នាយករដ្ឋមន្រ្តីខ្មែរទទូចឲ្យមានការចរចាជាមួយភាគីថៃឲ្យបានឆាប់ ខែសីហា 30, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.3 comments
ដោយ មឿង ទុម
2008-08-29
នៅថ្ងៃសុក្រនេះខុទ្ទកាល័យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ បានផ្តល់អនុសាសន៍ជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យទាក់ទងឡើងវិញជាមួយភាគីប្រទេសថៃ ដោយជំរុញឲ្យមានការចរចាជាថ្មីឲ្យបានឆាប់រហ័សជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ស្តីពីករណីជម្លោះលើដែនដីតំបន់ប្រាសាទព្រះវិហារនោះ ។
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
បញ្ជារបស់លោក ហ៊ុន សែន នេះ ធ្វើឡើងនៅបន្ទាប់២ថ្ងៃពីពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានសុំលុបការចរចានៅថ្ងៃទី២៩ ខែសីហានេះ ដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាប ដោយសំអាងថាប្រទេសថៃកំពុងមានវិបត្តិនយោបាយ៕
ប្រភព៖ http://www.rfa.org/khmer/indepth/PM-asked-2have-negotiation-soon-08292008233554.html
កម្ពុជានិងថៃសម្រេចផ្អាកគម្រោងជួបចរចាពីបញ្ហាព្រំដែននៅសៀមរាប ខែសីហា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.1 comment so far
ដោយ សុខ សេរី
2008-08-28
មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិប្រទេសកម្ពុជានិងប្រទេសថៃបានសម្រេចផ្អាកជាបន្ទាន់នូវគម្រោងការជួបចរចាគ្នានៅក្នុងខេត្តសៀមរាប ដែលគ្រោងធ្វើនៅថៃ្ងទី២៩ ខែសីហានេះ ដោយមានសំណើពីភាគីថៃសុំផ្អាក ដោយគ្មានថៃ្ងកំណត់ធ្វើវិញនៅពេលណាទ្បើយ ។
RFA Photo/Pong Khemerak
កិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ កាលពីថ្ងៃទី១៩ សីហា ២០០៨ នៅក្នុងក្រុងហួហ៊ីន ប្រទេសថៃ។
លោកឧត្តមសេនីយ៍ឯក នាង ផាត ជារដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធានក្រុមការងារចរចា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃព្រហស្បតិ៍នេះថា ៖ «អត់ទេផ្អាកហើយ ថៃសុំពន្យារពេល គេអត់ប្រាប់មូលហេតុទេ ប៉ុន្តែយើងដឹងថាប្រហែលជាមកពីផ្ទៃក្នុងស្រុកគេហើយ យើងមើលទៅ ។ …គេថា អត់ដឹងពេលណាទេ គេសុំពន្យារពេលសិន ។ ក្រុមការងារគេមកធ្វើការជាមួយក្រុមយើងអស់ហើយ ម្សិលមិញ ។ ឥឡូវគេទៅវិញថ្ងៃនេះអស់ហើយ គេមក៣០នាក់ ធ្វើការជាមួយពួកខ្ញុំ ហើយខ្ញុំអត់ទៅ ខ្ញុំនៅភ្នំពេញ ថ្ងៃនេះបានត្រូវទៅ គេផ្អាកអ៊ីចឹង យើងមិនបាច់ទៅអី» ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលបានធ្វើបាតុកម្មអហិង្សាមិនបានសម្រេច កាលពីថៃ្ងទី១៧ ខែសីហាសប្តាហ៍កន្លងទៅ ក្នុងការសម្ដែងមតិប្រឆាំងការឈ្លានពានរបស់កងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជានោះ បានមានប្រសាសន៍ប្រតិកម្មចំពោះការផ្អាកគម្រោងការចរចា នៅថ្ងៃទី២៩ សីហានេះ ថា ៖ «ជំនួបប្រជុំរវាងកម្ពុជា ខ្ញុំគិតថាវាអត់មានបានផលប្រយោជន៍អីទេ គ្រាន់តែជាការពន្យារពេលរបស់ភាគីសៀម ហើយចំពោះរាជរដ្ឋាភិបាលកម្ពុជា មិនត្រូវអូសបន្លាយពេលវេលាទៅតាមភាគីសៀម ពីព្រោះសៀមគេជាអ្នកឈ្លានពានមកលើអធិបតេយភាព បូរណភាពទឹកដីនៃកម្ពុជា ។ ដូច្នេះយើងក្នុងនាមជាជនរងគ្រោះយើងត្រូវតែដាក់ពាក្យសុំអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ យើងមិនត្រូវឲ្យអូសបន្លាយឲ្យចេះតែយូរទៅៗ ម្ដងហើយម្ដងទៀតទេ» ។
សូមរំឭកថាមន្រ្តីជាន់ខ្ពស់របស់កម្ពុជានិងថៃបានជួបប្រជុំចរចាទ្វេភាគីចំនួនបីលើករួចមកហើយ ដើម្បីដោះស្រាយបញ្ហាកងទ័ពថៃចូលមករំលោភនឹងឈ្លានពាននៅលើទឹកដីកម្ពុជា ត្រង់តំបន់ប្រាសាទព្រះវិហារនិងតំបន់ប្រាសាទតាមាន់ធំរបស់កម្ពុជា ប៉ុន្តែសេចក្តីរាយការណ៍នានាបានឲ្យដឹងថា កងយោធាថៃនៅតែបន្តឈរជើងនៅតំបន់នោះនឹងរាតត្បាតទៅកន្លែងដទៃទៀត ក្នុងទឹកដីកម្ពុជានៅជាប់ព្រំដែនថៃ ។
កាលពីថៃ្ងទី២២ ខែសីហាសប្តាហ៍កន្លងទៅនេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា បានសរសេរលិខិតឆ្លើយតបនឹងលោក Samak Sundaravej នាយករដ្ឋមន្រ្តីនៃប្រទេសថៃជាមួយនឹងការសង្ឃឹមថា កិច្ចប្រជុំលើកទី២ រវាងប្រធានក្រុមការងារសម្របសម្រួលបណ្តោះអាសន្ន និងប្រធានគណៈកម្មាធិការតំបន់ព្រំដែនថៃ នៅថៃ្ងទី២៩ ខែសីហាខាងមុខនេះ នឹងនាំមកនូវការដកកងទ័ពដែលនៅសេសសល់ទាំងអស់ចេញពីតំបន់ប្រាសាទព្រះវិហារ ហើយព្រមទាំងបញ្ឈប់នូវកំណើនយោធាកើតមាននៅតាមតំបន់ព្រំដែនផ្សេងៗទៀត៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Thai-postponed-negotiation-08282008215906.html
កម្ពុជាគ្រោងរៀបចំប្រាសាទព្រះវិហារឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ខែសីហា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាវយុត
2008-08-28
រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងនឹងរៀបចំប្រាសាទព្រះវិហារឲ្យទៅជាតំបន់ទេសចរណ៍បេតិកភណ្ឌដ៏ល្បីល្បាញមួយនៅពេលឆាប់ៗខាងមុខ ដើម្បីទាញយកប្រាក់ចំណូលពីទេសចរបរទេសក្នុងលំដាប់ថ្នាក់ទី២ បន្ទាប់ពីតំបន់ទេសចរណ៍ប្រាសាទបុរាណខេត្តសៀមរាប។
RFA file photo/Uy Sophea
ប្រាសាទព្រះវិហាររបស់ខ្មែរនៅលើកំពូលភ្នំដងរែកនៃខេត្តព្រះវិហារ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ប្រទេសកម្ពុជា លោក ថោង ខុន បានមានប្រសាសន៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលកំពុងផ្ដើមធ្វើផ្លូវកៅស៊ូប្រវែងប្រមាណ៨០គីឡូម៉ែត្រពីស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ទៅដល់ភូមិស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ ក្នុងបំណងតភ្ជាប់ខេត្តសៀមរាបទៅនឹងប្រាសាទព្រះវិហារដើម្បីឲ្យលំហូរអ្នកទេសចរណ៍ទៅកាន់តំបន់នោះ។
លោក ថោង ខុន បានមានប្រសាសន៍ទៀតថាដើម្បីទាក់ទាញទេសចរបរទេសទៅកាន់ព្រះវិហារ គេត្រូវការសេវាកម្មនិងកន្លែងស្នាក់នៅឲ្យបានសមរម្យ ហើយលោកសុំអំពាវនាវឲ្យអ្នកវិនិយោគនិងពាណិជ្ជករបានទៅធ្វើសណ្ឋាគារ និងផ្ទះសំណាក់ល្អៗ នៅទីនោះផងដែរ។
លោក ថោង ខុន បានមានប្រសាសន៍ថា ៖ «តំបន់ទេសចរណ៍ល្បីល្បាញបន្ទាប់ពីអង្គរមកមានព្រះវិហារហ្នឹងហើយ។ អ៊ីចឹងយើងតភ្ជាប់ប្រាសាទព្រះវិហារទៅនឹងសៀមរាប បានវាយកលំហូរទេសចរ ។ គម្រោងហ្នឹងឆាប់ទេ យើងចង់ឲ្យមានកន្លែងស្នាក់នៅស្រួលបួល»។
លោក ថោង ខុន បានបញ្ជាក់ទៀតថាបើសិនជាមានសណ្ឋាគារកន្លែងស្នាក់នៅល្អៗ ក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានអ្នកទេសចរណ៍បរទេសប្រមាណ១០០នាក់ ទៅមើលប្រាសាទព្រះវិហារដែរ។
រដ្ឋាភិបាលខ្មែរនៅតែសម្រេចចិត្តធ្វើឡើងគម្រោងនានាដែលបានគ្រោងទុក បើទោះបីជាតំបន់នៅជិតប្រាសាទព្រះវិហារកំពុងកើតមានជម្លោះព្រំដែន ដោយកងទាហានខ្មែរថៃកំពុងប្រឈមមុខដាក់គ្នាយ៉ាងណាក៏ដោយ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា សមាជិកគណៈកម្មការបេតិកភណ្ឌពិភពលោកនឹងមកដល់ប្រទេសកម្ពុជានៅខែកញ្ញាខាងមុខ ដើម្បីធ្វើការងារអភិវឌ្ឍន៍ប្រាសាទព្រះវិហារ ដោយចាប់ផ្ដើមបោះបង្គោលស្ទង់និងរៀបចំផែនការអភិរក្ស ការពារ និងអភិវឌ្ឍ ដោយមិនឲ្យមានការរអាក់រអួលដំណើរការទេ ទោះបីជានៅមានវត្តមានកងទ័ពថៃលើតំបន់ជម្លោះជិតប្រាសាទព្រះវិហារក៏ដោយ។
លោក ផៃ ស៊ីផាន បានឲ្យដឹងថា ៖ «សមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គេចាប់ផ្ដើមមកខែក្រោយ រាជរដ្ឋាភិបាល ជាពិសេសតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន លោកបានប្រាប់យ៉ាងច្បាស់ថា យើងមិនឲ្យមានការរអាក់រអួលប៉ះពាល់ទៅដល់កិច្ចអភិវឌ្ឍ និងអ្វីដែលជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ឬក៏បង្កើនតំបន់ទេសចរណ៍ ។ នាយករដ្ឋមន្រ្តីថៃបានឯកភាពគ្នាយល់ឃើញដូចគ្នា យកតំបន់ទិសដៅនៃវប្បធម៌ មិនមែនជាពេលដែលជាតំបន់សម្រាប់ធ្វើសង្រ្គាមឈ្លោះគ្នាទេ»។
កាលពីពាក់កណ្ដាលខែកក្កដាកន្លងមក បន្ទាប់ពីកងទាហានឈុតខ្មៅថៃជាច្រើនរយនាក់បានចូលលុកលុយទីវត្តខ្មែរ កែវសិក្ខាគិរីស្វារៈ ជាប់តំបន់ប្រាសាទព្រះវិហារនោះ ប្រធានអាជ្ញាធរព្រះវិហារ លោក ទី យ៉ាវ ធ្លាប់បានអះអាងថាគម្រោងរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលតម្រូវអនុវត្តឲ្យហើយត្រឹមកំណត់ខែកុម្ភៈ ឆ្នាំ ២០០៩ ត្រូវយឺតយ៉ាវមិនដូចកម្មវិធីបានកំណត់នោះឡើយ ដោយសារតែមានកងកម្លាំងប្រដាប់អាវុធថៃចូលលុកលុយធ្វើឲ្យបុគ្គលិកជាច្រើនភ័យខ្លាចហើយចាកចោលពីការងារ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-2develope-PV-area-08282008222537.html
នាយករដ្ឋមន្ត្រីប្រកាសផ្ដល់ដីធ្លីដល់ទាហានដែលការពារនៅតាមព្រំដែន ខែសីហា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាន សុវិទ្យ
2008-08-28
កាសែតភ្នំពេញប៉ុស្តិ៍ ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យធ្វើសម្បទានដីធ្លីដល់កងទ័ពដែលបម្រើការងារនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីជាវិធានការមួយ ដែលគេសង្ឃឹមថា នឹងអាចទាក់ទាញឲ្យមនុស្សមករស់នៅក្នុងតំបន់ព្រំដែននិងពង្រឹងព្រំដែនប្រឆាំងនឹងការឈ្លានពានពីបរទេសបាន។
RFA Photo/Uy Sophea
ទាហានខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ។
ផែនការថ្មីនេះ បានលេចឡើងក្រោយពីមានសេចក្តីប្រកាសកាលពីសប្តាហ៍មុនថា កងវិស្វកម្មយោធានឹងស្ថាបនាផ្លូវថ្មីៗនៅជិតបរិវេណប្រាសាទព្រះវិហារនិងប្រាសាទតាមាន់ ដើម្បីជាការឆ្លើយតបចំពោះការ ប្រឈមមុខដាក់គ្នារយៈពេល ៦សប្តាហ៍ជាមួយនឹងប្រទេសថៃ។
លោក សាន វណ្ណា អភិបាលរងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា រដ្ឋាភិបាលបានណែនាំឲ្យលោករៀបចំដីសម្រាប់ទាហាននិងគ្រួសាររបស់ពួកគេនៅក្បែរមូលដ្ឋានដែលពួកគេកំពុងឈរជើង។
លោកមានប្រសាសន៍ថា ដីមានស្រាប់ហើយ ហើយខាងអាជ្ញាធរខេត្តក៏កំពុងធ្វើការលំអិតពីរឿងនេះដែរ៕
ប្រភព៖ http://www.rfa.org/khmer/indepth/border-soldiers-to-receive-land-08282008041339.html
ខ្មែរនៅក្រៅប្រទេសបន្តប្រមូលថវិកាឧបត្ថម្ភដល់ខ្មែរនៅតំបន់ប្រាសាទព្រះវិហារ ខែសីហា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ កេសរណ្ណីយ្យា
2008-08-29
ព្រះសង្ឃនិងពលរដ្ឋខ្មែរនៅឯក្រៅប្រទេសក៏បានបន្តរួបរួមគ្នាប្រមែប្រមូលថវិកាដើម្បីជួយឧបត្ថម្ភដល់ព្រះសង្ឃនិងពលរដ្ឋខ្មែរនៅតំបន់ប្រាសាទព្រះវិហារ ព្រមទាំងកងយោធពលខេមរភូមិន្ទដែលកំពុងឈរជើងការពារព្រំដែននៅតាមតំបន់ជម្លោះទាំងនោះ ។
AFP Photo
ទាហានខ្មែរដើរនៅក្នុងបរិវេណប្រាសាទព្រះវិហារ នៅលើភ្នំដងរែក នៃខេត្តព្រះវិហារ នាថ្ងៃ២១ កក្កដា ២០០៨ ។
នៅសហរដ្ឋអាមេរិកសហគមន៍ខ្មែរនៃវត្តធម្មឃោសនារាម នៅរដ្ឋរ៉ូដអៃឡិន្ត និងវត្តឧត្តមសហរត្ននារាម នៅរដ្ឋម៉ាស្សាឈូសេត បានមូលមតិគ្នាប្រារព្ធធ្វើពិធីបុណ្យផ្កាសាមគ្គីរួមគ្នាមួយ នៅឯវត្តធម្មឃោសនារាម នាថ្ងៃអាទិត្យ ទី៣១ ខែសីហានេះ ។
ព្រះតេជព្រះគុណ ជៀ ឆោម ពុទ្ធៈសិរីមុនី ព្រះគ្រូចៅអធិការវត្តធម្មឃោសនារាម បានមានដីកាអំពីគោលបំណងនៃពិធីបុណ្យផ្ការួមគ្នា រវាងសហគមន៍និងវត្តនៃរដ្ឋទាំងពីរនេះ ៖ «ជាប្រជាជាតិខ្មែរ ដើម្បីជួយដល់ទាហានខ្មែរយើង ដែលប្រចាំការនៅប្រាសាទព្រះវិហារហ្នឹង ដែលការពារទឹកដីខ្មែរហ្នឹង ហើយនិងព្រះសង្ឃ ព្រោះពីមុនព្រះសង្ឃមាន៣អង្គ ដល់ឥឡូវមានថាព្រះសង្ឃមានច្រើនអង្គ ខ្វះខាតចង្ហាន់ បិណ្ឌបាត្រ ។ អាត្មាបានមើលតាមទូរទស្សន៍ប៉ុស្តិ៍ស៊ីធីអិន និងប៉ុស្ដិ៍ទទក ហើយបានស្ដាប់ប៉ុស្ដិ៍អាស៊ីសេរីជាដើមអីអ៊ីចឹង ។ អត់បានទាក់ទងផ្ទាល់ទៅខាងហ្នឹងទេ» ។
ព្រះតេជព្រះគុណ កែម សុភ័ណ បិយទត្តោ គង់នៅវត្តឧត្តមសហរត្ននារាម រដ្ឋម៉ាស្សាឈូសេត ដែលបានរួមគំនិតផ្តួចផ្តើមបុណ្យផ្កាសាមគ្គីនេះ បានមានថេរដីកាបន្ថែមទៀត ៖ «ការពិតទៅសម្រាប់ទស្សនៈអាត្មាផ្ទាល់ខ្លួន អាត្មាគិតថារឿងក្រខ្សត់ អត់ឃ្លាន រឿងកង្វះខាតអីមួយ ដូចជាប្រជាពលរដ្ឋយើងខ្វះខាត យើងដែលមានឈាមជ័រ មានជាតិជាមួយគ្នា មិនចាំបាច់ដល់ថារាជរដ្ឋាភិបាលលោកប្រកាស អំពាវនាវអី បើសិនជាយើងមានសណ្ដានចិត្ត មានទឹកចិត្តស្រឡាញ់ ស្នេហាជាតិរបស់យើង ហើយយើងមានសទ្ធាប៉ុណ្ណា ប៉ុណ្ណឹង ជួយតាមលទ្ធភាពហ្នឹងទៅ» ។
ព្រះតេជព្រះគុណ ជៀ ឆោម ពុទ្ធៈសិរីមុនី ព្រះគ្រូចៅអធិការវត្តធម្មឃោសនារាម នៅរដ្ឋរ៉ូដអៃឡិន្ត បានមានដីកាបញ្ជាក់ថាព្រះអង្គនឹងនាំបច្ច័យទៅដោយផ្ទាល់ ។
ព្រះតេជព្រះគុណ ជៀ ឆោម បានមានដីកាថា ៖ «គម្រោងថាទៅខែ១១ ព្រោះអាត្មាដែលរៃបណ្ដើរៗបាន៤០០-៥០០ហើយ ដើរសូត្រមន្តចេះតែប្រកាស ហើយនិងថ្ងៃទី៣១ ចាំមើលថ្ងៃហ្នឹងទៀត តើបានប៉ុន្មាន ? ទិញជាសម្ភារៈ ទៅដល់ហ្នឹងចាំអាត្មាពិភាក្សាជាមួយនឹងអ្នកស្រុកខ្មែរទៀត តើទាហានខ្មែរហ្នឹងខ្វះអីៗ ដូចជាអង្រឹង ដូចជាស្បែកជើងអីហ្នឹង យើងទិញទៅតាមហ្នឹងទៅ អត់បានយកលុយទៅឲ្យផ្ទាល់ទេ ។ អត់បានចូលតាមរដ្ឋាភិបាល មានគម្រោងថាចង់ទៅដល់ផ្ទាល់ ឃើញផ្ទាល់ មានគម្រោងអ៊ីចឹង» ។
គួរជម្រាបថានៅថ្ងៃអាទិត្យ ទី៣១ ខែសីហានេះដែរ សហមគមន៍ខ្មែរមួយទៀតនៃវត្តជោតនារាម នៅរដ្ឋញូវយ៉ក ក៏នឹងរួមគ្នាប្រារព្ធពិធីបុណ្យផ្កាប្រាក់ក្នុងបំណងដូចគ្នានឹងសហគមន៍វត្តទាំងពីរនោះដែរ៕
ប្រភព៖ http://www.rfa.org/khmer/indepth/fund-raising-in-USA-continues-08292008050734.html
ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (៣) ខែសីហា 29, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ មឿង ទុម
2008-08-15
មានចម្ងល់ថា តើភាគីខ្មែរមានភស្តុតាងនិងសាក្សីសំខាន់ៗ កម្រិតណាទៅបានជាតុលាការអន្តរជាតិក្រុងឡាអេ កាត់ក្តីឲ្យខ្មែរឈ្នះប្រទេសថៃ កាលពីឆ្នាំ១៩៦២ ដោយសម្រេចថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារ ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរ។
RFA Photo/Keo Nimol
ប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក នៃខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងបទសម្ភាសន៍កាលពីលើកមុន លោកប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានប្រសាសន៍ថា តុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ កាត់ក្តីឲ្យខ្មែរឈ្នះភាគីប្រទេសថៃ កាលពីឆ្នាំ១៩៦២ ក្នុងករណីបណ្តឹងវិវាទពីការគ្រប់គ្រងប្រាសាទព្រះវិហារនោះ គឺដោយសារតែភាគីខ្មែរមានភស្តុតាងសំខាន់២។
ទីមួយ គឺផែនទីដែលបានបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារពិតជាស្ថិតនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាមែន។ ទីពីរគឺថា មានព្រះអង្គម្ចាស់ថៃមួយព្រះអង្គ ព្រះនាម ដំរ៉ុង បានទៅធ្វើទស្សនកិច្ច ទតប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៣០ ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលថៃ ដែលគ្រានោះមានមន្ត្រីនៃអាណានិគមបារាំងជាអ្នកចេញមុខទទួលស្វាគមន៍ព្រះអង្គ ក្នុងនាមជាម្ចាស់ផ្ទះជំនួសឲ្យខ្មែរផង។
នៅក្នុងបទសម្ភាសន៍ភាគបន្តនៅថ្ងៃនេះ នាងខ្ញុំសូមជម្រាបសួរលោក ស៊ាន ប៉េងសែ ដែលលោកក៏ជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនៃរបបសាធារណរដ្ឋខ្មែរនិងជាស្ថាបនិកស្ថាបនាផែនទីស្រុកខ្មែរផងនោះថា ៖ ពេលដែលឡើងតុលាការទាក់ទងរឿងក្តីហ្នឹង តើមានមន្ត្រីតំណាងអាណានិគមបារាំង បានទៅចូលរួមធ្វើជាសាក្សីដែរឬទេ?
ស៊ាន ប៉េងសែ ៖ «បាទ! បារាំងក៏ធ្វើសាក្សី ខ្មែរក៏ធ្វើសាក្សីដែរ។ បារាំងក៏គេឲ្យអ្នកគូសផែនទីទៅជាមួយដែរ ឯខ្មែរយើងអ្នកគូសផែនទី ក៏ទៅជាមួយដែរ ព្រោះយើងត្រូវពន្យល់គេពីរឿងផែនទីហ្នឹង។ ព្រោះខាងចៅក្រមនិងមេធាវី គាត់មិនសូវពូកែផែនទី ត្រូវឲ្យភាគីទាំងពីរនោះជជែកគ្នា ហើយពន្យល់គេពីរឿងផែនទីហ្នឹង។ ដែលបារាំងជួយយើងនោះ ព្រោះផែនទីដែលបារាំងធ្វើឲ្យតាំងពីដើម ដូចខ្ញុំបាននិយាយមុនមកនេះគឺថា ប្រាសាទព្រះវិហារវានៅក្នុងដីយើងជានិច្ច មិនដែលនៅក្រៅពីផែនទីដីយើងទេ។ ដូច្នេះសៀមមិនអាចប្រកែកអីបាន ឲ្យខ្មែរចាញ់នោះទេ»។
មឿង ទុម ៖ តើភាគីខ្មែរ តំណាងខាងខ្មែរដែលចូលទៅស្តាប់សវនាការនោះ ពាក់ព័ន្ធក្នុងសវនាការកាត់ក្តីហ្នឹង ដែលគេឲ្យប្រាសាទព្រះវិហារបានមកជារបស់ខ្មែរនោះ លោកមានចាំទេថា ខ្មែរមានប៉ុន្មាននាក់ ហើយលោកមានចាំឈ្មោះទេ?
ស៊ាន ប៉េងសែ ៖ «បាទ! នៅក្នុងឯកសារគេមានអ្នកដែលជាមេធាវីខ្មែរ គឺលោក ទ្រឿង កាង ជាអ្នកជំនួយការយកឯកសារយកស្អីៗ ហើយពន្យល់គេស្អីៗ គឺលោក ទ្រឿង កាង នេះឯង។ ហើយខ្មែរជួលមេធាវីអាមេរិកាំងមួយ គឺលោក អាក ចនសុន ជាអតីតរដ្ឋមន្ត្រីខាងក្រសួងការបរទេសអាមេរិកាំង»។
មឿង ទុម ៖ នេះបានសេចក្តីថា លោកនៅមិនទាន់បានរាប់បញ្ចូលមេធាវីបារាំង ២រូបទៀតដែលខ្មែរបានជួលដែរ គឺទីមួយលោកសាស្រ្តាចារ្យ រ៉ឺទែរ និងទីពីរ គឺលោកសាស្រ្តាចារ្យ ពិនតូ ដែលអ្នកទាំងពីរជាសាស្រ្តាចារ្យល្បីឈ្មោះផ្នែកច្បាប់ជាតិនិងអន្តរជាតិ ប្រចាំនៅក្រុងប៉ារីស ប្រទេសបារាំង នាកាលណោះ។ បើសរុបមក មេធាវីបរទេសដែលខ្មែរជួលកាលនោះមាន ៣រូប ជនជាតិអាមេរិកមួយរូបនិងបារាំងពីររូបនេះ តើត្រឹមត្រូវអីចឹងទេ លោក?
ស៊ាន ប៉េងសែ ៖ «បាទ! អ៊ីចឹងហើយបាទ»។ មឿង ទុម ៖ តើក្រៅពីនោះ មានអ្នកណាទៀត? ស៊ាន ប៉េងសែ ៖ «ក្រៅពីនោះ មានច្រើនទៅទៀត ពួកអ្នកខាងផែនទីអីហ្នឹង»។
មឿង ទុម ៖ នៅក្នុងការបើកសវនាការនោះ ខាងខ្មែរហ្នឹងមានឲ្យតំណាង ក្រៅពីអ្នកចូលទៅបំពេញកិច្ចការក្នុងសវនាការសម្រាប់តុលាការហ្នឹង ក្រៅពីនោះមានដូចថា ប្រជាពលរដ្ឋដែលអាចជាអ្នកមុខអ្នកការអីនោះ គេមានឲ្យទៅស្តាប់ដែរទេ?
ស៊ាន ប៉េងសែ ៖ «ហ្នឹងគេអត់ទេ តាមដែលឯកសារហ្នឹង គឺថា មានតែពួកចៅក្រម ពួកមេធាវីនិងពួកអ្នកដែលទទួលខុសត្រូវ ដែលគេហៅថា ប្រតិភូខ្មែរហ្នឹង។ គឺយើងសុំគេទៅ ជំនាន់ហ្នឹងមានតែអ្នកអស់ហ្នឹងទេ ដែលអាចចូលបាន»។
មឿង ទុម ៖ ពេលដែលតុលាការកាត់ឲ្យខ្មែរឈ្នះក្តី សំខាន់លើចំណុច ២ធំៗដែលលោកមានប្រសាសន៍អម្បាញ់មិញអ៊ីចឹង តើខ្មែរមានទាមទារជំងឺចិត្តអីឲ្យថៃ សងទេ?
ស៊ាន ប៉េងសែ ៖ «អត់ទេ អត់មានទេ ព្រោះគេសម្រេចយ៉ាងម៉េច គឺគេសម្រេចដូច្នោះហើយ។ បើសិនណាយើងចង់ទាមទារស្អី យើងត្រូវតែប្តឹងគេ ឲ្យនៅក្នុងឯកសារប្តឹងមុនដំបូងនោះណា។ ប៉ុន្តែឯកសារដែលយើងប្តឹងមុនដំបូងនោះ គឺឲ្យសៀមចេញពីប្រាសាទព្រះវិហារនិងចេញពីបរិវេណប្រាសាទព្រះវិហារ ទី២ របស់ណាដែលសៀមយកចេញទៅនោះ យកមកវិញ។ តែប៉ុណ្ណឹង គេសម្រេចថាអ៊ីចឹង»។
មឿង ទុម ៖ តើនៅពេលដែលតុលាការកាត់ឲ្យខ្មែរឈ្នះក្តី នៅឆ្នាំ១៩៦២នោះ ប៉ុន្មានថ្ងៃក្រោយមក ទ័ពសៀមដកចេញ?
ស៊ាន ប៉េងសែ ៖ «ត្រូវតែចេញភ្លាម។ បើគេសម្រេចអ៊ីចឹង ត្រូវតែចេញភ្លាមហើយ។ ដូច្នោះក្រោយមក ១ខែ ២ខែ បានព្រះករុណា សីហនុ បានទៅដល់ព្រះវិហារហ្នឹង ដើម្បីកាន់កាប់។ ព្រោះកាលណាតុលាការសម្រេចអ៊ីចឹងហើយ គេឲ្យសៀមចេញ។ រួចទៅបានខ្មែរទៅកាន់កាប់ក្រោយ»។
មឿង ទុម ៖ តើនៅពេលណាដែលសៀមគាត់ប្រគល់វត្ថុបុរាណដែលនៅលើប្រាសាទព្រះវិហារ ដែលគាត់យកទៅស្រុកគាត់ មកឲ្យខ្មែរវិញ?
ស៊ាន ប៉េងសែ ៖ «រឿងហ្នឹងខ្ញុំអត់ដឹងដែរ។ គេថា របស់ណាដែលសៀមយករបស់ខ្មែរ ត្រូវតែប្រគល់មកវិញ។ នេះជាការសម្រេចរបស់តុលាការ ត្រូវតែសៀមធ្វើតាមតុលាការហ្នឹង»។
មឿង ទុម ៖ សូមជម្រាបសួរលោកមួយទៀត វត្ថុបុរាណដែលនៅលើប្រាសាទព្រះវិហារហ្នឹង មុនសៀមមកកាន់កាប់មានរឿងប្តឹងទៅដល់តុលាការហ្នឹង បារាំងអ្នកកាន់កាប់? ស៊ាន ប៉េងសែ ៖ «បាទ»។ មឿង ទុម ៖ ព្រោះបារាំងនៅគ្រប់គ្រងខ្មែរ កាលណោះ? ស៊ាន ប៉េងសែ ៖ «អ៊ីចឹងហើយ បាទ»។ មឿង ទុម ៖ តើការកត់ត្រាវត្ថុបុរាណ បារាំងអ្នកកត់ត្រាឲ្យខ្មែរ អ៊ីចឹងឬលោក? ស៊ាន ប៉េងសែ ៖ «បាទ! អ៊ីចឹងហើយ»។
មឿង ទុម ៖ ឥឡូវនេះ ខ្ញុំជម្រាបសួរលោកថា ក្នុងការប្តឹងទៅ កាលណោះខ្មែរជាអ្នកដើមបណ្តឹង? ស៊ាន ប៉េងសែ ៖ «អ៊ីចឹងហើយ ត្រូវហើយបាទ»។ មឿង ទុម ៖ ហើយសៀមជាអ្នកចុងចោទ? ស៊ាន ប៉េងសែ ៖ «អ៊ីចឹងហើយ បាទ»។
មឿង ទុម ៖ តើខ្មែរដាក់ប្តឹងទៅ តាំងពីដំណើរការប្តឹងរហូតទៅដល់ចប់ តើខ្មែរយើងចាយលុយអស់ប៉ុន្មានឬក៏យ៉ាងម៉េចដែរ?
ស៊ាន ប៉េងសែ ៖ «ខ្ញុំអត់ដឹងទេ។ ក្នុងឯកសារនោះ គេអត់និយាយទេ។ អាហ្នឹងគឺរឿងសម្ងាត់របស់គេ។ ប៉ុន្តែគេថា យើងរើស(មេធាវី)ហ្នឹង តែបើតាមខ្ញុំដឹង អត់មានឯកសារទេ រើស(មេធាវី)ហ្នឹងគឺរដ្ឋាភិបាលខ្មែរយើងជួលមេធាវីអាមេរិកាំងលោក អាក់ ចនសុន ដែលជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកាំងនោះ ជាមេធាវីធំណាស់។ យើងរកមេធាវីល្អ អ៊ីចឹងហើយ ពេលដែលយើងដាក់ប្រាសាទព្រះវិហារនោះទៅក្នុងបេតិកភណ្ឌអន្តរជាតិហ្នឹង អាមេរិកាំងទទួលស្គាល់យើងភ្លាម»។
មឿង ទុម ៖ ប៉ុន្តែ កន្លងមកថ្មីៗនេះ មន្រ្តីរដ្ឋាភិបាលថៃបានប្រកាសប្រាប់អ្នកកាសែតជាបន្តបន្ទាប់ថា ភាគីកម្ពុជាបានរំលោភលើបូរណភាពទឹកដីថៃ ដោយបានដាក់ទ័ពនៅក្នុងដែនដីនៃបរិវេណប្រាសាទព្រះវិហារនោះ។ ដូច្នេះក្នុងនាមលោកជាអ្នកឯកទេស តើគួររដ្ឋាភិបាលខ្មែរត្រូវធ្វើដូចម្តេចចំពោះរដ្ឋាភិបាលថៃ ដែលមានបញ្ហាទាក់ទិននឹងប្រាសាទព្រះវិហាររបស់ខ្មែរនោះ?
ស៊ាន ប៉េងសែ ៖ «គឺថា យើងយោលទៅតាមសេចក្តីសម្រេច ពាក្យបារាំងថា កុងហ្វមមេម៉ង់ អាឡា ឌុយសីស្សុង ដឺ ទ្រីប៊ីណាល់ អាំងតេណាស់សូណាល់។ គឺថា យើងយោលទៅតាមសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ នៅតុលាការក្រុងឡាអេ។ អាហ្នឹងជាចំណងមួយ ចងសៀមកុំឲ្យសៀមរើបាន ថ្ងៃក្រោយថា នែមិនទាន់គូសផែនទីគូសអី ពីរឿងប្រទល់ដែនហ្នឹង កុំឲ្យសៀមរើបាន ពីព្រោះផែនទីមានរួចទៅហើយ»។
មឿង ទុម ៖ បានន័យថា ផែនទីដែលលោកមាននោះ គឺជាផែនទីដែលគេប្រើនៅក្នុងតុលាការនោះ អ៊ីចឹងឬ?
ស៊ាន ប៉េងសែ ៖ «បាទ។ ក្នុងតុលាការនោះ បើគាត់មានលុយ គាត់ទៅទិញបានទេតើ សៀវភៅនោះ តុលាការមានទេតើ ជាអង់គ្លេងក៏បាន ជាបារាំងក៏បាន។ ដូចខ្ញុំមានផែនទីខ្នាត១រយពាន់ នៅស្រុកបារាំងនោះទិញបានតាមចិត្ត»៕
ប្រភព៖ http://www.rfa.org/khmer/preah-vihear-history/preah-vihear-history8-08152008040406.html
ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (១) ខែសីហា 29, 2008
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.add a comment
ដោយ មឿង ទុម
2008-08-10
ថ្មីៗនេះ រដ្ឋាភិបាលនៃប្រទេសកម្ពុជា ទើបបានចេញសេចក្តីថ្លែងការណ៍បដិសេធការចោទប្រកាន់របស់ប្រទេសថៃ ដែលថា កម្ពុជាបានបំពានលើអធិបតេយ្យរបស់ថៃ នៅបរិវេណប្រាសាទព្រះវិហារ តំបន់ដែលកំពុងប្រទាញប្រទង់គ្នានោះ។
RFA file photo/Uy Sophea
ប្រាសាទព្រះវិហាររបស់ខ្មែរនៅលើកំពូលភ្នំដងរែកនៃខេត្តព្រះវិហារ។
ប៉ុន្តែ សេចក្តីថ្លែងការណ៍ពីទីស្តីការគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៨នេះ គឺបានឆ្លើយតបទៅថៃថា កម្ពុជាពុំមានបញ្ហាតំបន់ត្រួតស៊ីគ្នាក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារទេ។
ភាគីកម្ពុជាអះអាងដូច្នេះ គឺសំអាងទៅលើសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ ដែលឲ្យព្រះរាជាណាចក្រកម្ពុជាឈ្នះក្តីលើភាគីប្រទេសថៃ ដោយសម្រេចថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ថៃនៅតែមានបញ្ហាមិនឈប់ឈរទាក់ទិនទៅនឹងករណីប្រាសាទព្រះវិហារនេះ។
ហេតុនេះហើយ ទើបមានលោកអ្នកស្តាប់មួយចំនួន បានស្នើសុំឲ្យវិទ្យុអាស៊ីសេរី ផ្សាយជូនអំពីថាតើដំណើរការកាត់ក្តីនោះ ធ្វើឡើងបែបណា? តើភាគីខ្មែរ មានអ្វីជាភស្តុតាងខ្លះ ដែលជួយឲ្យខ្មែរឈ្នះក្តីលើភាគីថៃ ក្នុងករណីប្រាសាទព្រះវិហារនេះ។
ដើម្បីចង់ដឹងករណីនេះ នាងខ្ញុំសូមអញ្ជើញលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលមានជំនាញច្បាស់លាស់ ផ្នែកខាងព្រំដែននិងផែនទីនៃប្រទេសកម្ពុជានោះ នាងខ្ញុំសូមអញ្ជើញលោកមានប្រសាសន៍រំឭកអំពីករណីដែលខ្មែរមានការប្តឹងផ្តល់ជាមួយនឹងប្រទេសថៃ ស្តីពីប្រាសាទព្រះវិហារនេះ ជូនអស់លោកអ្នកស្តាប់ឲ្យបានជ្រាបផង។
ស៊ាន ប៉េងសែ ៖ «បាទ! សូមអរគុណ។ ការកាត់ក្តីនោះមានឯកសារច្រើន ៧០០សន្លឹក ជាសៀវភៅនោះបី-បួនក្បាល ជាភាសាបារាំងផង ជាភាសាអង់គ្លេសផង។ រឿងអី បានជាមានរឿងព្រះវិហារ? ព្រោះព្រះវិហារនេះ តាមសន្ធិសញ្ញាឆ្នាំ១៩០៤ ឆ្នាំ១៩០៨ ដែលសៀមនិងបារាំងបានចុះហត្ថលេខាជាមួយគ្នានោះ ប្រាសាទព្រះវិហារគឺមាននៅក្នុងទឹកដីខ្មែររួចទៅហើយ។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៥៤ គឺមួយឆ្នាំ ក្រោយដែលខ្មែរបានឯករាជ្យនោះ សៀមបានមកកាន់កាប់ប្រាសាទព្រះវិហារហ្នឹងឯង។ គឺមកជួសជុល មកកាន់កាប់។ ដូច្នោះ បានខ្មែរយើង ទៅធ្វើការបដិសេធភ្លាមទៅអង្គការសហប្រជាជាតិថា សៀមនោះមកកាន់កាប់ខុសច្បាប់ រំលោភលើបូរណភាពទឹកដីខ្មែរ»។
មឿង ទុម ៖ ដូច្នេះបានន័យថា របបសង្គមរាស្រ្តនិយម ដែលមានព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋកាលណោះ គឺភាគីខ្មែរជាដើមចោទ ឬដើមបណ្តឹង ចំណែកប្រទេសថៃគឺជាចុងចោទ តើអ៊ីចឹងមែនទេលោក?
ស៊ាន ប៉េងសែ ៖ «បាទ! រដ្ឋាភិបាលខ្មែរជំនាន់ហ្នឹង បានចាប់ផ្តើមធ្វើឯកសារប្តឹងទៅអន្តរជាតិដើម្បីឲ្យសៀមនោះដកទ័ពចេញពីស្រុកខ្មែរទៅ។ នៅក្នុងឆ្នាំ១៩៥៩ ខ្មែរយើងបានដាក់ពាក្យនោះទៅតុលាការអន្តរជាតិក្រុងឡាអេ»។
មឿង ទុម ៖ តើលោកអាចបញ្ជាក់ជូនអស់លោកអ្នកស្តាប់បានទេ ថាតើភាគីខ្មែរជាដើមចោទ ដែលបានដាក់បណ្តឹងប្តឹងទៅថៃ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៥៩នោះ ដាក់ទៅតុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ តើខ្មែរប្តឹងថៃក្នុងន័យថាម៉េចខ្លះ កាលណោះ?
ស៊ាន ប៉េងសែ ៖ «បណ្តឹងរបស់ខ្មែរ កាលណោះនិយាយតែបន្តិចទេ គឺថា សុំឲ្យប្រទេសសៀមនោះ ដកទ័ពចេញពីប្រាសាទព្រះវិហារ ក្នុងការកាន់កាប់ខុសច្បាប់ហ្នឹង។ គេនិយាយថា តំបន់ព្រះវិហារនិងតំបន់ជុំវិញឬបរិវេណព្រះវិហារ។ គេនិយាយច្បាស់ណាស់»។
មឿង ទុម ៖ បើតាមនាងខ្ញុំដឹង គឺថា នៅឆ្នាំ១៩៥៩ ពេលដែលភាគីខ្មែរដាក់បណ្តឹងជូនទៅប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ គឺថា តុលាការអន្តរជាតិនោះ ពុំទាន់បានចាត់ការលើបណ្តឹងនោះភ្លាមៗនៅឡើយទេ គឺទាល់តែដល់ឆ្នាំ១៩៦២ បានន័យថា ៣ឆ្នាំក្រោយមក ទើបគេលើកយកបណ្តឹងខ្មែរនោះមកពិនិត្យ។ តើរឿងនោះ ត្រឹមត្រូវអ៊ីចឹងទេ?
ស៊ាន ប៉េងសែ ៖ «បាទ! តុលាការអន្តរជាតិ គេចាប់ធ្វើការពិនិត្យបណ្តឹងរបស់ខ្មែរនោះ ក្នុងឆ្នាំ១៩៦២ គឺគេ ចាប់ធ្វើហើយ។ ដូច្នោះគេយកសេចក្តីបណ្តឹងហ្នឹងមកពិនិត្យ។ ហើយមុននឹងពិនិត្យ គេត្រូវមើលផែនទី។ ខ្ញុំសូមជម្រាបថា ក្នុងឆ្នាំ១៩៦២ហ្នឹង មុនគេចាប់ធ្វើការពិនិត្យ ដល់ពិនិត្យរួចទៅ គេឃើញថា បណ្តឹងរបស់ខ្មែរនោះគឺអាចទទួលយកបាន។ ហ្នឹងទីមួយ។ ហើយទី២ ដែលហៅថា សមត្ថភាពតុលាការហ្នឹង តើគូភាគីហ្នឹងត្រូវទទួលស្គាល់ទេ។ ដល់គេបោះឆ្នោតទៅ គេថា តុលាការហ្នឹងគេអាចមានសមត្ថភាព។ ហើយទី៣ តុលាការហ្នឹងគេសួរថា បើសិនណាជាគេកាត់សេចក្តីទៅ ឈ្នះ ឬចាញ់ តើភាគីទាំង២ ត្រូវទទួលឬយ៉ាងម៉េច? ដល់គេបោះឆ្នោតទៅ គឺថា ត្រូវតែអ្នកទាំងពីរហ្នឹង ទទួលយក។ ខ្មែរហ្នឹង គឺចាញ់ក៏ដោយ ឈ្នះក៏ដោយ ក៏ខ្មែរទទួលយក។ ហើយសៀមហ្នឹងវា ត្រូវតែទទួលដូចខ្មែរដែរ ពីព្រោះគាត់ចូលក្នុងតុលាការអន្តរជាតិនេះឯង។ គេសួរសំណួរបីនោះច្បាស់ណាស់ ថាតើសំណុំរឿងខ្មែរនោះ អាចទទួលយកបានទេ ហ្នឹងទីមួយ បោះឆ្នោតឈ្នះ។ ទី២ តើគេមានសមត្ថភាពទេ បោះឆ្នោតឈ្នះ។ ទី៣ បើបានសម្រេចហើយ អ្នកឯងទាំងពីរនាក់ ទទួលយកទេ»។
មឿង ទុម ៖ ខ្ញុំសូមសួរកាត់ លោកមានប្រសាសន៍ថា គេបោះឆ្នោតឈ្នះ គេហ្នឹង តើជាអ្នកណា?
ស៊ាន ប៉េងសែ ៖ «គេហ្នឹង សូមជម្រាបថា ជាពួកអ្នកកាត់ក្តី ហៅថាចៅក្រម»។
មឿង ទុម ៖ តើចៅក្រម ដែលមានវត្តមានដោះស្រាយបណ្តឹងខ្មែរថៃ ក្នុងតុលាការអន្តរជាតិនោះ មានមកពីប្រទេសណាខ្លះ?
ស៊ាន ប៉េងសែ ៖ «ចៅក្រមហ្នឹង គេមានប្រទេសច្រើន គេដាក់នៅក្នុងហ្នឹង តាមតុលាការហ្នឹង ដូចជាមានជប៉ុន មានអាមេរិកាំង មានស្អីៗអីចឹងទៅ។ ហើយចៅក្រមហ្នឹង មាន៣, ៤, ៥សាសន៍។ ចំណែក ខាងខ្មែរនិងសៀម គេមានមេធាវីការពារជាការធម្មតា»។
មឿង ទុម ៖ តើលោកអាចមានប្រសាសន៍សរុបថា តើមានប៉ុន្មានប្រទេសទេ ចៅក្រមតំណាងហ្នឹង?
ស៊ាន ប៉េងសែ ៖ «តាមខ្ញុំមើល ដូចជាមាន ៧ប្រទេស។ អាហ្នឹងគឺថា នៅក្នុងច្បាប់លក្ខន្តិកៈតុលាការអន្តរជាតិហ្នឹង គឺថា គេមានឲ្យប្រទេសណាខ្លះចូលក្នុងហ្នឹង។ គេមានលក្ខន្តិកៈ ហើយការដែលជ្រើសរើសរកចៅក្រមហ្នឹង ក៏គេមានលក្ខន្តិកៈផ្ទៃក្នុងរបស់គេហើយ»។
មឿង ទុម ៖ តែលោកអត់អាចរាប់ជូនលោកអ្នកស្តាប់បានទេ?
ស៊ាន ប៉េងសែ ៖ «អត់បានទេ ព្រោះគេអត់ដាក់ឈ្មោះប្រទេសណា តែគេដាក់ឈ្មោះចៅក្រម។ ចៅក្រមហ្នឹង ខ្ញុំមើលទៅ វាមានអាមេរិកាំង អាស៊ីដូចមានជប៉ុន និងមានអ្នកខ្លះផ្សេងទៀត ដែលខ្ញុំពុំអាចបញ្ជាក់បាននៅក្នុងពេលនេះ»។
មឿង ទុម ៖ តើកាលបរិច្ឆេទជាផ្លូវការ ក្នុងការដែលតុលាការអន្តរជាតិក្រុងឡាអេ ផ្តើមបើកសវនាការធ្វើការកាត់ក្តីក្នុងបណ្តឹងរបស់ខ្មែរដែលប្តឹងថៃ លើករណីប្រាសាទព្រះវិហារនាកាលណោះ តើគេផ្តើមនៅពេលណា?
ស៊ាន ប៉េងសែ ៖ «កាត់ក្តីនោះ ក្នុងថ្ងៃ២៦ ខែ៥ (ឧសភា) ឆ្នាំ១៩៦១ ហ្នឹងគេចាប់កាត់ក្តីហើយ។ ពីព្រោះគេបានផែនទីសព្វគ្រប់អស់ហើយ បានឯកសារអស់ហើយ។ គេសួរអ្នកនេះ គេសួរអ្នកនោះ ឲ្យឆ្លើយ គេមើលទៅក្នុងផែនទី។ គឺថាសេចក្តីរាយការណ៍របស់គេនោះ ហើយដែលគេបានបោះពុម្ពនោះ សៀវភៅ ៥ ឬ៦ក្បាលដែលមានប្រហែល ៧រយសន្លឹកនោះឯង។ ខ្ញុំនិយាយអម្បាញ់មិញគឺថ្ងៃ២៦ ខែ៥ (ឧសភា) ឆ្នាំ១៩៦១ គេចាប់កាត់ក្តី។ ពីមុនហ្នឹងគេមើលផែនទីអស់ហើយ។ ឆ្នាំ១៩៥៩ គេមើលផែនទីអស់ហើយ យូរដែរ។ រហូតដល់ទីបញ្ចប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៦២ អាហ្នឹងគេសម្រេចតែម្តងបាទ»៕
ប្រភព៖ http://www.rfa.org/khmer/preah-vihear-history/preah-vihear-history6-08102008052742.html
ប្រតិកម្មជុំវិញការដាក់តែតួបា្រសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក (១) ខែសីហា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ មឿង ទុម
2008-08-24
រដ្ឋមន្រ្តីតំណាងឲ្យរដ្ឋាភិបាលកម្ពុជា លោក សុខ អាន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ណុបផាឌុន ផាត់តាម៉ា និងអគ្គនាយកអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២២ ឧសភា ២០០៨ ដោយបានព្រមព្រៀងគ្នាដាក់បញ្ចូលតែតួបា្រសាទព្រះវិហារប៉ុណ្ណោះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោករដ្ឋមន្រ្តី សុខ អាន ដែលមកពីកូតាគណបក្សប្រជាជនកម្ពុជាផងនោះ មានប្រសាសន៍ថា ការដែលភាគីកម្ពុជាមិនដាក់តំបន់ជុំវិញប្រាសាទព្រះវិហារដែរនោះ គឺមកពីមិនពាក់ព័ន្ធនឹងបញ្ហាព្រំដែនឡើយ ៖ «កម្ពុជាយល់ព្រមទទួលការចុះឈ្មោះបា្រសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមិននិយាយពីបញ្ហាដែលមានពាក់ព័ន្ធទៅនឹងការធ្វើការចែកជាតំបន់ផ្សេងៗ សម្រាប់ការពារប្រាសាទ ដែលគេហៅថា តំបន់ស្នូល ឬតំបន់ទ្រនាប់ តំបន់អភិវឌ្ឍន៍នោះ គឺយើងមិនទាន់និយាយពីបញ្ហាទាំងនេះទេ យើងនិយាយតែពីបញ្ហាចុះឈ្មោះតែបា្រសាទ»។
ប៉ុន្តែលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិអាណត្តិទី៤ ឆ្នាំនេះដែរ មានប្រសាសន៍បង្ហាញពីក្តីបារម្ភ ៖ «ខ្ញុំគិតថា បេតិកភណ្ឌជាតិទាំងឡាយហ្នឹង មិនមែនរាប់តែតួអង្គប្រាសាទទេ។ ដីធ្លីបរិវេណទាំងអស់ ក៏ជាបេតិកភណ្ឌជាតិដែរ។ បើយើងបញ្ចូលទៅជាបេតិកភណ្ឌអន្តរជាតិ ក៏យើងត្រូវតែបញ្ចូលទាំងអស់ ដើម្បីការធានាឲ្យបាននូវវប្បធម៌យើង នៅគង់វង្សបានយូរ។ បើសិនណាយើងឲ្យទៅតែប្រាសាទអ៊ីចឹង ថ្ងៃណាមួយ រដ្ឋាភិបាលគេទៅច្រៀកដីនោះលក់ទៀតទៅ មិនអស់ទៀតទៅហើយ ប៉ះពាល់ដល់វត្ថុបូរាណរបស់យើងទៀត។ ផលវិបាកទៅថ្ងៃអនាគត គឺយើងចេះតែបាត់បង់ទៅ ស្អីដែលជាសម្បត្តិជាតិដែលមានតម្លៃ អត្តសញ្ញាណជាតិយើង ចេះតែចុះខ្សោយទៅ ថយទៅ ធ្លាក់ទាបទៅ»។
ប៉ុន្តែលោក សុខ អាន មានប្រសាសន៍ថា ប្រទេសកម្ពុជានឹងគូសផែនទីថ្មី ដែលហៅថា ផែនទីបរិវេណប្រាសាទព្រះវិហារ គឺកំណត់ទីតាំងដើម្បីបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែរ គឺគ្រោងធ្វើឲ្យហើយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៨នេះ។
លោក អ៊ុក ភូរិ ដែលជាប្រធានគណបក្សប្រជាធិបតេយ្យខ្មែរ គ្រោងនឹងចូលរួមការបោះឆ្នោតជាតិ នាថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ មានប្រសាសន៍ថា ៖ «ខ្ញុំមើលឃើញថា ការសម្រេចគឺជាការសម្រេច ដែលមានការគិតគូរវែងឆ្ងាយដែរ ហើយមិនមានទាក់ទង ១០០ភាគរយទៅលើសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេនោះទេ។ ចំពោះខ្ញុំ គឺថា សំខាន់ធ្វើយ៉ាងម៉េច ឲ្យជួសជុលស្រោចស្រង់តួប្រាសាទហ្នឹង ឲ្យបានល្អ ពីព្រោះយើងជាច្រើនឆ្នាំមកហើយ ដែលយើងមិនមានមធ្យោបាយ។ ឥឡូវយើងត្រូវតែដាក់សិន ដើម្បីធានាការគ្រប់គ្រងរបស់ប្រទេសយើងហ្នឹង ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារនេះ។ ឯរឿងដីធ្លី ខ្ញុំមិនមានយោបល់អីច្រើនទេ ពីព្រោះ ការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញរឿងដីថ្ងៃនេះ ក៏យើងគួរតែអនុគ្រោះទៅតាមការសម្រេចប៉ុណ្ណឹងសិនទៅ។ ចំពោះខ្ញុំមិនមានការវាយតម្លៃអី ឲ្យប្លែកពីដំណាក់កាលធ្វើបានប៉ុណ្ណឹងសិនទេ»។
ប៉ុន្តែ លោក មុត ចន្ថា អ្នកនាំពាក្យរបស់គណបក្ស នរោត្តម រណឫទ្ធិ ដែលបក្សនេះគ្រោងនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិឆ្នាំនេះដែរ ថ្លែងរិះគន់រដ្ឋាភិបាល ដោយយោងទៅតាមលទ្ធផលកាត់ក្តីដែលតុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ បានសម្រេចឲ្យខ្មែរឈ្នះក្តីលើភាគីប្រទេសថៃ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៦២ ដែលថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារ ជាកម្មសិទ្ធិផ្តាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជានោះ។
លោក មុត ចន្ថា ថ្លែងយ៉ាងដូច្នេះ ៖ «ខ្ញុំយល់ឃើញថា ដំណាក់កាលនេះ រដ្ឋាភិបាលកម្ពុជាពុំគួរមកធ្វើការចរចាជាមួយប្រទេសសៀម អំពីបញ្ហាព្រំដែន ជាពិសេស គឺថា ដីជុំវិញប្រាសាទព្រះវិហារយើងនេះ ពីព្រោះថា សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចរួចហើយក្នុងឆ្នាំ១៩៦២ ហ្នឹង។ អ៊ីចឹង កាលណាយើងយកមកជជែកគ្នាឡើងវិញ បានន័យថា យើងរំលោភទៅលើសាលក្រមរបស់តុលាការអន្តរជាតិ នៅទីក្រុងឡាអេនោះហើយ។ ខ្ញុំចាត់ទុកថា ជាការចាញ់ប្រៀបមួយទៅលើប្រទេសសៀម ព្រោះថា កម្ពុជាជាម្ចាស់ប្រាសាទព្រះវិហារ រួមទាំងទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារនោះដែរ។ ដូច្នេះ យើងមិនអាចទទួលយកបានទេ ចំពោះការដែលនាំគ្នាមកជជែកឡើងវិញក្នុងការរៀបចំផែនទីថ្មី ឬក៏ការសើរើនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិនោះ គឺជារឿងមួយមិនត្រឹមត្រូវទាល់តែសោះ។ មានន័យថា យើងទទួលយកសម្ពាធពីបរទេស ប្រទេសសៀមនោះ គេអះអាងថា ជារបស់គេ អ៊ីចឹងយើងនៅតែបន្តដោះស្រាយបញ្ហាព្រំដែនដែលប្រទេសខ្មែរយើងមានផែនទីកំណត់ត្រឹមត្រូវតម្កល់នៅអង្គការសហប្រជាជាតិ ផែនទីឆ្នាំ១៩៦២។ យើងអត់មានគោលជំហរឯករាជ្យទេ។ យើងមិនអាចការពារបានបូរណភាពទឹកដី អធិបតេយ្យរបស់យើងទេ»។
ចំណែកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលឈរឈ្មោះគ្រោងនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ ខែកក្កដា ២០០៨ ដែរនោះ មានប្រសាសន៍ដូច្នេះថា ៖ « ខ្ញុំគិតឃើញថា ដូចមិនដឹងជាផ្អែកលើអី ដែលរដ្ឋាភិបាលនិយាយថា ក្រៅពីតួប្រាសាទហ្នឹង ទុកជាតំបន់មួយដែលត្រូវជជែកគ្នាសិន។ ពីព្រោះវាអត់ត្រូវជជែកអីទៀតផង។ តុលាការក្រុងឡាអេនោះ បានបញ្ចប់រួចទៅហើយ។ បើសិនជាយើងបានដាក់ចូលទៅ តើថៃវាមានសិទ្ធិអីមកជំទាស់ បើយើងឈ្នះរួចទៅហើយហ្នឹង។ យើងដឹងទាំងអស់គ្នា បរទេសក៏បានដឹងថា ប្រាសាទហ្នឹងត្រូវបានមកខ្មែរតាំងពីយូរមកហើយ ស្រាប់តែថៃជំទាស់អ៊ីចឹង វាទៅជាឥទ្ធិពលថៃហ្នឹង វាធំជាងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទៅអ៊ីចឹង។ រឿងប្រាសាទព្រះវិហារនេះ វាមានលក្ខណៈច្បាស់លាស់ណាស់ គ្រាន់តែថៃតវ៉ាតែប៉ុណ្ណឹង យើងហ៊ានដាក់តំបន់ក្រៅពីតួប្រាសាទទៅជាតំបន់ស តំបន់ដែលទុកចរចាលើកក្រោយ។ ធ្វើអ៊ីចឹងថៃវាបានចិត្ត។ ថ្ងៃក្រោយៗ ថៃហ៊ានធ្វើកន្លែងផ្សេងទៀត យកអ៊ីចឹងទៀត»។
ប៉ុន្តែ លោក បាន សុផល ដែលជាប្រធានគណបក្សសង្គមយុត្តិធម៌ មានប្រសាសន៍ផ្ទុយពីនេះទៅវិញ ៖ «ខ្ញុំគិតថា រដ្ឋាភិបាលធ្វើមួយជំហាននេះ យើងបានចំណេញ ធ្វើម៉េចឲ្យយើងបានតួប្រាសាទនេះសិនចុះ ប៉ុន្តែមិនមានន័យថា ដីនៅជុំវិញប្រាសាទនោះ យើងមិនគិតគូរឯណា ព្រោះឥឡូវយើងកំពុងតែភាគីខាងថៃ គេធ្វើការតវ៉ាអីច្រើន។ ដល់អ៊ីចឹង បើយើងចាំដាក់ទាំងអស់ ខ្លាចវាយូរ នាំឲ្យខាតយើង ទើបដាក់មួយជំហានសិន។ យើងចាត់ទុកថា យើងបានទៅមុខមួយជំហានហើយ»។
ចំណែកគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសបារាំង ដែលជាក្រុមអ្នកឯកទេសផ្នែកព្រំដែនស្រុកខ្មែរ មិនចំណុះឲ្យគណបក្សនយោបាយ បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយនៅថ្ងៃទី២៨ ខែឧសភានេះ ដោយអះអាងថា ការដែលរដ្ឋាភិបាលកម្ពុជាសម្រេចដាក់តែតួបា្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូច្នោះ គឺជាជោគជ័យធំមួយរបស់ប្រទេសថៃ ដែលបានបង្កើតការជំទាស់ជាលើកទីមួយ ប្រឆាំងនឹងសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២នោះ។ និងថា ការចុះបញ្ជីតែតួអង្គប្រាសាទ វាគ្មានផ្តល់ប្រយោជន៍អ្វីដល់កម្ពុជាឡើយ ផ្ទុយទៅវិញវានឹងធ្វើឲ្យលក្ខន្តិកៈរបស់ប្រាសាទព្រះវិហារ ធ្លាក់ចុះខ្សោយ៕ (សម្គាល់៖ អត្ថបទនេះត្រូវបានផ្សាយនៅចុងខែឧសភា ឆ្នាំ២០០៨ គឺនៅមុនការបោះឆ្នោតជាតិអាណត្តិទី៤ ថ្ងៃ២៧ កក្កដា ២០០៨)
ប្រភព៖ http://www.rfa.org/khmer/preah-vihear-history/preah-vihear-history9-08252008042713.html
ទាហានថៃចូលលុកលុយដីខ្មែរមួយកន្លែងថ្មីទៀតក្បែរប្រាសាទតាមាន់ ខែសីហា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាវយុត
2008-08-27
មន្រ្តីយោធាខ្មែរបានឲ្យដឹងថា កងទាហានឈុតខ្មៅថៃ បានរំកិលចូលមកបោះទីតាំងនៅលើបន្ទាត់ព្រំដែនខ្មែរនៃស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ជិតតំបន់ប្រាសាទតាមាន់ជាថ្មីទៀត។
RFA Photo/Savyouth
ទាហានថៃអង្គុយលើផ្លូវនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
មេបញ្ជាការកងវរសេនាតូចនៃកងយោធពលខេមរភូមិន្ទលេខ ៤២២ លោក ប៉ុល ថេន បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃពុធ ទី២៧ ខែសីហា ថា លោកបានទទួលព័ត៌មានថា កងទាហានឈុតខ្មៅថៃមួយក្រុម បានចូលមកបោះទីតាំងនៅចន្លោះតំបន់ចៃឆ្កែ កាលពី ៣ថ្ងៃមុន បន្ទាប់ពីតំបន់ជប់ត្រឡោក ដែលនៅក្បែរគ្នានោះ ត្រូវបានកងទាហានថៃ ចូលកាន់កាប់កាលពីសប្ដាហ៍មុនមក។
លោក ប៉ុល ថេន មានប្រសាសន៍ថា ៖ «ខាងលិចចៃឆ្កែប្រហែលជា ១០០ម៉ែត្រ ទាហាននៅហ្នឹង បោះបន្ទាយអី។ មកនៅ ៣-៤ថ្ងៃហើយ។ ពីមុនវានៅ ក្រោយមកវាដក ឥឡូវវាមកនៅវិញ»។
តាមមន្រ្តីយោធាបាននិយាយថា តំបន់ចៃឆ្កែមិនមានកងទាហានខ្មែរច្រើនទេ មានតែកងរក្សាព្រំដែនខ្មែរមួយក្រុមប្រមាណជាង ១០នាក់ប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិជប់គគីរខាងលិច ជិតតំបន់ចៃឆ្កែនោះ បានអះអាងថា បច្ចុប្បន្នកងទាហានថៃ កំពុងដើរល្បាតជិតផ្ទះអ្នកភូមិខ្មែរ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានការព្រួយបារម្ភ ៖ «ថៃ សឹងតែរាល់ថ្ងៃដែរ វាដើរល្បាត តាមព្រំដែន ជាប់ខ្នងផ្ទះប្រជាពលរដ្ឋ ក្រោយផ្ទះប្រជាពលរដ្ឋ ៥០ម៉ែត្រ»។
ក្រុមប្រជាពលរដ្ឋទីនោះបាននិយាយថា អ្នកភូមិក្រីក្រជាង ៦០គ្រួសារ ដែលកំពុងរស់នៅជាប់ព្រំដែនបានប្រឈមមុខនឹងការខ្វះស្បៀងអាហារ បន្ទាប់ពីកងទាហានថៃ បានបិទច្រកមិនឲ្យចេញចូលទៅក្នុងប្រទេសថៃ ហើយពួកគេសុំអំពាវនាវដល់មន្រ្តីរដ្ឋាភិបាលខ្មែរ និងសប្បុរសជននានា ជួយផ្ដល់ស្បៀងឲ្យពួកគេបានគ្រប់គ្រាន់ផង។
ចំណែកនៅឯប្រាសាទតាមាន់វិញ កងយោធាខ្មែរបានឲ្យដឹងថា រហូតមកដល់ថ្ងៃពុធ ទី២៧ ខែសីហា កងទាហានឈុតខ្មៅថៃ នៅមិនទាន់ធ្វើការបើកច្រកទ្វារឲ្យប្រជាពលរដ្ឋនិងទាហានខ្មែរបានចេញចូលទៅកាន់ប្រាសាទដូចធម្មតាវិញទេ បន្ទាប់ពីមានការចាក់សោបិទទ្វារកាលពីសប្ដាហ៍មុន ខណៈដែលកងទាហានឈុតខ្មៅថៃម្នាក់ បានមកចាប់យកឧបករណ៍មើលផែនទីពីមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់ខ្មែរ ហើយបោកកម្ទេចចោលនោះ។
ស្របគ្នានេះដែរ នៅឯតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ រហូតមកដល់ពេលនេះ ផែនការដកកងទ័ពទាំងសងខាងរាប់រយនាក់ ដែលកំពុងប្រឈមមុខដាក់គ្នាចេញពីតំបន់ខ្សែត្រៀមជួរមុខនោះ ត្រូវបានពន្យារពេលតទៅទៀត ដោយមិនមានការកំណត់ច្បាស់លាស់នៅឡើយ។
តាមទាហានឈុតខ្មៅម្នាក់ ដែលកំពុងតែនៅខ្សែត្រៀមជួរមុខនៃតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ បាននិយាយថា មេបញ្ជាការរបស់ពួកគេ ពុំប្រាប់ពីការដកចេញច្បាស់លាស់នៅឡើយទេ ៖ «នៅដដែលអ៊ីចឹង ឮតែគេនិយាយ ចាំប្រជុំថ្ងៃ២៩, ៣០ [សីហា] អីណាទៀត»។
កងទាហានខ្មែរថៃទាំងនៅតំបន់ប្រាសាទតាមាន់និងប្រាសាទព្រះវិហារបានឲ្យដឹងថា ពួកគេកំពុងទន្ទឹងរង់ចាំផែនការថ្មី ដែលនឹងចេញពីលទ្ធផលនៃការជួបចរចារវាងមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ដែលគ្រោងនឹងជួបជជែកគ្នាលើកទី៤ នៅឯខេត្តសៀមរាប នាថ្ងៃទី២៩ ខែសីហា ខាងមុខនេះ៕
ប្រភព៖ http://www.rfa.org/khmer/indepth/thai-troops-enter-khmer-soil-near-tamoan-08272008221101.html
Thai military cancels talks with Cambodia on border dispute ខែសីហា 28, 2008
Posted by សុភ័ក្ត្រ in News.add a comment
PHNOM PENH, Aug. 28 (Xinhua) — Amid mass protests in Bangkok, the Thai military has canceled bilateral talks with Cambodia over the border dispute near the Preah Vihear temple scheduled for Friday in Siem Reap town, local newspaper reported Thursday, citing Cambodian officials.
Defense Ministry Secretary of State Neang Phat told the Cambodia Daily that he learned Wednesday morning of the last-minute cancellation of the talks.
As Cambodian officials gathered Wednesday in Siem Reap town to prepare for Friday’s talks, Neang Phat said they received an emergency call from the 30-member Thai delegation, which had already arrived in Siem Reap.
The two groups held an immediate meeting at the Century Hotel, and, at the Thai military’s request, agreed to postpone Friday’s meeting because of the protests in Bangkok, Neang Phat said.
Meanwhile, Thai Foreign Ministry press officer Apirat Sugondhabhirom said the military had only informed the Thai government of the canceled negotiations Wednesday, but he downplayed the Bangkok demonstrations as the reason for the delay, the newspaper said.
The Preah Vihear Temple straddles the Cambodian-Thai border atop the Dangrek Mountain and was listed as a World Heritage Site on July 7 by UNESCO’s World Heritage Committee.
In 1962, the International Court of Justice decided that the 11-century temple and the land around belong to Cambodia, which rankled the Thais and has led to continuous disputes.
ប្រភព៖ http://news.xinhuanet.com/english/2008-08/28/content_9727010.htm