មេបញ្ជាការទាហានថៃសុំទោសពីរឿងទាហានថៃបោកកម្ទេចម៉ាស៊ីន GPS របស់មន្ត្រីខ្មែរ ខែ សីហា 22, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ជា មករា
2008-08-22
ប្រភពពីមន្ត្រីខ្មែរបានឲ្យដឹងថា មេបញ្ជាការកងទាហានឈុតខ្មៅថៃដែលឈរជើងនៅជិតប្រាសាទតាមាន់ធំ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានមកសុំទោសភាគីខ្មែរ ហើយបានបញ្ឈប់ទាហានឈុតខ្មៅថៃមួយរូបដែលបានបោកកម្ទេចម៉ាស៊ីនកំណត់ភូមិសាស្ត្រ (GPS) របស់មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់ខ្មែរ។
RFA Photo/Chea Makara
ទាហានថៃឈរយាមនៅខាងក្រៅប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ រារាំងទាហានខ្មែរមិនឲ្យចូលក្នុងបរិវេណប្រាសាទ នាថ្ងៃទី៨ សីហា ២០០៨។
គួរជម្រាបថាកាលពីថ្ងៃពុធ ទី២០ សីហា ទាហានឈុតខ្មៅថៃមួយរូបបានកញ្ឆក់យកម៉ាស៊ីនកំណត់ភូមិសាស្ត្ររបស់មន្ត្រីក្រសួងវប្បធម៌របស់ខ្មែរ ហើយយកទៅកម្ទេចចោល ខណៈដែលមន្ត្រីក្រសួងវប្បធម៌បានធ្វើទស្សនកិច្ចនៅប្រាសាទតាមាន់ធំនោះ ។
អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ិច សុខិន បានមានប្រសាសន៍ឲ្យដឹងថា បន្ទាប់ពីមានព្រឹត្តិការណ៍កម្ទេចម៉ាស៊ីន GPS របស់ខ្មែររួចមក ខាងភាគីខ្មែរបានដាក់ពាក្យបណ្ដឹងទៅទីបញ្ជាការយោធភូមិភាគរបស់ថៃ ដែលឈរជើងនៅជិតប្រាសាទតាមាន់ធំ ហើយថាមេបញ្ជាការទាហានថៃបានមកសុំទោសខាងភាគីខ្មែរ ដោយលើកឡើងថាទាហានឈុតខ្មៅថៃរូបនោះបានកម្ទេចម៉ាស៊ីន GPS ក៏ព្រោះតែមានអាការៈស្រវឹងស្រា ។
លោក ប៉ិច សុខិន បានមានប្រសាសន៍ថា ៖ «មេបញ្ជាការមកសុំទោសកងកម្លាំងយើងនៅខាងមុខ ហើយបានដកទាហានម្នាក់ហ្នឹង ព្រោះគេបញ្ជាក់ប្រាប់យើងថាវាស្រវឹង ។ យើងក៏បានឃើញដែរ ឃើញជាក់ស្ដែងគឺមេវាស្រែកពីក្នុងមក តែវាអត់ធ្វើតាម» ។
មេបញ្ជាការកងពលលេខ៤២ដែលឈរជើងនៅតំបន់ប្រាសាទតាមាន់ធំនៃខ្នងភ្នំដងរែក លោកវរសេនីយ៍ឯក នាក់ វង្ស បានមានប្រសាសន៍ថាពិតជាមានព្រឹត្តិការណ៍បោកកម្ទេចម៉ាស៊ីន GPS នោះមែន ហើយថាខាងភាគីថៃបានមកសុំទោសខាងភាគីខ្មែររួចហើយ ។
លោកវរសេនីយ៍ឯក នាក់ វង្ស បានឲ្យដឹងពីស្ថានភាពនៅឯប្រាសាទតាមាន់ធំ ថា រហូតមកទល់នឹងពេលនេះទាហានថៃបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលទៅប្រាសាទតាមាន់ធំ ចន្លោះពីម៉ោង៨ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់តែប៉ុណ្ណោះ ។
លោកវរសេនីយ៍ឯក នាក់ វង្ស បានឲ្យដឹងថា ៖ «មែនទែនមិនជាការចាក់សោអីទេ គ្រាន់តែគេទាញទ្វារបិទធម្មតាហ្នឹង ហើយយើងទៅក៏យើងបើកទៅ ហៅគេមកគេបើកទៅ» ។
ទោះជាយ៉ាងណាលោកវរសេនីយ៍ឯក នាក់ វង្ស បានមានប្រសាសន៍ឲ្យដឹងទៀតថា ស្ថានភាពនៃការប្រឈមមុខដាក់គ្នារវាងកងទ័ពសៀមនិងកងទាហានខ្មែរ រហូតមកទល់នឹងថ្ងៃសុក្រនេះ គឺមិនមានការប្រែប្រួលអ្វីឡើយ ។
រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ហ៊ឹម ឆែម បានមានប្រសាសន៍ថាក្រសួងវប្បធម៌បានធ្វើការប្រជុំគ្នា នៅថ្ងៃទី២២ សីហានេះ ដើម្បីពិភាក្សាពីទង្វើរបស់ទាហានថៃមកលើគណៈប្រតិភូរបស់ខ្មែរ ។ លោក ហ៊ឹម ឆែម បានចាត់ទុកទង្វើរបស់ទាហានថៃថាជាអំពើឃោរឃៅ ។
លោក ហ៊ឹម ឆែម បានបញ្ជាក់ថា ៖ «ចរិតរបស់គេហ្នឹងគេធ្វើហាក់ដូចជាឃោរឃៅណាស់ ។ យើងមិនអាចយល់ចិត្តគេយ៉ាងម៉េចបានទេ ព្រោះចិត្តគេ គេមកនៅលើដីយើងទៅហើយ គេធ្វើរបងធ្វើអី» ។
លោក ហ៊ឹម ឆែម បានមានប្រសាសន៍ថាគណៈប្រតិភូនៃក្រសួងវប្បធម៌ បានយកម៉ាស៊ីន GPS នោះ ដើម្បីកំណត់ភូមិសាស្ត្រនៃប្រាសាទបូរាណតាមាន់ធំរបស់ខ្មែរ ដោយវាស់វែងរយៈចម្ងាយពីប្រាសាទទៅទីរួមខេត្តឧត្តរមានជ័យ ទៅខេត្តសៀមរាប ឬទៅទីក្រុងភ្នំពេញ ។
គួរជម្រាបថាទាហានថៃបានចូលមកកាន់កាប់ប្រាសាទតាមាន់ធំរបស់ខ្មែរ ប៉ុន្តែរដ្ឋាភិបាលខ្មែរបានប្រកាសថាទាំងប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច គឺសុទ្ធតែស្ថិតនៅក្នុងទឹកដីរបស់ខ្មែរ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Thai-soldier-broke-Kh-visitor-GPS-08222008083003.html
ហ៊ុន សែន៖ កម្ពុជាបន្តចរចាជាមួយថៃដើម្បីដោះស្រាយជម្លោះព្រំដែន ខែ សីហា 22, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ម៉ាយ៉ារិទ្ធិ
2008-08-22
នាយករដ្ឋមន្ត្រីខ្មែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើលិខិតមួយនៅថ្ងៃទី២២ សីហានេះ ទៅឲ្យនាយករដ្ឋមន្ត្រីប្រទេសថៃ ដោយបញ្ជាក់អំពីគោលជំហរការបន្តចរចាទ្វេភាគីកម្ពុជានិងថៃ ដើម្បីដោះស្រាយដោយសន្តិវិធីលើបញ្ហាជម្លោះព្រំប្រទល់រវាងប្រទេសទាំងពីរ ។
លិខិតរបស់នាយករដ្ឋមន្ត្រីខ្មែរគឺជាលិខិតឆ្លើយតបមួយចំពោះលិខិតរបស់នាយករដ្ឋមន្ត្រីថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េទ ដែលបានធ្វើកាលពីថ្ងៃទី១៥ សីហាកន្លងមកនេះ ។
លោកនាយករដ្ឋមន្ត្រីខ្មែរបានថ្លែងក្នុងលិខិតឆ្លើយតបថា លោកសង្ឃឹមថាកម្ពុជានិងថៃនឹងអាចដោះស្រាយបញ្ហាជម្លោះនេះដោយលក្ខណៈសន្តិវិធីនិងមិត្តភាព។
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
លោកនាយករដ្ឋមន្ត្រីខ្មែរសង្ឃឹមថា ជំនួបរវាងមន្ត្រីខ្មែរនិងមន្ត្រីថៃនៅថ្ងៃទី២៩ សីហាខាងមុខនេះ នឹងបានទទួលលទ្ធផលនៃការដកកងទ័ពសេសសល់របស់ប្រទេសទាំងពីរចេញពីតំបន់នៃប្រាសាទព្រះវិហារ និងការបញ្ឈប់បង្កើនកម្លាំងទ័ពនៅតាមតំបន់នានានៃព្រំប្រទល់កម្ពុជាថៃនោះទៀត ។
លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល នៅបានសរសេរផ្តោតក្តីសង្ឃឹមថា ជំនួបរវាងគណៈកម្មាការព្រំដែនរួមកម្ពុជាថៃ នៅដើមខែតុលា ឆ្នាំ២០០៨ ខាងមុខនេះ ព្រមទាំងជំនួបរបស់រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរថៃនៅវេលាលើកក្រោយនោះ នឹងបានផ្តល់ការដោះស្រាយដោយសន្តិភាពចំពោះបញ្ហាព្រំប្រទល់ដែលមិនត្រឹមតែនៅតំបន់ប្រាសាទព្រះវិហារតែមួយប៉ុណ្ណោះទេ គឺថែមទាំងនៅតំបន់ទាំងមូលតាមបណ្តោយព្រំប្រទល់រវាងប្រទេសទាំងពីរនោះផងដែរ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-continues-2negotiate-with-Thailand-08222008085221.html