ខេត្តបន្ទាយមានជ័យរៃអង្គាសថវិកាដើម្បីជួយទាហាននៅប្រាសាទព្រះវិហារ ខែ វិច្ឆិកា 25, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សុផលមុន្នី
2008-11-24
មន្រ្តីខ្មែរបានថ្លែងថា អាជ្ញាធរខែត្របន្ទាយមានជ័យ កំពុងចលនារៃអង្គាសថវិកាពីពលរដ្ឋដើម្បីទិញស្បៀងយកទៅឧបត្ថម្ភកងទ័ពខ្មែរដែលកំពុងឈរជើងការពារនៅតំបន់ប្រាសាទព្រះវិហារ។
RFA Photo/Uy Sophea
ទាហានខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ខណៈដែលរដ្ឋមន្ត្រីការបរទេសខ្មែរថៃជួបប្រជុំគ្នានៅខែត្រសៀមរាបដើម្បីរកដំណោះស្រាយភាពតានតឹងផ្នែកយោធានៅតំបន់បា្រសាទព្រះវិហារ ។
លោក អ៊ុក កែវរតនៈ នាយរងខុទ្ទកាល័យសាលាខែត្របន្ទាយមានជ័យ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាថា មន្ត្រីស្រុក ឃុំ និងភូមិកំពុងធ្វើការរៃអង្គាសថវិកា សម្ភារៈនិងគ្រឿងឧបភោគពីសប្បុរសជនដើម្បីផ្តល់ឲ្យកងទ័ពនៅតំបន់ប្រាសាទព្រះវិហារ។ ចលនានេះ បានចាប់ផ្តើមកាលពីសប្តាហ៍កន្លងទៅនេះ។
លោក អ៊ុក កែវរតនៈ មានប្រសាសន៍ដូច្នេះថា ៖ «រឿងលុយកាក់ មិនចាំបាច់យកទៅទេ សំខាន់សម្ភារៈទេ សម្ភាៈឲ្យបានច្រើន សម្ភារៈណាដែលកម្លាំងកងទ័ពលោកត្រូវការ ព្រោះបញ្ហាឥឡូវនេះ សម្ភារៈចាំបាច់គឺគ្រឿងម្ហូបអាហារ ភួយសម្រាប់ការពារអាកាសធាតុត្រជាក់ ដែលសំខាន់ ជៀសវាងកុំឲ្យជាលុយទាំងដុំយកទៅខ្លាចមិនដល់ដៃកូនចៅថ្នាក់ក្រោម»។
អភិបាលស្រុកថ្មពួក លោក ផាន់ សារឿន បានថ្លែងថា ប្រជាពលរដ្ឋសុទ្ធតែសម្តែងសុច្ឆន្ទៈចង់ជួយឧបត្ថម្ភដល់កងទ័ពដែលកំពុងការពារទឹកដី ៖ «ក្រោយពីដាក់ផែនការហ្នឹងទៅ ឃើញថា គាត់មានឆន្ទៈមួយរយភាគរយ គាត់រីករាយសប្បាយចិត្តនឹងធ្វើចលនាហ្នឹង គឺគាត់សប្បាយចិត្តនឹងទទួលយក ហើយគាត់ជួយតាមលទ្ធភាពរបស់គាត់»។
មន្ត្រីក្រុមប្រឹក្សាឃុំថ្មពួក លោក ដា ឈាន បានថ្លែងថា លោកបានរៃអង្គាសពីប្រជាពលរដ្ឋបានថវិកាមួយចំនួនហើយ ប៉ុន្តែមួយចំនួនកំពុងជាប់រវល់ប្រមូលផលស្រូវ ៖ «ខ្ញុំជាក្រុមប្រឹក្សាផ្ទាល់នៅឃុំថ្មពួក បានធ្វើការរៃអង្គាសបានមួយចំនួនហើយ នៅមួយចំនួនទៀតដែលបងប្អូនប្រជាពលរដ្ឋកំពុងធ្វើការច្រូតកាត់ យើងពុំបានជួបគាត់»។
បើតាមមន្ត្រីខែត្របន្ទាយមានជ័យ ស្បៀងដែលសប្បុរសជនឧបត្ថម្ភដល់កងទ័ពនេះ នឹងចេញដំណើរនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ខាងមុខនេះ ទៅកាន់តំបន់ប្រាសាទព្រះវិហារ។
សម្ភារៈ មានដូចជា មី ត្រីខ ត្រីងៀត ប្រហុក ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្លៀកបំពាក់ ភួយ ថ្នាំផ្តាសាយ ថ្នំាគ្រុនចាញ់។
ទោះជាយ៉ាងនេះក្ដី មន្ត្រីខែត្របន្ទាយមានជ័យ មិនអាចបញ្ជាក់ពីចំនួនសរុបជាក់លាក់បានទេ ចំពោះអំណោយសប្បុរសធម៌ទាំងនេះ ពីព្រោះសកម្មភាពរៃអង្គាសកំពុងតែធ្វើ។
មេបញ្ជាការកងពលអន្តរាគមន៍លេខ១២ ប្រចាំតំបន់ប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ ស្រី ឌឹក បានថ្លែងថា កងទ័ពទាំងអស់បានស្វាគមន៍អំណោយសប្បុរសធម៌ដែលបានឧបត្ថម្ភជាបន្តបន្ទាប់ដល់កងទ័ព ៖ «ចេះតែស្វាគមន៍ ចេះតែទទួលហើយ នេះជាការភ្ញាក់រឭករបស់បងប្អូនមហាជន ប្រជាជន ជាការត្រេកអរម្យ៉ាងដែរ»។
គួរបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលអាជ្ញាធរខែត្របន្ទាយមានជ័យ គ្រោងនាំយកអំណោយសប្បុរសធម៌របស់ប្រជាពលរដ្ឋផ្តល់ឲ្យកងទ័ព។ ហើយកាលពីលើកទី១ បានផ្តល់ឲ្យកងទ័ពនៅតំបន់ប្រាសាទព្រះវិហារនិងកងទ័ពនៅប្រាសាទតាមាន់ក្នុងខែត្រឧត្តរមានជ័យ ដែលសរុបទឹកប្រាក់ទាំងអស់ជាង ១០០លានរៀល៕
ប្រភព៖ អាស៊ីសេរី
ក្រសួងការបរទេសកម្ពុជាឆ្លើយតបចំពោះការតវ៉ារបស់ថៃ ខែ វិច្ឆិកា 20, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ មណ្ឌលកែវ
2008-11-20
ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី២០ វិច្ឆិកា បានធ្វើការឆ្លើយតបជាផ្លូវការចំពោះកំណត់ទូតចំនួនបីរបស់ក្រសួងការបរទេសថៃដែលបានផ្ញើមកកម្ពុជាដោយបានចោទប្រកាន់ថា កម្ពុជាបានរំលោភលើបូរណភាពទឹកដីរបស់ថៃនោះ។
AFP Photo
ទាហានខ្មែររៀបចំលើកទង់បេតិកភណ្ឌពិភពលោក នៅឯប្រាសាទព្រះវិហារក្នុងខែត្រព្រះវិហារ កាលពីថ្ងៃទី៧ វិច្ឆិកា ២០០៨។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិបន្ទាប់ពីការជួបជាមួយឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជានៅទីស្តីការក្រសួងថា ប្រទេសថៃហាក់កំពុងបង្កបញ្ហាជាមួយកម្ពុជាបន្ទាប់ពីការរារាំងមិនបានសម្រេចនូវការបញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនាពេលថ្មីៗកន្លងទៅនេះ។
លោក ហោ ណាំហុង បន្តថា រាល់ការចោទប្រកាន់របស់ប្រទេសថៃពុំមានមូលដ្ឋានច្បាស់លាស់ឡើយ ៖ «យើងផ្អែកលើផែនទីមួយហាសិបពាន់ដែលក្រុមបច្ចេកទេសកម្ពុជាថៃបានប្រើប្រាស់ដើម្បីទៅរកបង្គោលព្រំដែនចំនួន៧៣ នៅតាមព្រំដែនកម្ពុជា យើងផ្អែកលើឯកសារទាំងអស់នេះ ហើយប្រាប់ថៃវិញថា តំបន់នោះគឺនៅក្នុងទឹកដីរបស់កម្ពុជា ហើយក៏យើងបានជម្រាបថៃដែរថា តំបន់នេះគឺតាំងតែពី១៩០៧ ដែលពេលចាប់ធ្វើផែនទីនោះមកគឺយើងបានគ្រប់គ្រងតំបន់នេះរហូតមក… តាំងពីថ្ងៃ១៥ កក្កដា ក្រោយពេលប្រាសាទព្រះវិហារបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានថៃលើកបញ្ហាមួយហើយមួយទៀតៗ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ វិច្ឆិកា ក្រសួងការបរទេសថៃបានផ្ញើកំណត់ទូតតវ៉ាមួយមកក្រសួងការបរទេសកម្ពុជាដោយអះអាងថា សំណង់មួយចំនួនដែលសង់នៅប៉ោយប៉ែតក្បែរព្រំដែនកម្ពុជាថៃបានសង់រំលោភចូលទឹកដីថៃ។ ហើយនៅថ្ងៃទី១២ និង ១៣ វិច្ឆិកា ថៃក៏បានផ្ញើកំណត់ទូតចំនួនពីរទៀតតវ៉ាចំពោះការដោតទង់ជាតិកម្ពុជា ទង់សម្គាល់សម្បត្តិបេតិកភណ្ឌពិភពលោក និងទង់យូណេស្កូនៅលើតំបន់ប្រាសាទព្រះវិហារ ព្រមទាំងការដង្ហែអង្គកឋិនទានចូលវត្តកែវសិក្ខាគិរីស្វៈរៈរបស់ពុទ្ធបរិស័ទខ្មែរ។
លោក ហោ ណាំហុង បានព្រមានចំពោះភាគីថៃដែលបានធ្វើការតវ៉ាដោយគ្មានមូលដ្ឋានដោយលោកបានចាត់ទុកទង្វើនេះថាជាសកម្មភាពរំខានបរិយាកាសចរចានាពេលខាងមុខ។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមជម្រាប ខ្ញុំមិនយល់ដែរ។ ថ្ងៃមិញនេះខ្ញុំបានប្រាប់លោកឯកអគ្គរាជទូតថៃថា ក្រោយៗបើថៃចង់ធ្វើលិខិតមកតវ៉ាអ្វីមួយ សូមថៃមើលឯកសារផ្លូវច្បាប់ មើលផែនទីឲ្យច្បាស់លាស់ កុំឲ្យយើងខាតពេលនឹងឆ្លើយទៅថៃ ហ្នឹងទី១។ ទី២ទៀត ដោយសារយើងប្ដេជ្ញាទាំងសងខាងធ្វើការចរចាដោយសន្តិវិធីដោយមិត្តភាព រកដំណោះស្រាយបញ្ហាមិនបាន យើងទុកឲ្យមានបរិយាកាសស្ងាត់ស្ងៀមស្រួលទៅចរចារកដំណោះស្រាយដោយសន្តិវិធី កុំឲ្យតវ៉ាហើយតវ៉ាទៀតដោយអត់មូលហេតុ មូលដ្ឋានអ្វីទាំងអស់»។
យ៉ាងណាក៏ដោយលោកឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានចាត់ទុកជម្រើសប្តឹងទៅអង្គការសហប្រជាជាតិថាជាជម្រើសចុងក្រោយសម្រាប់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃ៕
ប្រភព៖ អាស៊ីសេរី
អ្នកប្រវត្តិសាស្ត្រ មន្ត្រីរដ្ឋាភិបាលនិងបញ្ញវន្តខ្មែររិះគន់អ្នកនយោបាយថៃ ខែ វិច្ឆិកា 19, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.1 comment so far
ដោយ សាវយុត
2008-11-18
ថ្មីៗនេះ អ្នកនយោបាយថៃបានចេញសេចក្ដីថ្លែងការណ៍អះអាងថា ប្រាសាទព្រះវិហារនិងវត្តកែវសិក្ខាគិរីស្វរៈ ជាទឹកដីរបស់ថៃ ដែលនាំឲ្យមានប្រតិកម្មតបតពីមន្ត្រីរដ្ឋាភិបាល និងអ្នកប្រវត្តិសាស្ត្រខ្មែរ។
RFA Photo/Keo Nimol
ប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា។
ក្រុមមន្រ្តីរដ្ឋាភិបាល អ្នកប្រវត្តិសាស្រ្ដនិងបញ្ញវន្តខ្មែរបានសម្ដែងប្រតិកម្មយ៉ាងខ្លាំងដោយប្រើពាក្យសម្ដីធ្ងន់ៗប្រឆាំងនឹងប្រទេសថៃ ដែលបានអះអាងតាមរយៈសេចក្ដីថ្លែងការណ៍កាលពីពេលថ្មីៗថា ប្រាសាទព្រះវិហារនិងទីវត្តកែវសិក្ខាគិរីស្វរៈគឺជាទឹកដីថៃ ហើយបានចោទប្រកាន់កម្ពុជាថា ការធ្វើបុណ្យកឋិនទៅកាន់ទីវត្តនិងដោតទង់ជាតិចំនួន ៣ ព្រមទាំងការដាក់ស្លាកសញ្ញាប៉ាណូធំៗរបស់អង្គការយូណេស្កូ នៅលើប្រាសាទព្រះវិហារមិនបានសុំការអនុញ្ញាតពីភាគីថៃ ដែលជាការរំលោភទៅលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ថៃនោះ។
អ្នកប្រវត្តិសាស្រ្ដនៃប្រទេសកម្ពុជា លោកបណ្ឌិត រស់ ចន្រ្តាបុត្រ បានបញ្ចេញប្រតិកម្មកាលពីព្រឹកថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា ថា អ្វីដែលអ្នកនយោបាយថៃបានធ្វើសេចក្ដីថ្លែងការណ៍តាមរយៈក្រសួងការបរទេសថៃនោះ គ្រាន់តែជាការបន្តមហិច្ឆតារបស់ខ្លួនមកលើកម្ពុជា ហើយទង្វើទាំងអស់នេះ ក៏សបញ្ជាក់ឲ្យឃើញថា ទៅអនាគតរាល់ការចរចាពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនិងធ្វើឲ្យមានឧបសគ្គច្រើនដោយសារអ្នកនយោបាយរបស់ថៃបានបំពុលគ្រប់បរិយាកាសយកកម្ពុជាធ្វើជាចំណាត់ខ្មាំងក្នុងនយោបាយរបស់គេនិងមហិច្ឆតាពង្រីកទឹកដី។
លោក រស់ ចន្រ្តាបុត្រ បានមានប្រសាសន៍បន្ថែមថា បើនិយាយអំពីឯកសារផ្លូវច្បាប់មានគ្រប់គ្រាន់ជាង ១០០ឆ្នាំមកហើយ ដែលថៃបានទទួលស្គាល់ទាំងសន្ធិសញ្ញា ទាំងផែនទីថា ប្រាសាទព្រះវិហារនិងតំបន់ជុំវិញជាទឹកដីរបស់ខ្មែរ។
លោក រស់ ចន្ត្រាបុត្រ មានប្រសាសន៍ដូច្នេះថា ៖ «គណៈកម្មការកំណត់ព្រំដែនបារាំងនិងសៀម ហើយខាងបារាំងជាអ្នកតំណាងឲ្យប្រទេសកម្ពុជា ធ្វើការជាង ២ឆ្នាំ តាំងតែពីដើមឆ្នាំ១៩០៥ រហូតដល់ឆ្នាំ១៩០៧។ ពីរឆ្នាំជាងគឺថា គណៈកម្មការនេះ បានធ្វើការងារហ្នឹងរហូតមកដល់ឆ្នាំ១៩០៧ ដែលចេញជាសន្ធិសញ្ញាថ្មីមួយទៀតនោះ យើងឃើញថា ថៃក៏បានទទួលស្គាល់នូវការកំណត់ព្រំដែនបោះបង្គោលទាំងអស់ហ្នុងដែរ។ ចាប់ពី ១៩០៧មក ខាងបារាំងហ្នឹង ក៏បានបោះពុម្ពផ្សាយនូវផែនទីឲ្យចេញជារូបរាងទៅតាមអ្វីដែលគណៈកម្មការចម្រុះរបស់ថៃនិងបារាំងបានស្រុះស្រួលគ្នាមកហើយ។ ស្រុះស្រួលគ្នាទាំងអស់ហ្នឹង មិនមែនស្រុះស្រួលតែមាត់ទេ សុទ្ធតែមានរបាយការណ៍ដល់ទៅ ២៥របាយការណ៍រវាងបារាំង ហើយនិងសៀម»។
ចំណែកសកលវិទ្យាធិការរងនៃសកលវិទ្យាល័យជាតិគ្រប់គ្រងនិងជាបេក្ខជនថ្នាក់បណ្ឌិតផ្នែកច្បាប់របស់រាជបណ្ឌិត្យសភាកម្ពុជា លោក សេង ប៊ុនធឿន បានហៅការអះអាងរបស់ថៃ ដែលថាតំបន់ប្រាសាទព្រះវិហារនិងទីវត្តកែវសិក្ខាគិរីស្វរៈគឺជាទឹកដីថៃនោះ គឺជាការមិនចេះអៀនខ្មាសនិងជាការបំភ្លៃប្រវត្តិសាស្រ្ដ។
លោក សេង ប៊ុនធឿន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ខ្ញុំបានទៅដល់កាលពីថ្ងៃទី១៦ ថ្មីៗនេះ អ្នកស្រុកអតីតខ្មែរក្រហមដែលនៅរស់នៅឡើយនៅតំបន់នោះ គាត់ថាដីហ្នឹង តាម៉ុក ដែលជាអតីតមេដឹកនាំខ្មែរក្រហម គាត់ទៅនៅចំវត្តមួយដែលមានទង់ជាតិថៃនោះ អ៊ីចឹងអាហ្នឹងក៏ជាឯកសារមួយដែរ ប្រជាពលរដ្ឋខ្មែររស់នៅកន្លែងហ្នឹង គាត់ស្គាល់ទឹកដីកន្លែងហ្នឹង ដីហ្នឹងគឺជាដីរបស់ខ្មែរ ប៉ុន្តែថៃកំពុងតែរំលោភ។ សុំឲ្យថៃមើលប្រវត្តិសាស្រ្ដឡើងវិញ បង្រៀនប្រវត្តិសាស្រ្ដឲ្យកូនថៃផង កុំឲ្យចេះតែមកថារបស់គេជារបស់ឯងអ៊ីចឹងតទៅទៀត គួរឲ្យខ្មាសអៀន»។
សូមបញ្ជាក់ថា ប្រតិកម្មរបស់អ្នកប្រវត្តិសាស្រ្ដនិងបញ្ញវន្តខ្មែរនេះ បានធ្វើឡើងបន្ទាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងមក ក្រសួងការបរទេសថៃបានសរសេរលិខិតតវ៉ាមួយច្បាប់បញ្ជូនមកក្រសួងការបរទេសខ្មែរ ដោយអះអាងថា រដ្ឋាភិបាលថៃតវ៉ាប្រឆាំងនឹងការធ្វើបុណ្យកឋិនមួយនៅក្នុងវត្តកែវសិក្ខាគិរីស្វរៈ ជាមួយនិងការដោតទង់ជាតិចំនួន ៣ ស្លាកប៉ាណូយូណេស្កូធំៗនៅតំបន់ប្រាសាទព្រះវិហារដោយមិនមានការអនុញ្ញាតពីភាគីថៃ ហើយថា កម្ពុជាបានរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ថៃផង។
ទោះយ៉ាងណាប្រធានគណៈកម្មការដោះស្រាយបញ្ហាព្រំដែនកម្ពុជា លោក វ៉ា គឹមហុង មិនបានអធិប្បាយជុំវិញបញ្ហានោះនៅឡើយទេ ដោយលោកជំរុញឲ្យសួរទៅមន្រ្តីក្រសួងការបរទេសខ្មែរ ដែលជាអ្នកបានទទួលលិខិតទាំងនោះ។
លោក វ៉ា គឹមហុង មានប្រសាសន៍ថា ៖ «សួរទៅក្រសួងការបរទេស គេអ្នកទទួលលិខិតហ្នឹង គេអាចឲ្យមតិម៉េចៗ គេកំពុងរៀបចំឆ្លើយទៅវិញ តាមខ្ញុំដឹង ព្រោះលោកជាអ្នកទទួលជំនួយស្មារតីពីប្រទេសថៃ ខ្ញុំអត់ចង់និយាយថែមទៀតទេ»។
ក៏ប៉ុន្តែពេញមួយថ្ងៃច័ន្ទ គ្មានមន្រ្តីក្រសួងការបរទេសខ្មែរណាម្នាក់ បានឆ្លើយតបឲ្យដឹងពីចំណាត់ការនោះយ៉ាងណានៅឡើយ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានធ្វើការបដិសេធចោលចំពោះការអះអាងរបស់ក្រសួងការបរទេសថៃ ដែលថាទីវត្តកែវសិក្ខាគិរីស្វរៈ ជាទឹកដីថៃ ជាមួយនឹងការលើកទង់ជាតិនិងការលើកប៉ាណូរបស់អង្គការយូណេស្កូ ដែលតម្រូវឲ្យចាំបាច់សុំការអនុញ្ញាតពីភាគីថៃនោះ។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ៖ «ច្រានចោលនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានគ្រឹះ ត្បិតអីវត្តកែវសិក្ខាគិរីស្វរៈបានសង់ ហើយតំបន់ហ្នឹងគឺស្ថិតនៅលើដីខ្មែរចំនួន ១០០ឆ្នាំមកហើយ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ តាមរយៈផែនទីឧបសម្ព័ន្ធបង្ហាញយ៉ាងច្បាស់ថា របស់កម្ពុជា។ យើងទើបតែប្រទះឃើញនៅខែកក្កដា ២០០៨នេះទេ ដែលថៃបានចល័តទ័ពរបស់ខ្លួនមកបោះទីតាំងមកលើតំបន់កម្ពុជា តាមពិត គាត់[ថៃ]ទេជាអ្នកមកនៅលើដីកម្ពុជា»។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា អ្វីដែលថៃតវ៉ានោះប្រហែលជាថៃមិនមានអ្នកចេះច្បាប់និងមិនបានពិនិត្យលើច្បាប់អន្តរជាតិ។ ពីព្រោះនៅតំបន់ជុំវិញប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិសម្រេចក្ដីប្រគល់មកឲ្យជាទឹកដីរបស់ខ្មែរ។
ចំណែកឯប្រាសាទព្រះវិហារកាលណាបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ គឺត្រូវតែបោះសញ្ញាអង្គការសហប្រជាជាតិដើម្បីការពារ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ៖ «ថៃធ្វើអ៊ីចឹង គួរខ្មាសអន្តរជាតិ ថៃមានប្រជាជនជាង ៨០លាននាក់ រកអ្នកជំនាញច្បាប់ស្រួលបួលមិនបាន។ ក្រសួងការបរទេសថៃគួរតែមើលច្បាប់អន្តរជាតិឡើងវិញ។ កន្លែងមួយដែលប្រកាសថា ជាបេតិកភណ្ឌពិភពលោកគឺត្រូវតែបោះហើយ ហើយទី២ យើងបោះនៅព្រះវិហារគឺតុលាការអន្តរជាតិ កាលពីឆ្នាំ១៩៦២ បានកំណត់រួចហើយ គេឲ្យថៃហ្នឹង១០ឆ្នាំដើម្បីរកទឡ្ហីករណ៍ថ្មីដើម្បីតវ៉ា អ៊ីចឹងពី ៦២ ដល់ ២០០៨ វាហួសឆ្ងាយណាស់។ ប្រហែលជាក្រសួងការបរទេសថៃដូររដ្ឋមន្រ្តីច្រើនពេក គាត់អត់មានអ្នកដែលយល់ការងារច្បាប់ច្រើន»។
អ្នកជំនាញផ្នែកច្បាប់របស់ប្រទេសកម្ពុជា បាននិយាយថា យោងតាមឯកសារផ្លូវច្បាប់ ប្រទេសថៃត្រូវតែបោះបង់ចោលការរំលោភបំពានមកលើបូរណភាពទឹកដីខ្មែរ។
បើនិយាយពីអនុសញ្ញានិងសន្ធិសញ្ញាស្ដីពីការកំណត់ព្រំដែនធ្វើឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម ចាប់ពីឆ្នាំ១៩០៤ រហូតដល់ឆ្នាំ១៩០៨ រដ្ឋាភិបាលថៃបានចុះហត្ថលេខាទទួលស្គាល់សីមាព្រំដែន ដូចជាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩០៥ រដ្ឋាភិបាលសៀមបានស្នើឲ្យមន្រ្តីលេខាបារាំងធ្វើផែនទីព្រំដែនតំបន់នានា ហើយសំណើនេះមានការយល់ព្រមរបស់សមាជិកក្រុមសៀមផងដែរ។
ក្នុងឆ្នាំ១៩០៨ រដ្ឋាភិបាលបារាំងបានផលិតផែនទីចំនួន១១ផ្ទាំង ដែលក្នុងនោះមានចំនួន ៦ផ្ទាំងគ្របដណ្ដប់ព្រំដែនរវាងកម្ពុជា-ថៃ តាមសំណើរបស់រដ្ឋាភិបាលសៀម ហើយនៅខែកញ្ញា ឆ្នាំ១៩០៨ មន្រ្តីជាន់ខ្ពស់សៀមធំៗ មានរដ្ឋមន្រ្តីការបរទេស រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គណៈកម្មការព្រំដែន ឯកអគ្គរាជទូតសៀមប្រចាំនៅប្រទេសអង់គ្លេស ប្រទេសអាមេរិក រុស្សី បារាំង និងអាល្លឺម៉ង់ជាដើមបានទទួលផែនទីទាំងអស់នោះ៕
ប្រភព៖ អាស៊ីសេរី
កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ៥) ខែ វិច្ឆិកា 19, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-11-18
នៅថ្ងៃ១៩ កក្កដា មន្ត្រីរដ្ឋាភិបាលកម្ពុជាបានដឹកនាំក្រុមអ្នកកាសែតជាច្រើននាក់ទៅកាន់ប្រាសាទព្រះវិហារ និងបានធ្វើសន្និសីទកាសែតមួយនៅទីនោះ។
RFA Photo/Keo Nimol
ទាហានខ្មែរអង្គុយជាមួយទាហានថៃនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៨ កក្កដា ២០០៨ ។
សមាជិកសភាតំណាងរាស្រ្តគណបក្សសមរង្ស៊ីនៃប្រទេសកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលខ្មែរដាក់ពាក្យបណ្ដឹងជាបន្ទាន់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ដើម្បីធានានូវបូរណភាពទឹកដីខ្មែរ ។
ការទាមទារនេះធ្វើឡើងនៅក្រោយពីមានការអះអាងរបស់នាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ ថា ទឹកដីត្រង់តំបន់វត្តកែវសិក្ខាគិរីស្វរៈ ឬវត្តប្រាសាទព្រះវិហារ គឺជាទឹកដីថៃ មិនមែនជាទឹកដីកម្ពុជានោះឡើយ ។
នៅថ្ងៃ១៩ កក្កដា នោះដែរទាំងប្រទេសកម្ពុជានិងថៃ បានបង្កើនកម្លាំងទ័ពនិងមានការប្រឈមមុខដោយអាវុធធុនធ្ងន់ផងនៅតំបន់មានជម្លោះនោះ ទោះបីមានការប្រកាសពីដំណើរការចរចារវាងរដ្ឋមន្រ្តីការពារប្រទេសខ្មែរ គឺលោក ទៀ បាញ់ និងអគ្គមេបញ្ជាការកងទ័ពថៃ នៅថ្ងៃទី ២១ ខែកក្កដា ២០០៨ នោះក៏ដោយ។
នៅថ្ងៃដដែលនោះដែរមានព័ត៌មានស្តីពីប្រទេសកម្ពុជាបានដាក់សំណើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីកោះប្រជុំអំពីបញ្ហាជម្លោះព្រំដែននេះ។
អតីតព្រះមហាក្សត្រខ្មែរដែលឈ្នះក្តីលើប្រទេសថៃ និងបានបង្ខំឲ្យរដ្ឋាភិបាលក្រុងបាងកក ប្រគល់ប្រាសាទព្រះវិហារមកខ្មែរវិញកាលពីឆ្នាំ១៩៦២ បានមានបន្ទូលប្រាប់មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំងថា ប្រាសាទព្រះវិហារគឺជាប្រាសាទខ្មែរដែលប្រទេសថៃតែងតែប្រាថ្នាចង់បាន។
មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បានមានប្រសាសន៍រំឭកបន្ទូលអតីតព្រះមហាក្សត្រយ៉ាងនេះថា ៖ «[ព្រះមហាវីរក្សត្រ]លោកមានព្រះរាជតម្រិះមួយ គឺលោកថា រឿងនេះមិនអាចចប់អ៊ីចឹងទេ វាត្រូវតែមានការបន្ត ព្រោះភាគីថៃតែងតែលួចគយគន់មកលើប្រទេសកម្ពុជាយើង កុំថាឡើយត្រឹមប្រាង្គប្រាសាទព្រះវិហារ សូម្បីតែខេត្តដែលព្រះមហាវីរក្សត្រលោកទាមទារបានក្នុងឆ្នាំ១៩៤៧ ក៏ព្រះរាជាណាចក្រថៃ…»។
ចូលដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៨ មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលកម្ពុជា មិនបានសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ (អ.ស.ប.) ឬភាគីទី៣ណាក្នុងករណីទាហានថៃ កំពុងតែឈរជើងនៅក្នុងដែនដីរបស់កម្ពុជានោះទេ។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ ៖ «មិនដូចអ្វីដែលកាសែតនៅខាងក្រៅ ដែលបាននិយាយថា កម្ពុជាសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។ ព្រោះកន្លងមកនេះ យើងគ្រាន់តែឲ្យស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ធ្វើលិខិតដើម្បីជម្រាបជូនអំពីសភាពការណ៍នេះទៅប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីសភាពការណ៍និងមូលហេតុនៃទំនាស់រវាងកម្ពុជានិងថៃ លើបញ្ហាតំបន់ជិតព្រំដែនព្រះវិហារនេះ ប៉ុន្តែគ្រាន់តែជូនដំណឹង និងសុំឲ្យផ្ញើលិខិតនេះ ចែកលិខិតផ្លូវការជូនសមាជិកតែប៉ុណ្ណឹងទេ គឺមិនបានសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិទេ»។
នៅថ្ងៃទី២១ ខែកក្កដា រដ្ឋមន្រ្តីការពារប្រទេសខ្មែរលោក ទៀ បាញ់ និងអគ្គមេបញ្ជាការកងទ័ពថៃ លោក ប៊ុនស្រាង នីបប្រាឌីត បានបើកកិច្ចចរចាគ្នានៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ដែលពុំបានទទួលលទ្ធផលអ្វីឡើយ ក្រៅពីការឯកភាពមិនវាយប្រយុទ្ធគ្នាប៉ុណ្ណោះ។
នៅថ្ងៃដដែលនេះដែរ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានអំពាវនាវឲ្យភាគីខ្មែរនិងថៃ មានការអត់ធ្មត់ឲ្យបានអតិបរមាចំពោះបញ្ហាប្រឈមមុខដាក់គ្នាផ្នែកយោធានៅតំបន់ប្រាសាទព្រះវិហារ។
ប្រធានសមាគមអាស៊ាន លោក George Yeo ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបុរី បានសម្ដែងសេចក្ដីបារម្ភចំពោះការប្រឈមមុខផ្នែកយោធានោះ ហើយក៏បានអំពាវនាវឲ្យភាគីទាំងសងខាងដោះស្រាយបញ្ហាដោយមិត្តភាពក្នុងស្មារតីសាមគ្គីភាពអាស៊ាន និងភាពជាអ្នកជិតខាងល្អនឹងគ្នា។
នៅថ្ងៃទី២២ កក្កដា ប្រទេសថៃ បានបដិសេធការចូលរួមជួយដោះស្រាយជម្លោះពីបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដើម្បីដោះស្រាយជម្លោះព្រំដែននោះ។
ការប្រកាសរបស់ប្រទេសថៃនោះ គឺស្របពេលដែលមានការបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅប្រទេសសិង្ហបុរី។
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) លោក បាន គីមូន បានអំពាវនាវដល់កម្ពុជានិងថៃ ឲ្យរក្សាភាពអត់ធ្មត់ និងសង្ឃឹមថា ការដោះស្រាយបញ្ហានៅតំបន់ប្រាសាទព្រះវិហារ នឹងធ្វើតាមការចរចាដោយសន្តិវិធី និងការទូត និងការបញ្ចៀសរាល់អំពើហិង្សា។
នៅថ្ងៃដដែលនោះ ស្ថានភាពប្រឈមមុខគ្នាដោយកម្លាំងយោធារវាងកម្ពុជានិងថៃ នៅតែមានសភាពគួរឲ្យកត់សម្គាល់ជាដដែល ក្រោយការចរចារវាងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ មិនបានសម្រេច។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសកម្ពុជា លោក ទៀ បាញ់ បានមានប្រសាសន៍ថា ការចរចាបានជាប់គាំងនៅត្រង់ចំណុចមួយ ដែលថៃស្នើឲ្យសើរើខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃសាឡើងវិញ ប៉ុន្តែការសើរើនោះ មិនបានផ្អែកតាមសន្ធិសញ្ញាព្រំដែនខ្មែរសៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលអន្តរជាតិបានទទួលស្គាល់នោះឡើយ។
យោងតាមឯកសាររបស់ថៃ ការស្នើឲ្យសើរើព្រំដែនខ្មែរថៃ ប្រវែង៨០៥គីឡូម៉ែត្រតាមតែការចង់បានរបស់ថៃនោះនឹងអាចធ្វើឲ្យកម្ពុជា បាត់បង់ប្រាសាទព្រះវិហារដែលបានទាមទារពីថៃមកវិញតាមរយៈក្តីតុលាការអន្តរជាតិក្រុងឡាអេ នាឆ្នាំ១៩៦២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់ប្រទេសថៃថា បានបំពានដោយខុសច្បាប់ ក្នុងការបញ្ជូនទ័ពមកកាន់ទឹកដីដែលមានជម្លោះនៅក្នុងតំបន់ប្រាសាទព្រះវិហារ។ នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើទៅឲ្យអង្គការយូណេស្កូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ការបញ្ជូនទ័ពនោះ គឺជាការគំរាមកំហែងចំពោះសន្តិភាពក្នុងតំបន់ ។ ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលបានជូនដំណឹងដល់ប្រជាជនខ្មែរទូទាំងប្រទេសឲ្យដឹងថា ប្រទេសថៃកំពុងតែធ្វើការឈ្លានពានលើអធិបតេយ្យជាតិខ្មែរហើយ៕
ប្រភព៖ អាស៊ីសេរី
Thais protest Cambodian flags, signage at Preah Vihear ខែ វិច្ឆិកា 19, 2008
Posted by សុភ័ក្ត្រ in News.add a comment
| Written by Meas sochea and Brendan Brady | |
| Wednesday, 19 November 2008 | |
Bangkok cries foul, claiming Cambodian officials violated Thailand’s sovereignty during a November 7 temple ceremony
![]() Photo by: HENG CHIVOAN
A Cambodian Unesco Commission flag flies over Preah Vihear temple. THE Thai government has lodged an official complaint with Cambodia for having put up flags and signs at the hotly disputed Preah Vihear temple, saying they were raised in Thai territory. “ The Royal Thai government will not tolerate the construction or erection of signpost/emblem or any structure outside” the area defined as belonging to Cambodia by the World Heritage Committee in July, the Thai Foreign Affairs Ministry said in a letter obtained Tuesday. A separate statement posted on the Thai foreign affairs website called the move “ a flagrant and willful violation of Thailand’s sovereignty and territorial integrity” . Cambodian officials on November 7 raised Cambodian and World Heritage flags at the 11th-century monument and unveiled signs declaring the temple international cultural property under special protection, in a ceremony not attended by UN officials. They said the effort was to protect the temple and accused Thai troops of damaging it during a border clash the previous month. Council of Ministers spokesman Phay Siphan defended Cambodia’s action, saying, “ Raising the national flag and Unesco flag was proper to protect that area because it has been listed as Cambodian, and as a World Heritage site” . “ Since 1962, the map accepted by the International Court of Justice has been used and shows this land belongs to Cambodia, so we’re not sure why they should be complaining.” But he was confident the latest spat would not interrupt progress in negotiations over border demarcation. Preah Vihear, which sits on an escarpment on the Thai border, was given heritage status in July. A tense military standoff over contested border territory has followed. |
កម្ពុជា និងថៃធ្លាក់ក្នុងសង្គ្រាមពាក្យសម្តីការទូតជាថ្មីម្ដងទៀត ខែ វិច្ឆិកា 19, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ប្រទេសកម្ពុជា និងប្រទេសថៃ បានឈានទៅដល់សង្គ្រាមពាក្យសម្តីការទូតជាថ្មីមួយទៀត បន្ទាប់ពីប្រទេសថៃបានអះអាងថា វត្តកែវសិក្ខាគិរីស្វារៈ ស្ថិតនៅក្នុងទឹកដីរបស់ថៃ ហើយថាកម្ពុជា បានធ្វើការហែកថិនទៅកាន់វត្តនោះដោយរំលោភទឹកដីរបស់ខ្លួន។ មន្ត្រីជាន់ខ្ពស់កម្ពុជា បានចាត់ទុកការអះអាងរបស់ថៃបែបនេះថា គ្មានមូលដ្ឋានផ្នែកច្បាប់ហើយក្រសួងការបរទេសកម្ពុជា គ្រោងនឹងធ្វើលិខិតប្រតិកម្មចំពោះរឿងនេះ។ លោក ដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ៖
លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យ និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃអង្គារម្សិលមិញថា ក្រសួងការបរទេសកម្ពុជា នឹងធ្វើលិខិតមួយប្រតិកម្មទៅនឹងកំណត់ទូត របស់ក្រសួងការបរទេសថៃដែលថាវត្តកែវសិក្ខាគិរីស្វារៈស្ថិតនៅក្នុងទឹកដីរបស់សៀម និងបានចោទប្រកាន់កម្ពុជាថា បានធ្វើបុណ្យចូលវត្តកែវសិក្ខាគិរីស្វារៈដោយមិនផ្តល់ព័ត៌មានដល់ប្រទេសសៀម។
លោកបន្ថែមទៀតថា ក្រសួងការបរទេសកម្ពុជា នឹងធ្វើលិខិតនោះឲ្យបានឆាប់បំផុតនៅក្នុងសប្តាហ៍នេះ។ លោក ផៃ ស៊ីផាន បានពន្យល់ថា វត្តកែវសិក្ខាគិរីស្វារៈគឺជារបស់ខ្មែរហើយ យើងនៅទីនោះ១០០ឆ្នាំ មកហើយ។យើងមានឯកសារក្រដាសស្នាមគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា វត្តកែវសិក្ខាគិរីស្វារៈគឺ ជារបស់ខ្មែរពិសេសសាលក្រមឆ្នាំ១៩៦២។
លោកបាននិយាយបន្ថែមទៀតថា គ្មានមូលដ្ឋានផ្លូវច្បាប់ណាមួយ ដែលថៃត្រូវនិយាយដូច្នេះឡើយ។ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ក៏បានសម្តែងការសោកស្តាយថា ប្រទេសសៀម មិនគួរស្រែកបែបនេះដែលនាំអោយល្អក់កករទៅដល់ការពិភាក្សារកដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរឡើយ។លោកផៃ ស៊ីផាន បញ្ជាក់ថា ប្រទេសថៃមិនគួរប្រើយុទ្ធសាស្ត្រសង្គ្រាមពាក្យសម្តីឡើយ ហើយគួរតែប្រើច្បាប់អន្តរជាតិ ដើម្បីរក្សាមិត្តភាពរវាងប្រទេសទាំងពីរ។
សំឡេងលោកផៃ ស៊ីផាន
ប្រទេសសៀមកាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានធ្វើឯកសារជំនួយស្មារតីមួយមកអោយកម្ពុជា ដោយចោទប្រកាន់ថា កម្ពុជាបានរំលោភអធិបតេយ្យភាពទឹកដីរបស់ខ្លួន ដោយបានហែកថិនចូលមកកាន់វត្តកែវសិក្ខាគិរីស្វារៈ។យោងទៅតាមទីភ្នាក់ងារព័ត៌មានផ្លូវការថៃ បានឱ្យដឹងថា ប្រទេសសៀមបានប្រើពាក្យធ្ងន់ៗនៅក្នុងការចោទប្រកាន់របស់ខ្លួន។
ទីភ្នាក់ងារនេះបានដកស្រង់ខ្លឹមសាររបស់ឯកសារជំនួយស្មារតីនោះ ដែលនិយាយថា សកម្មភាពបែបនេះត្រូវចាត់ជាការរំលោភដោយចេតនា និងច្បាស់ក្រឡែតទៅលើអធិបតេយ្យភាពពីកម្ពុជា ពីព្រោះហ្វូងមនុស្សបានដើរចូលទឹកដីថៃដោយគ្មានការអនុញ្ញាតពីប្រទេសថៃ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ វត្តកែវសិក្ខាគិរីស្វារៈ នេះគឺព្រះសង្ឃកម្ពុជាបានគង់នៅទីនោះជាយូរមកហើយ។ ចំណែកប្រជាជនកម្ពុជាក៏បាននាំគ្នាទៅធ្វើបុណ្យទាននៅលើវត្តនោះតាំងពីយូរយារមកហើយដែរ តាំងពីមុនពេលដែលទ័ពសៀម បានចូលមកឈ្លានពាននៅថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០០៨ មកម្ល៉េះ៕
(រាយការណ៍ដោយ ដែន សីមា)
កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ៤) ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-11-12
ប្រាសាទព្រះវិហារខ្មែរត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ៧ កក្កដា ឆ្នាំ២០០៨ ហើយប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានចូលរួមក្នុងវេទិកាប្រគំតន្រ្តីមួយដើម្បីអបអរសាទរនៃជោគជ័យនេះ។
RFA Photo/Keo Nimol
ប្រាសាទព្រះវិហារខ្មែរ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។
ខែកក្កដា ឆ្នាំ២០០៨ ៖
នៅថ្ងៃទី១៤ ខែកក្កដា ប្រជារាស្រ្តរាប់ម៉ឺននាក់បានចូលរួមក្នុងវេទិកាប្រគំតន្ត្រីមួយនាពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរការវិលត្រឡប់របស់គណៈប្រតិភូខ្មែរពីទីក្រុងកេបិច ប្រទេសកាណាដា ដែលនៅទីនោះបានសម្រេចជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
នៅថ្ងៃអង្គារ ទី១៥ កក្កដា ជម្លោះតានតឹងស្តីពីការរំលោភព្រំដែនបានកើតឡើង បន្ទាប់ពីអាជ្ញាធរខ្មែរបានចាប់ខ្លួនជនជាតិថៃ ៣នាក់ ដែលបានឆ្លងព្រំដែនខុសច្បាប់ក្នុងបំណងដោតទង់ជាតិលើប្រាសាទព្រះវិហារ ហើយបន្ទាប់មកមានកងទ័ពថៃជាច្រើននាក់ក៏បានចូលមកតាមក្រោយដែរ។ មានកងទ័ពថៃម្នាក់បានជាន់មីនដាច់ជើងក្នុងការឆ្លងចូលដីខ្មែរនេះ។ បន្ទាប់ពីឆ្លងព្រំដែន កងទ័ពថៃបានរក្សាកម្លាំងនៅទីនោះ ជាពិសេសនៅតំបន់ជុំវិញវត្តកែវសិក្ខាគិរីស្វារៈ ឬហៅថាវត្តប្រាសាទព្រះវិហារ។
មេទ័ពថៃនិងនាយករដ្ឋមន្រ្តីថៃ បានប្រកាសថាដីតំបន់នោះគឺជាទឹកដីក្នុងជម្លោះ ដែលជារបស់ថៃ ប៉ុន្តែក៏បានទប់ទល់ដល់ពួកបាតុករមិនឲ្យចូលមកតំបន់នោះដែរ។ អាជ្ញាធរខ្មែរខេត្តព្រះវិហារបានឲ្យដឹងថា កងទាហានឈុតខ្មៅថៃប្រមាណ៥០នាក់ប្រដាប់ដោយអាវុធបានលើកគ្នាចូលមកក្នុងព្រំដែនខ្មែរនៃតំបន់ប្រាសាទព្រះវិហារ។ កម្លាំងទ័ពនេះក្រោយមកភ្លាមៗបានកើនដល់១០០នាក់។
មន្ត្រីសំខាន់របស់កងរាជអាវុធហត្ថប្រចាំស្រុកជាំក្សាន្តមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា កងទាហានឈុតខ្មៅថៃប្រដាប់ដោយអាវុធគ្រប់ដៃបានលើកគ្នាចូលមកដល់ទីវត្តខ្មែរមួយនៅខាងលិចប្រាសាទព្រះវិហារ ហើយកងកម្លាំងថៃជាច្រើនបានកាន់កាប់នៅលើតំបន់ជណ្តើរបូរាណនៃទឹកដីខ្មែរ ដោយបិទច្រកមិនឲ្យប្រជាពលរដ្ឋខ្មែរចេញចូលទៀតផង ៖ «ទាហានឈុតខ្មៅវាប្រដាប់ដោយអាវុធកំប៉្លេតែម្ដង នៅវត្តលើប្រាសាទហ្នឹង»។
ប្រជាពលរដ្ឋខ្មែរនៅលើប្រាសាទព្រះវិហារបានផ្តល់ព័ត៌មានដល់វិទ្យុអាស៊ីសេរី នៅវេលាម៉ោងប្រមាណ១២និង១៥នាទីថា កងទាហានឈុតខ្មៅថៃកំពុងសំរុកចូលមកច្រកខាងលិចនៃប្រាសាទ កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ហើយបានចូលដល់វត្តរបស់ខ្មែរ។
ប្រជាពលរដ្ឋម្នាក់បានបញ្ជាក់ថា ៖ «គេចូលមកខាងទឹកដីយើងតែម្ដង ជណ្ដើរបូរាណ កន្លែងវត្ត ទាហានខ្មៅប្រហែល៥០-៦០នាក់ សុទ្ធតែកាំភ្លើង… ថ្ងៃហ្នឹងខ្លាំងណាស់។ ឥឡូវនាំគ្នាភ័យ ឥឡូវខ្ញុំឡើងទៅប្រាសាទទី១ ទី២»។
រហូតដល់ថ្ងៃទី១៦ ខែកក្កដា ថៃបានបង្កើនកម្លាំងទ័ពថែមទៀតនៅតំបន់ក្បែរប្រាសាទព្រះវិហារ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធ ទី១៦ កក្កដានោះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលខ្មែរ ដើម្បីរកវិធានការដោះស្រាយសភាពការណ៍បន្ទាប់ពីទាហានឈុតខ្មៅថៃបានបង្កើនកម្លាំងជិត២០០នាក់ចូលកាន់កាប់វត្តខ្មែរមួយដែលស្ថិតនៅក្បែរប្រាសាទព្រះវិហារ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរ គឺលោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់ក្រុមអ្នកកាសែតដោយដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអំពាវនាវឲ្យមានការអត់ធ្មត់ និងបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ៖ «យើងដាច់ខាតមិនប្រើកម្លាំងយោធាទេ លើកលែងតែយើងត្រូវគេវាយប្រហារតែម្ដង។ ប៉ុន្តែយើងឃើញថាប្រសិនបើការវាយប្រហារ យើងឃើញថាចំណុចគឺថៃគឺជាអ្នកនឹងទទួលការថ្កោលទោសខ្លាំងណាស់ ពីព្រោះដោយសារថាការងារយើងជាសមាជិកអាស៊ាន យើងមានគោលការណ៍គឺមិនប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាទេ»។
លោក ខៀវ កាញារីទ្ធ ក៏បានមានប្រសាសន៍បញ្ជាក់ដែរថា ភាគីកម្ពុជាក៏បានបញ្ជូនកម្លាំងកងទ័ពទៅទីនោះផងដែរ ៖ «ប៉ុន្តែយើងបានបន្ថែមកម្លាំងរបស់យើងឡើងដល់៣០០ជាងហើយ ជិត៤០០កម្លាំងរបស់យើង ៣៨០នាក់ហើយ»។
ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បានថ្លែងឲ្យដឹងដែរថា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃក៏បានទូរស័ព្ទមកភាគីកម្ពុជាដើម្បីស្នើឲ្យមានការចរចាអំពីរឿងនេះទ្វេភាគីផងដែរ ។
នៅថ្ងៃ១៧ កក្កដា ថៃ បានបង្កើនកម្លាំងទ័ពរហូតដល់ជាង១,០០០នាក់ ដែលក្នុងនោះមានប្រមាណជាង៤០០នាក់ស្ថិតនៅក្នុងតំបន់វត្តកែវសិក្ខាគិរីស្វារៈជារបស់កម្ពុជា ប៉ុន្តែកងទ័ពថៃបាននិយាយថាតំបន់នោះមិនមែនរបស់កម្ពុជាឡើយ។
យោងតាមប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិក្បែរវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ព្រះសង្ឃខ្មែរបីអង្គនៅវត្តនោះដែលថៃកំពុងកាន់កាប់ដោយទាហានថៃ បានភៀសចេញពីវត្ត នៅសល់តែព្រះសង្ឃមួយអង្គប៉ុណ្ណោះដែលគង់នៅ។ ក៏ប៉ុន្តែមានព្រះសង្ឃថៃបីអង្គនិងអាចារ្យម្នាក់បានចូលមកនៅកាន់វត្តនោះ។
នៅថ្ងៃដដែលនោះដែរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរលិខិតមួយទៅលោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរៈវេដ ដោយអំពាវនាវឲ្យមានការដកកងទ័ពជាបន្ទាន់ចេញពីតំបន់នោះ។
នៅថ្ងៃ១៨ កក្កដា នាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនថរៈវេដ បានឆ្លើយតបលិខិតមកលោក ហ៊ុន សែន ដោយនិយាយថា កងទ័ពថៃដែលដាក់រាយនៅតំបន់ក្បែរប្រាសាទព្រះវិហារនោះ គឺជាអធិបតេយ្យរបស់ថៃទេ។ នៅក្នុងលិខិតនោះ លោក សាម៉ាក់ បានបញ្ជាក់ទៀតថា កងទ័ពកម្ពុជា និងប្រជារាស្រ្តខ្មែរទេដែលមានការសាងសង់សំណង់លើទឹកដីដែលមានទំនាស់ ដែលមានផ្ទៃក្រឡាប្រមាណ ៤,៦គីឡូម៉ែត្រក្រឡា ដែលជាការរំលោភដល់បូរណភាព និងអធិបតេយ្យរបស់ថៃ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនៅតែស្វែររកដំណោះស្រាយបញ្ហាដោយត្រឹមត្រូវនិងសន្តិវិធី។
នៅថ្ងៃដដែលនោះដែរ មន្ត្រីការពារនៅតំបន់ព្រំដែនខ្មែរដទៃទៀតបានឲ្យដឹងថា ទាហានឈុតខ្មៅថៃបានធ្វើសកម្មភាពជីករណ្តៅធ្វើប៉មការពារលើទឹកដីរបស់ខ្លួន ចំណែកឯពលរដ្ឋខ្មែរនៅតាមព្រំដែនមានការបារម្ភពីស្ថានភាពអសន្តិសុខ។
លោក ឈូក អាង ប្រធានវរការពារព្រំដែនលេខ៩១១ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានថ្លែងថា កងទាហានឈុតខ្មៅថៃបានផ្តើមសកម្មភាពជីករណ្តៅចំនួន៥ ទំហំមួយម៉ែត្រកន្លះបួនជ្រុង ៖ «អ៊ីចឹងវាមាន៥រណ្តៅពីខាងជើងស្ពានមក ជាង៥០០ម៉ែត្រគឺមានរណ្តៅ៥ ។ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ១០០ម៉ែត្រ» ។
រីឯប្រជាពលរដ្ឋខ្មែរនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាមានការព្រួយបារម្ភចំពោះសកម្មភាពទាហានឈុតខ្មៅថៃ ហាក់បីដូចជាត្រៀមលក្ខណៈចំពោះស្ថានការណ៍អ្វីមួយដែលអាចនឹងកើតមានឡើងនៅតាមព្រំដែន។
ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា ៖ «ពីម្សិលម៉្ងៃវាមានឈុតខ្មៅ ហើយនិងឈុតប៉ារ៉ាហើយនិងកម្មករឈរជីកអ៊ីចឹងទៅណា៎ ។ យើងចេះតែភ័យខ្លាចមួយៗចេះតែមានអារម្មណ៍តក់ស្លុត»។
នៅពេលជាមួយគ្នានោះបាតុករថៃដែលបានលើកគ្នាមកតវ៉ារឿងករណីប្រាសាទព្រះវិហារបានដកថយ ប៉ុន្តែទាហានឈុតខ្មៅថៃមិនបានដកថយទេ។ ការកាន់កាប់របស់ទាហានឈុតខ្មៅថៃនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារមានចំនួន៤ថ្ងៃហើយ៕
ប្រភព៖ អាស៊ីសេរី
កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ៣) ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-11-06
នៅថ្ងៃច័ន្ទទី៣០ ខែមិថុនា កាសែតជាភាសាអង់គ្លេសរបស់ថៃឈ្មោះ The Nation បានសរសេរអត្ថបទរិះគន់លោក ស៊ុនធិ លីមថុងគុល មេដឹកនាំនៃសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យថា បានយកលេសអំពីបញ្ហាប្រាសាទព្រះវិហារ ដើម្បីវាយប្រហាររដ្ឋាភិបាលលោក សាម៉ាក់ ស៊ុនថរៈវេដ។
RFA/Uy Sophea
ទាហានខ្មែរ-ថៃទទួលទានអាហារជាមួយគ្នានៅលើភ្នំទ្រព្យ ក្បែរប្រាសាទព្រះវិហារ នាថ្ងៃទី១៩ តុលា ២០០៨។
ខែកក្កដា ឆ្នាំ២០០៨ ៖
ចូលដល់ខែកក្កដា ឆ្នាំ ២០០៨ គឺនៅថ្ងៃទី១ ខែកក្កដា រដ្ឋាភិបាលថៃបានដកការគាំទ្ររបស់ខ្លួនក្នុងការគាំទ្រដើម្បីចុះប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលខ្មែរបានថ្លែងថា គេនៅតែមានសង្ឃឹមអំពីជោគជ័យនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូ ទោះបីជាមានការជំទាស់ពីប្រទេសថៃក៏ដោយ។
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៨ ខណៈដែលអង្គការយូណេស្កូចាប់ផ្ដើមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅក្នុងទីក្រុងកេបិកនៃប្រទេសកាណាដា កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយរបាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់ (D P-A) ដែលបកស្រាយដោយខុសឆ្គងថា ប្រាសាទព្រះវិហារមួយដែលស្ថិតនៅក្នុងទឹកដីថៃ។
តាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលថៃក្នុងការគាំទ្រសំណើរបស់ប្រទេសកម្ពុជាដើម្បីចុះប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ឥស្សរជនប្រឆាំងនៃប្រទេសថៃ ដែលមាននិន្នាការប្រឆាំងចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានដាក់ពាក្យប្ដឹងចំពោះរដ្ឋមន្ត្រីការបរទេសថៃ លោក ណុបផៈឌន ផាតាម៉ា ទៅតុលាការ។
ជាចុងក្រោយ តុលាការធម្មនុញ្ញថៃបានធ្វើការកាត់ក្ដីកាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០០៨ ជាមួយនឹងការវិន្និច្ឆ័យដោយសំឡេង ៨ ទល់នឹង ១ ថា សេចក្ដីថ្លែងការណ៍រួមរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃ ជាមួយកម្ពុជាគ្មានធម្មនុញ្ញភាព។ ខណៈដែលអង្គការយូណេស្កូជួបប្រជុំនៅក្នុងទីក្រុងកេបិកនៃប្រទេសកាណាដា មានប្រជាជនថៃប្រហែល ២០នាក់ បានឈរតវ៉ានៅខាងក្រៅដោយមានកាន់ទង់ជាតិថៃ និងបដាដែលសរសេរថា “ ណុបផៈឌន លោកឯងជាមនុស្សកុហក” ។
នៅថ្ងៃទី ៦ ខែ កក្កដា នាយករដ្ឋមន្រ្តីថៃ បានថ្លែងប្រាប់ពលរដ្ឋរបស់ខ្លួន ថា ការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះ គឺជាសិទ្ធិសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ លោក សាម៉ាក់ ស៊ុនថរៈវេដ បានថ្លែងបន្ថែមថា ការដាក់បញ្ចូលប្រាសាទព្រះវិហារជាមរតកពិភពលោកនោះ ក៏មិនបានធ្វើឲ្យប្រទេសថៃបាត់បង់ទឹកដីដែរ។
រហូតដល់ថ្ងៃទី៧ ខែកក្កដា ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា អង្គការយូណេស្កូ បានសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ទោះបីជាមានការជំទាស់ពីប្រទេសថៃ ក៏ដោយ។
នៅថ្ងៃទី៨ កក្កដា ប្រជារាស្រ្តខ្មែររាប់ពាន់នាក់នៅទីក្រុងភ្នំពេញ បានហែក្បួនតាមដងវិថីនានា ដើម្បីជាកិច្ចអបអរសាទរដែលអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ នៅល្ងាចថ្ងៃដដែលនោះដែរ សាលាក្រុងភ្នំពេញក៏បានរៀបចំការប្រគំតន្រ្តីកំសាន្តមួយនៅវត្តភ្នំ ដើម្បីអបអរសាទរដែលអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ ទោះបីជាមានភ្លៀងធ្លាក់នៅថ្ងៃនោះ ប៉ុន្តែមានមនុស្សម្នាជាច្រើននៅតែចូលរួម ហើយការប្រគុំតន្ត្រីនោះក៏បានចាក់ផ្សាយបន្តផ្ទាល់ និងមានការចូលរួមពីតារាល្បី ទាំងសិល្បៈបុរាណ និងសម័យ និងមានការបាញ់កាំជ្រួចទៀតផង។
អតីតព្រះមហាក្សត្រខ្មែរ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែលបង្ខំឲ្យប្រទេសថៃប្រគល់ប្រាសាទព្រះវិហារមកកម្ពុជាវិញ តាមរយៈការតវ៉ាផ្លូវតុលាការអន្តរជាតិ បានស្វាគមន៍ចំពោះដំណើរការដែលកម្ពុជាបានសម្រេចជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ ដារាវុធ បានមានប្រសាសន៍ថាព្រះរាជបន្ទូលរបស់ព្រះមហាវីរក្សត្រ គឺនៅក្រោយកិច្ចប្រឹងប្រែងខ្លះនៅក្នុងប្រទេសថៃ ដែលប៉ុនប៉ងមិនបានសម្រេចក្នុងកិច្ចព្យាយាមចង់រារាំងមិនឲ្យមានការដាក់ប្រាសាទចូលក្នុងបេតិកភណ្ឌពិភពលោក។
លោក អ៊ុំ ដារាវុធ បានថ្លែងថា ព្រះមហាវីរក្សត្រតែងមានបន្ទូលថា ក្នុងព្រះរាជជីវិតព្រះអង្គព្រឹត្តិការណ៍ធំៗ៣ដែលព្រះអង្គតែងចាំមិនភ្លេច គឺមួយនៅឆ្នាំ១៩៤៧ ដែលប្រទេសថៃបានសងមកកម្ពុជាវិញនូវខេត្តមួយចំនួនដូចជា ខេត្តសៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និងព្រឹត្តិការណ៍ធំទី២ នៅឆ្នាំ១៩៥៣ ដែលខ្មែរបានទទួលឯករាជ្យពីប្រទេសបារាំង និងព្រឹត្តិការណ៍ធំទី៣ គឺថ្ងៃដែលខ្មែរឈ្នះក្តីជាមួយប្រទេសថៃ នៅឆ្នាំ១៩៦២ ដែលបង្ខំឲ្យប្រទេសថៃប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញ តាមរយៈតុលាការអន្តរជាតិក្រុងឡាអេ ប្រទេសហុល្លង់។
នៅថ្ងៃទី៩ កក្កដា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានមានព្រះរាជឱង្ការ ដោយសុំឲ្យប្រជារាស្រ្តថៃនិងខ្មែររក្សាមិត្តភាពប្រទេសជិតខាង ដោយកុំយកបញ្ហាប្រាសាទព្រះវិហារធ្វើជាជម្លោះរវាងប្រជាជាតិទាំងពីរ។ ព្រះមហាវីរក្សត្របានមានព្រះរាជឱង្ការថា ជាការគួរឲ្យសោកស្តាយ ដែលប្រជារាស្ត្រថៃខ្លះដែលយកបញ្ហាប្រាសាទព្រះវិហារមកបង្ករឿងជាមួយនឹងប្រជារាស្ត្រខ្មែរ ហើយព្រះអង្គក៏សុំឲ្យប្រជារាស្រ្តថៃនិងប្រជារាស្រ្តខ្មែរ ខិតខំកសាងមិត្តភាពនិងសហប្រតិបត្តិការជាជាងការយកបញ្ហាប្រាសាទព្រះវិហារមកបង្កជាអរិភាពនឹងគ្នានោះ។
នៅថ្ងៃទី១០ កក្កដា លោក នុបផាឌន ផាតាម៉ា រដ្ឋមន្រ្តីនៃក្រសួងការបរទេសថៃ បានលាលែងពីតំណែងទាក់ទងនឹងការដែលអង្គការយូណេស្កូបានដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ ការលាលែងរបស់លោក គឺបន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចថាការចុះហត្ថលេខារបស់លោកក្នុងរឿងប្រាសាទព្រះវិហារនោះជាការរំលោភរដ្ឋធម្មនុញ្ញ។
នៅថ្ងៃទី១៣ កក្កដា ប្រធានផ្នែកទេសចរណ៍ថៃ បានឲ្យដឹងថា មានប្រជាពលរដ្ឋថៃប្រមាណ ១,០០០នាក់បានលុបចោលដំណើរទស្សនកិច្ចរបស់ខ្លួនមកកាន់តំបន់ប្រាសាទអង្គរវត្ត ក្នុងប្រទេសកម្ពុជា គឺចាប់តាំងពីមានជម្លោះជុំវិញបញ្ហាការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ប្រធានសមាគមលើកស្ទួយទេសចរណ៍ថៃ លោក សុងសាក់ ស្រីឃ្លឿប បានមានប្រសាសន៍ថាការលុបចោលដំណើរទស្សនកិច្ចដ៏ច្រើននេះ ភាគច្រើនគឺដោយសារមានការភ័យខ្លាចបញ្ហាសន្តិសុខ៕
ប្រភព៖ អាស៊ីសេរី
កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ២) ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-11-02
នៅថ្ងៃទី១៥ ខែមិថុនា ប្រទេសកម្ពុជា បានប្រារព្ធទិវាអបអរសាទរខួបអនុស្សាវរីយ៍ឆ្នាំទី៤៦ នៃទិវាដែលកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃ ក្នុងករណីប្រាសាទព្រះវិហារនៅទីក្រុងឡាអេ កាលពីឆ្នាំ១៩៦២។
RFA Photo/Savyuth
ទាហានខ្មែរឈរយាមនៅក្បែរប្រាសាទព្រះវិហារ លើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ នាថ្ងៃទី១៤ សីហា ២០០៨។
មនុស្សជាច្រើនរយនាក់បានចូលរួមក្នុងទិវានេះ ដោយបានបង្ហាញពីគោលបំណងដើម្បីរំឭកនិងបង្ហាញកូនខ្មែរបច្ចុប្បន្ននិងអនាគតទាំងក្នុងនិងក្រៅប្រទេសឲ្យនឹកដល់ប្រវត្តិសាស្រ្តនិងបេតិកភណ្ឌជាតិនាសម័យមហានគរដ៏រុងរឿង និងសម្តែងកតញ្ញូតាធម៌ដល់មហាបុព្វបុរសខ្មែរ ព្រះមហាក្សត្រខ្មែរ អ្នកដឹកនាំដ៏ក្លាហានមុះមុតគ្រប់ជំនាន់ ដែលបានកសាងប្រាសាទព្រះវិហារនិងការពារអធិបតេយ្យជាតិបានរហូតមកដល់បច្ចុប្បន្ននេះ។
នៅថ្ងៃទី១៨ មិថុនា ប្រទេសកម្ពុជានិងថៃ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ទាក់ទងនឹងការបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
នៅថ្ងៃទី១៩ មិថុនា ឆ្នាំ២០០៨ សមាជិកសភាទទួលបន្ទុកខាងកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតមួយច្បាប់ស្នើសុំឲ្យទីស្ដីការគណៈរដ្ឋមន្ត្រីខ្មែរ ផ្ញើជាបន្ទាន់នូវផែនទីប្រាសាទព្រះវិហារ ដែលរដ្ឋាភិបាលកម្ពុជាទើបតែបានផ្ញើទៅឲ្យភាគីថៃ។
ប្រធានគណៈកម្មការទីប្រាំទទួលបន្ទុកខាងកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ លោក សុន ឆ័យ បានចោទប្រកាន់ថា ខាងរដ្ឋាភិបាលមិនបានប្រើប្រាស់សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលបានកាត់ឲ្យប្រទេសកម្ពុជា ឈ្នះក្ដីក្នុងការគ្រប់គ្រងប្រាសាទព្រះវិហារ។
នៅថ្ងៃទី២០ មិថុនា គណៈកម្មាធិការព្រឹទ្ធសភាថៃជំទាស់នឹងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកតាមផែនទីថ្មី។ កាសែតថៃបានរាយការណ៍ថា គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាថៃ បានដាក់សំណើជាផ្លូវការទៅអង្គការយូណេស្កូ (UNESCO) ដើម្បីពន្យារការដាក់បញ្ចូលប្រាសាទព្រះវិហារទៅជាបេតិកភណ្ឌពិភពលោកនោះ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាថៃ ត្រូវបានកាសែតស្រង់សម្ដីថា ក្រសួងការបរទេសធ្វើការខ្វះតម្លាភាពក្នុងការចរចាជាមួយសមភាគីកម្ពុជាលើបញ្ហាប្រាសាទព្រះវិហារ។
រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ណុបផៈដុន ប៉ាតាម៉ា បដិសេធការលើកឡើងនោះដោយពន្យល់ថា តុលាការអន្តរជាតិនៅទីក្រុងឡាអេបានកាត់សេចក្តីប្រគល់ប្រាសាទព្រះវិហារឲ្យទៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៦២មក និងថា ការសម្រេចឲ្យកម្ពុជាប្រើផែនទីថ្មីក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងការការពាររបស់អង្គការយូណេស្កូ នឹងមិនធ្វើឲ្យថៃបាត់បង់ទឹកដីនោះទេ។
លោក ណុបផៈដុន ប៉ាតាម៉ា បានមានប្រសាសន៍ថា ៖ «ជោគជ័យរបស់ក្រសួងការបរទេសគឺថា វាបានបញ្ឈប់កម្ពុជាពីការដាក់បញ្ចូលដីរបស់ថៃនៅក្នុងសំណើទៅអង្គការពិភពលោក វាជាការចាំបាច់ណាស់ ដែលជនជាតិថៃទាំងអស់ត្រូវយល់ ហើយវាត្រូវបានកត់ត្រាជាឯកសារនិងមិនអាចបំភ្លេចបានទេ»។
ទោះជាយ៉ាងនេះក្តី សមាជិកសភាគណបក្សប្រឆាំងនៃប្រទេសកម្ពុជានិងសកម្មជនឃ្លាំមើលបញ្ហាព្រំដែនកម្ពុជាបានបង្ហាញទស្សនៈថា ការប្រើផែនទីថ្មីរបស់កម្ពុជានៅតំបន់ប្រាសាទព្រះវិហារដើម្បីដាក់បញ្ចូលប្រាសាទនេះជាមរតកពិភពលោកនោះ គឺជាការខាតបង់សម្រាប់កម្ពុជាទៅវិញទេ។
នៅថ្ងៃទី២១ ខែមិថុនា ២០០៨ ឧត្តមសេនីយ៍ ប្រេម ទីនសូឡាណន់ ជាទីប្រឹក្សាព្រះមហាក្សត្រថៃ បានបញ្ជាក់ជំហររបស់ខ្លួនគាំទ្របាតុករថៃដែលបានជំទាស់ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
នៅល្ងាចថ្ងៃអាទិត្យទី២២មិថុនា ប្រទេសកម្ពុជាបានបិទច្រកប្រាសាទព្រះវិហារនៅពេលដែលមានការតវ៉ាប្រឆាំង ក្នុងប្រទេសថៃនៅមាត់ច្រកព្រំដែននោះ។
ក្រុមបាតុករថៃដែលដឹកនាំដោយលោក ស៊ុនធិ លឹមថុងគុល ជាមេដឹកនាំក្រុមស្តាំនិយមនៃសម្ព័ន្ធប្រជាជនដើម្បីប្រជាធិបតេយ្យ ដែលជាអ្នកប្រឆាំងនឹងលោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះ ក៏បានចោទប្រកាន់ដល់លោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរ៉ៈវ៉េត ថា មានពាក់ព័ន្ធផលប្រយោជន៍ជំនួញក្នុងប្រទេសកម្ពុជា ទើបបានជាកាត់ទឹកដីឲ្យកម្ពុជា នៅពេលដែលមានការចរចាអំពីផែនទីនៃតំបន់ប្រាសាទព្រះវិហារដែលនឹងត្រូវប្រគល់ជូនកិច្ចប្រជុំអង្គការយូណេស្កូ នាទីក្រុងកេបិច នៅប្រទេសកាណាដា។
នៅថ្ងៃអង្គារ ទី២៤ មិថុនា ឆ្នាំ២០០៨ មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានធ្វើការបិទច្រកនោះដោយភ័យខ្លាចថា អាចមានការប៉ះទង្គិចគ្នារវាងភាគីខ្មែរនិងថៃ។
នៅថ្ងៃទី២៥ មិថុនា អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងថា ការដែលមានបាតុកម្មរបស់អ្នកនយោបាយនិងប្រជាពលរដ្ឋថៃស្តីពីប្រាសាទព្រះវិហារនោះគឺដោយសារតែរដ្ឋាភិបាលខ្មែរបានសម្រេចចិត្តខុស ដោយបានធ្វើផែនទីថ្មីស្តីពីបរិវេណប្រាសាទព្រះវិហារនេះតាមឥទ្ធិពលរបស់ថៃ។
លោក សុន ឆ័យ អ្នកតំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា ការគូរផែនទីបរិវេណប្រាសាទព្រះវិហារថ្មីដើម្បីដាក់ជាបេតិកភណ្ឌពិភពលោកតាមសំណើរបស់ថៃនោះ គឺជានយោបាយខុសឆ្គងរបស់រដ្ឋាភិបាលខ្មែរនិងធ្វើឲ្យបាត់បង់អធិបតេយ្យជាតិ។
ប៉ុន្តែឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការចោទប្រកាន់របស់លោក សុន ឆ័យ នោះ គឺជារឿងនយោបាយដ៏អាក្រក់និងមើលងាយជាតិខ្លួនតែប៉ុណ្ណោះ។
នៅថ្ងៃទី២៨ ខែមិថុនា តុលាការរដ្ឋបាលប្រទេសថៃបានបញ្ជាឲ្យរដ្ឋាភិបាលនិងក្រសួងការបរទេសថៃ ពន្យាររាល់សកម្មភាពទាំងឡាយណាដែលជាការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
នៅថ្ងៃទី២៩ ខែមិថុនា ពលរដ្ឋខ្មែរមួយចំនួនបានចោទប្រកាន់រាជរដ្ឋាភិបាលថា បានធើ្វឲ្យបាត់បង់សិទ្ធិអធិបតេយ្យរបស់ខ្លួនក្នុងដំណើរការចរចាជាមួយភាគីថៃ ដើម្បីដាក់ប្រាសាទព្រះវិហារនិងផ្ទៃដីបរិវេណជុំវិញប្រាសាទជាសម្បត្តិពិភពលោក។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានអះអាងថា «រដ្ឋាភិបាលបានចាញ់កលថៃដោយបានកំណត់យកផ្ទៃដីបរិវេណជុំវិញប្រាសាទព្រះវិហារ ទំហំត្រឹមតែ ៣០ម៉ែត្រប៉ុណ្ណោះ»៕
ប្រភព៖ អាស៊ីសេរី
កាលប្បវត្តិនៃជម្លោះព្រំដែនខ្មែរ-ថៃនៅក្បែរប្រាសាទព្រះវិហារ (ភាគ១) ខែ វិច្ឆិកា 18, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ ផាន សូផាត
2008-10-30
អស់លោកអ្នកនាងជាទីមេត្រី! ការវាយប្រយុទ្ធគ្នាកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៨ កន្លងទៅរវាងកងទ័ពកម្ពុជានិងថៃ ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់ទាំងកម្ពុជា និងថៃ បានស្លាប់និងរបួស ដែលនេះគឺជាលទ្ធផលនៃជម្លោះព្រំដែនជាប្រវត្តិសាស្ត្រមួយរវាងប្រទេសទាំងពីរ។
RFA Photo/Savyouth
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។ គណៈប្រតិភូខ្មែរគ្រោងធ្វើដំណើរទៅប្រទេសថៃ នាថ្ងៃ២១ កក្កដា ដើម្បីជួបចរចាជាមួយថៃ ជុំវិញបញ្ហានៅតំបន់ប្រាសាទព្រះវិហារ ។
ជាបន្តទៅនេះ វិទ្យុអាស៊ីសេរីសូមលើកយកដំណើររឿងត្រួសៗនៃជម្លោះចុងក្រោយបំផុតនេះ ដែលបានចាប់ផ្តើមឡើងនៅលើទឹកដីនៃតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលមានទីតាំងនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែកជាប់ព្រំប្រទល់ប្រទេសថៃ ក្នុងស្រុកខាន់ថារ៉ាឡាក់ ខេត្តស៊ីសាកេត។
ជម្លោះនោះកើតឡើងនៅពេលដែលប្រទេសថៃ បានប្រកាសថា ទឹកដីនៃតំបន់ជុំវិញប្រាសាទព្រះវិហារដែលមានទំហំប្រមាណ ៤,៦គីឡូម៉ែត្រក្រឡានោះ នៅមិនទាន់មានការកំណត់ព្រំដែនរវាងប្រទេសទាំងពីរច្បាស់លាស់នៅឡើយទេ ទោះបីជាមានការសម្រេចដោយតុលាការយុត្តិធម៌ទីក្រុងឡាអេ ប្រទេសហុល្លង់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ថា តំបន់ប្រាសាទព្រះវិហារជាអធិបតេយ្យរបស់ខ្មែរនោះក៏ដោយ។ មិនតែប៉ុណ្ណោះទេ ឥឡូវនេះជម្លោះព្រំដែននៃប្រទេសទាំងពីរបានរីករាលដាលម្តងបន្តិចៗ ចាប់តាំពីមានការចោទប្រកាន់ថា កងទ័ពថៃបានចូលកាន់កាប់ប្រាសាទនិងតំបន់នានា ដូចជាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលស្ថិតតាមព្រំដែននៃប្រទេសទាំងពីរ ក្នុងខេត្តឧត្តរមានជ័យរបស់ខ្មែរ និងខេត្តសុរិន្ទរបស់ថៃ។
ជាមួយគ្នានេះដែរ តាមអ្នកប្រវត្តិសាស្ត្រ និងបុរាណវិទូ ទាំងខ្មែរនិងបរទេសបាននិយាយថា ជម្លោះនេះអាចនឹងរាលដាលថែមទៀតរហូតដល់ប្រជុំប្រាសាទតាមព្រំដែនក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញ ខេត្តស្រះកែវ របស់ថៃ គឺមានប្រសាទស្តុកកក់ធំ និងប្រាសាទភ្នំលួញជាដើម។
ដូច្នេះជាបន្តទៅនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗ នៃដំណើររឿងត្រួសៗចាប់តាំងពីដើមឆ្នាំ២០០៨ នេះ ដែលនាំឲ្យមានជម្លោះរហូតដល់មានការវាយប្រយុទ្ធគ្នាបង្ហូឈាមរវាងខ្មែរនិងថៃ អំពីបញ្ហាព្រំដែននេះ ៖
ខែមករា ឆ្នាំ២០០៨ ៖
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០០៨ នៅទីក្រុងភ្នំពេញមានការប្រារឰអង្គប្រជុំរបស់ គណៈកម្មាធិការជាន់ខ្ពស់ សម្រាប់ការតាមដានសំណុំឯកសារ នៃការសុំចុះឈ្មោះរមណីយដ្ឋានប្រាសាទព្រះវិហារជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។ គណៈកម្មាធិការនេះមានលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងលោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេស និងទំនាក់ទំនងអន្ដរជាតិ ជាសហប្រធាន និងមានសមាជិកដែលជាសមាជិកនៃគណៈប្រតិភូតំណាងព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងសម័យប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុង Christchurch ប្រទេសញូវហ្សេឡែន ពីថ្ងៃទី២៣ មិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧។
នៅថ្ងៃទី២៤ មករា ២០០៨ ក្រសួងការពារជាតិថៃ បានប្រឆាំងនឹងការប៉ុនប៉ងរបស់ប្រទេសកម្ពុជា ក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដោយមិនមានការឯកភាពពីប្រទេសថៃនោះ។
តាមសារព័ត៌មានថៃ បានដកស្រង់សម្តីរបស់មន្រ្តីអ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ទោ ភិត សៈនុ ពុជឆាកាន បានថ្លែងអំពីលទ្ធផល នៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាកាពារជាតិថៃ កាលពីថ្ងៃទី២៤ ខែមករា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៊ុនរ៉ត សុំថាត់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ថា ការប៉ុនប៉ងរបស់ប្រទេសកម្ពុជាក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកដោយឯកតោភាគីនោះ នឹងធ្វើឲ្យថៃខូចប្រយោជន៍នឹងទឹកដីជម្លោះក្បែរប្រាសាទនោះ។
ខែមិនា ឆ្នាំ២០០៨ ៖
រហូតដល់ខែមិនា ឆ្នាំ២០០៨ ប្រទេសកម្ពុជាបានជូនដំណឹងដល់ប្រទេសថៃ អំពីគម្រោងការក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
នៅថ្ងៃទី៣ ខែមិនា ២០០៨ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តីថៃ សាម៉ាក់ ស៊ុនថរ៉ៈវ៉េត បានព្រមព្រៀងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាក្នុងកិច្ច សហការគាំទ្រការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។
ខែមេសា ឆ្នាំ២០០៨ ៖
នៅចុងខែមេសា ប្រទេសកម្ពុជា បានពិភាក្សាជាមួយប្រទេសថៃ ចុងក្រោយក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។ ប្រទេសថៃ បានស្នើថា គេយល់ព្រមឲ្យមានការដាក់តួប្រាសាទជាបេតិកភណ្ឌពិភពលោក ប៉ុន្តែផ្ទៃដីជុំវិញប្រាសាទត្រូវស្ថិតនៅក្នុងការដោះស្រាយគ្នាបន្តទៀត។
ខែឧសភា ឆ្នាំ២០០៨ ៖
រហូតដល់ខែឧសភា ឆ្នាំ២០០៨ នៅថ្ងៃទី៦ ខែឧសភា លោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោក វីរ៉ាសាក់ ឌីហ្វូត្រាគុល លេខាធិការអចិន្ដ្រៃយ៍នៃក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃ នៅរាជធានីភ្នំពេញ។
ភាគីទាំងពីរបានឯកភាពអនុវត្ដសេចក្ដីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងសម័យប្រជុំលើកទី៣១ ដើម្បីសម្រេចឱ្យបានការចុះបញ្ជីជាផ្លូវការរបស់រមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលនឹងប្រព្រឹត្ដទៅនៅសម័យប្រជុំលើកទី៣២ នាខែកក្កដា ឆ្នាំ២០០៨។
ព្រះរាជាណាចក្រកម្ពុជា បញ្ជាក់យ៉ាងច្បាស់ថា ការចុះបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈពុំមានផលប៉ះពាល់ដល់កិច្ចការព្រំខ័ណ្ឌសីមារបស់គណៈកម្មការចម្រុះព្រំដែនដីគោក កម្ពុជា-ថៃ នោះទេ រីឯការកំណត់តំបន់ដែលមាននៅក្នុងឯកសារដែលកម្ពុជាបានដាក់ជូនទៅអង្គការយូណេស្កូ ពុំអាចត្រូវបានចាត់ទុកថាជាខ្សែព្រំដែននោះឡើយ។
នៅថ្ងៃទី២២ ខែឧសភា មានកិច្ចប្រជុំមួយរវាងលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក នុបប៉ាឌន ផាតាម៉ា រដ្ឋមន្រ្តីក្រសួងការបរទេសថៃបានជួបប្រជុំគ្នានៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីពិភាក្សាពីការដាក់បញ្ជូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ កិច្ចប្រជុំនោះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់នៃអង្គការយូណេស្កូផងដែរ។
ក្នុងកិច្ចប្រជុំនោះ ប្រទេសថៃ បានគាំទ្រការបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលស្នើឡើងដោយកម្ពុជា។ ភាគីកម្ពុជាបានព្រមទទួលយកការបញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយពុំមានតំបន់ទ្រនាប់នៅផ្នែកខាងជើង និងខាងលិចនៃប្រាសាទទេ៕
ប្រភព៖ អាស៊ីសេរី
