ទស្សនៈបញ្ញវន្តខ្មែរជុំវិញរឿងវិវាទព្រំដែនកម្ពុជា-ថៃ ខែ មករា 13, 2009
Posted by សុភ័ក្ត្រ in ព័ត៌មាន.trackback
ដោយ ហ៊ុយ វណ្ណៈ
2009-01-13
ការប្រឈមមុខផ្នែកយោធារវាងខ្មែរនិងថៃ បានបន្តអូសបន្លាយរយៈពេលជាង៦ខែមកហើយ ដោយសារតែការមិនឯកភាពគ្នាលើចំណុចនៅតាមព្រំដែននៃប្រទេសទាំងពីរ និងជាពិសេស គឺទំនាស់នៅជិតតំបន់ប្រាសាទព្រះវិហារ ក្រោយពេលដែលប្រាសាទបុរាណខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
RFA Photo/Savyuth
ទាហានថៃរៀបចំបោះតង់សម្រាកនៅក្នុងដីខ្មែរ ក្បែរប្រាសាទព្រះវិហារ នាថ្ងៃ១៨ សីហា ២០០៨។ កម្ពុជា-ថៃចាប់ផ្ដើមចរចាជាថ្មីស្ដីពីជម្លោះព្រំដែន នាថ្ងៃ១៨ សីហា ២០០៨ នៅប្រទេសថៃ។
សាស្ត្រាចារ្យផ្នែកប្រវត្តិនយោបាយមួយរូប គឺលោកបណ្ឌិត សុខ ទូច បានថ្លែងថា វិបត្តិព្រំដែនកម្ពុជា-ថៃនេះ នឹងអាចដោះស្រាយរួច នៅពេលដែលគេកំណត់បញ្ហាទំនាស់នេះឲ្យច្បាស់ ៖ «យើងឈប់និយាយទៅទំនាស់ព្រំដែន យើងត្រូវតែប្រើពាក្យមួយថា ការឈ្លានពាន។ ដើម្បីអ្វី? ដើម្បីឲ្យអង្គការសហប្រជាជាតិគេចូលខ្លួនមកដោះស្រាយក្នុងពេលដែលយើងប្ដឹងគេ។ កាលណាយើងនិយាយពីទំនាស់ គឺដាច់ខាតជាទូទៅមិនដែលមានរឿងអង្គការសហប្រជាជាតិចេញមុខទេ។ ឧទាហរណ៍យើងឃើញមានទំនាស់រវាងកាស្មៀ រវាងហ្សកហ្ស៊ី រវាងអីទាំងអស់ហ្នឹង យើងឧទាហរណ៍ ប៉ុន្តែបើសិនជារំលោភ ដូចយើងឃើញហើយនៅឆ្នាំ១៩៩១ នៅពេលដែលអ៊ីរ៉ាក់ រំលោភទឹកដី គុយវ៉េត បានន័យថា អង្គការសហប្រជាជាតិដើរតួនាទីក្នុងការដោះស្រាយ»។
សូមជម្រាបថា វិបត្តិនៅតាមព្រំដែនកម្ពុជា-ថៃ បាននាំឲ្យប្រទេសនៃសមាជិកអាស៊ានមួយចំនួនចង់ដើរតួនាទីរួមចំណែកជួយដោះស្រាយបញ្ហាផងដែរ ក៏ប៉ុន្តែត្រូវបានបដិសេធ។
ចំណែកឯសហគមន៍អន្តរជាតិដែលរួមមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ជប៉ុន និងប្រទេសបារាំងផងនោះ បានជំរុញឲ្យកម្ពុជានិងថៃបន្តដោះស្រាយដោយទ្វេភាគី។
រូបមន្តនេះគឺត្រូវមន្ត្រីអង្គការសង្គមស៊ីវិល អ្នកនយោបាយ និងបញ្ញវន្តខ្មែរមួយចំនួនមើលឃើញថា មិនអាចទៅរួចឡើយ ក៏ប៉ុន្តែរូបមន្តនេះត្រូវគេមើលឃើញថា ស្របនឹងនយោបាយរបស់ថៃដែលលោកបណ្ឌិត សុខ ទូច បានថ្លែងយ៉ាងដូច្នេះថា ៖ «នយោបាយរបស់ថៃចង់បិទបាំងនូវភាពអាក្រក់របស់ខ្លួនដើម្បីបង្ហាញពិភពលោកថាខ្លួននៅតែល្អ ខ្លួនគ្មានបានជ្រៀតជ្រែកទៅលើប្រទេសណាទេ នេះវាជារឿងនយោបាយដោះស្រាយនៅក្នុងព្រំដែនតែប៉ុណ្ណឹង។ ហើយតាមការពិតថៃ បានរំលោភនិងឈ្លានពានទឹកដីកម្ពុជាពេញមុខពេញមាត់ ដូច្នេះហើយថៃមិនចង់ឲ្យពិភពលោកយល់ដូចដែលប្រជាជនកម្ពុជា ឬបញ្ញវន្តមួយចំនួនដែលគេយល់ថា ថៃរំលោភបូរណភាពទឹកដី មិនមែនជារឿងព្រំដែនទេ»។
នៅក្នុងករណីដែលមិនទាន់មានកិច្ចអន្តរាគមន៍ពីអន្តរជាតិ ឬគ្មានកិច្ចអន្តរាគមន៍ពីប្រទេសទី៣ លើទំនាស់ខ្មែរ-ថៃនោះ លោកបណ្ឌិត សុខ ទូច បានថ្លែងថា មានចំណុចគន្លឹះមួយចំនួន ដែលជម្លោះនេះនឹងអាចត្រូវដោះស្រាយចេញរួចតាមរយៈទ្វេភាគី។
លោកបណ្ឌិត សុខ ទូច បានលើកយកឧទាហរណ៍កន្លងមក ដែលប្រទេសថៃមានទំនាស់ព្រំដែនជាមួយប្រទេសជិតខាង ដែលក្នុងនោះ ថៃមានទំនាស់ព្រំដែនជាមួយប្រទេសលាវនៅឆ្នាំ១៩៨៤ ថៃមានទំនាស់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី នៅឆ្នាំ១៩៩១ និងថៃមានទំនាស់ព្រំដែនជាមួយភូមានៅឆ្នាំ២០០១ មកអធិប្បាយយ៉ាងដូច្នេះថា ៖ «បញ្ហាព្រំដែនរវាងប្រទេសនៅជុំវិញរបស់ប្រទេសថៃហ្នឹង យើងឃើញថា វាគ្មានដំណោះស្រាយណាដែលបរទេសលូកដៃទេ គឺមានតែប្រទេសជម្លោះហ្នឹងបង្ហាញតុល្យភាព។ ឧទាហរណ៍នៅភូមា ឧទាហរណ៍នៅម៉ាឡេស៊ី ឧទាហរណ៍នៅលាវ ចុងក្រោយ នៅខ្មែរយើងហ្នឹងឯង។ យើងឃើញហើយប្រវត្តិសាស្រ្ដគឺថា លើកលែងតែម៉ាឡេស៊ីមួយទេ ដែលថៃសុខចិត្តអង្គុយដោះស្រាយ ហើយថៃសុខចិត្តអត់ប្រើកម្លាំងយោធាទេ ដោយសារតែប្រទេសម៉ាឡេស៊ីមានជាងប្រទេសថៃ អ៊ីចឹងគេដោះស្រាយ ហើយប្រទេសម៉ាឡេស៊ីគេធ្វើរបង ក្រៅតែពីហ្នុងគឺថាប្រើកម្លាំងយោធាទាំងអស់។ នៅភូមាមានរហូតដល់កាត់ក្បាលទាហានថៃទៀត នៅប្រទេសលាវ ក៏ដូចគ្នាដែរ តាមរបាយការណ៍ដែលយើងស្រាវជ្រាវហ្នឹង ងាប់ទាំងសងខាង ១ពាន់ ប៉ុន្តែការពិត មិនមែនប៉ុណ្ណឹងទេ»។
នៅក្នុងករណីរបស់កម្ពុជាវិញ លោកបណ្ឌិត សុខ ទូច បានលើកយកចំណុចសំខាន់៤ទៀត ដើម្បីជាកម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដែលក្នុងនោះរួមមាន កម្ពុជាត្រូវពង្រឹងកម្លាំងយោធា បង្ហាញនូវឯករាជភាពខាងសេដ្ឋកិច្ច ពង្រីកនយោបាយការបរទេសនិងប្រមូលការគាំទ្រពីមហាជននិងបញ្ញវន្តខ្មែរ។
លោកបណ្ឌិត សុខ ទូច បានលើកឡើងពីតុល្យភាពកម្លាំងយោធាយ៉ាងដូច្នេះថា ៖ «អ៊ីចឹងប្រទេសកម្ពុជា យើងរកដំណោះស្រាយការទូត ប៉ុន្តែក៏យើងមិនអាចបំភ្លេចនូវកម្លាំងតុល្យភាពខាងយោធាបានដែរ។ យើងឃើញហើយថា សង្ឃឹមបរទេស យើងសង្ឃឹមតិចតួចណាស់ សំខាន់គឺខ្លួនយើងហ្នឹងតែម្ដង គឺធ្វើយ៉ាងម៉េចឲ្យយើងមានកម្លាំងយោធាមានតុល្យភាព មិនមានតុល្យភាពយ៉ាងម៉េច គឺថាបង្ហាញអំពីកម្លាំងរបស់យើង ថាយើងនឹងអាចឆ្លើយតបគ្រប់ពេលវេលានៅពេលណាដែលប្រទេសជិតខាងរំលោភបូរណភាពទឹកដីយើង»។
ចំណែកឯការពង្រឹងសេដ្ឋកិច្ចជាតិនិងការពង្រីកនយោបាយការបរទេសវិញ លោកបណ្ឌិត សុខ ទូច ថ្លែងថា ៖ «យើងបង្ហាញអំពីសេដ្ឋកិច្ចដែលយើងអាចមិនពឹងពាក់គេបាន នោះហើយដែលយើងអាចយកប្រទេសដែលមានទំនាស់មកអង្គុយលើតុចរចាបាន។ ចំណុចទី៣ ក្នុងសំណួរទី២ហ្នឹងដដែល គឺយើងត្រូវពង្រឹងយ៉ាងរឹងមាំជាមួយប្រទេសមហាអំណាច។ យើងដឹងហើយថា ប្រទេសមហាអំណាច ពីព្រោះផលប្រយោជន៍សហរដ្ឋអាមេរិកនៅប្រទេសថៃច្រើនណាស់ ច្រើនមែនទែន អ៊ីចឹងយើងគិតមើលថាតើយើងត្រូវចាប់ខាងណា នេះជានយោបាយរបស់រដ្ឋាភិបាល ខ្ញុំមិនមានសិទ្ធិអី ចូលទៅក្នុងកិច្ចការហ្នឹងទេ។ អ៊ីចឹងដើម្បីឲ្យឃើញថា ឲ្យមានតុល្យភាពនៅក្នុងនយោបាយការបរទេស ដើម្បីឲ្យគេដាក់សម្ពាធទៅលើប្រទេសថៃ»។
ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ថ្លែងទៀតថា ការរួបរួមកម្លាំងបញ្ញាជននិងមហាជនទាំងក្នុងនិងក្រៅបរទេសគឺជារឿងសំខាន់មួយទៀតរបស់កម្ពុជា ៖ «ជាការពិតណាស់ នៅទីនេះ កម្លាំងពលរដ្ឋនិងកម្លាំងបញ្ញវន្តហ្នឹងជាបញ្ហាសំខាន់ណាស់ ដែលត្រូវជួយកម្លាំងទឹកចិត្តដល់រដ្ឋាភិបាល កម្លាំងទឹកចិត្ត កម្លាំងជួយឧបត្ថម្ភ កម្លាំងគាំទ្រ។ បញ្ញវន្តផ្ដល់នូវចក្ខុវិស័យនិងត្រីវិស័យដើម្បីដោះស្រាយ»។
សូមជម្រាបថា ទំនាស់នៅព្រំដែនរវាងកម្ពុជានិងថៃ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារនៅពេលមួយនោះ បានកាន់តែក្តៅឡើង រហូតឈានដល់មានការផ្ទុះអាវុធមួយឈុតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ ហើយបណ្តាលឲ្យស្លាប់និងរបួសទាហានទាំងសងខាង។
ជាមួយគ្នានេះ ស្របពេលដែលភាគីថៃព្យាយាមរកការដោះស្រាយទ្វេភាគីនោះ ថៃក៏បានបន្តចល័តកម្លាំងទ័ពនៅតាមព្រំដែននិងបញ្ជូនកម្លាំងចូលទន្ទ្រាននៅតាមតំបន់ខ្មែរមួយចំនួនជាបន្តបន្ទាប់ដែរ ដូចជាការធ្វើសមយុទ្ធយោធានៅតំបន់ច្រកជាំស្រងាំ នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងបញ្ចូលកម្លាំងទ័ពនៅតំបន់ប្រាសាទតាមាន់និងប្រាសាទតាក្របីជាដើម។
បើទោះបីជាការផ្ទុះអាវុធបានស្ងប់ស្ងាត់ ក៏ប៉ុន្តែសេចក្តីរាយការណ៍ពីព្រំដែនបានឲ្យដឹងថា បច្ចុប្បន្ន ទាហានទាំងសងខាងបន្តស្ថិតក្នុងការប្រុងប្រយ័ត្ននៅតាមព្រំដែននៅឡើយ៕
វិចារ»
No comments yet — be the first.