jump to navigation

កុមារ​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដោយសារ​ការពុល​ចំណី​នៅ​ខែត្រ​ព្រះវិហារ ខែកក្កដា 13, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-11

នៅ​ភូមិ​ស្រអែម ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ​ពី​ប្រាសាទ​ព្រះវិហារ កុមារ​ខ្មែរ​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត ស្ថិត​ក្នុង​អាការៈ​ពុល​ធ្ងន់ធ្ងរ បន្ទាប់ពី​ពួក​គេ​បាន​ទិញ​ស្ករ​គ្រាប់​យក​មក​ចែក​គ្នា​ហូប កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​កក្កដា ។

បុរស​ឈ្មោះ ផាន់ រ៉ន អាយុ​៤៩​ឆ្នាំ​បាន​អះអាង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែ​កក្កដា ថា​កុមារ​ទាំង​៤​គឺ​ជា​ចៅ​ប្រុស​និង​កូន​ស្រី​ក្រោម​ការមើល​ថែ​របស់​គាត់​និង​ប្រពន្ធ​ជា​រៀងរាល់​ថ្ងៃ ។

បុរស​ដដែល​បាន​អះអាង​ថា ចៅ​ប្រុស​របស់​គាត់​ឈ្មោះ ធឿន ធៀន អាយុ​៥​ឆ្នាំ​បាន​ស្លាប់​បន្ទាប់ពី​ហូប​ស្ករ​គ្រាប់ ឯ​កូន​ស្រី​ឈ្មោះ រ៉ន ម៉ៅ អាយុ​១៤​ឆ្នាំ និង​ចៅ​២​នាក់​ទៀត​បាន​ពុល​បន្ត​គ្នា បន្ទាប់ពី​កូន​ស្រី​បាន​ទិញ​ស្ករ​គ្រាប់​ចំនួន​៨​គ្រាប់​ពី​តូប​លក់​ដូរ​នៅ​ក្នុង​ភូមិ​មក​ចែក​ឲ្យ​ក្មួយៗ ។

លោក ផាន់ រ៉ន បាន​ឲ្យ​ដឹង​ថា ៖ «ទិញ​ស្ករ​គ្រាប់​ចំនួន​៨​គ្រាប់ ១​គ្រាប់ ១០០ ។ មីង​ហ្នឹង​បាន​ចែក​ឲ្យ​ម្នាក់​១​គ្រាប់​នៅ​សល់​៤​គ្រាប់​ទុក​នៅ​នឹង​កាត៉ាប ខ្ញុំ​អត់​ដឹង​ទេ ។ ដល់​ហើយ​យាយ​រៀបចំ​ឲ្យ​ហូប​បាយ ឃើញ​មុខ​ចៅ​ស្វាយ សង្ស័យ​ថា​ខ្យល់គរ ដល់​ពេល​នេះ​ទៅ​កោស​ខ្យល់ ដល់​ពេល​កោស​ខ្យល់​ទៅ យាយ​មក​ពី​ជើង​ថា ផឹក​ថ្នាំ​សាកមើល​ក្រែង​គ្នា​ពុល ពេទ្យ​ក៏​ព្យួរ​ស៊ីរ៉ូម​ទៅ ដាច់​ខ្យល់ ។ ខ្ញុំ​មើល​អា​ចៅ​ឯណេះ​ឡើង​បន្ត​ទៀត មុខ​ដូច​គ្នា​ទៀត ទាំងអស់​មាន​គ្នា​៤​នាក់»

ប្រធាន​មណ្ឌល​សុខភាព​ភូមិ​ស្រអែម អ្នកស្រី ដួង ផាត បាន​មាន​ប្រសាសន៍​ថា​កុមារ​ម្នាក់​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ចំណោម​កុមារ​៣​នាក់​ផ្សេង​ទៀត គឺ​មាន​ស្នាម​ឡើង​ខ្មៅ​ពេញ​ខ្លួន​ដោយ​បាត់បង់​ជាតិ​ឈាម​ក្រហម ហើយ​តាម​ការសាកសួរ​ក្រុម​គ្រួសារ​ថា​បណ្ដាល​មក​ពី​ពួក​គេ​ញ៉ាំ​ស្ករ​គ្រាប់ ។

អ្នកស្រី ដួង ផាត បាន​មាន​ប្រសាសន៍​ថា ៖ «ក្មេង​ដែល​ចូល​មក​ដល់​ប្រកាច់​អត់​ដឹង​ខ្លួន​ស្រេច ស្វាយ​ឡើង​ខ្មៅ ពួក​ខ្ញុំ​មក​ដល់​ដាក់​ស៊ីរ៉ូម​ទៅ​ខុស ដក​ឈាម​ចេញ​មក​ឡើង​ខ្មៅ ខ្មៅ​ទាំង​ត្របក​ភ្នែក គ្រាប់​ភ្នែក ខ្មៅ​ទាំងអស់ ។ សង្ស័យ​ថា​មក​ពី​ស្ករ​គ្រាប់ ស្ករ​គ្រាប់​មូលៗ មាន​ដោត​ជ័រ​សម្រាប់​កាន់…»

តាម​គ្រូពេទ្យ​បាន​អះអាង​ថា​កុមារ​៣​នាក់​ត្រូវ​បាន​សង្រ្គោះ​រួចផុត​ពី​គ្រោះថ្នាក់ ហើយ​ពេទ្យ​បាន​ប្រមូល​យក​ស្ករ​គ្រាប់​ចំនួន​៤​គ្រាប់​ដើម្បី​ពិសោធ ថា​តើ​ស្ករ​គ្រាប់​ទាំង​នោះ​ពិត​ជា​មាន​ជាតិ​ពុល​ឬ​យ៉ាង​ណា ? ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​គ្រូ​ពេទ្យ​មិន​អាច​អះអាង​ពី​លទ្ធផល​នៃ​ការពិសោធ​បាន​ទេ ដោយសារតែ​ទី​នោះ​គ្មាន​ឧបករណ៍​ពិសោធន៍ ។

ចំណែក​ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​កន្ទួត លោក​អនុសេនីយ៍​ត្រី ជប់ សុំ បាន​មាន​ប្រសាសន៍​ថា​សមត្ថកិច្ច​បាន​ទៅ​ពិនិត្យមើល​ស្ករ​គ្រាប់​តាម​ការអះអាង​របស់​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ ហើយ​ដឹង​ថា​ជា​ផលិតផល​របស់​ប្រទេស​វៀតណាម យីហោ DUYEN THAM ។

លោក​អនុសេនីយ៍​ត្រី ជប់ សុំ បាន​បញ្ជាក់​ថា ៖ «យើង​បាន​ដក​ហូត​មក​ហើយ ។ ខ្ញុំ​មិន​ដឹង​អី​ទេ​អក្សរ​ហ្នឹង ប៉ុន្តែ​ឲ្យ​គ្រូពេទ្យ​មើល​មិញ​ថា​ផលិត​នៅ​ប្រទេស​វៀតណាម អក្សរ​វៀតណាម​តែម្ដង ។ ស្ករ​គ្រាប់​ទាំងអស់​៥​ថង់ ប៉ុន្តែ​គេ​លក់​អស់​មួយ​ថង់​កន្លះ​ហើយ នៅសល់​៣​ថង់​កន្លះ​ទៀត»

មន្រ្តី​ប៉ូលិស​និយាយ​ថា​គេ​បាន​ដក​ហូត​យក​ស្ករ​គ្រាប់​ទាំង​នោះ​ពី​តូប​លក់​ដូរ​អស់​ហើយ សម្រាប់​ធ្វើការ​ពិសោធ ។

ទោះយ៉ាងណា​ពុំ​មាន​ការពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​បញ្ហា​ថា​តើ​មាន​សារធាតុ​អ្វី​នៅ​ក្នុង​គ្រាប់​ស្ករ​ដែល​បណ្តាល​ឲ្យ​ពុល​នោះ​នៅ​ឡើយ​ទេ ដោយ​ប៉ូលិស​គ្រាន់តែ​រក​ឃើញ​ថា ស្ករ​គ្រាប់​នោះ​គឺ​ផុត​អាយុកាល​ប្រើប្រាស់​ទៅ​ហើយ ។

ក្រុម​គ្រូពេទ្យ​ប្រចាំ​តំបន់​បាន​និយាយ​ថា​នេះ​ជា​ការពុល​ចំណី​អាហារ​លើក​ដំបូង​នៅ​ក្នុង​តំបន់​របស់​គេ រហូត​ដល់​កុមារ​ម្នាក់​ស្លាប់​ដែល​គេ​ពុំ​ធ្លាប់​ជួប​ប្រទះ​ហេតុការណ៍​នេះ​ពី​មុន​មក​ទេ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/child-died-from-food-poisoning-07122008010331.html

Advertisements

មតិ»

1. ផេងជី - ខែកក្កដា 14, 2008

ខ្ញុំក៏មាន​ព័ត៌មាន​ក្តៅ​ៗ​ពី​អ្នកភូមិ​របស់​ខ្ញុំ​ដែរ​

“រឿង​ហេតុ​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​កាល​ពី​ម្សិល​មិញ អ្នក​ភូមិ​នៅ​ស្រុក​ខ្ញុំ​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា​មាន ក្មេង​ម្នាក់​ពុល​នំ​កញ្ចប់​របស់​ថៃ ជានំ​ដែល​កូន​ក្មេង​ចូលចិត្ត​ញុំា​តែ​មិន​បាន​បញ្ជាក់ថា​នំ​អ្វី​នោះ​ទេ។ ឥលូវ​កំពុង​​សំរាក​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ភូមិ​ ថ្នល់​បត់ ឃុំ​រហាត់​ទឹក ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ។”
http://phengchy.wordpress.com/


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: