កម្ពុជាប្រឹងប្រែងដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី ខែ សីហា 3, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ជា មករា
2008-08-02
មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ភាគីកម្ពុជានឹងបន្តកិច្ចប្រឹងប្រែងថែមទៀតដើម្បីដោះស្រាយបញ្ហាតំបន់ប្រាសាទព្រះវិហារដោយមធ្យោបាយអហិង្សា ។
AFP Photo
ទាហានខ្មែរដើរនៅក្នុងបរិវេណប្រាសាទព្រះវិហារ នៅលើភ្នំដងរែក នៃខេត្តព្រះវិហារ នាថ្ងៃ២១ កក្កដា ២០០៨ ។
មន្ត្រីអ្នកនាំពាក្យខុទ្ទកាល័យរដ្ឋាភិបាលខ្មែរ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថាគណៈកម្មការចម្រុះខ្មែរថៃក្នុងវិស័យព្រំដែននឹងធ្វើការដោះស្រាយលើបញ្ហាវិវាទនេះ ដែលមានយ៉ាងហោចណាស់ផ្តោតលើ៣ចំណុចធំៗ ។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថាថៃកំពុងតែយកផែនទីដែលប្រទេសថៃគូសជាឯកតោភាគីមកអះអាងថា ថៃបានបាត់បង់ទឹកដីទំហំ៤,៦គីឡូម៉ែត្រក្រឡា ដោយសារតែការដាក់ប្រាសាទព្រះវិហារខ្មែរចូលជាបេតិកភណ្ឌពិភពលោក ។ ហើយតាមរយៈនោះថៃចង់ធ្វើកិច្ចការគ្រប់គ្រងរួមគ្នានៅក្នុងតំបន់ទំហំ៤,៦គីឡូម៉ែត្រក្រឡានោះ ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «ភាគីថៃប្រកាន់យកធ្វើអ្វីរួម ដោយប្រើប្រាស់ពាក្យមួយថា ជាន់គ្នា ប៉ុន្តែខ្មែរយើងអត់មាននិយាយ អត់ទទួល ។ ម៉្លោះហើយយើងទុកឲ្យការងារហ្នឹងទៅជាគណៈកម្មការចម្រុះខ្មែរថៃក្នុងវិស័យព្រំដែនហ្នឹង ឲ្យគេនិយាយទៅ តាមអ្វីដែលបានចុះព្រមព្រៀងគ្នានៅអនុស្សរណៈយល់ព្រម MOU ឆ្នាំ២០០០ ។ ហើយយើងច្រានចោលនូវអ្វីដែលគេថារួម ជាន់គ្នា ប៉ុន្តែយើងយកការដោះស្រាយតាមអ្វីដែលយើងបានឯកភាពគ្នានៅក្នុងឆ្នាំ២០០០ តាមរយៈ MOU ហ្នឹង…» ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Thai-border-dispute-08022008213235.html
ទស្សនៈខ្មែរនៅអូស្ត្រាលីជុំវិញបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ខែ សីហា 3, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ កេសរណ្ណីយ្យា
2008-08-03
លោក ជា យូហ៊ន ដែលជាទីប្រឹក្សាក្រុង Greater Dandenong នៃរដ្ឋ Victoria ប្រទេសអូស្ត្រាលី រយៈពេល៤អាណត្តិមកហើយ និងជាជនជាតិអូស្រ្តាលីដើមកំណើតអាស៊ី ដំបូងគេបង្អស់ដែលមានតំណែងជាចៅហ្វាយក្រុងនៅប្រទេសអូស្ត្រាលីនោះ មានប្រសាសន៍ថា ការដែលសៀមបញ្ជូនកងទ័ពមកពង្រាយតាមជាយដែនខ្មែរ គឺជាការគំរាមកំហែងដល់កម្ពុជានិងជាការរំលោភពេញទីទៅលើការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ។
RFA Photo/Uy Sophea
ទាហានខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ។
ចំពោះការដែលភាគីថៃអះអាងថា វត្តមានទ័ពរបស់ខ្លួនជាប្រតិកម្មទៅនឹងការរំលោភព្រំដែនដោយកម្ពុជានោះ លោកទីប្រឹក្សាក្រុង ជា យូហ៊ន មានប្រសាសន៍ថាយោងតាមគំនូសផែនទីដីទាំងនោះជារបស់ខ្មែរ ។
លោក ជា យូហ៊ន បានឲ្យដឹងថា ៖ «ខ្ញុំមិនជឿថាខ្មែរហ៊ានចូលទៅយកដីគេទេ ពីព្រោះអីទី១ គឺដីអស់ហ្នឹងបើយើងមើលទៅតាមគំនូសទាំងអស់ហ្នឹងទៅ ជាពិសេសបើយើងមើលតាមការកត់សម្គាល់របស់អង្គការព្រំប្រទល់ដែនហ្នឹង គឺឃើញថាដីទាំងអស់ហ្នឹងគឺនៅក្នុងរបស់ខ្មែរយើង» ។
ស្តីពីដំណោះស្រាយជម្លោះជាមួយសៀមនេះ លោកចៅហ្វាយក្រុង Greater Dandenong ដែលឋិតនៅមិនឆ្ងាយពីរដ្ឋធានី Melbourne របស់រដ្ឋ Victoria នោះ មានយោបល់ថាកម្ពុជាគួរតែប្តឹងទៅតុលាការអន្តរជាតិ ។
លោក ជា យូហ៊ន បានបញ្ជាក់ថា ៖ «បើរដ្ឋាភិបាលខ្មែរ ខ្ញុំថាបើយើងយកកម្លាំងទៅវ៉ៃជាមួយសៀមហ្នឹង ច្បាស់ជាមិនឈ្នះគេទេ ។ ដូច្នេះការទាមទារខាងផ្លូវនយោបាយគឺជាការល្អ ជាពិសេសគឺយើងត្រូវហ៊ានឡើងទៅតុលាការម្ដងទៀត ។ មានតែតុលាការអន្តរជាតិទេដែលគេជាអ្នកអាចសម្រេចថា ទឹកដីខ្មែរត្រឹមណាៗឲ្យវាបានច្បាស់លាស់ ។ គឺថាព្រំប្រទល់ខ្មែរហ្នឹងតាមធម្មតាគឺវាមានផែនទីមានអីច្បាស់លាស់ តាំងតែពីបារាំងកាន់កាប់ហ្នឹងគឺគេមានផែនទីផែនអីច្បាស់លាស់របស់គេ ។ ដូច្នេះបើយើងសំអាងទៅលើច្បាប់ទម្លាប់ទៅវិញ ប្រហែលជាមានការប្រសើរជាង» ។
លោក ជា យូហ៊ន បានគេចផុតពីវាលមរណៈសម័យខ្មែរក្រហម ប៉ុល ពត ហើយបានធ្វើអន្តោប្រវេសន៍ទៅប្រទេសអូស្រ្តាលី កាលពីឆ្នាំ១៩៨២ ។ លោកធ្លាប់ជាជនស្ម័គ្រចិត្តជួយខ្មែរភៀសខ្លួននិងជួយបំពេញកិច្ចការសង្គមនានាជាមួយសមាគមខ្មែរនៅរដ្ឋ Victoria ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Aus-view-on-border-dispute-08022008231845.html
ថៃសុំឲ្យបារាំងនិងជប៉ុនធ្វើជាអាជ្ញាកណ្ដាលក្នុងបញ្ហាព្រំដែនជាមួយខ្មែរ ខែ សីហា 3, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ជា មករា
2008-08-02
តាមកាសែតបាងកកប៉ុស្តិ៍បានផ្សាយឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសថៃ លោក តេជ ប៊ុនណាក់ បានសុំឲ្យប្រទេសបារាំងនិងប្រទេសជប៉ុន ជួយដើរតួជាអាជ្ញាកណ្តាលដោះស្រាយបញ្ហាទំនាស់នៅតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ ។
RFA Photo/Savyouth
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
កាសែតបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃទី២ សីហា បានសរសេរថាក្នុងពេលដែលតំណាងស្ថានទូតបារាំងនៅប្រទេសថៃបានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃថ្មី លោក តេជ ប៊ុនណាក់ ដើម្បីជូនពរក្នុងមុខតំណែងថ្មីនោះ លោករដ្ឋមន្រ្តីការបរទេសថៃបានលើកសំណើនេះឡើង ហើយលោកឯកអគ្គរដ្ឋទូតបារាំង Laurent Bili បានទទួលយកសំណើនេះ ហើយដាក់ជូនរដ្ឋាភិបាលបារាំងនិងមន្រ្តីបារាំងនៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដើម្បីត្រួតពិនិត្យ ។
មន្រ្តីបារាំងបានលើកឡើងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំងថា ការដោះស្រាយបញ្ហាថៃលើកទ័ពចូលតំបន់ប្រាសាទព្រះវិហារនេះ គួរដោះស្រាយតាមការជួបទ្វេភាគីនិងក្នុងតំបន់ ។
ចំណែកឯកអគ្គរាជទូតជប៉ុនក្នុងពេលបានជួបជាមួយលោករដ្ឋមន្រ្តីការបរទេសថៃថ្មីនេះបានថ្លែងឲ្យដឹងថា ការដោះស្រាយបញ្ហាទំនាស់ដីនៅតំបន់ប្រាសាទព្រះវិហារនេះគួរដោះស្រាយតាមការចរចាទ្វេភាគីដែរ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Thai-asks-France-Japan-4help-08022008220123.html
ព្រះមហាវីរក្សត្រ៖ ការទាមទារយកប្រាសាទព្រះវិហារពីថៃសំខាន់ជាងការដាក់ជាបេតិកភណ្ឌពិភពលោក ខែ សីហា 3, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ កែវ និមល
2008-08-01
ព្រះមហាវីរក្សត្រខ្មែរបានឲ្យដឹងថា ការទាមទារយកប្រាសាទព្រះវិហារពីប្រទេសថៃមកវិញ កាលពីឆ្នាំ១៩៦២ មានភាពសំខាន់ជាងការដាក់បញ្ចូលប្រាសាទនេះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
AFP Photo
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថាបើគ្មានថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ពេលដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចថាប្រាសាទព្រះវិហារជារបស់ខ្មែរនោះទេ នោះក៏គ្មានថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូសម្រេចដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែរ ។
លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថា ៖ «ឧទាហរណ៍មេអំបៅ មានមេអំបៅមួយឈ្មោះថា មេអំបៅស្ដេចម៉ូណាក នៅម៉ិចស៊ិចកូ ជិតដាច់ពូជហើយ ក្នុងហ្នឹងមាន៣០បេតិកភណ្ឌគេដាក់ចូល ។ សំខាន់បំផុតមិនមែនដាក់ចូលក្នុងបេតិកភណ្ឌពិភពលោកទេ សូម្បីតែសម្ដេចព្រះរាមនៅឆ្នាំ២០០៣ លោកបានដាក់របាំព្រះរាជទ្រព្យយើងនៅក្នុងបេតិកភណ្ឌដែរ ហើយអង្គរវត្តយើងនៅឆ្នាំ២០០១ ម៉្លោះហើយអត់មានស្អីជាសារសំខាន់ទេ ។ សំខាន់បំផុតគឺថាការកាត់ក្ដីនៅក្នុងតុលាការឡាអេ នៅថ្ងៃ១៥ ខែមិថុនា ១៩៦២នេះ វាមានសារសំខាន់ជាងគេទាំងអស់» ។
មន្ត្រីព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បានបញ្ជាក់ឲ្យដឹងថា ព្រះមហាក្សត្រមិនបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររត់ចូលព្រៃម៉ាគីតស៊ូប្រឆាំងនឹងការឈ្លានពានរបស់សៀមនោះឡើយ ។
លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថានៅក្នុងព្រះរាជសាររបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៣នោះ បានបញ្ជាក់ថាទ្រង់នឹងយាងចូលព្រៃបើសិនណាប្រទេសសៀមឈ្លានពាន ដើម្បីប្រយុទ្ធប្រឆាំងទល់នឹងពួកវាតទីនិយម ។
លោក អ៊ុំ តារាវុធ បានបញ្ជាក់ថា ៖ «លោកនឹងចូលម៉ាគីដើម្បីប្រយុទ្ធនឹងពួកវាតទីនិយមថៃដែលចូលមកវាតទីនៅប្រទេសកម្ពុជា ។ លោកមានព្រះរាជតម្រិះសម្រាប់ព្រះអង្គទេ មិនមែនអំពាវនាវអីទេ សុំទោស អាហ្នឹងកុំឲ្យយើងយល់ច្រឡំ» ។
មន្ត្រីព្រះបរមរាជវាំងបានឲ្យដឹងទៀតថា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នឹងជួយដោះស្រាយជុំវិញបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារជាមួយនឹងប្រទេសសៀម បើសិនណាជាមានកិច្ចសុំអន្តរាគមន៍ពីរដ្ឋាភិបាល ។
លោក អ៊ុំ តារាវុធ បានបញ្ជាក់ថារហូតមកទល់នឹងពេលនេះព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅមិនទាន់បានទទួលកិច្ចស្នើឲ្យព្រះអង្គជួយដោះស្រាយជម្លោះនោះពីរដ្ឋាភិបាលនៅឡើយទេ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/king-view-on-PreahVihear-08012008231840.html
អង្គការក្នុងស្រុកមួយនាំលិខិតថ្វាយព្រះមហាក្សត្រថៃដើម្បីឲ្យថៃដកទ័ព ខែ សីហា 3, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ហ៊ុល រស្មី
2008-07-31
អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរដឹកនាំដោយលោក មឿង សុន បាននាំលិខិតថ្វាយព្រះករុណា ព្រះមហាក្សត្រថៃ តាមរយៈស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងថ្ងៃទី៣១ កក្កដានេះ ដើម្បីសូមព្រះករុណា ភូមិផុន អាឌុនយ៉ាដេត ទ្រង់ព្រះរាជតំរិះព្រះរាជត្រាស់បង្គាប់ដល់កម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រថៃ ឲ្យដកចេញពីបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ដែលជាវត្តរបស់ខ្មែរស្ថិតនៅលើទឹកដីនៃតំបន់ប្រាសាទព្រះវិហារ ។
AFP Photo
ទាហានខ្មែរអង្គុយជាមួយទាហានថៃនៅលើផ្លូវឆ្ពោះទៅវត្តមួយ នៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៧ កក្កដា ២០០៨ ។
ការស្នើសុំឲ្យកងទ័ពថៃដកចេញពីបរិវេណវត្តកែវសិក្ខាគិរីស្វារៈដោយព្រះមហាក្សត្រថៃនេះ ត្រូវបានលោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរពន្យល់ថា ៖ «លិខិតរបស់យើងហ្នឹង គឺយើងស្នើហ្នឹងគឺអត់មានពាក់ព័ន្ធនឹងរឿងនយោបាយទេ គឺយើងសុំឲ្យកម្លាំងប្រដាប់អាវុធទាំងសងខាង ទាំងភាគីកម្ពុជាក៏ដូចជាភាគីថៃ ទាំងពីរភាគីហ្នឹងគឺរកការជួបគ្នាដកកងទ័ពជាមួយគ្នា» ។
លោក មឿង សុន បានជួបពិភាក្សានិងសំណេះសំណាលជាមួយលេខាទីមួយនៃស្ថានឯកអគ្គរាជទូតថៃ ប្រមាណជា១ម៉ោងដោយបានលើកយកនូវបញ្ហាអាក្រក់ជាច្រើនដែលបណ្តាលមកពីការដែលទាហានខ្មែរថៃមិនព្រមដកចេញពីបរិវេណវត្តកែវសិក្ខាគិរីស្វារៈហៅវត្តព្រះវិហារ ។
លោកបានមានប្រសាសន៍ទៅដល់ផលប៉ះពាល់នៃបរិស្ថានដែលបង្កឡើងដោយកងទ័ពខែ្មរថៃដែលកំពុងឈរជើងនៅទីសក្ការៈខ្មែរដែលរងការបំពានពីទ័ពថៃ ។
លោក មឿង សុន បានមានប្រសាសន៍ថា ៖ «ទាហានទាំងអស់រាប់រយនាក់នាំគ្នាបត់ជើងបត់ដៃ ចោលសំរាមនៅលើទួល ពីព្រោះវត្តហ្នឹងកសាងនៅលើទួល ហើយនៅក្រោមទួលជំរាលចុះទៅហ្នឹងមានស្រះទឹក អ៊ីចឹងធ្វើឲ្យការបត់ជើងបត់ដៃ និងចោលសំរាមទាំងអស់ហ្នឹង ពេលភ្លៀងមកធ្វើឲ្យរលាយហូរចូលទៅក្នុងទឹកហ្នឹងធ្វើឲ្យទឹកហ្នឹងខូច» ។
គួររំឭកថារដ្ឋមន្រី្តការបរទេសនៃប្រទេសកម្ពុជាបានជួបចរចាជាមួយនឹងរដ្ឋមន្រ្តីការបរទេសថៃនៅឯខេត្តសៀមរាប កាលពីថៃ្ងច័ន្ទ ទី២៨ ខែកក្កដាកន្លងទៅនេះ ដើម្បីដោះស្រាយលើដីជុំវិញតំបន់ប្រាសាទព្រះវិហារដែលភាគីថៃចោទថាជាដីមានជម្លោះ ។
បន្ទាប់ពីកិច្ចចរចានោះរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានឲ្យដឹងពីចំណុចជោគជ័យមួយថា ប្រទេសទាំងពីរយល់ព្រមដកកម្លាំងទ័ពចេញពីទឹកដីដែលកំពុងមានទំនាស់នោះ ។ ប៉ុន្តែរហូតមកដល់ពេលនេះភាគីថៃមិនព្រមដកកម្លាំងចេញពីតំបន់នោះឡើយដោយរង់ចាំការចេញបញ្ជាពីរដ្ឋាភិបាលរបស់ខ្លួន ។
លោក មឿង សុន បានឲ្យដឹងថាវត្តមាននៃព្រះមហាវីរក្សត្រ នរោត្តម សីហនុ គឺមានសារសំខាន់ខ្លាំងណាស់ក្នុងការដោះស្រាយជម្លោះព្រំដែនខ្មែរថៃនៅតំបន់ប្រាសាទព្រះវិហារ ។
លោក មឿង សុន បានបញ្ជាក់ថា ៖ «បើលោកសព្វព្រះទ័យលោកចូលរួមដោះស្រាយជាការល្អដែរ ពីព្រោះលោកបានដឹងរឿងប្រវត្តិសាស្ត្រតាំងពីឆ្នាំ១៩៦២ ដែលប្រាសាទព្រះវិហារឈ្នះក្ដីនៅតុលាការឡាអេនោះ» ។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែររូបនេះបានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាត្រូវស្វែងរកសហគមន៍អន្តរជាតិឲ្យចូលរួមក្នុងកិច្ចចរចារវាងកម្ពុជានិងថៃ ពីព្រោះថៃគេបានស្វែងរកការជួយពីអន្តរជាតិរួចទៅហើយ តួយ៉ាងគឺថៃបាននាំមន្រ្តីយោធាអមស្ថានទូត១១ ប្រទេសមកពិនិត្យតំបន់ដែលមានជម្លោះ កាលពីព្រឹកថ្ងៃច័ន្ទ ទី២៨ កក្កដា គឺនៅថ្ងៃដែលប្រទេសទាំងពីរបានបើកកិច្ចចរចាជាមួយគ្នា ៕
ប្រភព៖ http://www.rfa.org/khmer/indepth/NGO-asks-Thai-king-2widthdraw-troops-07312008230340.html
ភរិយានាយករដ្ឋមន្ត្រីធ្វើពិធីបួងសួងនៅប្រាសាទព្រះវិហារ ខែ សីហា 3, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាវយុត
2008-08-01
ភរិយារបស់នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើពិធីបួងសួងមួយនៅឯប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃសុក្រ ទី១ សីហា ដោយបានអន្ទងហៅព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រកសាងអង្គរ និងវិញ្ញាណក្ខន្ធមេទ័ពខ្លាំងពូកែមកសណ្ឋិតនៅប្រាសាទព្រះវិហារ ដើម្បីសម្ដែងឫទ្ធិបារមីឲ្យមានសន្តិភាពនិងសេចក្ដីសុខ ។
RFA Photo/Uy Sophea
លោកជំទាវ ប៊ុន រ៉ានី ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អុជទៀននៅក្នុងពិធីបួងសួងសុំសុខសន្តិភាព នៅឯប្រាសាទព្រះវិហារលើកំពូលភ្នំដងរែក នៅថ្ងៃទី១ សីហា ២០០៨។
ព្រះសង្ឃថ្នាក់រាជាគណៈ មន្ត្រីរដ្ឋាភិបាលកំពូលៗ កម្លាំងប្រដាប់អាវុធ យោធា ប៉ូលិស ប៉េអឹម និងប្រជាពលរដ្ឋប្រមាណ១ពាន់នាក់បានចូលរួមក្នុងពិធីបួងសួងនោះ ។
តំណាងឲ្យក្រសួងធម្មការនិងសាសនា និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យជាតិនិងអន្តរជាតិ លោក មិន ឃិន បានមានប្រសាសន៍ថាពិធីដ៏សម្បើមកាលពីព្រឹកមិញគឺជាការបួងសួងសុំសេចក្ដីសុខចម្រើនដល់ប្រាសាទព្រះវិហារ ។
លោក មិន ឃិន បានមានប្រសាសន៍ថា ៖ «បួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងពិធីជួបសំណេះសំណាលជាមួយប្រជាជន ជាមួយព្រះសង្ឃដែលគង់ចាំវស្សានៅទីនេះ និងជួបជាមួយកងកម្លាំងប្រដាប់អាវុធដែលកំពុងតែនៅលើប្រាសាទព្រះវិហារយើងនេះ» ។
ការធ្វើពិធីបួងសួងសុំសន្តិភាពនិងសេចក្ដីសុខចម្រើននេះ បានធ្វើឡើងបន្ទាប់ពីកងទាហានឈុតខ្មៅរបស់ថៃចំនួនប្រមាណ៦០០នាក់ បានចូលមកលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វារៈ ជាប់តំបន់ប្រាសាទព្រះវិហារ រយៈពេល១៧ថ្ងៃមកហើយដោយមិនទាន់មានផែនការដកកងទ័ពចេញនៅឡើយ ។
ប្រជាពលរដ្ឋខ្មែរជាច្រើននាក់បានបង្ហាញថា គេចង់ឲ្យទាហានថៃទាំងអស់ដកកងទ័ពចេញពីទឹកដីខ្មែរនៃតំបន់ប្រាសាទព្រះវិហារតាមរយៈការបួងសួងនេះ ដោយគេមានចិត្តខឹងសម្បាចាប់តាំងពីមានវត្តមានកងទ័ពថៃចូលមកលុកលុយនោះ ៖ «កាលពួកវាមកបាតុកម្ម ក៏មានចិត្តខឹងចង់តែវ៉ៃវាវិញ ដីយើងសោះវាជេរប្រមាថអាក្រក់ៗណាស់ សុទ្ធតែអាម៉ឹង អ្ងែង ឲ្យចុះចេញពីទឹកដីព្រះវិហារ យើងម៉េចនឹងចុះដីយើង» ។
ចំណែកទាហានឈុតខ្មៅរបស់ថៃមួយរូបដែលកំពុងបោះជំរំនៅទីវត្តខ្មែរបាននិយាយថា គេត្រេកអរចំពោះការបួងសួងសុំសន្តិភាពនោះដោយគេមិនចង់ធ្វើសង្គ្រាមទេ ហើយពួកគេចង់តែចាកចេញពីទឹកដីខ្មែរឆាប់ៗដែរ ។
ទោះយ៉ាងណានាយទាហានខ្មែរម្នាក់ដែលកំពុងត្រៀមប្រយុទ្ធនៅខ្សែត្រៀមទី១ បានមានប្រសាសន៍ថាលោកចង់បានសន្តិភាពមិនបង្ហូរឈាម ក៏ប៉ុន្តែកងទាហានថៃបានបង្ហាញឥរិយាបថឲ្យឃើញថា មិនចង់បានសន្តិភាពនេះទេ ៖ «ការបួងសួងនេះយើងចង់បានសន្តិភាពដែរ តែខ្លាចតែគេមិនយល់ព្រមសន្តិភាពហ្នឹង មើលទៅចរិតវាដូចនៅរឹងរូសនៅត្រង់ហ្នឹង» ។
សូមបញ្ជាក់ថាកងទាហានឈុតខ្មៅថៃរាប់រយនាក់បានចូលមកលុកលុយទីវត្តខ្មែរជិតតំបន់ប្រាសាទព្រះវិហារ តាំងតែពីថ្ងៃទី១៥ ខែកក្កដា ហើយរហូតមកដល់ពេលនេះការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរថៃនៅតែកើតមាននៅឡើយ បើទោះបីជាមានការព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា រវាងមន្ត្រីការបរទេសកម្ពុជាថៃ ថានឹងដកកងទ័ពចេញពីតំបន់ជម្លោះនោះក៏ដោយ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/PM-wife-holds-ceremony-at-PV-08012008090132.html
កិច្ចប្រឹងប្រែងរបស់ខ្មែរឯនាយសមុទ្រចំពោះបញ្ហាព្រះវិហារ ខែ សីហា 3, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ម៉ៅ សុធានី
2008-08-01
ខ្មែរឯនាយសមុទ្រមិនថានៅអាមេរិក កាណាដា អូស្ត្រាលី ជប៉ុន ឬអឺរ៉ុបឡើយ សុទ្ធសឹងមានកំហឹងក្នុងចិត្តកាលណាបានជ្រាបពីដំណឹងថា យោធាថៃបានចូលទៅកាន់កាប់ទឹកដីខ្មែរក្នុងតំបន់ក្បែរប្រាសាទព្រះវិហារ។
RFA Photo/Uy Sophea
នាយកងរាជអាវុធហត្ថឈរយាមនៅជើងជណ្ដើរនៃប្រាសាទព្រះវិហារ នាថ្ងៃ៣០ កក្កដា ២០០៨។
នៅទីក្រុងប៉ារីស លោក រ៉ូហ្សេ គិន ខ្មែរ-បារាំង ដែលបានតាមដានស្ថានការណ៍ប្រទេសកំណើតយ៉ាងយកចិត្តទុកដាក់ បានប្រមែប្រមូលហត្ថលេខាពីខ្មែរសញ្ជាតិបារាំងបានដល់ខ្ទង់ពាន់នាក់ ដើម្បីសម្តែងការប្រឆាំងទៅនឹងការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីខ្មែរ ហើយបានជូនញត្តិដល់តំណាងរាស្ត្ររបស់លោកគឺលោកស្រី ស្ហង់តាល់ ប្រ៊ូណែល ព្រមទាំងស្នើសុំឲ្យបញ្ជូនញត្តិបន្តទៅជូនលោកប្រធានាធិបតី នីកូឡាស់ សាកូហ្ស៊ី សុំអន្តរាគមន៍បារាំងប្រឆាំងនឹងអំពើឈ្លានពានរបស់ថៃនេះ។
ខ្មែរនៅបារាំងធ្វើញត្តិប្រឆាំងការឈ្លានពានរបស់ថៃ
លោក រ៉ូហ្សេ គិន មានប្រសាសន៍ដូច្នេះថា ៖ «[ញត្តិ]ហ្នឹង ខ្ញុំបានឲ្យខ្មែរយើងស៊ីញ៉េដែរ ហើយឥឡូវហ្នឹង មាន[ហត្ថលេខា]ចំនួន ១០០០ហើយៗ ខ្ញុំបានយកអាហ្នឹងទៅជូនតំណាងរាស្ត្ររបស់ខ្ញុំ សូមឲ្យគាត់ជួយ[អន្តរាគមន៍]ក្នុងរឿងដែលសៀមឈ្លានពានយើង។ ដូចថា យើងបានប្រាប់គាត់ ឲ្យគាត់យកពាក្យហ្នឹងទៅប្រាប់ប្រធានាធិបតីផង។ យើងឃើញថា ខ្មែរយើងស្ទុះស្ទាច្រើននៅក្នុងការចុះ[ហត្ថលេខា] គឺមួយៗអត់មានរុញរាទេ គឺថា យើងធ្វើមិនដល់មួយសប្ដាហ៍ផងដែលបាន[ហត្ថលេខា]ប៉ុណ្ណឹង ហើយខ្លះកំពុងតែផ្ញើមកបន្តទៀត»។
ស្តីពីជំហរដែលថា ខ្មែរគួរតែសម្រក់ទឹកភ្នែកជាជាងសម្រក់ឈាមជាមួយសៀម ដែលសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានមានសង្ឃដីកានៅឯប្រាសាទព្រះវិហារមុននេះនោះ លោក រ៉ូហ្សេ គិន ដែលបានសម្រក់ទឹកភ្នែកស្ទើរគ្មានទឹកភ្នែកសល់ឲ្យសម្រក់ កាលពីសម័យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបខ្មែរក្រហមនោះ មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលត្រូវគេឈ្លានពាន មិនគប្បីនិយាយពីរឿងសម្រក់ទឹកភ្នែកឡើយ។
លោក រ៉ូហ្សេ គិន មានប្រសាសន៍ដូច្នេះថា ៖ «ការសម្រក់ទឹកភ្នែក ឬសម្រក់ឈាម យើងមិនអាចសម្រេចនៅលើខ្លួនយើងបានទេ ពីព្រោះបើគេរំលោភមកយើង គេចង់យកឈាមមកលេងជាមួយយើង យើងនៅតែសម្រក់ទឹកភ្នែក គឺយើងនឹងមិនយល់ហេតុការណ៍។ គឺមើលសភាពការណ៍ឲ្យច្បាស់លាស់មុននឹងយើងថា។ ធម្មតា គ្មានអ្នកណាចង់សង្រ្គាមទេ ខ្មែរយើងមានសង្គ្រាមហ្នឹងវាឆ្អែតឆ្អន់ហើយ។ យើងមិនចង់ទេ ក៏ប៉ុន្តែបញ្ហាដែលថា វាគ្មានជម្រើស អាហ្នឹងក៏យើងត្រូវតែធ្វើដែរ… យើងមិនត្រូវនិយាយពីរឿងទឹកភ្នែកទេ ដែលគេចូលមកឈ្លានពានយើង តើយើងទៅបង្ហូរទឹកភ្នែកយ៉ាងម៉េច? បង្ហូរទឹកភ្នែកឲ្យគេយកទឹកដីយើងឬ? មកដល់សម័យហ្នឹងហើយ តើនៅឈរឱបដៃយំឬ? អត់មានត្រូវធ្វើអ៊ីចឹងទេ ត្រូវការបង្ហូរឈាម ត្រូវការលះបង់កូនចៅ ក៏លះបង់ដែរ ត្រូវការការលះបង់ទ្រព្យធនក៏យើងត្រូវធ្វើដែរ។ យើងអត់មានត្រូវការបង្ហូរទឹកភ្នែកចំពោះមុខសត្រូវដែលលុកលុយយើងទេ»។
និស្សិតខ្មែរនៅបារាំងរៃអង្គាសប្រាក់សម្រាប់ទាហាននៅព្រះវិហារ
ទាក់ទងនឹងស្មារតីស្រឡាញ់ជាតិមាតុភូមិនេះ កាលពីថ្ងៃពុធ វិទ្យុអាស៊ីសេរី បានរាយការណ៍ថា ក្រុមនិស្សិតខ្មែររៀននៅខេត្តលីយ៉ុង ប្រទេសបារាំង បាននាំគ្នារៃប្រាក់កាសដើម្បីផ្ញើទៅជួយទាហានការពារទឹកដីខ្មែរនៅក្បែរប្រាសាទព្រះវិហារ។
និស្សិត សុខ រិទ្ធិចក្រ បានប្រាប់វិទ្យុអាស៊ីសេរី អំពីកិច្ចប្រឹងប្រែងនោះដូច្នេះ ៖ «ខ្ញុំ ក៏ដូចជាប្រធានសមាគមនិស្សិតខ្មែរនៅក្នុងទីក្រុងលីយ៉ុងនេះ ពួកខ្ញុំបានរៀបចំធ្វើបាតុកម្មនៅថ្ងៃព្រហស្បតិ៍ ទី៣១នេះ ប្រឆាំងនឹងការឈ្លានពានរបស់ថៃ ទីមួយ។ ហើយទីពីរ ទន្ទឹមនេះដែរ យើងបានរៃអង្គាសប្រាក់កាសពីបងប្អូនខ្មែរនៅលីយ៉ុងនេះ បានខ្ទង់ប្រហែលជា ២០០០អឺរ៉ូ។ ខ្ញុំយល់ថា រាជរដ្ឋាភិបាលលោកបានខិតខំ ប៉ុន្តែអ្វីដែលយើងធ្វើនេះគឺជាការខិតខំបន្ថែមនៅពេលដែលយើងឃើញមានការខ្វះខាត។ ព្រោះយើងឃើញ បងប្អូនយើងខ្លះគាត់ពាក់ស្បែកជើងផ្ទាត់ បងប្អូនខ្លះគាត់នៅក្រោមភ្លៀង។ ទិសដៅយើងធំគឺយើងចង់ជួយដល់យុទ្ធជន»។
ប្រតិកម្មទៅនឹងការអះអាងរបស់និស្សិតសុខរិទ្ធិចក្រ ថាលោកយល់ ថារាជរដ្ឋាភិបាលបានខិតខំជួយបងប្អូនខ្មែរព្រះសង្ឃនិងទាហាននៅតំបន់ប្រាសាទព្រះវិហារហើយនោះ លោក លី ផឿង ខ្មែរ-បារាំងនៅខេត្តលីយ៉ុង មួយរូប ដែលបានចូលវិភាគទានក្នុងការរៃអង្គាសដោយក្រុមនិស្សិតដែរនោះ បានសុំបដិសេធមិនចូលរួមសរសើរទង្វើរបស់រដ្ឋាភិបាលផងទេ។
កម្ពុជាមិនគួរចរចាជាមួយថៃអំពីរឿងព្រះវិហារទេ
លោក លី ផឿង មានប្រសាសន៍ថា ៖ «ខ្ញុំមិនបានសរសើរពីទង្វើរបស់រដ្ឋាភិបាលទេ ខ្ញុំជួយក្នុងន័យមនុស្សធម៌ ហើយចង់បង្ហាញមតិជាតិនិងអន្តរជាតិឲ្យយល់ថា រដ្ឋាភិបាលខ្មែរខ្សោយហួសហេតុ ព្រោះថា ប្រាក់ដែលគេជួយទាំងប៉ុន្មានសម្រាប់ការកសាងស្រុក រដ្ឋាភិបាលបានដក ៤០%សម្រាប់ឧបត្ថម្ភកងទ័ព តែផ្ទុយទៅវិញ កងទ័ពខ្មែរសូម្បីតែស្បែកជើងក៏អត់មានពាក់ផង។ ដូចជ្រាបស្រាប់ហើយ នៅស្រុកខ្មែរអ្នកមានម្នាក់ៗ មានឡានប៉ុន្មាន ហើយរដ្ឋាភិបាលដែលស្ថិតក្នុងកន្សោមរបស់លោក ហ៊ុន សែន ម្នាក់ៗមានឡានប៉ុន្មាន ដីប៉ុន្មានរយឡូតិ៍ តើហេតុអីបានជាកងទ័ពខ្មែរសូម្បីតែស្បែកជើងក៏គ្មានដែរ ហើយប្រជាពលរដ្ឋខ្មែរនៅលីយ៉ុងមួយភាគធំ គ្មានការគាំទ្ររដ្ឋាភិបាលខ្មែរទេ»។
លោក លី ផឿង ពុំបានប្រាប់ឲ្យដឹងផងទេថាតើនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងមកនេះ ពលរដ្ឋខ្មែរនៅលីយ៉ុង ស្រឡាញ់និងគាំទ្រគណបក្សណា។
ស្តីពីកិច្ចចរចាបញ្ហាព្រំដែនជាមួយថៃដែលបានប្រព្រឹត្តទៅជាបន្តបន្ទាប់ ក្រោយដែលកងទ័ពថៃបានចូលមកកាន់កាប់ទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ កក្កដានោះ លោក លី ផឿង ដែលធ្វើការនៅក្នុងវិទ្យុខេមរភាសាក្រុងលីយ៉ុង មានយោបល់ដូច្នេះ ៖ «បញ្ហាព្រះវិហារគឺជារឿងមួយ ដែលគ្មានរឿងអីដែលត្រូវទៅចរចាទ្វេភាគី ហើយសុំដកទ័ពទាំងសងខាង តើដកទ័ពទៅណាទៀត បើទ័ពរបស់យើងស្ថិតនៅលើទឹកដីយើងស្រេចទៅហើយនោះ? តើយើងដកទៅណាទៀត? ទង្វើអស់នេះ ជាទង្វើនយោបាយសុទ្ធសាធដែលរដ្ឋាភិបាលដែល ហ៊ុន សែន ដឹកនាំនោះធ្វើ ដើម្បីបង្ហាញថា ខ្លួនមានឆន្ទៈល្អ ចំពោះជាតិនិងចំពោះអ្នកជិតខាង តែផ្ទុយទៅវិញការខាតបង់នឹងមាន នៅតែបន្តការចរចាជាទ្វេភាគី ព្រោះថា ដីព្រះវិហារជាដីរបស់យើង យើងគ្មានត្រូវការចរចាទេ យើងប្ដឹងតែម្ដងទៅ នោះយើងនឹងមិនខាតពេលវេលាផង ទុកពេលវេលាហ្នឹងកសាងស្រុក ហើយបង្កើតរដ្ឋាភិបាលថ្មីឲ្យបានរួសរាន់ ល្អជាងទៅធ្វើការចរចាមួយថ្ងៃជាមួយថ្ងៃជាមួយថៃ»៕
ប្រភព៖ http://www.rfa.org/khmer/indepth/khmer-overseas-on-preah-vihear-issue-08012008063321.html