jump to navigation

ទាហាន​ថៃ​កាន់តែ​ច្រើន​ថែម​ទៀត​ឆ្លង​ចូល​ដី​ខ្មែរ​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ខែកក្កដា 17, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-15

នៅក្នុង​ពេល​មាន​ដំណឹង​ថា មាន​កងទ័ព​ថៃ​ស្លៀកពាក់​ឈុត​ខ្មៅ​ប្រមាណ ១០០​នាក់​ចូល​មក​កាន់កាប់​វត្តមួយ​នៅក្បែរ​ប្រាសាទ​ព្រះវិហារ​នៅថ្ងៃ​ទី​១៥ កក្កដា​នេះ អភិបាល​ខែត្រ​ព្រះវិហារ បាន​អះអាង​ថា អាជ្ញាធរ​ខែត្រ​កំពុងតែ​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នោះ ។

 
Photo courtesy of Tharum Bun, http://tharum.info
ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

អភិបាល​ខែត្រ​ព្រះវិហារ លោក ព្រាប តាន់ បាន​មាន​ប្រសាសន៍​នៅថ្ងៃ​ទី​១៥ កក្កដា​នេះ​ថា កងទ័ព​ថៃ​មិន​បាន​កាន់កាប់​ប្រាសាទ​ព្រះវិហារ​នោះ​ទេ ៖ «អត់​មាន​មក​យក​ស្អី​ណា​ទេ វា​នៅ​ឯណា​ណោះ ។ កំពុង​ចាត់ការ​ហ្នឹង​ហើយ»

ទាក់ទង​ជាមួយ​ការចូល​មក​កាន់កាប់​វត្ត​ប្រាសាទ ដែល​មាន​ចម្ងាយ​ប្រមាណ ៧០​ម៉ែត្រ ខាងលិច​ប្រាសាទ​ព្រះវិហារ​នោះ លោក រដ្ឋ សុភា ប្រធាន​មន្ទីរ​ព័ត៌មាន​ខែត្រ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ខែត្រ​ព្រះវិហារ​មក​ថា ៖ «កាលពី​ម៉ោង​ប្រហែល ១១​ហ្នឹង វា​ចូល​មក​ប្រហែល​ជា ៥០​នាក់ ទាហាន​ឈុត​ខ្មៅ ចូល​មក​នៅ​ម្ដុំ​វត្ត​យើង​ចាស់​ពីដើម ហើយ​មក​ដល់​ម៉ោង​ប្រហែល ៣​យើង​នេះ ចូល​មក​ឡើង​ដល់​ប្រហែល ១០០​នាក់​ជាង​ហើយ ។ វា​ថា​ដី​ហ្នឹង​ជា​ដី​របស់​វា វត្ត​ហ្នឹង​របស់​វា អ៊ីចឹង​វា​ចង់​ទាមទារ​យក​មក​វិញ ។ វត្ត​ហ្នឹង​បើ​យើង​គិត​ទៅ ស្មើ​នឹង​ខ្លោង​ទ្វារ​ប្រាសាទ​ទី​១ របស់​យើង​ហ្នឹង ។ យើង​កំពុងតែ​រាយការណ៍​ខាង​ក្រសួង​សមត្ថកិច្ច​ហ្នឹង រាយការណ៍​ទៅ​សុំ​យោបល់​ពី​ខាង​រាជរដ្ឋាភិបាល ព្រោះ​រឿង​នេះ រឿង​ធំ តាំង​ពី ៥០​នាក់ យើង​ឲ្យ​វា​ចេញ វា​អត់​ព្រម​ចេញ ។ ប្រាប់​វា​ដែរ​ថា យើង​មិន​ទាន់​មាន​បទ​បញ្ជា យើង​មិន​ចង់​ឲ្យ​ប៉ះពាល់​តាម​មើល៍ បាន​ជា​យើង​ទប់​វា​មិន​បាន វា​ចេះ​តែ​រុល​មក​ៗ ។ វា​មក​មួយ​កំប្លេ​វា​ស្រេច​តែ​ម្ដង មាន​អាវុធ​មាន​អី​ជាប់​ខ្លួន​ស្រេច​មក​តែ​ម្ដង ថ្មើរ​ជើង វា​មក​តាម​ច្រក​របៀង​វា ហើយ​មិនមែន​មក​មួយ​កន្លែង​ទៀត មក ២-៣ កន្លែង មក​ធ្វើ​ដំណើរ​ថ្មើរ​ជើង ឃាត់ឃាំង​វា​ដែរ ប៉ុន្តែ​វា​ចេះ​តែ​មក​ទៅ ។ យើង​ប្រហែល​ជា​មិនទាន់​មាន​បទបញ្ជា​ទេ​ដឹង តាម​មើល៍ ពួក​យើង​មិនមែន​ជា​អ្នក​ខ្លាច​ប៉ុន្មាន​ដែរ​ទេ ប៉ុន្តែ​ប្រហែល​ជា​បទបញ្ជា យើង​ខ្លាច​ប៉ះពាល់ ។ ដើម​ហេតុ​ដំបូង វា​ចូល​មក ៣​នាក់ ចូល​មក​នៅ​ជើងភ្នំ​ប្រាសាទ ព្រឹក​ឡើង​ម៉ោង​ប្រហែល ៧ យើង​ឃើញ​តែ​ម្ដង ។ ដល់​ក្រោយ​មក យើង​ចង់​បញ្ជូន​លោក​សង្ឃ និង​យាយជី មក​អាជ្ញាធរ​យើង តែ​គិត​ៗ​ទៅ យើង​គិត​ថា ចង់​សម្រប​សម្រួល​ជាមួយ​ថៃ ហើយ​ខាងគេ គេ​មក​ទាក់ទង​យើង ថា គេ​នឹង​សុំ​យក​ប្រជាជន​គេ​ទាំង​បី​នាក់​ហ្នឹង​ទៅ​វិញ ម៉ោង ៧ ព្រឹក ហើយ​អាជ្ញាធរ​ខេត្ត​គេ គេ​ចង់​ទាក់ទង​យើង​ថា សុំ​យក​ទៅ​វិញ ដល់​ពេល​យើង​ចាំ​គេ​ថា​ធ្វើ​ដំណើរ​មក​យក​ហើយ​ហ្នឹង គឺ​ក្នុង​ឱកាស​ហ្នឹង ម៉ោង ៩ ម៉ោង ១០​ហ្នឹង គឺ​កម្លាំង​គេ​ជ្រៀត​ចូល​បណ្ដើរៗ តាម​ជើងភ្នំ​ហ្នឹង​តែម្ដង»

ទាក់ទង​ជាមួយ​នឹង​ការដែល​មាន​ទាហាន​ថៃ​មក​កាន់កាប់​វត្ត​ប្រាសាទ នៅ​កៀក​ជាមួយ​ប្រាសាទ​ព្រះវិហារ​នេះ លោក សុន ឆ័យ សមាជិក​សភា បាន​មាន​ប្រសាសន៍​ថា ៖ «ព្រះវិហារ​ដូច​យើង​ស្មាន​មែន វា​មាន​ការប្រកាស​ពី​មន្រ្តី​ជាន់ខ្ពស់​របស់​ថៃ នៅក្នុង​ក្រសួង​ការបរទេស ដែល​គេ​ថា គេ​បាន​ទទួល​ជោគជ័យ ក្នុង​ការជំរុញ​ឲ្យ​ភាគី​ខ្មែរ​ហ្នឹង ធ្វើ​ផែនទី​តែ​តួ​ប្រាសាទ​នេះ ។ ឥឡូវ គេ​មាន​សិទ្ធិ​តវ៉ា​រឿង​ដី នៅ​ជុំវិញ​ប្រាសាទ ។ ហើយ​រឿង​នេះ យើង​ឃើញ​ហើយ មាន​ស្ថានភាព​តវ៉ា​ហ្នឹង កាន់តែ​ខ្លាំង​ឡើង ហើយ​យើង​មិន​ដឹង​ថា តើ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់ យ៉ាង​ដូចម្ដេច​ទេ ។ នៅ​ក្នុង​នោះ កងយោធ​ពល​ខេមរភូមិន្ទ​យើង​នោះ រដ្ឋាភិបាល ដូច​មិន​សូវ​ដែល​បាន​យកចិត្ត​ទុក​ដាក់​ប៉ុន្មាន​ទេ តើ​យើង​មាន​លទ្ធភាព​ប្រើប្រាស់​កង​ប្រដាប់​អាវុធ​យើង ឲ្យ​ទប់ទល់​ស្ថានភាព​នេះ ឬ​មួយ​យ៉ាងម៉េច​?»

មក​ទល់​ម៉ោង ៥ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា​នេះ តាម​ដំណឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កងទ័ព​ថៃ​ជាច្រើន​នោះ មិនទាន់​បាន​ដក​ថយ​ទៅវិញ​នៅ​ឡើយ​ទេ ។

តាម​ប្រភព​ព័ត៌មាន​នោះ ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​ការចូល​ឆ្លង​មក​ប្រទេស​កម្ពុជា​របស់​ទាហាន​ថៃ​មួយ​ក្រុម ដែល​ចូល​តាម​ច្រក​បុសចេក​នោះ បាន​ជាន់​មីន​បណ្ដាល​ឲ្យ​របួស​នាយ​ទាហាន​ជាន់​ខ្ពស់​ថៃ​មួយរូប​ផង​ដែរ ។

វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​ជាមួយ​មន្រ្ដី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ផង​ដែរ ទាក់ទង​បញ្ហា​កង​ទាហាន​ថៃ ចូល​មក​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ ប៉ុន្តែ​មន្រ្តី​យោធា​ទាំងនោះ បាន​ឆ្លើយ​ថា ជាប់​ប្រជុំ មិនទាន់​បាន​ទទួល​ចម្លើយ​នៅ​ឡើយ​ទេ ។

កាលពី​ថ្ងៃ​ទី​១៤ កក្កដា កន្លង​មក​នេះ នៅក្នុង​មិទ្ទីង​អបអរ​គណៈប្រតិភូ​រដ្ឋាភិបាល​វិល​ត្រឡប់​មក​ពី​ប្រជុំ​នៅ​ប្រទេស​កាណាដា ដែល​បាន​សម្រេច​ជោគជ័យ​ក្នុង​ការចុះ​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ លោក​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​មាន​ប្រសាសន៍​ទៅកាន់​មនុស្ស​ចូលរួម​ប្រមាណ​ជាង​១​ម៉ឺន​នាក់​នៅ​ពហុកីឡដ្ឋាន​អូឡាំពិក​ថា នៅក្នុង​ការប្រជុំ​ពេល​ចុះ​បញ្ជី​នោះ​មាន​ការជំទាស់​ពី​ភាគីថៃ​ជា​ច្រើន​ចំណុច ។

លោក សុខ អាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ដំណើរការ​ដើម្បី​រៀបចំ​ឯកសារ​ជំនាញ​ហ្នឹង​យូរ​ដែរ ។ រហូត​មក​ដល់​ឆ្នាំ​២០០៧ ទើប​គេ​យក​ឯកសារ​នោះ មក​ដាក់​ពិនិត្យ​នៅ​ទីក្រុង Christchurch ប្រទេស​ញូហ្ស៊ីលែន ប៉ុន្តែ​រយៈពេល​ ប្រហែល​ជា ៣​-៤​-៥​ខែ មុន​ការប្រជុំ Christchurch យើង​ក៏​បាន​ទទួល​ព័ត៌មាន​ច្បាស់​ថា មាន​គេ​ប្រឆាំង​ហើយ បញ្ហា​ហ្នឹង ។ អ៊ីចឹង យើង​ក៏​ត្រូវ​ត្រៀម​លក្ខណៈ​ច្បាប់​ដើម្បី​ជជែក​តស៊ូ​ការចរចា ធ្វើ​យ៉ាងម៉េច​​ឲ្យ​អាច​ចុះ​បញ្ជី​នេះ​បាន ។ អ៊ីចឹង​នៅពេល​ដែល​ប្រជុំ គឺ​ភាគី​ដែល​ជំទាស់​បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​ដូច​តទៅ​នេះ  ៖ ទីមួយ​លើក​ឡើង​ថា មាន​បញ្ហា​ព្រំដែន ទីពីរ លើក​ឡើង​ថា សុំ​ឲ្យ​ចុះ​បញ្ជី​រួម ហើយ​ធ្វើការ​គ្រប់គ្រង​រួម ឬ​គេហៅ​ថា ការចុះ​បញ្ជី​ឆ្លងកាត់​ព្រំដែន​រវាង​ប្រាសាទ​ព្រះវិហារ​និង​ស្រះ​មួយ ដែល​ស្ថិត​នៅ​ម្ខាង​ទៀត​នៃ​ព្រំដែន ហើយ​យក​ទាំងពីរ​មក​ដាក់​ចូល​គ្នា ឲ្យ​ទៅ​ជា​សម្បត្តិ​រួម ហើយ​ធ្វើការ​គ្រប់គ្រង​រួម ។ នេះ​ជា​ចំណុច​ទឡ្ហីករណ៍ ដែល​សុំ​កុំ​ឲ្យ​ចុះ​នោះ គឺ​សុំ​លើក​បញ្ហា​អ៊ីចឹង ។ ចំណុច​ទី​៣ អ្នកជំទាស់ ក៏​បាន​លើក​ឡើង​ថា កម្ពុជា​រៀបចំ​ចុះ​ហ្នឹង អត់​បាន​សួរ អត់​បាន​ពិគ្រោះ​យោបល់​អី»

ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​អន្តរជាតិ​នៅ​ក្រុង​ឡាអេ ប្រទេស​ហុល្លង់ បាន​កាត់​សេចក្តី​ថា ជា​របស់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៦២ មក​ម៉្លេះ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/more-troops-enter-cambodia-07162008051907.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: