jump to navigation

អាជ្ញាធរ​ក្រុង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​ខុស​ច្បាប់​មុខ​ទូត​ថៃ​ពី​រឿង​ប្រាសាទ​ព្រះវិហារ ខែកក្កដា 2, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-06-30

អាជ្ញាធរ​ក្រុង​បាន​អះអាង​នៅ​ថ្ងៃ​ច័ន្ទ ទី​៣០ មិថុនា​នេះ ថា​គេ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​ខុស​ច្បាប់​ណា​មួយ​ប្រឆាំង​នឹង​ទូត​ថៃ ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​នោះ​ឡើយ ។

Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​នឹង​ចាត់​វិធានការ​មិន​ឲ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើតឡើង នៅពេល​មាន​ការធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ស្ថានទូត​ថៃ ដូច​បាន​កើតឡើង​កាលពី​ខែ​មករា ឆ្នាំ​២០០៣​នោះ​ឡើយ ។

លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា ៖ «បើ​គាត់​មាន​ច្បាប់​គាត់​ធ្វើ​ចុះ​ខ្ញុំ​ការពារ​ជូន បើ​គាត់​អត់​ច្បាប់​ទេ​គាត់​ខុស​ច្បាប់ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​គាត់​បង្ក​ភាព​អនាធិបតេយ្យ​នៅ​តាម​ដងផ្លូវ​សាធារណៈ ។ ជាពិសេស​យើង​ដឹង​ហើយ​ថា ទូត​ថៃ រដ្ឋាភិបាល​ធ្លាប់​សង​ដោយសារ​អំពើ​អនាធិបតេយ្យ​នេះ​ដែល​ដុត​បំផ្លាញ​ទូត​ថៃ​កន្លង​មក គឺ​ដោយសារ​អ្នក​ដែល​ធ្វើ​បាតុកម្ម​អត់​ច្បាប់​នេះ​ឯង ។ ហើយ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​សង​សំណង​យ៉ាង​ច្រើន​ទៅ​ដល់​រដ្ឋាភិបាល​ថៃ»

គួរ​ជម្រាប​ថា​នៅ​ពេល​ថ្មីៗ​នេះ​មាន​ដំណឹង​លេច​ឮ​ថា មាន​ការត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​ថៃ​ឆាប់ៗ​នេះ បើសិន​ជា​ការចរចា​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ទទួល​បរាជ័យ​ដោយសារ​មាន​ការជំទាស់​ពី​ភាគី​ថៃ ។ កិច្ចប្រជុំ​ដើម្បី​ធ្វើការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា នា​ថ្ងៃ​ពុធ ទី​២ កក្កដា​នេះ ។

ទោះជា​យ៉ាងណា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ខ្មែរ លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់​បាន​អះអាង​កាលពី​សប្ដាហ៍​មុន​ថា ស្ថានការណ៍​រឿង​ព្រះវិហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​សភាព​ស្ងប់ស្ងាត់​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ។

រហូត​មក​ទល់​នឹង​ពេល​នេះ​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​ពី​ខាង​ទឹក​ដី​ថៃ​នៅ​តែ​ត្រូវ​បាន​បិទ​នៅ​ឡើយ បន្ទាប់ពី​មាន​ការប្រឆាំង​តវ៉ា​របស់​ប្រជាពលរដ្ឋ​ថៃ នៅ​ទីក្រុង​បាងកក និង​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​មក ។

គួរ​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០០៣ មាន​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ថៃ​នៅ​ទល់មុខ​ស្ថានទូត​ថៃ​នា​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​តារា​ភាពយន្ត​ថៃ​មួយ​រូប ឈ្មោះ​នាង ស៊ុ​វ៉ាក់​ណាន់ ឃុន​យីង បាន​និយាយ​ថា ប្រាសាទ​អង្គរ​វត្ត​ជា​របស់​ថៃ ។ បាតុករ​បាន​នាំគ្នា​កម្ទេច​ស្ថានទូត​ថៃ និង​អគារ​ជំនួញ​ថៃ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ ។

នា​ពេល​ថ្មីៗ​នេះ​មន្ត្រី​ស្ថានទូត​និង​អ្នក​ជំនួញ​ថៃ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្ដែង​សេចក្ដី​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​បាតុកម្ម​ស្រដៀង​គ្នា​នេះ​កើត​មាន​ទៀត ។

កាលពី​ថ្ងៃ​ទី​២៨ មិថុនា តុលាការ​រដ្ឋបាល​ថៃ​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​និង​ក្រសួង​ការ​បរទេស​ថៃ ពន្យារ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជា​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ។ ហើយ​នា​ពេល​ថ្មីៗនេះ ប្រជាពលរដ្ឋ​ថៃ​ប្រមាណ​១៥០​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ប្រឆាំង​នឹង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង ហើយ​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ប្រទេស​ថៃ ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​កាត់​សេចក្ដី​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ១៩៦២ ថា ​ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-issue-06302008092457.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: