កម្ពុជានឹងយកបញ្ហាជម្លោះព្រំដែនដាក់ជូនអ.ស.ប.បើថៃនៅតែបន្តឈ្លានពាន ខែ សីហា 5, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ម៉ាយ៉ារិទ្ធិ
2008-08-04
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បានថ្លែងថាកម្ពុជានឹងបន្តព្យាយាមធ្វើកិច្ចការចរចាទ្វេភាគីរវាងខ្មែរនិងថៃឲ្យដល់កម្រិតចុងក្រោយ ប៉ុន្តែព្រមានថានឹងយកបញ្ហាដាក់ជូនទៅអង្គការសហប្រជាជាតិ (អ.ស.ប.) និងទៅកាន់តុលាការអន្តរជាតិ បើសិនជាថៃនៅតែបន្តការឈ្លានពានដល់អធិបតេយ្យភាពជាតិខ្មែរ ។
AFP Photo
ទាហានខ្មែរដើរនៅក្នុងបរិវេណប្រាសាទព្រះវិហារ នៅលើភ្នំដងរែក នៃខេត្តព្រះវិហារ នាថ្ងៃ២១ កក្កដា ២០០៨ ។
លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ៖ «យើងគ្រាន់តែកំណត់ថាបើសិនជានៅបញ្ហាអ៊ីចឹង ប្រាកដជាចៀសមិនរួចទេបញ្ហាអន្តរជាតិនោះ ពីព្រោះបញ្ហាព្រំដែនមានតែ ២គត់ បើគាត់មិនពិភាក្សាផ្អែកលើការអង្គុយតុជាមួយគ្នាទេ យើងអាចលើកបញ្ហាទៅតុលាការអន្តរជាតិ ។ តុលាការអន្តរជាតិវាត្រូវការទាមទារពេលវេលាយូរបន្តិចហើយ ប៉ុន្តែបើទៅ UN វាអាចធ្វើបាន ប៉ុន្តែយើងចង់ដោះស្រាយឲ្យអស់បញ្ហាហ្នឹងសិន» ។
សេចក្តីព្រមានបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍យោធាមកថា ទាហានថៃនៅតែបន្តការបញ្ជូនកម្លាំងទាហានចូលមកកាន់កាប់ក្នុងតំបន់តាមព្រំប្រទល់ខ្មែរ បើទោះបីជាមានការចរចារវាងរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំង២ នាពេលថ្មីៗកន្លងមកនេះក៏ដោយ ។
សេចក្តីព្រមាននេះដែរគឺនៅបន្ទាប់ពីមានសេចក្តីរាយការណ៍ចុងក្រោយមួយដែលនិយាយថា មានកម្លាំងទាហានថៃប្រមាណ៧០នាក់បានប៉ុនប៉ងចូលមកកាន់កាប់ប្រាសាទខ្មែរបូរាណមួយឈ្មោះ ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងនៅថ្ងៃច័ន្ទនេះថា ថៃត្រូវតែគោរពអធិបតេយ្យភាពជាតិខ្មែរនិងត្រូវដោះស្រាយតាមមធ្យោបាយអហិង្សាការទូត ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «យើងសង្ឃឹមថាថៃនឹងចេះដោះស្រាយបញ្ហាក្នុងលក្ខណៈជាប្រទេសមួយដែលមានភាពចាស់ទុំផ្នែកនយោបាយ ការបញ្ជូនកម្លាំងទ័ពមិនមែនជាបញ្ហាដែលយើងថាជាប្រទេសដែលមានអរិយធម៌មួយកើតទេ ចៀសវាងការភាន់ច្រឡំរវាងអំពីទំនាស់ព្រំដែន និងដំណោះស្រាយនៃទំនាស់ព្រំដែន ។ យើងមានគណៈកម្មការពីរ មួយទំនាស់នៅតាមព្រំដែន រឿងកំប៉ិកកំប៉ុក រឿងអីហ្នឹង គឺគណៈកម្មការទទួលបន្ទុកព្រំដែនទូទៅ ប៉ុន្តែមួយទៀត យើងមានគណៈកម្មការព្រំដែនចម្រុះនោះ បើថៃចង់ជជែកអំពីបញ្ហាព្រំដែន ដីនៅខាងណាៗគេត្រូវជជែកនៅតុកៅអីជាមួយនឹងគណៈកម្មការជំនាញ មិនមែនកងទ័ពធ្វើទេ» ។
ពីក្រុងបាងកកឯណោះវិញមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិទ្ធ ចារុងវ៉ាត់ បានថ្លែងថាពិតជាមានទាហានថៃបានរាយកម្លាំងជុំវិញប្រាសាទតាមាន់ធំនោះមែន ប៉ុន្តែក្នុងបរិវេណចម្ងាយ៨០ម៉ែត្រពីប្រាសាទនោះតែប៉ុណ្ណោះ ដើម្បីរារាំងមិនឲ្យទាហានខ្មែរចូលទៅកាន់កាប់នៅឯតំបន់នោះ ។
កម្ពុជានិងថៃចាប់ផ្តើមដាក់ពង្រាយទ័ពប្រឈមមុខរឿងជម្លោះតំបន់ប្រាសាទព្រះវិហារ តាំងពីថ្ងៃទី១៥ កក្កដា បន្ទាប់ពីស្ថានភាពដែលរាជរដ្ឋាភិបាលខ្មែរបានដាក់ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោក ។
មន្ត្រីខ្មែរបានឲ្យដឹងថាថៃកំពុងតែយកផែនទីដែលប្រទេសថៃគូសជាឯកតោភាគី មកសំអាងថាថៃបានបាត់បង់ទឹកដីទំហំ ៤,៦គីឡូម៉ែត្រក្រឡា ដោយសារតែការដាក់ប្រាសាទបូរាណព្រះវិហារខ្មែរចូលជាសម្បត្តិពិភពលោក ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-warns-Thai-ab-border-dispute-08042008094027.html
ទាហានថៃម្នាក់ស្លាប់ក្នុងវត្តបា្រសាទព្រះវិហារដោយមិនដឹងមូលហេតុ ខែ សីហា 5, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាវយុត
2008-08-04
ទាហានថៃឈុតខ្មៅម្នាក់ បានស្លាប់ដោយមិនដឹងមូលហេតុ កាលពីរាត្រីថ្ងៃសៅរ៍ រំលងចូលថ្ងៃអាទិត្យ នៅខណៈដែលកងទាហានផ្សេងទៀតរាប់រយនាក់ កំពុងបោះទីតាំងនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារ ជាទឹកដីខ្មែរនៃតំបន់ប្រាសាទព្រះវិហារ។
AFP Photo
ទាហានខ្មែរអង្គុយជាមួយទាហានថៃនៅលើផ្លូវឆ្ពោះទៅវត្តមួយ នៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៧ កក្កដា ២០០៨ ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទ កងពលអន្តរាគមន៍លេខ១២ ដែលកំពុងគ្រប់គ្រងនៅតំបន់ប្រឈមមុខដាក់គ្នារវាងកងយោធាកម្ពុជា-ថៃ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហាថា ទាហានថៃឈុតខ្មៅម្នាក់បានស្លាប់ទំនងជាកាលពីវេលាម៉ោង ៣រំលងអធ្រាត្រ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ខណៈដែលពួកគេដេកយប់ នៅបរិវេណទីវត្តខ្មែរ ដែលក្រុមពួកគេបានចូលលុកលុយនិងបោះជំរំនោះ។
លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក ថ្លែងប្រាប់ដូច្នេះថា ៖ «ឈុតខ្មៅ ស្លាប់មួយពីយប់មិញ ដេកៗងាប់តែម្ដង ងាប់ប្រហែលជាម៉ោង ៣ ឡើងរឹងហើយ ហើយវាសែងយកទៅស្រុកវាបាត់ហើយ សែងទៅម៉ោងប្រហែល ៨ជាង»។
ក៏ប៉ុន្តែទោះយ៉ាងណា ក៏ព័ត៌មាននៃការស្លាប់ទាហានឈុតខ្មៅថៃក្នុងការចូលលុកលុយទឹកដីខ្មែរនៃតំបន់ប្រាសាទព្រះវិហារនោះ ត្រូវបានកងទ័ពថៃព្យាយាមបិទបាំង។
ទាហានថៃឈុតខ្មៅមួយរូប ដែលកំពុងបោះជំរំក្នុងទីវត្តខ្មែរ កែវសិក្ខាគិរីស្វារៈ បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យ ប្រាប់ថា គេពុំបានទទួលព័ត៌មានពីការស្លាប់ទាហាននោះទេ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៣ ខែសីហានេះ ការបញ្ជូនកងទាហានថៃចូលមកលុកលុយទីវត្តនៃទឹកដីខ្មែរនៅតំបន់ប្រាសាទព្រះវិហារ មានរយៈពេល ១៨ថ្ងៃហើយ ដោយវត្តមានកងទាហានថៃ ចូលមកក្នុងទឹកដីខ្មែរ នៅដដែល។
ចំណែកឯនៅខ្សែត្រៀមជួរមុខ កងប្រយុទ្ធរបស់ខ្មែរនិងទាហានប៉ារ៉ាថៃ នៅតែប្រឈមមុខដាក់គ្នាដ៏តានតឹងនៅឡើយ។
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់ខ្មែរនៅខេត្តឧត្តរមានជ័យ
ស្របពេលដែលកងទាហានថៃជាច្រើន មិនបានបញ្ជាក់ពីគម្រោងច្បាស់លាស់ក្នុងការដកចេញពីទឹកដីខ្មែរនេះ នៅឯបន្ទាត់ព្រំដែនស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ឯណោះវិញ មានសេចក្ដីរាយការណ៍មកថា កងទាហានឈុតខ្មៅថៃ បានចូលកាប់កាប់ប្រាសាទបុរាណខ្មែរ គឺប្រាសាទតាមាន់ ដែលនៅជាប់បន្ទាត់ព្រំដែន។
នាយទាហានខ្មែរមួយរូបប្រចាំការនៅតាមព្រំដែនតំបន់អូរស្មាច់ បានមានប្រសាសន៍ថា ទាហានឈុតខ្មៅថៃ ជាង២០នាក់ បានចូលកាន់កាប់ប្រាសាទ តាមាន់ ជារបស់ខ្មែរ និងបានហាមឃាត់មិនឲ្យយោធាខ្មែរ ចូលទៅទីនោះផង កាលពីម្សិលមិញ ៖ «ប្រាសាទតាមាន់ វារុលចូលមកដល់ប្រាសាទ។ កម្លាំងវា ២៥នាក់ អង្គភាព ៩៦០ថៃ។ ក្រុមការងារទៅ ម្សិលមិញនេះ ចង់ឡើងទៅប្រាសាទតាមាន់ ប៉ុន្តែខាងថៃគេអត់ឲ្យឡើង គេឲ្យចូលចម្ងាយ ១០០ម៉ែត្រ ពីកន្លែងដែលគេកាន់កាប់។ គេថាដីគេ»។
សូមរំឭកថា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក តាមកិច្ចជួបចរចារវាងមន្រ្តីការបរទេសខ្មែរ-ថៃ នៅឯខេត្តសៀមរាប បានព្រមព្រៀងលើការដកកងទ័ពចេញពីតំបន់ជម្លោះ ខេត្តព្រះវិហារ ក៏ប៉ុន្តែ រហូតដល់ថ្ងៃនេះ កងទ័ពថៃនៅតែស្ថិតក្នុងទឹកដីខ្មែរ ហើយតំបន់បន្ទាត់ព្រំដែនជាច្រើនកន្លែង ដូចជានៅស្រុកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យនិងច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវកងទាហានថៃកំពុងចល័តកងទ័ពបន្ថែមទៀត៕
ប្រភព៖ http://www.rfa.org/khmer/indepth/thai-soldier-died-in-khmer-pagoda-08042008060009.html
ខ្មែរនៅអាមេរិកនាំគ្នាធ្វើញត្តិទៅអ.ស.ប.និងប្រធានាធិបតីអាមេរិកពីបញ្ហាព្រះវិហារ ខែ សីហា 5, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាន សុវិទ្យ
2008-08-04
បញ្ហាជម្លោះជាមួយថៃព្រោះតែថៃបញ្ជូនទ័ពចូលមកកាន់កាប់ដែនដីខ្មែរ ដោយប្រកាន់ថាជាតំបន់ប្រទាញប្រទង់ឬតំបន់សឬតំបន់ចម្រូងចម្រាសត្រួតលើគ្នាអីគេនោះ បាននាំឲ្យខ្មែរនៅឯនាយសមុទ្រសម្តែងការក្តៅក្រហាយនឹងអំពើឈ្លានពាននេះរបស់ថៃ។
RFA Photo/Keo Nimol
ប្រាសាទព្រះវិហារខ្មែរ នៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ។
នៅឯរដ្ឋវ៉ាស៊ីនតោន សហគមន៍អភិវឌ្ឍន៍ខ្មែររួមជាមួយបងប្អូនរួមជាតិខ្មែរដទៃទៀត បានផ្តួចផ្តើមគំនិតធ្វើញត្តិជូនដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប.) ដល់ប្រធានាធិបតីអាមេរិកនិងដល់មេដឹកនាំនៃប្រទេសកម្ពុជា។
លោក ខេវិន ក្តឹប អនុប្រធានសហគមន៍អភិវឌ្ឍន៍ខ្មែរនៅក្រុងតាកូម៉ា មានប្រសាសន៍ ៖ «ក្នុងនាមប្រជាជនខ្មែរទាំងអស់ ទាំងក្រៅនិងក្នុងប្រទេស គឺថា យើងចង់ធ្វើជារួមជាញត្តិរួម ដើម្បីប្ដឹងទៅអង្គការសហប្រជាជាតិ ផ្នែកខាងក្រុមប្រឹក្សាសន្តិសុខ ដើម្បីឲ្យលោកជួយធ្វើអន្តរាគមន៍នៅក្នុងបញ្ហាជម្លោះខ្មែរនិងថៃ ជាពិសេស ផ្តោតទៅលើការចូលឈ្លានពានរបស់ថៃ មកលើដីខ្មែរយើងហ្នឹង។ យើងភ័យខ្លាច ខ្លាចមានការបង្ហូរឈាមដល់ប្រជាពលរដ្ឋ ដែលអត់ដឹងអីសោះនោះ ជាពិសេសខ្មែរយើង នៅទន់ខ្សោយនៅឡើយ ផ្នែកសេដ្ឋកិច្ចក្ដី យោធាក្ដី គឺថា យើងនៅចាញ់ប្រៀបធៀបគេ។ ដូច្នេះ យើងអត់ចង់ទេ យើងឆ្លងកាត់សង្រ្គាមច្រើនឆ្នាំហើយ យើងមិនចង់ឆ្លងកាត់ទៀតទេ»។
កាលពីថ្ងៃសុក្រ សហគមន៍ខ្មែរឯនាយសមុទ្រ បានជួបជុំគ្នាសម្រេចថាក្រៅពីធ្វើញត្តិថ្នាក់អន្តរជាតិ ដោយមានដាក់ញត្តិលើប្រព័ន្ធអ៊ិនថឹណិត ដែលនឹងអនុញ្ញាតឲ្យខ្មែរនៅគ្រប់ប្រទេសក្នុងពិភពលោក អាចចូលរួមចុះហត្ថលេខាបានហើយ ក៏នឹងមានការប្រារព្ធពិធីរៃអង្គាសបច័្ចយយកប្រាក់ទៅជួយឧបត្ថម្ភពលរដ្ឋរងគ្រោះដោយសារការឈ្លានពានរបស់ទាហានសៀមនិងជួយផ្គង់ផ្គង់លើកទឹកចិត្តដល់យោធាខ្មែរនៅជាយដែនផង។
លោក ខេវិន សុំឲ្យខ្មែរប្រួតដៃគ្នាប្រើសិទ្ធិក្នុងការតវ៉ាប្រឆាំងអំពើឈ្លានពានតាមផ្លូវច្បាប់ ៖ «ឆ្លៀតឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនខ្មែរ ជនរួមជាតិទាំងអស់គ្រប់រូប ក្នុងនិងក្រៅប្រទេស។ សូម្បីមេត្តាជួយក្រោកឈរនិងការជួយរួបរួមសាមគ្គីគ្នាឡើង ព្រោះនេះ ជាឱកាសមួយ ដែលយើងត្រូវបង្ហាញឆន្ទៈយើងជាខ្មែរ។ មិនមែនថា អស់លោកបាននៅសុខស្រួលដល់ប្រទេសក្រៅហើយ មិនគួរអើពើដល់ប្រទេសជាតិយើងទេ ព្រោះថា វាជាអត្តសញ្ញាណរបស់យើង ដែលជាខ្មែរ កុំឲ្យគេមើលងាយ ព្រោះកន្លងមក ក្នុងប្រវត្តិសាស្រ្តហ្នឹង វាមានការច្របូកច្របល់ ដោយសារយើងអី? ដោយសារយើងមិនតតាំង មានចរិតស្លូតបូត ដូច្នេះយើងគួរតែបង្ហាញពីឆន្ទៈរបស់យើងនិងសិទ្ធិរបស់យើង ដែលយើងអាចប្រើបាន។ ឥឡូវនេះ គឺថា យើងត្រូវតែធ្វើតាមផ្លូវច្បាប់»។
ក្រៅពីនេះ តំណាងសហគមន៍ខ្មែរក្រុងតាកូម៉ា រដ្ឋវ៉ាស៊ីនតោន ក៏អំពាវនាវឲ្យខ្មែរងាកមកប្រើគ្រឿងឧបភោគបរិភោគដែលខ្មែរអាចផលិតបានដោយខ្លួនឯង គឺមានចិត្តជាតិនិយមឈប់ទិញអីវ៉ាន់ថៃ ៖ «ទំនិញចេញពីថៃហ្នឹង រដ្ឋាភិបាលគួរតែគិតពីរឿងហ្នឹងដែរ បើសិនជាយើងជាខ្មែរ ជាពិសេសទំនិញកសិកម្ម ផលិតផលផ្សេងៗដែលយើងអាចផលិតបាននៅស្រុកខ្មែរហ្នឹង គួរតែយើងយកមកគិតសាថ្មីម្ដងទៀតថា យើងគួរតែប្រើទំនិញនៅក្នុងស្រុករបស់យើង នាំគ្នាជួយដល់សេដ្ឋកិច្ចរបស់យើង ហើយជួយបង្កើនការងារដល់បងប្អូនខ្មែរយើងដែរ។ យើងមានលទ្ធភាព យើងមានធនធានអាចធ្វើបាន ដូច្នេះ យើងមិនគួរទិញទំនិញរបស់គេ ចូលមកទេ ដូច្នេះ រដ្ឋាភិបាល លោកគួរគិតផ្នែកហ្នឹងដែរ ហើយប្រជាជនខ្មែរយើងក៏គួរគិតដែរ ដូចជាដំណាំស្រួលបំផុត ដូចជាជីរឬក៏ស្លឹកគ្រៃអីហ្នឹង យើងដាំដុះខ្លួនឯងបាន គួរតែធ្វើខ្លួនឯងនេះជាមោទនភាព ក្នុងមោទនភាពជាតិខ្មែរ»៕
ប្រភព៖ http://www.rfa.org/khmer/indepth/khmer-in-us-petition-un-on-temple-issue-08042008080238.html
ថៃបញ្ចុះបញ្ចូលប្រទេសមហាអំណាចឲ្យគាំទ្រខ្លួនលើជម្លោះជាមួយខ្មែរ ខែ សីហា 5, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាន សុវិទ្យ
2008-08-04
ព័ត៌មានពីប្រទេសថៃ ឲ្យដឹងថា ខាងថៃកំពុងព្យាយាមឡប់ប៊ី គឺបញ្ចុះបញ្ចូលបណ្តាប្រទេសមហាអំណាចឲ្យគាំទ្រជំហររបស់ខ្លួនលើជម្លោះតំបន់ប្រាសាទព្រះវិហារ។
ក្នុងឱកាសទទួលបណ្តាឯកអគ្គរាជទូត រដ្ឋទូត និងឥស្សរជនតំណាងប្រទេសនានា ដែលចូលទៅសម្តែងការអបអរសាទរការបានទទួលតំណែងថ្មីរបស់លោកនោះ រដ្ឋមន្រ្តីការបរទេសថៃ លោក ដេត ប៊ុនណាក នៅដើមខែសីហានេះ បានឆ្លៀតអន្ទងចិត្តបណ្តាប្រទេសធំៗមួយចំនួន ដើម្បីឲ្យគាំទ្រថៃ ជុំវិញការដោះស្រាយជម្លោះតំបន់ប្រាសាទព្រះវិហារ។
ក្នុងអ្នកមុខអ្នកការទាំងនេះរួមមាន លោក ហ៊ីដេអាគិ កូបាយ៉ាឈិ ឯកអគ្គរាជទូតប្រទេសជប៉ុន លោក ឡូរ៉ង់ ប៊ីលី ឯកអគ្គរដ្ឋទូតបារាំង លោក អេរិក ហ្ចន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ចាង ជាវហ៊ន ឯកអគ្គរដ្ឋទូតចិននិងលោក នីឡា កាន់តាន់ រ៉ាវី រដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាតំណាងឲ្យលោកនាយករដ្ឋមន្ត្រីឥណ្ឌា។
អ្នកតំណាងប្រទេសជប៉ុន ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាប្រទេសមហាអំណាច បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីលើជម្លោះរវាងប្រទេសថៃនិងកម្ពុជា តាមកិច្ចចរចាទ្វេភាគី តាមការទាមទាររបស់ថៃ ដោយមិនចាំបាច់មានអន្តរាគមន៍ពីប្រទេសនានានៅក្នុងតំបន់និងពីអង្គការសហប្រជាជាតិ ឡើយ។
ជុំវិញការដោះស្រាយជម្លោះតំបន់ប្រាសាទព្រះវិហារនេះ លោករដ្ឋលេខាធិការ ជុច ភឿន មានប្រសាសន៍ថា ជាលទ្ធផលនៃការជជែកពិភាក្សាគ្នារវាងភាគីទាំងពីរ គឺរវាងខ្មែរនិងថៃនោះ ឥឡូវនេះបានមកដល់ដំណាក់កាលមួយថ្មីគឺការបង្កើតជាក្រុមការងារ ឬ Task Force ចំនួន៤ តាមស្មារតីកិច្ចចរចាក្រុងសៀមរាប។
លោក ជុច ភឿន មានប្រសាសន៍ដូច្នេះថា ៖ «Task force [ក្រុមការងារ] ៤ហ្នឹង ទី១ គឺ Task force សម្រាប់ការដកទ័ព ទី២ Task force សម្រាប់ការបើកប្រាសាទព្រះវិហារឲ្យភ្ញៀវចូលមើលសាថ្មី ទី៣ Task force សម្រាប់ដកទ័ពតាមបណ្ដោយព្រំដែនទាំងអស់ ហើយ Task force មួយទៀត គឺរៀបចំដោះមីន។ ដោះមីនហ្នឹង មិនមែនដោះមីនទូទៅទេ គឺដោះមីនតាមបណ្ដោយព្រំដែន»។
លោកមានប្រសាសន៍ថា ថ្វីបើតាំងពីថ្ងៃប្រជុំគ្នាមកនោះ នៅមិនទាន់ឃើញការដកទ័ពអ្វីនៅឡើយទេ តែស្ថានភាពបានស្រាលជាងមុនពុំមានការបាញ់បោះគ្នាឡើយ៕
ប្រភព៖ http://www.rfa.org/khmer/indepth/thailand-lobbies-superpower-on-temple-dispute-08042008071550.html
រដ្ឋលេខាធិការក្រសួងវប្បធម៌៖ ប្រាសាទតាមាន់ធំជារបស់ខ្មែរ ខែ សីហា 5, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាន សុវិទ្យ
2008-08-04
រដ្ឋលេខាធិការក្រសួងវប្បធម៌កម្ពុជា លោក ជុច ភឿន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នាថ្ងៃអាទិត្យ ម្សិលមិញថា ប្រាសាទតាមាន់ គឺជារបស់ខ្មែរ។
លោកថា ប្រាសាទតាមាន់ គឺជាសាលាសំណាក់មួយ ក្នុងចំណោមសាលាសំណាក់ជាច្រើនបន្សល់ទុកពីសម័យព្រះបាទជយវរ្ម័នទី៧ ដោយទ្រង់បានសាងសាលាទានទាំងនេះនៅតាមបណ្តោយមហាវិថីអង្គរ ភ្ជាប់មហាបូរីអង្គរធំ ទៅនឹងតំបន់ខ្ពង់រាបនគររាជសីមារបស់ខ្មែរបូរាណ។
លោកបញ្ជាក់ថា ប្រាសាទតាមាន់ធំ ក្នុងចំណោមប្រាសាទតាមាន់ទាំងបីឋិតនៅលើដីខ្មែរ ៖ «ប្រាសាទតាមាន់ វាមាន៣។ ៣ហ្នឹង អាមួយនៅខាងព្រំដែនថៃ ២នៅខាងតំបន់តូចតំបន់ធំ នៅក្នុងព្រំដែនស្រុកខ្មែរហ្នឹង ទឹកដីខ្មែរ»៕
ប្រភព៖ http://www.rfa.org/khmer/news/tamoan-temple-belongs-to-khmer-08042008073039.html
ថៃប៉ុនប៉ងកាន់កាប់ប្រាសាទតាមាន់ធំក្នុងខែត្រឧត្ដរមានជ័យ ខែ សីហា 5, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ហាស់ សាន
2008-08-03
វិវាទរឿងប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃឡង់ដ៍នៅមិនទាន់ធូរស្រាលផង មានដំណឹងថាទាហានថៃប្រមាណ៧០នាក់ ប៉ុនប៉ងកាន់កាប់ប្រាសាទតូចមួយឈ្មោះ ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងខេត្តឧត្ដរមានជ័យ ខាងលិចប្រាសាទព្រះវិហារ ។
RFA File Photo/Savyuth
ទាហានថៃដើរក្បែរតំបន់ក្បែរប្រាសាទព្រះវិហារខ្មែរនាថ្ងៃទី១៩ កក្កដា ២០០៨។ នៅថ្ងៃទី៣ សីហា ២០០៨នេះ មន្ត្រីខ្មែរអះអាងថា ទាហានថៃចូលកាន់កាប់ប្រាសាទខ្មែរនៅក្នុងខេត្តបន្ទាយមានជ័យ។
យោងតាមការអះអាងពីលោកវរសេនីយ៍ត្រី ស៊ឹម សុខា មេបញ្ជាការរងអង្គភាពការពារព្រំដែនដែលបានឲ្យទីភ្នាក់ងារព័ត៌មានអេភីដឹងនៅថ្ងៃអាទិត្យថា ទាហានថៃទាំងនោះនឹងដកថយវិញតែនៅពេលណាជម្លោះរឿងប្រាសាទព្រះវិហារដោះស្រាយចប់រួចរាល់ជាស្ថាពរប៉ុណ្ណោះ ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក ថារិទ្ធ ចារុងវ៉ាត់ បានបដិសេធការចោទប្រកាន់ថា មានទាហានថៃកាន់កាប់ប្រាសាទតាមាន់ធំនោះ ។ លោកថាទាហានថៃគ្រាន់តែរាយកម្លាំងជុំវិញបរិវេណចម្ងាយប្រមាណ៨០ម៉ែត្រពីប្រាសាទតូចនោះ ដើម្បីការពារមិនឲ្យទាហានខ្មែរចូលកាន់កាប់តែប៉ុណ្ណោះ ។ ប្រាសាទតាមាន់ធំនោះមិនល្បីល្បាញដូចប្រាសាទព្រះវិហារទេ គឺគ្រាន់តែជាដំណាក់ស្តេចនាសម័យដើមតែប៉ុណ្ណោះ ។
ដំណាលពេលគ្នានេះមានដំណឹងថា អតីតយោធាខ្មែរក្រហមនៅក្នុងកងយោធពលខេមរភូមិន្ទបង្ហាញនូវស្មារតីតស៊ូរបស់គេ ដោយចាំតែទទួលបញ្ជានឹងច្បាំងជាមួយទាហានថៃប៉ុណ្ណោះ ។
កាសែតភ្នំពេញប៉ុស្តិ៍បានសម្ភាសអតីតទាហានខ្មែរក្រហមម្នាក់ ឈ្មោះ ខៀវ ញ៉យ ដែលកំពុងកាន់កាំភ្លើងការពារនៅក្បែរប្រាសាទព្រះវិហារ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីយោធាថៃនោះ ថាខ្លួនអន្ទះសារចង់បាញ់ហើយតឹងទ្រូងណាស់ព្រោះឃើញសត្រូវហើយបាញ់មិនកើត ។ ថៃបានចោទថាកម្ពុជាប្រើកម្លាំងអតីតខ្មែរក្រហម ប៉ុន្តែខ្មែរបានបដិសេធថាមិនមែនជាការពិត ។
ប្រទេសថៃកំពុងតែទាក់ទាញចិត្តប្រទេសមហាអំណាចមួយចំនួនឲ្យគាំទ្រគោលជំហររបស់ខ្លួន ជុំវិញជម្លោះតំបន់ប្រាសាទព្រះវិហារជាមួយកម្ពុជា ។ រដ្ឋមន្រ្តីការបរទេសថ្មីរបស់ថៃក្នុងឱកាសទទួលបដិសណ្ឋារកិច្ចពីបណ្តាឯកអគ្គរាជទូតនិងរដ្ឋទូតនានា សម្រាប់ការចូលកាន់ដំណែងថ្មីរបស់លោក លោក តេក ប៊ុនណាក បានឆ្លៀតអន្ទងចិត្តបណ្តាប្រទេសធំៗមួយចំនួនដើម្បីឲ្យគាំទ្រថៃ ជុំវិញការដោះស្រាយជម្លោះតំបន់ប្រាសាទព្រះវិហារ ។
យោងតាមគេហទំព័រនោះអ្នកតំណាងប្រទេសជប៉ុន ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាប្រទេសមហាអំណាចបានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីលើជម្លោះរវាងប្រទេសថៃនិងកម្ពុជាតាមកិច្ចចរចាទ្វេភាគីតាមសំណើរបស់ប្រទេសថៃ ដោយមិនចាំបាច់មានអន្តរាគមន៍ពីប្រទេសនានានៅក្នុងតំបន់និងថ្នាក់អង្គការសហប្រជាជាតិ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Thai-attempts-2occupy-Cam-temple-08032008220829.html