កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ៤) ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-11-12
ប្រាសាទព្រះវិហារខ្មែរត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ កក្កដា ឆ្នាំ២០០៨ ហើយប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានចូលរួមក្នុងវេទិកាប្រគំតន្រ្តីមួយដើម្បីអបអរសាទរនៃជោគជ័យនេះ។
RFA Photo/Keo Nimol
ប្រាសាទព្រះវិហារខ្មែរ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។
ខែកក្កដា ឆ្នាំ២០០៨ ៖
នៅថ្ងៃទី១៤ ខែកក្កដា ប្រជារាស្រ្តរាប់ម៉ឺននាក់បានចូលរួមក្នុងវេទិកាប្រគំតន្ត្រីមួយនាពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរការវិលត្រឡប់របស់គណៈប្រតិភូខ្មែរពីទីក្រុងកេបិច ប្រទេសកាណាដា ដែលនៅទីនោះបានសម្រេចជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
នៅថ្ងៃអង្គារ ទី១៥ កក្កដា ជម្លោះតានតឹងស្តីពីការរំលោភព្រំដែនបានកើតឡើង បន្ទាប់ពីអាជ្ញាធរខ្មែរបានចាប់ខ្លួនជនជាតិថៃ ៣នាក់ ដែលបានឆ្លងព្រំដែនខុសច្បាប់ក្នុងបំណងដោតទង់ជាតិលើប្រាសាទព្រះវិហារ ហើយបន្ទាប់មកមានកងទ័ពថៃជាច្រើននាក់ក៏បានចូលមកតាមក្រោយដែរ។ មានកងទ័ពថៃម្នាក់បានជាន់មីនដាច់ជើងក្នុងការឆ្លងចូលដីខ្មែរនេះ។ បន្ទាប់ពីឆ្លងព្រំដែន កងទ័ពថៃបានរក្សាកម្លាំងនៅទីនោះ ជាពិសេសនៅតំបន់ជុំវិញវត្តកែវសិក្ខាគិរីស្វារៈ ឬហៅថាវត្តប្រាសាទព្រះវិហារ។
មេទ័ពថៃនិងនាយករដ្ឋមន្រ្តីថៃ បានប្រកាសថាដីតំបន់នោះគឺជាទឹកដីក្នុងជម្លោះ ដែលជារបស់ថៃ ប៉ុន្តែក៏បានទប់ទល់ដល់ពួកបាតុករមិនឲ្យចូលមកតំបន់នោះដែរ។ អាជ្ញាធរខ្មែរខេត្តព្រះវិហារបានឲ្យដឹងថា កងទាហានឈុតខ្មៅថៃប្រមាណ៥០នាក់ប្រដាប់ដោយអាវុធបានលើកគ្នាចូលមកក្នុងព្រំដែនខ្មែរនៃតំបន់ប្រាសាទព្រះវិហារ។ កម្លាំងទ័ពនេះក្រោយមកភ្លាមៗបានកើនដល់១០០នាក់។
មន្ត្រីសំខាន់របស់កងរាជអាវុធហត្ថប្រចាំស្រុកជាំក្សាន្តមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា កងទាហានឈុតខ្មៅថៃប្រដាប់ដោយអាវុធគ្រប់ដៃបានលើកគ្នាចូលមកដល់ទីវត្តខ្មែរមួយនៅខាងលិចប្រាសាទព្រះវិហារ ហើយកងកម្លាំងថៃជាច្រើនបានកាន់កាប់នៅលើតំបន់ជណ្តើរបូរាណនៃទឹកដីខ្មែរ ដោយបិទច្រកមិនឲ្យប្រជាពលរដ្ឋខ្មែរចេញចូលទៀតផង ៖ «ទាហានឈុតខ្មៅវាប្រដាប់ដោយអាវុធកំប៉្លេតែម្ដង នៅវត្តលើប្រាសាទហ្នឹង»។
ប្រជាពលរដ្ឋខ្មែរនៅលើប្រាសាទព្រះវិហារបានផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី នៅវេលាម៉ោងប្រមាណ១២និង១៥នាទីថា កងទាហានឈុតខ្មៅថៃកំពុងសំរុកចូលមកច្រកខាងលិចនៃប្រាសាទ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ហើយបានចូលដល់វត្តរបស់ខ្មែរ។
ប្រជាពលរដ្ឋម្នាក់បានបញ្ជាក់ថា ៖ «គេចូលមកខាងទឹកដីយើងតែម្ដង ជណ្ដើរបូរាណ កន្លែងវត្ត ទាហានខ្មៅប្រហែល៥០-៦០នាក់ សុទ្ធតែកាំភ្លើង… ថ្ងៃហ្នឹងខ្លាំងណាស់។ ឥឡូវនាំគ្នាភ័យ ឥឡូវខ្ញុំឡើងទៅប្រាសាទទី១ ទី២»។
រហូតដល់ថ្ងៃទី១៦ ខែកក្កដា ថៃបានបង្កើនកម្លាំងទ័ពថែមទៀតនៅតំបន់ក្បែរប្រាសាទព្រះវិហារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី១៦ កក្កដានោះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលខ្មែរ ដើម្បីរកវិធានការដោះស្រាយសភាពការណ៍បន្ទាប់ពីទាហានឈុតខ្មៅថៃបានបង្កើនកម្លាំងជិត២០០នាក់ចូលកាន់កាប់វត្តខ្មែរមួយដែលស្ថិតនៅក្បែរប្រាសាទព្រះវិហារ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរ គឺលោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកកាសែតដោយដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអំពាវនាវឲ្យមានការអត់ធ្មត់ និងបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ៖ «យើងដាច់ខាតមិនប្រើកម្លាំងយោធាទេ លើកលែងតែយើងត្រូវគេវាយប្រហារតែម្ដង។ ប៉ុន្តែយើងឃើញថាប្រសិនបើការវាយប្រហារ យើងឃើញថាចំណុចគឺថៃគឺជាអ្នកនឹងទទួលការថ្កោលទោសខ្លាំងណាស់ ពីព្រោះដោយសារថាការងារយើងជាសមាជិកអាស៊ាន យើងមានគោលការណ៍គឺមិនប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាទេ»។
លោក ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៍បញ្ជាក់ដែរថា ភាគីកម្ពុជាក៏បានបញ្ជូនកម្លាំងកងទ័ពទៅទីនោះផងដែរ ៖ «ប៉ុន្តែយើងបានបន្ថែមកម្លាំងរបស់យើងឡើងដល់៣០០ជាងហើយ ជិត៤០០កម្លាំងរបស់យើង ៣៨០នាក់ហើយ»។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានថ្លែងឲ្យដឹងដែរថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃក៏បានទូរស័ព្ទមកភាគីកម្ពុជាដើម្បីស្នើឲ្យមានការចរចាអំពីរឿងនេះទ្វេភាគីផងដែរ ។
នៅថ្ងៃ១៧ កក្កដា ថៃ បានបង្កើនកម្លាំងទ័ពរហូតដល់ជាង១,០០០នាក់ ដែលក្នុងនោះមានប្រមាណជាង៤០០នាក់ស្ថិតនៅក្នុងតំបន់វត្តកែវសិក្ខាគិរីស្វារៈជារបស់កម្ពុជា ប៉ុន្តែកងទ័ពថៃបាននិយាយថាតំបន់នោះមិនមែនរបស់កម្ពុជាឡើយ។
យោងតាមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិក្បែរវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ព្រះសង្ឃខ្មែរបីអង្គនៅវត្តនោះដែលថៃកំពុងកាន់កាប់ដោយទាហានថៃ បានភៀសចេញពីវត្ត នៅសល់តែព្រះសង្ឃមួយអង្គប៉ុណ្ណោះដែលគង់នៅ។ ក៏ប៉ុន្តែមានព្រះសង្ឃថៃបីអង្គនិងអាចារ្យម្នាក់បានចូលមកនៅកាន់វត្តនោះ។
នៅថ្ងៃដដែលនោះដែរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតមួយទៅលោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរៈវេដ ដោយអំពាវនាវឲ្យមានការដកកងទ័ពជាបន្ទាន់ចេញពីតំបន់នោះ។
នៅថ្ងៃ១៨ កក្កដា នាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ បានឆ្លើយតបលិខិតមកលោក ហ៊ុន សែន ដោយនិយាយថា កងទ័ពថៃដែលដាក់រាយនៅតំបន់ក្បែរប្រាសាទព្រះវិហារនោះ គឺជាអធិបតេយ្យរបស់ថៃទេ។ នៅក្នុងលិខិតនោះ លោក សាម៉ាក់ បានបញ្ជាក់ទៀតថា កងទ័ពកម្ពុជា និងប្រជារាស្រ្តខ្មែរទេដែលមានការសាងសង់សំណង់លើទឹកដីដែលមានទំនាស់ ដែលមានផ្ទៃក្រឡាប្រមាណ ៤,៦គីឡូម៉ែត្រក្រឡា ដែលជាការរំលោភដល់បូរណភាព និងអធិបតេយ្យរបស់ថៃ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនៅតែស្វែររកដំណោះស្រាយបញ្ហាដោយត្រឹមត្រូវនិងសន្តិវិធី។
នៅថ្ងៃដដែលនោះដែរ មន្ត្រីការពារនៅតំបន់ព្រំដែនខ្មែរដទៃទៀតបានឲ្យដឹងថា ទាហានឈុតខ្មៅថៃបានធ្វើសកម្មភាពជីករណ្តៅធ្វើប៉មការពារលើទឹកដីរបស់ខ្លួន ចំណែកឯពលរដ្ឋខ្មែរនៅតាមព្រំដែនមានការបារម្ភពីស្ថានភាពអសន្តិសុខ។
លោក ឈូក អាង ប្រធានវរការពារព្រំដែនលេខ៩១១ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងថា កងទាហានឈុតខ្មៅថៃបានផ្តើមសកម្មភាពជីករណ្តៅចំនួន៥ ទំហំមួយម៉ែត្រកន្លះបួនជ្រុង ៖ «អ៊ីចឹងវាមាន៥រណ្តៅពីខាងជើងស្ពានមក ជាង៥០០ម៉ែត្រគឺមានរណ្តៅ៥ ។ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ១០០ម៉ែត្រ» ។
រីឯប្រជាពលរដ្ឋខ្មែរនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាមានការព្រួយបារម្ភចំពោះសកម្មភាពទាហានឈុតខ្មៅថៃ ហាក់បីដូចជាត្រៀមលក្ខណៈចំពោះស្ថានការណ៍អ្វីមួយដែលអាចនឹងកើតមានឡើងនៅតាមព្រំដែន។
ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា ៖ «ពីម្សិលម៉្ងៃវាមានឈុតខ្មៅ ហើយនិងឈុតប៉ារ៉ាហើយនិងកម្មករឈរជីកអ៊ីចឹងទៅណា៎ ។ យើងចេះតែភ័យខ្លាចមួយៗចេះតែមានអារម្មណ៍តក់ស្លុត»។
នៅពេលជាមួយគ្នានោះបាតុករថៃដែលបានលើកគ្នាមកតវ៉ារឿងករណីប្រាសាទព្រះវិហារបានដកថយ ប៉ុន្តែទាហានឈុតខ្មៅថៃមិនបានដកថយទេ។ ការកាន់កាប់របស់ទាហានឈុតខ្មៅថៃនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារមានចំនួន៤ថ្ងៃហើយ៕
ប្រភព៖ អាស៊ីសេរី
កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ៣) ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-11-06
នៅថ្ងៃច័ន្ទទី៣០ ខែមិថុនា កាសែតជាភាសាអង់គ្លេសរបស់ថៃឈ្មោះ The Nation បានសរសេរអត្ថបទរិះគន់លោក ស៊ុនធិ លីមថុងគុល មេដឹកនាំនៃសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យថា បានយកលេសអំពីបញ្ហាប្រាសាទព្រះវិហារ ដើម្បីវាយប្រហាររដ្ឋាភិបាលលោក សាម៉ាក់ ស៊ុនថរៈវេដ។
RFA/Uy Sophea
ទាហានខ្មែរ-ថៃទទួលទានអាហារជាមួយគ្នានៅលើភ្នំទ្រព្យ ក្បែរប្រាសាទព្រះវិហារ នាថ្ងៃទី១៩ តុលា ២០០៨។
ខែកក្កដា ឆ្នាំ២០០៨ ៖
ចូលដល់ខែកក្កដា ឆ្នាំ ២០០៨ គឺនៅថ្ងៃទី១ ខែកក្កដា រដ្ឋាភិបាលថៃបានដកការគាំទ្ររបស់ខ្លួនក្នុងការគាំទ្រដើម្បីចុះប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលខ្មែរបានថ្លែងថា គេនៅតែមានសង្ឃឹមអំពីជោគជ័យនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ ទោះបីជាមានការជំទាស់ពីប្រទេសថៃក៏ដោយ។
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៨ ខណៈដែលអង្គការយូណេស្កូចាប់ផ្ដើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅក្នុងទីក្រុងកេបិកនៃប្រទេសកាណាដា កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយរបាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ (D P-A) ដែលបកស្រាយដោយខុសឆ្គងថា ប្រាសាទព្រះវិហារមួយដែលស្ថិតនៅក្នុងទឹកដីថៃ។
តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលថៃក្នុងការគាំទ្រសំណើរបស់ប្រទេសកម្ពុជាដើម្បីចុះប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ឥស្សរជនប្រឆាំងនៃប្រទេសថៃ ដែលមាននិន្នាការប្រឆាំងចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានដាក់ពាក្យប្ដឹងចំពោះរដ្ឋមន្ត្រីការបរទេសថៃ លោក ណុបផៈឌន ផាតាម៉ា ទៅតុលាការ។
ជាចុងក្រោយ តុលាការធម្មនុញ្ញថៃបានធ្វើការកាត់ក្ដីកាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ ជាមួយនឹងការវិន្និច្ឆ័យដោយសំឡេង ៨ ទល់នឹង ១ ថា សេចក្ដីថ្លែងការណ៍រួមរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃ ជាមួយកម្ពុជាគ្មានធម្មនុញ្ញភាព។ ខណៈដែលអង្គការយូណេស្កូជួបប្រជុំនៅក្នុងទីក្រុងកេបិកនៃប្រទេសកាណាដា មានប្រជាជនថៃប្រហែល ២០នាក់ បានឈរតវ៉ានៅខាងក្រៅដោយមានកាន់ទង់ជាតិថៃ និងបដាដែលសរសេរថា “ ណុបផៈឌន លោកឯងជាមនុស្សកុហក” ។
នៅថ្ងៃទី ៦ ខែ កក្កដា នាយករដ្ឋមន្រ្តីថៃ បានថ្លែងប្រាប់ពលរដ្ឋរបស់ខ្លួន ថា ការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះ គឺជាសិទ្ធិសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ លោក សាម៉ាក់ ស៊ុនថរៈវេដ បានថ្លែងបន្ថែមថា ការដាក់បញ្ចូលប្រាសាទព្រះវិហារជាមរតកពិភពលោកនោះ ក៏មិនបានធ្វើឲ្យប្រទេសថៃបាត់បង់ទឹកដីដែរ។
រហូតដល់ថ្ងៃទី៧ ខែកក្កដា ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា អង្គការយូណេស្កូ បានសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ទោះបីជាមានការជំទាស់ពីប្រទេសថៃ ក៏ដោយ។
នៅថ្ងៃទី៨ កក្កដា ប្រជារាស្រ្តខ្មែររាប់ពាន់នាក់នៅទីក្រុងភ្នំពេញ បានហែក្បួនតាមដងវិថីនានា ដើម្បីជាកិច្ចអបអរសាទរដែលអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ នៅល្ងាចថ្ងៃដដែលនោះដែរ សាលាក្រុងភ្នំពេញក៏បានរៀបចំការប្រគំតន្រ្តីកំសាន្តមួយនៅវត្តភ្នំ ដើម្បីអបអរសាទរដែលអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ ទោះបីជាមានភ្លៀងធ្លាក់នៅថ្ងៃនោះ ប៉ុន្តែមានមនុស្សម្នាជាច្រើននៅតែចូលរួម ហើយការប្រគុំតន្ត្រីនោះក៏បានចាក់ផ្សាយបន្តផ្ទាល់ និងមានការចូលរួមពីតារាល្បី ទាំងសិល្បៈបុរាណ និងសម័យ និងមានការបាញ់កាំជ្រួចទៀតផង។
អតីតព្រះមហាក្សត្រខ្មែរ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលបង្ខំឲ្យប្រទេសថៃប្រគល់ប្រាសាទព្រះវិហារមកកម្ពុជាវិញ តាមរយៈការតវ៉ាផ្លូវតុលាការអន្តរជាតិ បានស្វាគមន៍ចំពោះដំណើរការដែលកម្ពុជាបានសម្រេចជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារាវុធ បានមានប្រសាសន៍ថាព្រះរាជបន្ទូលរបស់ព្រះមហាវីរក្សត្រ គឺនៅក្រោយកិច្ចប្រឹងប្រែងខ្លះនៅក្នុងប្រទេសថៃ ដែលប៉ុនប៉ងមិនបានសម្រេចក្នុងកិច្ចព្យាយាមចង់រារាំងមិនឲ្យមានការដាក់ប្រាសាទចូលក្នុងបេតិកភណ្ឌពិភពលោក។
លោក អ៊ុំ ដារាវុធ បានថ្លែងថា ព្រះមហាវីរក្សត្រតែងមានបន្ទូលថា ក្នុងព្រះរាជជីវិតព្រះអង្គព្រឹត្តិការណ៍ធំៗ៣ដែលព្រះអង្គតែងចាំមិនភ្លេច គឺមួយនៅឆ្នាំ១៩៤៧ ដែលប្រទេសថៃបានសងមកកម្ពុជាវិញនូវខេត្តមួយចំនួនដូចជា ខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និងព្រឹត្តិការណ៍ធំទី២ នៅឆ្នាំ១៩៥៣ ដែលខ្មែរបានទទួលឯករាជ្យពីប្រទេសបារាំង និងព្រឹត្តិការណ៍ធំទី៣ គឺថ្ងៃដែលខ្មែរឈ្នះក្តីជាមួយប្រទេសថៃ នៅឆ្នាំ១៩៦២ ដែលបង្ខំឲ្យប្រទេសថៃប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញ តាមរយៈតុលាការអន្តរជាតិក្រុងឡាអេ ប្រទេសហុល្លង់។
នៅថ្ងៃទី៩ កក្កដា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានមានព្រះរាជឱង្ការ ដោយសុំឲ្យប្រជារាស្រ្តថៃនិងខ្មែររក្សាមិត្តភាពប្រទេសជិតខាង ដោយកុំយកបញ្ហាប្រាសាទព្រះវិហារធ្វើជាជម្លោះរវាងប្រជាជាតិទាំងពីរ។ ព្រះមហាវីរក្សត្របានមានព្រះរាជឱង្ការថា ជាការគួរឲ្យសោកស្តាយ ដែលប្រជារាស្ត្រថៃខ្លះដែលយកបញ្ហាប្រាសាទព្រះវិហារមកបង្ករឿងជាមួយនឹងប្រជារាស្ត្រខ្មែរ ហើយព្រះអង្គក៏សុំឲ្យប្រជារាស្រ្តថៃនិងប្រជារាស្រ្តខ្មែរ ខិតខំកសាងមិត្តភាពនិងសហប្រតិបត្តិការជាជាងការយកបញ្ហាប្រាសាទព្រះវិហារមកបង្កជាអរិភាពនឹងគ្នានោះ។
នៅថ្ងៃទី១០ កក្កដា លោក នុបផាឌន ផាតាម៉ា រដ្ឋមន្រ្តីនៃក្រសួងការបរទេសថៃ បានលាលែងពីតំណែងទាក់ទងនឹងការដែលអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ ការលាលែងរបស់លោក គឺបន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចថាការចុះហត្ថលេខារបស់លោកក្នុងរឿងប្រាសាទព្រះវិហារនោះជាការរំលោភរដ្ឋធម្មនុញ្ញ។
នៅថ្ងៃទី១៣ កក្កដា ប្រធានផ្នែកទេសចរណ៍ថៃ បានឲ្យដឹងថា មានប្រជាពលរដ្ឋថៃប្រមាណ ១,០០០នាក់បានលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួនមកកាន់តំបន់ប្រាសាទអង្គរវត្ត ក្នុងប្រទេសកម្ពុជា គឺចាប់តាំងពីមានជម្លោះជុំវិញបញ្ហាការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ប្រធានសមាគមលើកស្ទួយទេសចរណ៍ថៃ លោក សុងសាក់ ស្រីឃ្លឿប បានមានប្រសាសន៍ថាការលុបចោលដំណើរទស្សនកិច្ចដ៏ច្រើននេះ ភាគច្រើនគឺដោយសារមានការភ័យខ្លាចបញ្ហាសន្តិសុខ៕
ប្រភព៖ អាស៊ីសេរី
កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ២) ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-11-02
នៅថ្ងៃទី១៥ ខែមិថុនា ប្រទេសកម្ពុជា បានប្រារព្ធទិវាអបអរសាទរខួបអនុស្សាវរីយ៍ឆ្នាំទី៤៦ នៃទិវាដែលកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងករណីប្រាសាទព្រះវិហារនៅទីក្រុងឡាអេ កាលពីឆ្នាំ១៩៦២។
RFA Photo/Savyuth
ទាហានខ្មែរឈរយាមនៅក្បែរប្រាសាទព្រះវិហារ លើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ នាថ្ងៃទី១៤ សីហា ២០០៨។
មនុស្សជាច្រើនរយនាក់បានចូលរួមក្នុងទិវានេះ ដោយបានបង្ហាញពីគោលបំណងដើម្បីរំឭកនិងបង្ហាញកូនខ្មែរបច្ចុប្បន្ននិងអនាគតទាំងក្នុងនិងក្រៅប្រទេសឲ្យនឹកដល់ប្រវត្តិសាស្រ្តនិងបេតិកភណ្ឌជាតិនាសម័យមហានគរដ៏រុងរឿង និងសម្តែងកតញ្ញូតាធម៌ដល់មហាបុព្វបុរសខ្មែរ ព្រះមហាក្សត្រខ្មែរ អ្នកដឹកនាំដ៏ក្លាហានមុះមុតគ្រប់ជំនាន់ ដែលបានកសាងប្រាសាទព្រះវិហារនិងការពារអធិបតេយ្យជាតិបានរហូតមកដល់បច្ចុប្បន្ននេះ។
នៅថ្ងៃទី១៨ មិថុនា ប្រទេសកម្ពុជានិងថៃ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ទាក់ទងនឹងការបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០០៨ សមាជិកសភាទទួលបន្ទុកខាងកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតមួយច្បាប់ស្នើសុំឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីខ្មែរ ផ្ញើជាបន្ទាន់នូវផែនទីប្រាសាទព្រះវិហារ ដែលរដ្ឋាភិបាលកម្ពុជាទើបតែបានផ្ញើទៅឲ្យភាគីថៃ។
ប្រធានគណៈកម្មការទីប្រាំទទួលបន្ទុកខាងកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ លោក សុន ឆ័យ បានចោទប្រកាន់ថា ខាងរដ្ឋាភិបាលមិនបានប្រើប្រាស់សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលបានកាត់ឲ្យប្រទេសកម្ពុជា ឈ្នះក្ដីក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារ។
នៅថ្ងៃទី២០ មិថុនា គណៈកម្មាធិការព្រឹទ្ធសភាថៃជំទាស់នឹងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកតាមផែនទីថ្មី។ កាសែតថៃបានរាយការណ៍ថា គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាថៃ បានដាក់សំណើជាផ្លូវការទៅអង្គការយូណេស្កូ (UNESCO) ដើម្បីពន្យារការដាក់បញ្ចូលប្រាសាទព្រះវិហារទៅជាបេតិកភណ្ឌពិភពលោកនោះ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ត្រូវបានកាសែតស្រង់សម្ដីថា ក្រសួងការបរទេសធ្វើការខ្វះតម្លាភាពក្នុងការចរចាជាមួយសមភាគីកម្ពុជាលើបញ្ហាប្រាសាទព្រះវិហារ។
រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ណុបផៈដុន ប៉ាតាម៉ា បដិសេធការលើកឡើងនោះដោយពន្យល់ថា តុលាការអន្តរជាតិនៅទីក្រុងឡាអេបានកាត់សេចក្តីប្រគល់ប្រាសាទព្រះវិហារឲ្យទៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៦២មក និងថា ការសម្រេចឲ្យកម្ពុជាប្រើផែនទីថ្មីក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងការការពាររបស់អង្គការយូណេស្កូ នឹងមិនធ្វើឲ្យថៃបាត់បង់ទឹកដីនោះទេ។
លោក ណុបផៈដុន ប៉ាតាម៉ា បានមានប្រសាសន៍ថា ៖ «ជោគជ័យរបស់ក្រសួងការបរទេសគឺថា វាបានបញ្ឈប់កម្ពុជាពីការដាក់បញ្ចូលដីរបស់ថៃនៅក្នុងសំណើទៅអង្គការពិភពលោក វាជាការចាំបាច់ណាស់ ដែលជនជាតិថៃទាំងអស់ត្រូវយល់ ហើយវាត្រូវបានកត់ត្រាជាឯកសារនិងមិនអាចបំភ្លេចបានទេ»។
ទោះជាយ៉ាងនេះក្តី សមាជិកសភាគណបក្សប្រឆាំងនៃប្រទេសកម្ពុជានិងសកម្មជនឃ្លាំមើលបញ្ហាព្រំដែនកម្ពុជាបានបង្ហាញទស្សនៈថា ការប្រើផែនទីថ្មីរបស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារដើម្បីដាក់បញ្ចូលប្រាសាទនេះជាមរតកពិភពលោកនោះ គឺជាការខាតបង់សម្រាប់កម្ពុជាទៅវិញទេ។
នៅថ្ងៃទី២១ ខែមិថុនា ២០០៨ ឧត្តមសេនីយ៍ ប្រេម ទីនសូឡាណន់ ជាទីប្រឹក្សាព្រះមហាក្សត្រថៃ បានបញ្ជាក់ជំហររបស់ខ្លួនគាំទ្របាតុករថៃដែលបានជំទាស់ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
នៅល្ងាចថ្ងៃអាទិត្យទី២២មិថុនា ប្រទេសកម្ពុជាបានបិទច្រកប្រាសាទព្រះវិហារនៅពេលដែលមានការតវ៉ាប្រឆាំង ក្នុងប្រទេសថៃនៅមាត់ច្រកព្រំដែននោះ។
ក្រុមបាតុករថៃដែលដឹកនាំដោយលោក ស៊ុនធិ លឹមថុងគុល ជាមេដឹកនាំក្រុមស្តាំនិយមនៃសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ ដែលជាអ្នកប្រឆាំងនឹងលោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះ ក៏បានចោទប្រកាន់ដល់លោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរ៉ៈវ៉េត ថា មានពាក់ព័ន្ធផលប្រយោជន៍ជំនួញក្នុងប្រទេសកម្ពុជា ទើបបានជាកាត់ទឹកដីឲ្យកម្ពុជា នៅពេលដែលមានការចរចាអំពីផែនទីនៃតំបន់ប្រាសាទព្រះវិហារដែលនឹងត្រូវប្រគល់ជូនកិច្ចប្រជុំអង្គការយូណេស្កូ នាទីក្រុងកេបិច នៅប្រទេសកាណាដា។
នៅថ្ងៃអង្គារ ទី២៤ មិថុនា ឆ្នាំ២០០៨ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានធ្វើការបិទច្រកនោះដោយភ័យខ្លាចថា អាចមានការប៉ះទង្គិចគ្នារវាងភាគីខ្មែរនិងថៃ។
នៅថ្ងៃទី២៥ មិថុនា អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងថា ការដែលមានបាតុកម្មរបស់អ្នកនយោបាយនិងប្រជាពលរដ្ឋថៃស្តីពីប្រាសាទព្រះវិហារនោះគឺដោយសារតែរដ្ឋាភិបាលខ្មែរបានសម្រេចចិត្តខុស ដោយបានធ្វើផែនទីថ្មីស្តីពីបរិវេណប្រាសាទព្រះវិហារនេះតាមឥទ្ធិពលរបស់ថៃ។
លោក សុន ឆ័យ អ្នកតំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា ការគូរផែនទីបរិវេណប្រាសាទព្រះវិហារថ្មីដើម្បីដាក់ជាបេតិកភណ្ឌពិភពលោកតាមសំណើរបស់ថៃនោះ គឺជានយោបាយខុសឆ្គងរបស់រដ្ឋាភិបាលខ្មែរនិងធ្វើឲ្យបាត់បង់អធិបតេយ្យជាតិ។
ប៉ុន្តែឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការចោទប្រកាន់របស់លោក សុន ឆ័យ នោះ គឺជារឿងនយោបាយដ៏អាក្រក់និងមើលងាយជាតិខ្លួនតែប៉ុណ្ណោះ។
នៅថ្ងៃទី២៨ ខែមិថុនា តុលាការរដ្ឋបាលប្រទេសថៃបានបញ្ជាឲ្យរដ្ឋាភិបាលនិងក្រសួងការបរទេសថៃ ពន្យាររាល់សកម្មភាពទាំងឡាយណាដែលជាការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
នៅថ្ងៃទី២៩ ខែមិថុនា ពលរដ្ឋខ្មែរមួយចំនួនបានចោទប្រកាន់រាជរដ្ឋាភិបាលថា បានធើ្វឲ្យបាត់បង់សិទ្ធិអធិបតេយ្យរបស់ខ្លួនក្នុងដំណើរការចរចាជាមួយភាគីថៃ ដើម្បីដាក់ប្រាសាទព្រះវិហារនិងផ្ទៃដីបរិវេណជុំវិញប្រាសាទជាសម្បត្តិពិភពលោក។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានអះអាងថា «រដ្ឋាភិបាលបានចាញ់កលថៃដោយបានកំណត់យកផ្ទៃដីបរិវេណជុំវិញប្រាសាទព្រះវិហារ ទំហំត្រឹមតែ ៣០ម៉ែត្រប៉ុណ្ណោះ»៕
ប្រភព៖ អាស៊ីសេរី
កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ១) ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-10-30
អស់លោកអ្នកនាងជាទីមេត្រី! ការវាយប្រយុទ្ធគ្នាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ កន្លងទៅរវាងកងទ័ពកម្ពុជានិងថៃ ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់ទាំងកម្ពុជា និងថៃ បានស្លាប់និងរបួស ដែលនេះគឺជាលទ្ធផលនៃជម្លោះព្រំដែនជាប្រវត្តិសាស្ត្រមួយរវាងប្រទេសទាំងពីរ។
RFA Photo/Savyouth
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។ គណៈប្រតិភូខ្មែរគ្រោងធ្វើដំណើរទៅប្រទេសថៃ នាថ្ងៃ២១ កក្កដា ដើម្បីជួបចរចាជាមួយថៃ ជុំវិញបញ្ហានៅតំបន់ប្រាសាទព្រះវិហារ ។
ជាបន្តទៅនេះ វិទ្យុអាស៊ីសេរីសូមលើកយកដំណើររឿងត្រួសៗនៃជម្លោះចុងក្រោយបំផុតនេះ ដែលបានចាប់ផ្តើមឡើងនៅលើទឹកដីនៃតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលមានទីតាំងនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែកជាប់ព្រំប្រទល់ប្រទេសថៃ ក្នុងស្រុកខាន់ថារ៉ាឡាក់ ខេត្តស៊ីសាកេត។
ជម្លោះនោះកើតឡើងនៅពេលដែលប្រទេសថៃ បានប្រកាសថា ទឹកដីនៃតំបន់ជុំវិញប្រាសាទព្រះវិហារដែលមានទំហំប្រមាណ ៤,៦គីឡូម៉ែត្រក្រឡានោះ នៅមិនទាន់មានការកំណត់ព្រំដែនរវាងប្រទេសទាំងពីរច្បាស់លាស់នៅឡើយទេ ទោះបីជាមានការសម្រេចដោយតុលាការយុត្តិធម៌ទីក្រុងឡាអេ ប្រទេសហុល្លង់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ថា តំបន់ប្រាសាទព្រះវិហារជាអធិបតេយ្យរបស់ខ្មែរនោះក៏ដោយ។ មិនតែប៉ុណ្ណោះទេ ឥឡូវនេះជម្លោះព្រំដែននៃប្រទេសទាំងពីរបានរីករាលដាលម្តងបន្តិចៗ ចាប់តាំពីមានការចោទប្រកាន់ថា កងទ័ពថៃបានចូលកាន់កាប់ប្រាសាទនិងតំបន់នានា ដូចជាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលស្ថិតតាមព្រំដែននៃប្រទេសទាំងពីរ ក្នុងខេត្តឧត្តរមានជ័យរបស់ខ្មែរ និងខេត្តសុរិន្ទរបស់ថៃ។
ជាមួយគ្នានេះដែរ តាមអ្នកប្រវត្តិសាស្ត្រ និងបុរាណវិទូ ទាំងខ្មែរនិងបរទេសបាននិយាយថា ជម្លោះនេះអាចនឹងរាលដាលថែមទៀតរហូតដល់ប្រជុំប្រាសាទតាមព្រំដែនក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញ ខេត្តស្រះកែវ របស់ថៃ គឺមានប្រសាទស្តុកកក់ធំ និងប្រាសាទភ្នំលួញជាដើម។
ដូច្នេះជាបន្តទៅនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ នៃដំណើររឿងត្រួសៗចាប់តាំងពីដើមឆ្នាំ២០០៨ នេះ ដែលនាំឲ្យមានជម្លោះរហូតដល់មានការវាយប្រយុទ្ធគ្នាបង្ហូឈាមរវាងខ្មែរនិងថៃ អំពីបញ្ហាព្រំដែននេះ ៖
ខែមករា ឆ្នាំ២០០៨ ៖
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ នៅទីក្រុងភ្នំពេញមានការប្រារឰអង្គប្រជុំរបស់ គណៈកម្មាធិការជាន់ខ្ពស់ សម្រាប់ការតាមដានសំណុំឯកសារ នៃការសុំចុះឈ្មោះរមណីយដ្ឋានប្រាសាទព្រះវិហារជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ គណៈកម្មាធិការនេះមានលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងលោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស និងទំនាក់ទំនងអន្ដរជាតិ ជាសហប្រធាន និងមានសមាជិកដែលជាសមាជិកនៃគណៈប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Christchurch ប្រទេសញូវហ្សេឡែន ពីថ្ងៃទី២៣ មិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧។
នៅថ្ងៃទី២៤ មករា ២០០៨ ក្រសួងការពារជាតិថៃ បានប្រឆាំងនឹងការប៉ុនប៉ងរបស់ប្រទេសកម្ពុជា ក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដោយមិនមានការឯកភាពពីប្រទេសថៃនោះ។
តាមសារព័ត៌មានថៃ បានដកស្រង់សម្តីរបស់មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ទោ ភិត សៈនុ ពុជឆាកាន បានថ្លែងអំពីលទ្ធផល នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកាពារជាតិថៃ កាលពីថ្ងៃទី២៤ ខែមករា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៊ុនរ៉ត សុំថាត់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ថា ការប៉ុនប៉ងរបស់ប្រទេសកម្ពុជាក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកដោយឯកតោភាគីនោះ នឹងធ្វើឲ្យថៃខូចប្រយោជន៍នឹងទឹកដីជម្លោះក្បែរប្រាសាទនោះ។
ខែមិនា ឆ្នាំ២០០៨ ៖
រហូតដល់ខែមិនា ឆ្នាំ២០០៨ ប្រទេសកម្ពុជាបានជូនដំណឹងដល់ប្រទេសថៃ អំពីគម្រោងការក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
នៅថ្ងៃទី៣ ខែមិនា ២០០៨ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរ៉ៈវ៉េត បានព្រមព្រៀងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាក្នុងកិច្ច សហការគាំទ្រការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
ខែមេសា ឆ្នាំ២០០៨ ៖
នៅចុងខែមេសា ប្រទេសកម្ពុជា បានពិភាក្សាជាមួយប្រទេសថៃ ចុងក្រោយក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ ប្រទេសថៃ បានស្នើថា គេយល់ព្រមឲ្យមានការដាក់តួប្រាសាទជាបេតិកភណ្ឌពិភពលោក ប៉ុន្តែផ្ទៃដីជុំវិញប្រាសាទត្រូវស្ថិតនៅក្នុងការដោះស្រាយគ្នាបន្តទៀត។
ខែឧសភា ឆ្នាំ២០០៨ ៖
រហូតដល់ខែឧសភា ឆ្នាំ២០០៨ នៅថ្ងៃទី៦ ខែឧសភា លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោក វីរ៉ាសាក់ ឌីហ្វូត្រាគុល លេខាធិការអចិន្ដ្រៃយ៍នៃក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ។
ភាគីទាំងពីរបានឯកភាពអនុវត្ដសេចក្ដីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងសម័យប្រជុំលើកទី៣១ ដើម្បីសម្រេចឱ្យបានការចុះបញ្ជីជាផ្លូវការរបស់រមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលនឹងប្រព្រឹត្ដទៅនៅសម័យប្រជុំលើកទី៣២ នាខែកក្កដា ឆ្នាំ២០០៨។
ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់យ៉ាងច្បាស់ថា ការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈពុំមានផលប៉ះពាល់ដល់កិច្ចការព្រំខ័ណ្ឌសីមារបស់គណៈកម្មការចម្រុះព្រំដែនដីគោក កម្ពុជា-ថៃ នោះទេ រីឯការកំណត់តំបន់ដែលមាននៅក្នុងឯកសារដែលកម្ពុជាបានដាក់ជូនទៅអង្គការយូណេស្កូ ពុំអាចត្រូវបានចាត់ទុកថាជាខ្សែព្រំដែននោះឡើយ។
នៅថ្ងៃទី២២ ខែឧសភា មានកិច្ចប្រជុំមួយរវាងលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក នុបប៉ាឌន ផាតាម៉ា រដ្ឋមន្រ្តីក្រសួងការបរទេសថៃបានជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីពិភាក្សាពីការដាក់បញ្ជូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កិច្ចប្រជុំនោះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃអង្គការយូណេស្កូផងដែរ។
ក្នុងកិច្ចប្រជុំនោះ ប្រទេសថៃ បានគាំទ្រការបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលស្នើឡើងដោយកម្ពុជា។ ភាគីកម្ពុជាបានព្រមទទួលយកការបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយពុំមានតំបន់ទ្រនាប់នៅផ្នែកខាងជើង និងខាងលិចនៃប្រាសាទទេ៕
ប្រភព៖ អាស៊ីសេរី