jump to navigation

ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​៥០​នាក់​ចូល​ក្នុង​ដី​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ខែកក្កដា 17, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-15

អាជ្ញាធរ​ខ្មែរ​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​៥០​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​លើក​គ្នា​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​កក្កដា​នេះ ។

 
AFP Photo
ប្រាសាទ​ព្រះវិហារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

អាជ្ញាធរ​ខ្មែរ​ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រមាណ​៥០​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​លើក​គ្នា​ចូល​មក​ក្នុង​ព្រំដែន​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​កក្កដា​នេះ ។

មន្ត្រី​សំខាន់​របស់​កង​រាជ​អាវុធហត្ថ​ប្រចាំ​ស្រុក​ជាំក្សាន្ត​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​អង្គារ​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​លើក​គ្នា​ចូល​មក​ដល់​ទី​វត្ត​របស់​ខ្មែរ​មួយ​នៅ​ខាង​លិច​ប្រាសាទ​ព្រះវិហារ ហើយ​កងកម្លាំង​ថៃ​ជា​ច្រើន​បាន​កាន់កាប់​នៅ​លើ​តំបន់​ជណ្តើរ​បូរាណ​នៃ​ទឹក​ដី​ខ្មែរ ដោយ​បាន​បិទ​ច្រក​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ទៀត​ផង ។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «ទាហាន​ឈុត​ខ្មៅ​វា​ប្រដាប់​ដោយ​អាវុធ​កំប៉្លេ​តែម្ដង នៅ​វត្ត​លើ​ប្រាសាទ​ហ្នឹង ។ មិន​ទាន់​ធ្វើការ​ដក​ចេញ​នៅ​ឡើយ​ទេ ចាំ​មើល​ការចរចា​គ្នា​ពេល​ខាង​ក្រោយ​ទៀត​មិន​ដឹង​ថា​យ៉ាង​ណា​ទេ»

តាម​ឆ្មាំ​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គ្រួសារ​កំពុងតែ​នៅ​ក្នុង​តំបន់​ដែល​ទាហាន​ថៃ​ចូល​លុកលុយ​នោះ​នៅ​ឡើយ ។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​បាន​ផ្តល់​ព័ត៌មាន​មក​វិទ្យុ​អាស៊ីសេរី កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​១៥​នាទី មុន​ពេល​ដែល​ទូរស័ព្ទ​របស់​ពួក​គេ​ត្រូវ​បាន​បិទ​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​កំពុង​សំរុក​ចូល​មក​ច្រក​ខាង​លិច​នៃ​ប្រាសាទ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃ​ត្រង់ ហើយ​បាន​ចូល​ដល់​វត្ត​របស់​ខ្មែរ​ជាប់​អតីត​ព្រលាន​យន្តហោះ ។

ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ជាក់​ថា ៖ «គេ​ចូល​មក​ខាង​ទឹក​ដី​យើង​តែម្ដង ជណ្ដើរ​បូរាណ កន្លែង​វត្ត ទាហាន​ខ្មៅ​ប្រហែល​៥០​-​៦០​នាក់ សុទ្ធតែ​កាំភ្លើង… ថ្ងៃ​ហ្នឹង​ខ្លាំង​ណាស់ ។ ឥឡូវ​នាំ​គ្នា​ភ័យ ឥឡូវ​ខ្ញុំ​ឡើង​ទៅ​ប្រាសាទ​ទី​១ ទី​២»

បើ​តាម​ការអះអាង​របស់​អ្នកភូមិ​ខ្មែរ​ថា​ការសំរុក​ចូល​មក​របស់​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​កើតឡើង​ប្រមាណ​៣​ម៉ោង បន្ទាប់ពី​ព្រះសង្ឈ​មួយ​អង្គ ដូនជី និង​តាជី​២​នាក់​ជា​ជនជាតិ​ថៃ បាន​ផ្លោះ​របង​ច្រក​ទ្វារ​ព្រំដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ហើយ​អាជ្ញាធរ​ខ្មែរ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​វិញ តែ​មាន​ការប្រកែក​មិន​ព្រម​ទៅ​វិញ​ពី​ព្រះសង្ឈ ដូនជី និង​តាជី​ជា​ជនជាតិ​ថៃ​នោះ ។

អ្នក​ភូមិ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «មាន​លោក​សង្ឃ​មួយ​អង្គ យាយជី​ម្នាក់ និង​តាជី​ម្នាក់ ពី​ម៉ោង ៦ ដល់​ម៉ោង ៧ លួច​ផ្លោះ​របង​មក​សមាធិ​នៅ​ខាង​ដី​យើង​កាន់កាប់»

ទោះ​យ៉ាង​ណា​មន្ត្រី​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា លោក ចតុរុន ឆៃយាខាំ បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​អំពី​ការចាប់​ខ្លួន​ជនជាតិ​ថៃ​ទាំង​នោះ​នៅ​ឡើយ​ទេ ។

តាម​ឆ្មាំ​ព្រំដែន​ខ្មែរ​បាន​អះអាង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​បាន​ព្យាយាម​ចូល​មក​ដាក់​លួស​បន្លារ​នៅ​ប៉ែក​ខាង​លិច​ប្រាសាទ​តាំងពី​ថ្ងៃ​សៅរ៍​កន្លង​មក​ម៉្លេះ ។

មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ លោក​វរសេនីយ៍​ឯក សោម បុប្ផារ័ត្ន មិន​បាន​អធិប្បាយ​លម្អិត​ពី​បញ្ហា​នោះ​ទេ ដោយ​លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ប៉ុន្តែ​លោក​មិន​អាច​និយាយ​បាន​ពីព្រោះ​វា​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ ។

លោក​វរសេនីយ៍​ឯក សោម បុប្ផារ័ត្ន បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ទទួល​ព័ត៌មាន​ហ្នឹង​បាន​ហើយ មិន​ទាន់​ច្បាស់ ។ បើសិន​លោក​ចង់​បាន​ច្បាស់ ទាល់តែ​ទាក់ទង​សួរ​ទៅ​ខាង​យោធភូមិភាគ​បាន​ដឹង»

សូម​បញ្ជាក់​ថាការលើក​ទ័ព​របស់​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​ថ្ងៃ​អង្គារ​នេះ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​វា​បាន​កើតឡើង​មួយ​ថ្ងៃ​នៅ​បន្ទាប់​ពី​នៅ​ទីក្រុង​ភ្នំពេញ មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​រៀបចំ​ធ្វើ​ពិធី​ដ៏​ធំ​សម្បើម​មួយ​នៅ​ពហុកីឡដ្ឋាន​អូឡាំពិក ដើម្បី​អបអរ​សាទរ​ចំពោះ​ជោគជ័យ​នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​យប់​ថ្ងៃ​ច័ន្ទ​កន្លង​មក ៕

ប្រភព៖ http://www.rfa.org/khmer/indepth/50Thai-soldiers-enter-Khmer-land-07152008231745.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: