​ជន​ស៊ីវិល​អាច​ចូល​ជ្រកកោន​បើសិន​ជា​មាន​ការផ្ទុះ​អាវុធ​កើតឡើង​ជាយថាហេតុ ។

ម៉ាយ៉ារិទ្ធិ ៖ នៅ​ក្នុង​បរិវេណ​វត្ត​ហ្នឹង​តើ​ទាហាន​ខ្មែរ ឬ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចូល​ទៅ​បាន​ដែរ​ឬ​ទេ ?

កែវ និមល ៖ ទាហាន​ខ្មែរ ប្រជាពលរដ្ឋ​ខ្មែរ អាច​ចេញចូល​ដោយ​សេរី ។ តាម​ខ្ញុំ​សួរ​ទាហាន​ខ្មែរ​ដែល​ជូន​ដំណើរ​ទៅ​ថា ដំបូង​ឡើយ​ច្រក​ដែល​ឡើង​មាន​ទាហាន​ថៃ​យាម​កាត់​ត្រង់​វត្ត​ហ្នឹង មិន​ឲ្យ​យើង​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ​បាន​ទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ដោយសារ​ទាហាន​យើង​កាន់តែ​ថែម​ច្រើន​ទៅៗ ទាហាន​ថៃ​ទាំងអស់​មិន​ហ៊ាន​ធ្វើ​អ្វី​ទេ គឺ​ថា​នៅ​ស្ងៀម គ្រាន់​ថា​ចំណុច​មួយចំនួន​ដែល​យើង​ធ្លាប់​ទៅ គេ​អត់​ឲ្យ​យើង​ទៅ យើង​ទៅ​បាន ។ ដូច្នេះ​ទាហាន​យើង​ច្រើនទៅៗ ធ្វើ​ឲ្យ​ទាហាន​ថៃ​មាន​ការស្ងប់ស្ងៀម​ដែរ ។

ម៉ាយ៉ារិទ្ធិ ៖ មាន​សេចក្ដី​រាយការណ៍​មក​ថា មាន​ការប្រឈម​មុខ​គ្នា​មាន​ការអាម៉េ​កាំភ្លើង​ដាក់​គ្នា ភ្ជង់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ តើ​រឿង​នេះ​ពិត​ដែរ​ឬ​ទេ ?

កែវ និមល ៖ តាម​ដំណឹង​ដែល​ខ្ញុំ​ដឹង​សួរ​ទាហាន​និង​ប្រជាពលរដ្ឋ​មួយចំនួន ថា​កាលពី​ល្ងាច​មិញ​គឺ​មាន​ការប្រឈម​មុខ​ដាក់​គ្នា ទាស់​គ្នា​រឿង​ដណ្ដើម​កន្លែង​ជ្រក​ភ្លៀង ហើយ​ពេល​ភ្លៀង​ហ្នឹង​គឺ​ទាហាន​ថៃ​ដណ្ដើម​ចូល​ជ្រក​នៅ​ក្នុង​ជម្រក​ចំនួន​នៅ​ក្នុង​កុដិ​លោក ប៉ុន្តែ​ទាហាន​ខ្មែរ​បាន​ច្រាន​ចេញ​មិន​ឲ្យ​ចូល​ដល់​អ៊ីចឹង​ទៅ មាន​ការប្រឈម​ដាក់​គ្នា​ហ្នឹង​ក៏​មាន​ការបើក​សោ​កាំភ្លើង​ភ្ជង់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ នៅ​ពេល​ភ្ជង់​ទៅ​វិញ​ទៅ​មក​ទៅ ក៏​ទាហាន​ខ្មែរ​ដែល​បោះ​រាយ​ជុំវិញ​ចំណុច​ឡើង​ទាំងអស់​ហ្នឹង ក៏​អាម៉េ​កាំភ្លើង​ទៅ បន្ទាប់មក​ក៏​មាន​ការចរចា​សម្រុះ​សម្រួល​គ្នា​វិញ គឺ​ទាហាន​ថៃ​នៅ​កណ្ដាល​វាល​ហាល​ភ្លៀង អត់​ឲ្យ​ចូល​មក​ជ្រក​ភ្លៀង​តាម​កុដិ​ហ្នឹង​ទេ ។

ម៉ាយ៉ារិទ្ធិ ៖ ចុះ​ស្ថានភាព​លោកសង្ឃ​ខ្មែរ​នៅ​ក្នុង​វត្ត​នោះ​តើ​យ៉ាង​ម៉េច​ដែរ​ទៅ ?

កែវ និមល ៖ ស្ថានភាព​លោក​សង្ឃ​តាម​ខ្ញុំ​សាកសួរ​ប្រជាពលរដ្ឋ​និង​ទាហាន​ដែល​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ហ្នឹង គឺ​ថា​កាលពី​មុន​គឺ​មាន​លោក​សង្ឃ​ថៃ​ចូល​មក​កាន់កាប់វ​ត្ត​ហ្នឹង ប៉ុន្តែ​បាន​ដក​ពី​ល្ងាច​មិញ​អស់​ហើយ ហើយ​ខ្ញុំ​មិន​បាន​សួរ​បញ្ជាក់​ថា លោក​សង្ឃ​ថៃ​មាន​ប៉ុន្មាន​អង្គ​ទេ ប៉ុន្តែ​ឥឡូវ​នេះ​មាន​ការហែរ​ទៀន​វស្សា​មួយ​របស់​អ្នកស្រុក​ឡើង​ទៅ​វត្ត​ហ្នឹង ហើយ​មាន​លោក​សង្ឃ​ខ្មែរ​ចំនួន​៧០​អង្គ​បាន​ចូល​ទៅ​កាន់កាប់​គ្រប់គ្រង​វត្ត​ហ្នឹង​ទាំងស្រុង​ហើយ គឺ​ថា​លោក​គង់​ពេញ​ហ្នឹង ធ្វើ​ឲ្យ​ឃើញ​មាន​ព្រះសង្ឃ​ច្រើន​កុះករ ហើយ​មាន​ប្រជាពលរដ្ឋ​នៅ​ពេញ​ហ្នឹង​ដែរ ។

ម៉ាយ៉ារិទ្ធិ ៖ តើ​លោក​មាន​អ្វី​បន្ថែម​ទាក់ទង​ទៅ​នឹង​ករណី​ប្រាសាទ​ព្រះវិហារ​នេះ​ដែរ​ឬ​ទេ ?

កែវ និមល ៖ ខ្ញុំ​ឃើញ​ថា​បន្ទាប់ពី​ការសុំ​ឲ្យ​ដក​ថយ​ហ្នឹង គឺ​មិន​ទាន់​មាន​ការអនុវត្ត​ទេ ។ ហើយ​ចំពោះ​ការប្រឈម​មុខ​នេះ យើង​ឃើញ​ថា​មិន​មាន​ការធូរ​ស្រាល​ទេ ពិតមែន​តែ​និយាយ​ថា​ដូច​ជា​មាន​ការធូរស្រាល ប៉ុន្តែ​ខ្ញុំ​មើល​ឃើញ​ថា​ខាង​ទាហាន​ថៃ​នៅតែ​ថែម​ចំនួន​មក ខាង​ទាហាន​ខ្មែរ​ក៏​នៅតែ​ថែម​ចំនួន​ទៅ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/journalists-lead-2PreahVihear-area-07192008133553.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: