ស្ថានភាពប្រឈមមុខគ្នារវាងទាហានខ្មែរ-ថៃនៅតំបន់ព្រះវិហារនៅតានតឹងដដែល ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សំបូរិន្ទ និង សាវយុត
2008-07-29
ទន្ទឹមដែលគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលខ្មែរនិងថៃ ជួបប្រជុំគ្នាដោះស្រាយអំពីបញ្ហាប្រាសាទព្រះវិហារ នៅខេត្តសៀមរាប អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី បានរាយការណ៍ឲ្យដឹងថា ការប្រឈមមុខនៃកងទ័ពខ្មែរនិងថៃ នៅមានសភាពតានតឹងជាដដែល ហើយនៅពុំទាន់បានទទួលបញ្ជាឲ្យដកទ័ព ចេញពីវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារ នៅឡើយទេ ។
RFA Photo/Savyuth
ទាហានខ្មែរត្រៀមនៅតំបន់ប្រាសាទព្រះវិហារនាថ្ងៃទី១៨ កក្កដា ២០០៨ ខណៈដែលការប្រឈមមុខគ្នារវាងទាហានខ្មែរនិងទាហានថៃឈានចូលដល់ថ្ងៃទី៤ហើយ។
សំ បូរិន្ទ ៖ ភាពតឹងតែងនៅតំបន់ព្រះវិហារ ដោយការឈ្លានពាននៃទាហានថៃមកលើអធិបតេយ្យនៃប្រទេសកម្ពុជា បានឈានចូលថ្ងៃទី១៣ នៅថ្ងៃនេះ ហើយវិទ្យុអាស៊ីសេរី បានបញ្ជូនអ្នកយកព័ត៌មានទៅប្រចាំការ ទាំងខាងក្នុងប្រទេសថៃ និងពីខាងក្នុងប្រទេសកម្ពុជា ។ នៅក្នុងឱកាសនេះ ខ្ញុំបានអញ្ជើញលោក សាវយុត ដើម្បីជម្រាបអំពីស្ថានភាពចុងក្រោយនៅតំបន់ព្រះវិហារនោះ តើយ៉ាងម៉េចហើយ?
សាវយុត ៖ បាទ សូមជម្រាបថា ស្ថានភាពកងទ័ពកម្ពុជា ហើយនិងថៃនោះ គឺនៅមានសភាពតានតឹងដដែល មិនមានអ្វីផ្លាស់ប្ដូរទេ ដោយឡែកគ្រាន់តែកងទ័ពថៃមិនបានបញ្ជូនគ្នា មកបន្ថែមទៀតតែប៉ុណ្ណោះ ប៉ុន្តែចំពោះវត្តមានកងទ័ពដែលនៅមានវត្តមាននៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ដែលជាទឹកដីខ្មែរនោះ នៅមានវត្តមានប្រមាណជាង ៦០០នាក់នៅឡើយ ហើយរីឯកងទ័ពប៉ារ៉ាថៃ ដែលចូលនៅក្នុងខ្សែត្រៀមទី១ តទល់គ្នាជាមួយនឹងកងទាហានខ្មែរហ្នឹង គឺមានចំនួនប្រមាណជា ៧០០នាក់នៅឡើយទេ គឺចំនួននេះ នៅស្ថិតក្នុងភាពតានតឹង ហើយនៅតែប្រឈមមុខគ្នានៅឡើយ ។
សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំបានទទួលរូបថតជាច្រើន ហើយរូបភាពទាំងនោះ មានរួមទាំងរូបភាព ដូចជាជនជាតិអឺរ៉ុប ឬក៏មានជនជាតិអាស៊ី ដូចជាខាងវៀតណាម ឬលាវផងដែរ តើរូបទាំងអស់ហ្នឹង បង្ហាញយ៉ាងម៉េច?
សាវយុត ៖ សូមជម្រាបថា នៅឯបន្ទាត់ព្រំដែន ខេត្តព្រះវិហារខ្មែរថៃហ្នឹង គឺមន្រ្តីយោធាថៃ បានអញ្ជើញមន្រ្តីអមស្ថានទូតបរទេស ចំនួន ១១ប្រទេស ចូលមកកាន់បន្ទាត់ព្រំដែន ខ្មែរ-ថៃ ប្រាកដដូចជាលោកមានប្រសាសន៍ថា មានដូចជាមន្រ្តីបរទេស គឺដូច្នោះមែន យើងបានជួបជាមួយនឹងមន្រ្តីអមស្ថានទូតយោធាអាល្លឺម៉ង់ ហើយគាត់បានបញ្ជាក់ថា គាត់បានមកកាន់ទីនេះ ដើម្បីត្រួតពិនិត្យមើល ការប្រឈមមុខដាក់គ្នារវាងកងទ័ពខ្មែរ-ថៃ ដោយសារតែយោធាថៃ មានការទទូចសុំឲ្យពួកគាត់អញ្ជើញមកជាមួយនឹងមន្រ្តីយោធា អមស្ថានទូត ចំនួន ១០ប្រទេសផ្សេងទៀត ហើយក្នុងនោះ ខ្ញុំបានជួបជាមួយនឹងមន្រ្តីយោធាអមស្ថានទូតលាវ ស្ថានទូតវៀតណាម ស្ថានទូតកាណាដា ហើយនិងឥណ្ឌូណេស៊ី រួមជាមួយនឹងសិង្ហបុរី គឺខ្ញុំបានឃើញផ្ទាល់ភ្នែក ដោយសារតែពួកខ្ញុំបានរុកចូលពីព្រំដែនខ្មែរហ្នឹង ឆ្ពោះទៅកាន់បន្ទាត់ព្រំដែនថៃ ដោយមិនមានវត្តមានអ្នកសារព័ត៌មានខ្មែរ ឬកងទ័ពខ្មែរ ចូលទៅកាន់ទីនោះទេ ។
សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំបានស្ដាប់សេចក្ដីរាយការណ៍របស់លោកពីម្សិលមិញ ខ្ញុំគិតថាជាសេនានុព័ន្ធយោធាប្រចាំស្ថានទូតអាល្លឺម៉ង់ ។ តើទីកន្លែងនៃទស្សនកិច្ចរបស់ក្រុមសេនានុព័ន្ធយោធាទាំងអស់ហ្នឹង នៅម្ដុំណា? តើជាកន្លែងក្នុងទឹកដីខាងថៃ ឬក៏ក្នុងទឹកដីខាងកម្ពុជា?
សាវយុត ៖ កន្លែងដែលមន្រ្តីយោធាអមស្ថានទូតមកនេះ គឺត្រូវបានកំណត់តំបន់ប្រទាញប្រទង់គ្នានៅឡើយ ក៏ប៉ុន្តែយោងតាមផែនទីខ្មែរ ពីឆ្នាំ១៩៦២នោះគេបានអះអាងថា ជាទឹកដីខ្មែរ ក៏ប៉ុន្តែរហូតដល់ពេលនេះ ខាងទាហានថៃ បានអះអាងថា ជាទឹកដីរបស់ថៃទៅហើយ ហើយកងទ័ពខ្មែរនិងកងទ័ពថៃ បានចាត់ទុកតំបន់នេះ គឺជាតំបន់ស្រួច ហើយកងទ័ពខ្មែរ មិនមានវត្តមាននៅទីនោះទេ ។ ហើយតំបន់នេះ មានចម្ងាយប្រមាណ ១៥០ម៉ែត្រពីច្រកទ្វារចូលមកកាន់ប្រាសាទព្រះវិហារប៉ុណ្ណោះ ។
សំ បូរិន្ទ ៖ បើសិនជាខ្ញុំស្ដាប់មិនច្រឡំទេ យោងតាមសេចក្ដីសម្រេចនៃតុលាការក្រុងឡាអេ ឆ្នាំ១៩៦២ កន្លែងដែលពួកក្រុមសេនានុព័ន្ធយោធា ដែលខាងទាហានថៃ ដឹកនាំមកកាលពីម្សិលមិញនេះ ស្ថិតនៅក្នុងតំបន់ដែនដីខ្មែរ អ៊ីចឹងមែនទេ?
សាវយុត ៖ បាទ បើយោងតាមផែនទីឆ្នាំ១៩៦២ កន្លែងនេះគឺជាដែនដីខ្មែរ ក៏ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ វាមានចម្ងាយប្រមាណតែ ៥០ម៉ែត្រ ពីផ្លូវជាតិថៃ ដែលផ្លូវហ្នឹងចូលមកដល់តំបន់នោះទៅហើយ ។
សំ បូរិន្ទ ៖ សូមលោកអញ្ជើញពិពណ៌នាជាថ្មីឡើងវិញ អំពីអ្វីដែលលោកបានជួបផ្ទាល់ជាមួយក្រុមទាហានថៃ ទាំងជាមួយក្រុមទាហានខ្មែរ អំពីអារម្មណ៍របស់ពួកគេដែលត្រូវបញ្ជូនឲ្យទៅកាន់ទីនោះ?
សាវយុត ៖ កងទាហានខ្មែរជាច្រើនស្ថិតនៅក្នុងសភាពហេវហត់ ដោយសារតែស្បៀងអាហារមិនគ្រប់គ្រាន់ ហើយពេលខ្លះ គាត់ប្រឈមមុខទៅនឹងបញ្ហាជំងឺរាក ដោយសារតែចំណីអាហារ ឬក៏ទឹកមិនស្អាត ក៏ប៉ុន្តែ គាត់បានបង្ហាញថា ទោះយ៉ាងណាក៏ដោយ គាត់បានគិតរួចជាស្រេចថា គាត់នឹងលះបង់ជីវិត ដើម្បីការពារទឹកដីនេះ ឲ្យបានគង់វង្ស ហើយគាត់នឹងមិនខ្លាចសង្រ្គាមទេ នៅពេលណាដែលមានបទបញ្ជាថា ឲ្យបណ្ដេញជនបរទេស ចូលមកលុកលុយនៅក្នុងទឹកដីខ្មែរនោះ ។ តែដោយឡែក ក្រុមទាហានថៃ និយាយជាភាសាខ្មែរបានខ្លះ ហើយគាត់និយាយជាភាសាថៃនោះ គាត់បានប្រាប់ថា គាត់មិនចង់ធ្វើសង្រ្គាមជាមួយនឹងកងទាហានខ្មែរទេ ហើយគាត់ថា គាត់មកទីនេះ ដោយសារតែមេរបស់គាត់តម្រូវឲ្យមក ហើយបើសិនជាមានការឲ្យវិលត្រឡប់ទៅវិញឆាប់ៗ គាត់មានការត្រេកអរច្រើន ពីព្រោះគាត់ចង់ជួបប្រពន្ធនិងកូន ហើយទៅធ្វើស្រែចម្ការវិញ ។
សំ បូរិន្ទ ៖ លោក សាវយុត ខ្ញុំគិតថា ប្រហែលជាលោកអាចសាកសួរបានខ្លះ ចំពោះការចេះដឹងពីពេលមុនមក ។ តើពួកទាហានថៃទាំងនោះដឹងថា ជាទឹកដីកម្ពុជាទេ?
សាវយុត ៖ យើងសាកសួរកងទាហានខ្លះ ឆ្លើយដោយភ័យខ្លាច ដោយសារតែក្នុងចំណោមទាហាន ដែលបញ្ជូនមកហ្នឹង គឺមានប្រមាណជា ២០% ដែលអាចនិយាយភាសាខ្មែរបាន ខ្លះអាចនិយាយច្រើន ហើយទាហានថៃ ដែលចេះនិយាយភាសាខ្មែរនោះ គេតែងតែលបមើលទៅកងទាហានថៃ ដែលមិនចេះខ្មែរ ប៉ុន្តែគេបានប្រាប់ថា គេដឹងថាជាទឹកដីខ្មែរហើយ ហើយគេមិនចង់ប្ដូរជីវិតនៅលើទឹកដីខ្មែរទេ ។ គេបានប្រាប់ទាហានខ្មែរទៀតថា បើសិនជាមានការបញ្ជាឲ្យបាញ់អី គឺសូមឲ្យប្រាប់គេមុនផង ដើម្បីឲ្យគេគេចខ្លួនចេញពីតំបន់នេះ វិលត្រឡប់ទៅប្រទេសគេ ហើយបើមិនដូច្នោះទេ ក្នុងស្ថានភាពណាមួយតានតឹងនោះ គឺសូមទុកជីវិតគេ ដោយគេសុខចិត្តបកខោអាវទាហានថៃចេញ បោះកាំភ្លើងចោល គេសុខចិត្តរត់ចូលមកទឹកដីខ្មែរ ជាបណ្ដោះអាសន្នសិន ដើម្បីឲ្យរួចជីវិត ។
សំ បូរិន្ទ ៖ មានន័យថា អស់លោកទាំងអស់នោះ ក៏បានជ្រួតជ្រាបនូវប្រវត្តិដែលថាជាទឹកដីខ្មែរ ផងដែរ អ៊ីចឹងទេ? សាវយុត ៖ បាទ ។
សំ បូរិន្ទ ៖ ចំណុចមួយទៀត ដែលលោកទើបមានប្រសាសន៍អម្បាញ់មិញ ទាក់ទងនឹងភាពហេវហត់អស់កម្លាំងកាយ ។ មកទល់ពេលនេះ តើលោកបានកត់សម្គាល់ឃើញថា មានជំនួយផ្សេងៗ ពីសប្បុរសជនមកដល់កន្លែងហ្នឹងហើយ ឬនៅ?
សាវយុត ៖ បើតាមសង្កេតឃើញមានជំនួយជាហូរហែទៅដែរ ក៏ប៉ុន្តែ និយាយឲ្យចំទៅ គឺមានតែរបស់ក្រៀម ដូចជា មីកញ្ចប់ ហើយនិងត្រីខកំប៉ុង ។ ចំណុចមួយទៀត គឺយើងឃើញថា ចាប់ផ្ដើមដំបូង ដែលកងទាហានមក ខ្លះស្លៀកអាវទាហាន ខោស៊ីវិល អង្គុយឱបកាំភ្លើងនៅកណ្ដាលភ្លៀង អត់មានសំពត់ភ្លៀងអី ឥឡូវនេះ មន្រ្តីក្រសួងការពារជាតិ បានចែកសម្លៀកបំពាក់ថ្មី ឲ្យទាហានហើយ ហើយនិងសំពត់កៅស៊ូអីហ្នឹង ត្រូវបានសប្បុរសជន បានផ្ដល់ឲ្យដែរ គឺមិនឲ្យមានសភាពដូចពីមុនពិបាកមើលនឹងភ្នែកនោះទេ ៕
http://www.rfa.org/khmer/indepth/thai-khmer-standoff-remains-tense-07292008080006.html
រដ្ឋមន្រ្តីការបរទេសខ្មែរហៅការប្រជុំនៅសៀមរាបថាមានការឈានទៅមុខ ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ហាស់ សាន
2008-07-29
នៅថ្ងៃច័ន្ទ មានកិច្ចប្រជុំពិសេស ដោះស្រាយបញ្ហានេះរវាងភាគីខ្មែរនិងថៃនៅសណ្ឋាគារ អង្គរផាឡិសរ៉ូយ៉ាល់ នាទីក្រុងសៀមរាប ដែលមានរដ្ឋមន្រ្តីការបរទេសកម្ពុជា និងរដ្ឋមន្រ្តីការបរទេសថៃចូលរួម ។
លោក ហោ ណាំហុង មានប្រសាសន៍ក្រោយកិច្ចប្រជុំអស់រយៈពេល ១២ម៉ោង ទៅកាន់អ្នកកាសែត នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសថៃ តេជ ប៊ុណ្ណៈ ថា បញ្ហាទាំងនេះមិនអាចដោះស្រាយបានទាំងអស់ ក្នុងពេលតែមួយនោះទេ គឺពិភាក្សាបន្ធូរភាពតានតឹងខាងផ្លូវយោធា ៖ «បញ្ហាចំពោះមុខ បញ្ហាជាបន្ទាន់ ដើម្បីជៀសវាងការប៉ះទង្គិចដោយអាវុធ នេះជាចំណុចសំខាន់ដែលយើងសម្រេចបាន ។ យើងបានសុំឲ្យក្រុមប្រឹក្សាអង្គការសហប្រជាជាតិផ្អាកការប្រជុំសិន ទុកឲ្យភាគីទាំងពីរខិតខំរកការដោះស្រាយ ហើយឥឡូវនេះ ដោយសារការប្រជុំនេះមានការឈានទៅមុខហើយ ខ្ញុំគិតថា ការទាក់ទងជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ យើងទុកមួយអន្លើសិន» ៕
http://www.rfa.org/khmer/news/fm-calls-siemreap-meeting-progress-07292008083353.html
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការចរចាជាមួយថៃ ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ផាន សូផាត
2008-07-29
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលនានាបានអំពាវនាវនៅថ្ងៃអង្គារនេះ ដោយសុំឲ្យរដ្ឋាភិបាលខ្មែរគួរតែបញ្ឈប់ការចរចាជាមួយថៃក្នុងជម្លោះព្រំដែននៅតំបន់ក្បែរប្រាសាទព្រះវិហារ ហើយចង់ឲ្យមានការដោះស្រាយបញ្ហានេះជាលក្ខណៈអន្តរជាតិ ។
AFP Photo
ទាហានខ្មែរអង្គុយជាមួយទាហានថៃនៅលើផ្លូវឆ្ពោះទៅវត្តមួយ នៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខេត្តព្រះវិហារ នាថ្ងៃទី ១៧ កក្កដា ២០០៨ ។
ការអំពាវនាវនេះបានធ្វើឡើងភ្លាមៗក្រោយពីមានការចរចាជាថ្មីទៀត កាលពីថ្ងៃច័ន្ទរវាងរដ្ឋមន្រ្តីការបរទេសខ្មែរនិងថៃ នៅខេត្តសៀមរាប ដែលពួកមន្រ្តីបាននិយាយថា មានផ្លែផ្កាល្អ តែក្រុមមន្រ្តីនៃអង្គការក្រៅរដ្ឋាភិបាលបាននិយាយថា វាជាការទាល់ច្រកនិងការចាញ់ប្រៀប ។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរនិងជានាយកក្រុមហ៊ុនទេសចរណ៍ ឈ្មោះ អឺរ៉ាស៊ីត្រាវែល បានមានប្រសាសន៍ថា វាជាការចាញ់ប្រៀបមួយនៅពេលដែលកម្ពុជាសុខចិត្តចរចាជាមួយប្រទេសមួយដែលមានកម្លាំងទ័ពចូលក្នុងទឹកដីរបស់ខ្លួនទៅហើយនោះ ៖ «ខ្ញុំយល់ថា អត់មានបានលទ្ធផលអីជាវិជ្ជមានសម្រាប់ឲ្យមានសុខសន្តិភាព ហើយឲ្យប្រទេសកម្ពុជាយើងមានស្ថានភាពដូចពីមុនថ្ងៃ១៥ កក្កដា ទេ ពីព្រោះលទ្ធផលទាំងប៉ុន្មានគាត់និយាយថា ចាំគាត់ទៅជម្រាបរាជរដ្ឋាភិបាល និងរាយការណ៍ជូនរាជរដ្ឋាភិបាល ។ អ៊ីចឹង បានន័យថា អត់មានបានប្រយោជន៍អីទាំងអស់ ព្រោះរដ្ឋាភិបាលគេមានគម្រោងលុកលុយឈ្លានពានទឹកដីយើងរួចទៅហើយ» ។
លោក មឿង សុន ក៏បានសម្តែងមន្ទិលសង្ស័យដែរថា ការដែលថៃសុំឲ្យមានការចរចាទ្វេភាគីនោះ ក៏អាចជាកលល្បិចមួយផងដែរ ៖ «ពីព្រោះយើងដឹងហើយ យើងមើលទៅ ជំហរថៃគាត់មិនផ្លាស់ប្ដូរឥរិយាបថគាត់ ដោយដកទ័ពទេ ។ ការដែលគាត់ហៅចរចាទ្វេភាគី វាចំណេញម្យ៉ាងសម្រាប់ភាគីថៃនិងភាគីកម្ពុជាយើង ។ ភាគីកម្ពុជាយើង យើងចំណេញបានបង្ហាញពិភពលោកឲ្យដឹងថា ខ្មែរស្រលាញ់សន្តិភាព យើងសុខចិត្តស្របតាមភាគីថៃសំណូមពរ ហើយភាគីថៃគាត់ចំណេញវិញ គាត់ចង់បង្ហាញឲ្យពិភពលោកឃើញដែរថា គាត់មានចេតនាចរចាជាមួយយើង ហើយគាត់មានបំណងថា គាត់ចង់ពន្យារពេល កុំឲ្យយើងឆាប់ទៅប្ដឹងភ្លាម ដើម្បីទុកពេលវេលាឲ្យគាត់ចំណេញនយោបាយជាមួយនឹងក្រុមគណបក្សប្រឆាំង ។ អ៊ីចឹងអាហ្នឹងជាល្បិចកលរបស់គេទេ គេចំណេញនយោបាយរបស់គេទេ» ។
ក្នុងករណីនេះ លោក មឿង សុន ក៏បានមានប្រសាសន៍ថា កម្ពុជាត្រូវតែឲ្យមានការដោះស្រាយបញ្ហានេះ ជាលក្ខណៈអន្តរជាតិដែលអាចធ្វើឲ្យមានការអនុវត្តច្បាប់មួយដ៏មាំទាំបាន ៖ «គឺយើងចំណេញពីរយ៉ាងធំ ។ ទីមួយ គឺយើងត្រូវយកផែនទីសម័យអាណានិគមបារាំង ឆ្នាំ១៩០៤, ១៩០៧ ហើយនិងតុលាការក្រុងឡាអេ ជាមូលដ្ឋាន ចាប់វាស់ឡើងវិញទាំងអស់នូវព្រំប្រទល់ជាមួយថៃ ។ អ៊ីចឹង យើងត្រូវចំណេញដីនិងកោះថែមទៀត ។ ខ្ញុំជឿថា ពេលយើងកើតសង្គ្រាមស៊ីវិលនិងសម័យខ្មែរក្រហម និងសម័យលន់នល់ គឺពួកប្រទេសអស់ហ្នឹង ឈ្លានពានដីយើងច្រើនណាស់ អ៊ីចឹង បើកាលណាជ្រុលបានប្ដឹងហើយ យើងត្រូវតែឲ្យអន្តរជាតិសើរើព្រំប្រទល់ខ្មែរយើងវិញទាំងអស់ គឺអ្វីដែលបារាំងបានគូសទុកឲ្យជាមួយនឹងភាគីថៃហ្នឹង ។ ចំណេញទីពីរ គឺយើងចំណេញទាំងនយោបាយ គឺយើងឲ្យថៃដឹងថា ខ្លួនឯងជាប្រទេសមួយដែលរំលោភទៅលើ ទាំងយូណេស្កូ ផង ទាំងអង្គការសហប្រជាជាតិទៀត» ។
ដូចគ្នានេះដែរលោក រ៉ុង ឈុន មេដឹកនាំនៃក្រុមឃ្លាំមើលកម្ពុជា បានថ្លែងថា ការចរចារបស់កម្ពុជាជាមួយប្រទេសថៃនោះគឺបង្ហាញពីភាពអាម៉ាស់និងអន់ខ្សោយខាងការទូតមួយរបស់ខ្មែរដែលបានធ្វើតបនឹងប្រទេសដែលឈ្លានពានខ្លួន ៖ «ពេលវេលានេះហើយ យើងមិនចាំបាច់ចរចាជាមួយភាគីសៀមទេ ពីព្រោះចោរគេមកឈ្លានពានយើងហើយ យើងទៅបន្ទន់ឥរិយាបថទៅចរចាជាមួយចោរ គឺយើងអន់មែនទែន» ។
លោក រ៉ុង ឈុន ក៏យល់ដូចគ្នាដែរនឹងការលើកឡើងរបស់លោក មឿង សុន ដែលថា ការដោះស្រាយវិបត្តិនេះត្រូវតែធ្វើឡើងដោយអង្គការសហប្រជាជាតិ ៖ «ចំពោះក្រុមប្រឹក្សាឃ្លាំមើល ក៏ដូចជាខ្លួនរូបខ្ញុំផ្ទាល់ ខ្ញុំចង់ឲ្យរដ្ឋាភិបាលប្រកាន់ជំហរម៉ឺងម៉ាត់ រឹងមាំ យកផលប្រយោជន៍ជាតិជាធំ គឺឈរទៅលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ហើយឈរលើសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២ ឈរលើកិច្ចព្រមព្រៀងសន្តិភាពថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដែលមានប្រទេសហត្ថលេខីចំនួន ១៩ រួមជាមួយនោះ មានមហាអំណាចធំៗ ហើយប្រទេសជាប់ប្រទេសយើងហ្នឹងក៏ជាហត្ថលេខី គឺចង់ឲ្យរដ្ឋាភិបាលឈរឲ្យរឹងមាំ ប្រកាន់ជំហរឲ្យច្បាស់លាស់ ហើយស្នើសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ» ។
ទោះជាយ៉ាងណាក៏ដោយ លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្ស អាដហុក បានសម្តែងទស្សនៈថា ការចរចាទ្វេភាគីក៏អាចជារឿងល្អម្យ៉ាងដែរ ប៉ុន្តែត្រូវតែធ្វើដោយតម្លាភាព ភាពម៉ឺងម៉ាត់ ក្នុងការគោរពសមភាគីនិងការគោរពសន្ធិសញ្ញានិងអនុសញ្ញាព្រំដែននិងច្បាប់អន្តរជាតិនានាដែលធ្លាប់មានរួចមកហើយ ។
លោក ធន សារាយ មានប្រសាសន៍ដូច្នេះថា ៖ «ការចរចាវាជាការមួយល្អដែ ព្រោះថា កុំឲ្យបាក់មុខទាំងសងខាង ព្រោះប្រទេសយើងជិតខាងគ្នា ត្រូវការរស់នៅជាមួយគ្នា រាប់រយរាប់ពាន់ឆ្នាំទៅមុខទៀត ប៉ុន្តែត្រង់ថា ការយល់ព្រមមកអង្គុយតុចរចាគ្នានេះ តើភាគីថៃនៅតែប្រកាន់ជំហរថា លោកចង់សើរើព្រំដែនដែលមានការឯកភាពគ្នារួចហើយ ឬមួយក៏លោកគ្រាន់តែយល់ថា យើងត្រូវការជជែកគ្នាលំអិតនូវការបោះបង្គោលថ្មីទៅលើព្រំដែនដែល កាលឆ្នាំ១៩៦២ ទទួលស្គាល់បន្ថែមទៀតដោយតុលាការក្រុងឡាអេនេះ [ឬយ៉ាងណា]» ។
គួរបញ្ជាក់ថា ជម្លោះព្រំដែននៅតំបន់ក្បែរប្រាសាទព្រះវិហារបានកើតមានឡើង ក្រោយពេលដែលកម្ពុជាបានប្រកាសពីការចូលឈ្លានពានរបស់ថៃ ជាពិសេស គឺការចូលកាន់កាប់ទឹកដីនៃវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ បន្ទាប់ពីប្រទេសកម្ពុជាបានជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ដែលប្រទេសថៃបានប្រឆាំងជំទាស់ជាយូរមកហើយ ។
ក្រោយពីការលុកលុយនោះកម្ពុជាបានធ្វើការចរចាជាមួយថៃជាលើកដំបូង នៅស្រុកអារញ្ញ ប្រទេសថៃម្តងរួចមកហើយតែមិនបានលទ្ធផលឡើយ ដែលនាំឲ្យកម្ពុជាសុំឲ្យមានកិច្ចអន្តរាគមន៍ ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសថៃបានសុំឲ្យមានការចរចាទ្វេភាគីជាថ្មីទៀត ដូច្នេះហើយបានជាកម្ពុជាសម្រេចព្យួរឲ្យមានកិច្ចអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសិន ។
ការចរចាចុងក្រោយនៅខេត្តសៀមរាបនោះ ភាគីទាំងពីរបានយល់ព្រមដកទ័ពចេញពីតំបន់មានជម្លោះនោះ ប៉ុន្តែគេមិនបានបញ្ជាក់ច្បាស់លាស់ថាធ្វើឡើងនៅពេលណាឡើយ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/ngos-urge-govt-to-stop-bilateral-talks-07292008093223.html
ទាហានថៃគ្រោងធ្វើសមយុទ្ធយោធាក្បែរព្រំដែនខ្មែរ ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ជា មករា
2008-07-29
នាយទាហានខ្មែរបានឲ្យដឹងថា ទាហានថៃនៅទល់មុខនឹងច្រកជាំស្រង៉ាំនៃស្រុកអន្លង់វែង ខែត្រឧត្ដរមានជ័យ គ្រោងនឹងធ្វើសមយុទ្ធយោធានៅថ្ងៃស្អែកនេះហើយ ។
RFA Photo/Savyouth
ទាហានថៃអង្គុយលើផ្លូវនៅក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
ការគ្រោងធ្វើសមយុទ្ធយោធាបានធ្វើឡើងមួយថ្ងៃក្រោយការចរចារវាងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរនិងថៃ បានសម្រេចថានឹងគ្រោងដកកម្លាំងទាហាននៃប្រទេសទាំងពីរចេញពីតំបន់ប្រាសាទព្រះវិហារដែលកំពុងតែមានជម្លោះ ។
ទាហានខ្មែរបានឲ្យដឹងទៀតថា ក្រោយការចរចាហើយនាវេលាយប់មិញនោះដែរ គឺនៅម៉ោងប្រមាណ១១:៥០នាទីយប់ ឧទ្ធម្ភាគចក្រ៤គ្រឿងរបស់ថៃបានហោះនៅលើតំបន់ក្បែរខ្សែបន្ទាត់ព្រំដែនពីទិសខាងលិចទៅទិសខាងកើត៕
ប្រភព៖ http://www.rfa.org/khmer/indepth/Thai-2conduct-military-maneuver-07292008093610.html
លទ្ធផលនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសខ្មែរ-ថៃនៅខេត្តសៀមរាប ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សំ បូរិន្ទ និង ម៉ាយ៉ារិទ្ធិ
2008-07-29
ថ្វីបើកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់កម្ពុជានិងថៃ ត្រូវគេមើលឃើញថា មិនទាន់អាចដោះស្រាយបញ្ហាអ្វីចេញនៅឡើយក្តី ប៉ុន្តែលោក ម៉ាយ៉ារិទ្ធ អ្នករាយការណ៍ព័ត៌មានយើងពីកិច្ចប្រជុំនោះឲ្យដឹងថា តំណាងប្រទេសទាំងពីរ បានពណ៌នាលទ្ធផលនៃកិច្ចប្រជុំនោះថា បានទទួលជោគជ័យក្រៃលែង។
RFA Photo/Uy Sophea
ទាហានខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ខណៈដែលរដ្ឋមន្ត្រីការបរទេសខ្មែរថៃជួបប្រជុំគ្នានៅខែត្រសៀមរាបដើម្បីរកដំណោះស្រាយភាពតានតឹងផ្នែកយោធានៅតំបន់បា្រសាទព្រះវិហារ ។
សំ បូរិន្ទ ៖ លោក ម៉ាយ៉ារិទ្ធិ សូមអភ័យទោស ដោយសារតែខ្ញុំត្រូវដាស់លោក ក៏ប៉ុន្តែដើម្បីជាប្រយោជន៍ដល់អស់លោកអ្នកនាងមិត្តអ្នកស្ដាប់ ខ្ញុំសូមលោក ម៉ាយ៉ារិទ្ធិ ធ្វើសេចក្ដីពិពណ៌នាអំពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ-ថៃ នៅខេត្តសៀមរាប ។
ម៉ាយ៉ារិទ្ធិ ៖ សូមជម្រាបថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ កម្ពុជា-ថៃនេះ គឺដំណើរការអស់រយៈពេល១២ម៉ោង ដែលចាប់ផ្ដើមតាំងពីម៉ោង ១០ព្រឹករហូតដល់ម៉ោង ១០យប់ ហើយអត់ទាន់ចប់ទៀត តាមពិតទៅ រហូតដល់ម៉ោង ១១ឯណោះ ។
ភាគីទាំងពីរបានសម្រេចចំណុចជាច្រើន ហើយទាំងរដ្ឋមន្ត្រីក្រសួងការបរទេសថៃក្ដី ទាំងរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្ដី គឺបានចាត់ទុកថា លទ្ធផលនៃការជួបនោះជាជោគជ័យដ៏ក្រៃលែង ។ ចំណុចដែលបានឯកភាពជាមួយគ្នា គឺរួមមាន សូមឲ្យរក្សាភាពអត់ធ្មត់ជាអតិបរមា គឺថា មិនឲ្យមានការប្រើកម្លាំងទ័ពទេ ហើយការដោះស្រាយបញ្ហាចំពោះមុខ គឺការដោះស្រាយដោយសន្តិវិធី ដូចជា ការប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសទាំងពីរ និងគណៈកម្មការព្រំដែនកម្ពុជា-ថៃហ្នឹង នឹងបន្តទៅទៀត ។
ហើយជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានឯកភាពផងដែរថានឹងស្នើទៅរដ្ឋាភិបាលរបស់គេរៀងៗខ្លួន ទីមួយ គឺសូមឲ្យមានការប្រជុំរដ្ឋមន្ត្រីការបរទេសជាបន្តទៀត ទីពីរ គឺបន្តកិច្ចប្រជុំនៃគណៈកម្មការព្រំដែន និងចំណុចដែលសំខាន់មួយ ដែលគួរឲ្យយកចិត្តទុកដាក់ហ្នឹង គឺគណៈប្រតិភូបានលើកថា គេនឹងស្នើទៅរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឲ្យរៀបចំធ្វើការដោះមីននៅតាមព្រំដែនដែលកំពុងតែវាស់វែង និងតាមតំបន់ព្រំដែនដែលនឹងត្រូវបោះបង្គោលរវាងកម្ពុជានិងថៃ ។ ហើយចំណុចពិសេសនិងសំខាន់បំផុត នៅក្នុងការពិភាក្សាហ្នឹង គឺភាគីទាំងពីរបានឯកភាពថា សូមឲ្យដកទ័ពទាំងទាហានខ្មែរ ទាំងទាហានថៃ ចេញពីវត្ត«កែវសិក្ខាគិរីស្វារៈ» ជាវត្តដែលកំពុងមានជម្លោះហ្នឹង ហើយក្បែរបរិវេណប្រាសាទព្រះវិហារ ក៏ឲ្យដកចេញទ័ពចេញដែរ ហើយការដកចេញនោះ គឺគេបានព្រមព្រៀងគ្នាថា នឹងមិនធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនៃប្រទេសទាំងពីរក្នុងការបោះបង្គោលព្រំដែននោះទេ ។ ដោយឡែកទៀត បញ្ហាដែលសេសសល់ គេនឹងដោះស្រាយរវាងទ្វេភាគីជាបន្តទៅទៀត។ ទាំងនេះជាចំណុចដែលភាគីនៃប្រទេសទាំងពីរបានយល់ស្របគ្នា នៅក្នុងការចរចាជាមួយគ្នាក្នុងរយៈពេល១២ម៉ោងនេះ ។
សំ បូរិន្ទ ៖ លោក ម៉ាយ៉ារិទ្ធិ លោកមានប្រសាសន៍អម្បាញ់មិញ លើចំណុចសំខាន់យ៉ាងហោចណាស់ ២ ដែលខ្ញុំចង់ឲ្យលោកបញ្ជាក់ គឺចំណុចទីមួយ ទាក់ទងនឹងការប្រកាសលទ្ធផលថា ជាជោគជ័យដ៏អស្ចារ្យមួយ ទីពីរទាក់ទងនឹងការដកទ័ពនៃប្រទេសទាំងពីរ ។ ខ្ញុំស្ដាប់អត់ទាន់យល់ ក្នុងន័យថា ប្រទេសកម្ពុជាត្រូវប្រទេសថៃឈ្លានពានទឹកដីរបស់ខ្លួន ហើយការប្រកាសថា ជាជោគជ័យដ៏អស្ចារ្យ មានន័យថា ទ័ពថៃសុខចិត្តដកចេញពីកន្លែងដែលខ្លួនកាន់កាប់បច្ចុប្បន្ននេះ ហើយបើសិនជាដកចេញ តើដកចេញនៅពេលណា?
ម៉ាយ៉ារិទ្ធិ ៖ ចំណុចនេះ គឺមានអ្នកកាសែតបានសាកសួរទៅលោករដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង ថាតើចំណុចជោគជ័យ គឺបកស្រាយយ៉ាងម៉េច ហើយមានជោគជ័យអ្វីខ្លះ ។ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង មានប្រសាសន៍ថា ចំណុចដែលគេបានចាត់ទុក[ថាជាជោគជ័យ] គឺដោយសារថា ភាគីទាំងពីរឯកភាពលើការដកកម្លាំងទាហានដែលកំពុងតែប្រឈមមុខគ្នា ចេញពីតំបន់ដែលកំពុងតែមានជម្លោះ ។
ខាងវិទ្យុអាស៊ីសេរី ក៏បានសួរដែរ នៅពេលដែលដកកម្លាំងចេញពីតំបន់ដែលមានជម្លោះហ្នឹង បានន័យថា រដ្ឋាភិបាល[ខ្មែរ] ទទួលស្គាល់ថា តំបន់ហ្នឹងជាតំបន់ត្រួតស៊ីគ្នា ហើយតើថៃគិតថា អ៊ីចឹងដែរឬទេ? លោករដ្ឋមន្ត្រី ហោ ណាំហុង មិនបានឆ្លើយចំនឹងសំណួរនេះទេ លោកមានប្រសាសន៍ថា កម្ពុជានិងថៃកំពុងតែជជែកលើបញ្ហានេះ ហើយនឹងដោះស្រាយដោយសន្តិវិធី ។ នេះគឺជាចំណុចមួយ ។ ហើយរឿងចំណុចដែលថា នឹងដកនៅពេលណានោះ នឹងពិភាក្សាបន្តទៀត គឺអត់ទាន់បានកំណត់កាលបរិច្ឆេទត្រឹមត្រូវថា នឹងដកនៅវេលាថ្ងៃណានោះទេ ។
សំ បូរិន្ទ ៖ លោក ម៉ាយ៉ារិទ្ធិ លោកជ្រាបស្រាប់ថា ក្នុងសន្ធិសញ្ញាទាំងឡាយទាំងពួងរវាងកម្ពុជា-ថៃ កន្លងផុតមកហ្នឹង គឺមានភាពច្បាស់លាស់ដែលប្រទេសទាំងពីរទទួលស្គាល់គ្នាទៅវិញទៅមកហើយ តាមរយៈសន្ធិសញ្ញាឆ្នាំ ១៩០៤, ១៩០៧ និង ១៩៦២ ដែលថា ព្រំដែនហ្នឹងគឺមានភាពច្បាស់លាស់ទៅហើយ ។ ខ្ញុំចង់ដឹងថា ចំណុចអ្វីដែលថៃលើកយកមកជាមូលដ្ឋាននៃការបញ្ជូនទ័ពចូលមកគ្រប់គ្រងវត្ត កែវសិក្ខាគិរីស្វារៈ ហ្នឹង?
ម៉ាយ៉ារិទ្ធិ ៖ ចំណុចនេះ ក្រោយមក ខ្ញុំក៏បានសាកសួរទៅលោករដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ លោក កៅ គឹមហួន គឺវិទ្យុអាស៊ីសេរី បានសួរថា ចុះហេតុអ្វីបានជាចាំបាច់ត្រូវដកទ័ពចេញពីតំបន់ដែលប្រទេសកម្ពុជាគិតថា ជាដីរបស់ខ្លួនទៅហើយនោះ តើនេះមិនបានន័យថា ទទួលស្គាល់ថាជាតំបន់ត្រួតស៊ីគ្នាទៅហើយមែនឬទេ? លោករដ្ឋលេខាធិការក្រសួងការបរទេសបានមានប្រសាសន៍តបមកវិញថា អ្វីដែលជជែកគឺមិនបានជជែកអ្វីឲ្យបានស៊ីជម្រៅទេ ក្រៅពីសុំឲ្យមានការដកទ័ពចេញតែប៉ុណ្ណឹង ក៏ប៉ុន្តែភាគីកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំប្រទល់អ្វីទាំងអស់ គឺផ្អែកតាមសន្ធិសញ្ញានិងផែនទីដែលអន្តរជាតិទទួលស្គាល់ គឺផែនទីឆ្នាំ១៩០៧ ផែនទីឆ្នាំ ១៩០៤ ដែលនាំឲ្យមានការឈ្នះក្ដីនាឆ្នាំ១៩៦២ គឺថា ផ្អែកទៅតាមសន្ធិសញ្ញានិងផែនទីដែលអន្តរជាតិទទួលស្គាល់ទាំងអស់ ។
សំ បូរិន្ទ ៖ លោក ម៉ាយ៉ារិទ្ធិ លោកក៏បានដឹងហើយថា ការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគឺមិនមែនប្រឹងប្រែងត្រឹមលំដាប់ទ្វេភាគី រវាងប្រទេសថៃនិងប្រទេសកម្ពុជាខ្លួនឯងប៉ុណ្ណឹងទេ តែបានប្រឹងប្រែងនៅថ្នាក់តំបន់ លំដាប់អន្តរជាតិរហូតទៅដល់អង្គការសហប្រជាជាតិទៀត ។ លោកដឹងហើយថា ថៃក៏បានព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យការចរចាធ្វើឡើងតែក្នុងរបៀបទ្វេភាគីរវាងថៃ-កម្ពុជាទេ ហើយមិនចង់ឲ្យរឿងនេះឡើងទៅកាន់ថ្នាក់តំបន់ ឬថ្នាក់អន្តរជាតិទេ ។ តើហេតុអីបានជាថៃមិនចូលចិត្តថ្នាក់តំបន់ ថ្នាក់អង្គការសហប្រជាជាតិ តើហ្នឹងមកពីហេតុអីទៅ?
ម៉ាយ៉ារិទ្ធិ ៖ មន្ត្រីរដ្ឋាភិបាលដែលបានជជែកជាមួយកាលពីព្រឹកមិញ ប៉ុន្តែលោកសុំមិនឲ្យបញ្ចេញឈ្មោះទេ លោកបានមានប្រសាសន៍ថា ភាគីថៃខំព្យាយាមរាំងខ្ទប់ទាំងអស់ មិនឲ្យមានការជជែកនៅថ្នាក់តំបន់ និងមិនចង់ឲ្យមានការជជែកទៅដល់អង្គការសហប្រជាជាតិទៀត ដោយសារគិតថា បើបង្ហាញទៅ វានឹងជាការអាម៉ាស់មួយរបស់ថៃទៅវិញ ដូច្នេះគេចង់ឲ្យមានការជជែកទ្វេភាគីរវាងកម្ពុជានិងថៃតែប៉ុណ្ណឹង ។ មន្ត្រីរដ្ឋាភិបាល ក៏បានមានប្រសាសន៍ផងដែរថា ដោយសារតែបំណងពីប្រទេសដទៃផង ថា ឲ្យដោះស្រាយទ្វេភាគីប្រឹងប្រែងឲ្យបានខ្លាំងទៅ មុននឹងឈានទៅដល់ថ្នាក់តំបន់ និងទៅដល់អង្គការសហប្រជាជាតិនោះ ទើបកម្ពុជាបានព្យាយាមអស់លទ្ធភាពដើម្បីដោះស្រាយបញ្ហាទ្វេភាគី ជាមួយនឹងប្រទេសថៃជាមុនសិន ។
សំ បូរិន្ទ ៖ ដើម្បីជាជំនួយដល់អស់លោកមិត្តអ្នកស្ដាប់ ខ្ញុំសូមធ្វើការសង្ខេបនូវសេចក្ដីរាយការណ៍របស់លោក អម្បាញ់មិញ ទាក់ទងនឹងការយល់ព្រមព្រៀងគ្នា រវាងប្រទេសកម្ពុជានិងថៃក្នុងការជជែកពីម្សិលមិញ ។ គឺថា ប្រទេសទាំងពីរយល់ថា ត្រូវមានការជជែកគ្នាជាបន្តទៀត នៅលំដាប់រដ្ឋមន្ត្រីនិងលំដាប់គណៈកម្មការព្រំដែន នេះចំណុចទីមួយ ។ ចំណុចទីពីរ ទាក់ទងនឹងការតាំងចិត្តថា ភាគីទាំងសងខាង គឺត្រូវដកទ័ពជាចាំបាច់ ក៏ប៉ុន្តែពេលវេលានៃការដកទ័ពនោះមិនទាន់ច្បាស់លាស់ទេ តែភាគីទាំងពីរត្រូវយកកិច្ចប្រជុំម្សិលមិញហ្នឹងទៅរាយការណ៍ជូនរដ្ឋាភិបាលរៀងខ្លួនសិន៕
ប្រភព៖ http://www.rfa.org/khmer/indepth/results-of-siem-reap-talks-07292008010419.html
ថៃនាំមន្ត្រីយោធាអមស្ថានទូត១១ប្រទេសមកពិនិត្យតំបន់ជម្លោះ ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាវយុត
2008-07-28
មន្ត្រីយោធាអមស្ថានទូតមកពី១១ប្រទេសប្រចាំទីក្រុងបាងកក ត្រូវបានកងទាហានថៃដឹកនាំមកពិនិត្យស្ថានភាពប្រឈមមុខដាក់គ្នាដោយយោធារវាងថៃខ្មែរ នៅតំបន់ជម្លោះខ្សែត្រៀមទី១ក្នុងទឹកដីថៃនៃបរិវេណប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃច័ន្ទ ទី២៨ ខែកក្កដា វេលាម៉ោងប្រមាណ១១:៣០នាទី ។
RFA Photo/Uy Sophea
មន្ត្រីយោធាអមស្ថានទូតមកពី១១ប្រទេសពិនិត្យតំបន់ជម្លោះរវាងខ្មែរនិងថៃនៅក្បែរតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃ២៨ កក្កដា ២០០៨ ។
តាមមន្ត្រីយោធាអមស្ថានទូតអាល្លឺម៉ង់ប្រចាំទីក្រុងបាងកកមួយរូបដែលបានមកពិនិត្យស្ថានការណ៍នៃជម្លោះនោះ លោកវរសេនីយ៍ឯក ហ្គ័រហាត បានមានប្រសាសន៍ឲ្យដឹងថារូបលោកនិងមន្ត្រីយោធាអមស្ថានទូតចំនួន១០ប្រទេសផ្សេងទៀត បានមកកាន់តំបន់ប្រឈមមុខតានតឹងដាក់គ្នារវាងកងទាហានខ្មែរថៃនៃប្រាសាទព្រះវិហារនេះ ដោយសារតែមានការសំណូមពរយ៉ាងទទូចពីក្រុមមន្ត្រីយោធាថៃ ។
មន្ត្រីដដែលបានមានប្រសាសន៍ទៀតថា នៅពេលដែលលោកបានពិនិត្យឃើញស្ថានភាពប្រឈមមុខដាក់គ្នាដោយអាវុធរវាងយោធាខ្មែរថៃនោះ គួរតែភាគីទាំងពីរអង្គុយនៅតុចរចាដើម្បីស្វែងរកសន្តិភាព ។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានចូលទៅជួបផ្ទាល់ក្នុងបន្ទាត់ព្រំដែនកម្ពុជាថៃ មន្ត្រីយោធាអមស្ថានទូតទាំងនោះមកពីប្រទេសកាណាដា អាល្លឺម៉ង់ វៀតណាម សិង្ហបុរី លាវ ឥណ្ឌូណេស៊ី ឥណ្ឌា និងមន្ត្រីមួយចំនួនទៀតដែលមិនបានជួបដោយសារតែមន្ត្រីយោធាថៃប្រញាប់ឲ្យវិលត្រឡប់ ហាក់ដូចជាមិនចង់ឲ្យមានការជួបសម្ភាសជាមួយអ្នកកាសែតខ្មែរ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថាវាជាការប្រសើរដែលមន្ត្រីយោធាថៃបាននាំមន្ត្រីយោធាអមស្ថានទូតបរទេសទៅពិនិត្យស្ថានការណ៍ជាក់ស្ដែងក្នុងតំបន់ប្រឈមមុខដាក់គ្នារវាងកងទាហានខ្មែរនិងថៃនោះ ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «អត់អីទេ ពីព្រោះធម្មតាអ្នកការទូតមកផ្អែកលើច្បាប់» ។
ស្ថានភាពប្រឈមមុខដាក់គ្នាដ៏តានតឹងនៃកងទាហានខ្មែរថៃនៅតំបន់ប្រាសាទព្រះវិហាររហូតមកដល់ថ្ងៃច័ន្ទនេះ មានរយៈពេល១៣ថ្ងៃហើយ នៅតែមិនទាន់ធូរស្រាលទេ ដោយកងទ័ពទាំងសងខាងបានត្រឹមតែនិយាយថា គេនៅរង់ចាំស្ដាប់លទ្ធផលការចរចារវាងមន្ត្រីការបរទេសនៃប្រទេសទាំងពីរដែលកំពុងជួបប្រជុំគ្នានៅឯខែត្រសៀមរាបប៉ុណ្ណោះ ។
ទាហានខ្មែរម្នាក់នៃកងវរសេនាតូច៤១២ កំពុងត្រៀមប្រយុទ្ធនៅខ្សែត្រៀមជួរមុខបាននិយាយថា គេបានត្រៀមលះបង់ជីវិតជាស្រេចសម្រាប់ការពារទឹកដីខ្មែរប្រសិនបើមានសង្គ្រាមកើតឡើង ។
ទាហានដដែលបានឲ្យដឹងថា ៖ «ខ្ញុំគិតរួចហើយថា ខ្ញុំចូលទាហាននេះខ្ញុំធ្វើដើម្បីទឹកដីសមរភូមិ ការពារប្រទេសជាតិ ។ អត់ញញើតទេ ផ្ញើជីវិតក្នុងសមរភូមិហើយ» ។
ប៉ុន្តែចំពោះទាហានថៃមួយរូបបាននិយាយថាគេមិនចង់ធ្វើសង្គ្រាមទេ បើសិនស្ថានការណ៍ឲ្យពួកគេវិលត្រឡប់គេនឹងបានជួបប្រពន្ធកូននិងបានទៅធ្វើស្រែចម្ការ ។
ស្របពេលជាមួយគ្នាដែលកងទាហានឈុតខ្មៅនិងកងទាហានប៉ារ៉ាថៃកំពុងចូលលុកលុយព្រំដែននិងវត្តខ្មែរនៅក្បែរប្រាសាទព្រះវិហារនោះ នៅឯព្រំដែនខ្មែរថៃតំបន់ជាំស្រង៉ាំ ស្រុកអន្លង់វែង ខែត្រឧត្ដរមានជ័យ ឯណោះវិញ កងប៉ូលិសព្រំដែនខ្មែរបានរាយការណ៍ថា ទាហានឈុតខ្មៅនិងទាហានប៉ារ៉ារបស់ថៃចំនួន១៦នាក់ ប្រដាប់ដោយអាវុធបានចូលមកព្រំដែនខ្មែរចម្ងាយប្រមាណ៧០ម៉ែត្រ កាលពីវេលាម៉ោង១រសៀលថ្ងៃច័ន្ទនេះ ក៏ប៉ុន្តែត្រូវកងរក្សាព្រំដែនខ្មែររុញច្រានត្រឡប់ទៅវិញបន្ទាប់ពីមួយម៉ោងក្រោយមក ៕
ប្រភព៖ http://www.rfa.org/khmer/indepth/foreign-observers-brought-2dispute-area-07292008004936.html
និស្សិតខ្មែរនៅហ្វីលីពីនធ្វើបាតុកម្មប្រឆាំងនឹងថៃនៅមុខស្ថានទូតថៃ ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ហ៊ុយ វណ្ណៈ
2008-07-28
ស្របពេលដែលកិច្ចជំនួបប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសខ្មែរថៃកំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាបនៃប្រទេសកម្ពុជា នៅរសៀលថ្ងៃច័ន្ទនេះដែរក្រុមនិស្សិតខ្មែរចំនួន៣០នាក់ ក្នុងនោះមាននិស្សិតស្ត្រី៥នាក់ដែលកំពុងសិក្សានៅប្រទេសហ្វីលីពីន បាននាំគ្នាធ្វើបាតុកម្មនៅខាងមុខស្ថានទូតថៃប្រចាំនៅក្រុងម៉ានីល ដើម្បីថ្កោលទោសចំពោះវត្តមានកងទ័ពថៃដែលឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីខ្មែរនៅតំបន់ប្រាសាទព្រះវិហារនោះ ។
ក្នុងពេលកំពុងធ្វើបាតុកម្មនោះ លោក ដីវិន ជាតំណាងក្រុមនិស្សិតបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមរយៈទូរស័ព្ទអំពីការទាមទារតវ៉ាដែលចាប់ផ្តើមធ្វើពីម៉ោង១ រហូតដល់ម៉ោង៥រសៀលថ្ងៃនេះយ៉ាងដូច្នេះថា ៖ «យើងរៀបចំលើកជាបដា ។ យើងមានបដាធំមួយប្រវែងប្រហែល៣ម៉ែត្រ ហើយបដាតូចៗជាច្រើន ។ យើងទាមទារដូចជា យើងត្រូវការសន្តិភាព យើងទាមទារឲ្យថៃដកចេញពីប្រទេសកម្ពុជា ថៃត្រូវតែគោរពសិទ្ធិមនុស្ស ឈ្លានពានទៅលើទឹកដីកម្ពុជាជាការរំលោភសិទ្ធិមនុស្សជាង១៤លាននាក់ ។ ហើយយើងមិនទទួលស្គាល់នូវផែនទីដែលធ្វើឡើងជាឯកតោភាគី យើងទទួលស្គាល់តែផែនទីដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។ ក្នុងនោះយើងមានទង់ជ័យ ទង់ជ័យយើងមានស្រេច អាធំៗជាក្រដាស៥ ហើយទង់ជ័យក្រដាសប្រហែលជា៣០» ។
ហ៊ុយ វណ្ណៈ ៖ ខាងអាជ្ញាធរហ្វីលីពីនគេមានការពារសន្តិសុខអីទេ ? ដីវិន ៖ បាទការពារយើងព្រោះយើងមានច្បាប់ត្រឹមត្រូវ យើងដាក់ច្បាប់តាំងពីថ្ងៃទី២៦ ។ ហើយថ្ងៃហ្នឹងគេមកមុនយើង ប៉ូលិសប្រហែលជា៤-៥ឡាន ហើយគេការពារយើងជុំវិញសងខាងទាំងអស់ ។
ហ៊ុយ វណ្ណៈ ៖ លោកធ្វើបាតុកម្មនៅកន្លែងណាដែរនៅក្នុងទីក្រុងម៉ានីលហ្នឹង ? ដីវិន ៖ នៅក្នុងម៉ានីលនៅមុខស្ថានទូតថៃតែម្ដង… ។
ហ៊ុយ វណ្ណៈ ៖ តើខាងភ្ញៀវបរទេសគេមានចាប់អារម្មណ៍នឹងការធ្វើពិធីហ្នឹងដែរឬទេ ? ដីវិន ៖ យើងមានអ្នកកាសែតជាច្រើនដែរមកយកព័ត៌មានកាលពីដើមដំបូង ។ រយៈពេលប្រហែលជាមួយម៉ោងដំបូងមានអ្នកកាសែតបរទេសជាច្រើន ។
ហ៊ុយ វណ្ណៈ ៖ តើអាជ្ញាធរថៃដែលការពារនៅហ្នឹងមានការឆ្លើយតបយ៉ាងម៉េចនាពេលហ្នឹង ?
ដីវិន ៖ ជាដំបូងខ្ញុំជូនលិខិតហើយនិងការអនុញ្ញាតទៅស្ថានទូតថៃ ហើយគេព្រមទទួលយកទៅ ។ ហើយគេបិទទ្វារគេអត់ហ៊ានបើកទ្វារទេ ។ គេអើតមកតាមកញ្ចក់ព្រាតអ៊ីចឹងមក គេអត់ហ៊ានចេញទេ ។ ហើយស្ថានទូតគេ គេឃាំងដោយរបងដែកកុំឲ្យយើងចូលទៅក្នុងស្ថានទូតគេ ។
ហ៊ុយ វណ្ណៈ ៖ លោករំពឹងថាការទាមទារថ្ងៃនេះនឹងមានឥទ្ធិពលអីទៅនឹងព័ត៌មានរបស់ថៃនៅព្រំដែនកម្ពុជាហ្នឹងដែរ ?
ដីវិន ៖ ខ្ញុំថាជួយវាមិនច្រើនទេ តែវាជួយមួយផ្នែកជំរុញឲ្យថៃទទួលស្គាល់អ្វីដែលយើងទាមទារ ។ ជាសិទ្ធិតវ៉ារបស់យើងដែលកំពុងចរចានៅសៀមរាបហ្នឹង ។ ហើយយើងក៏បានប្រាប់ទៅសារព័ត៌មានដែរ បើសិនជាថៃមិនព្រមទទួលស្គាល់អ្វីដែលយើងទាមទារទេ យើងនឹងបញ្ជូនជាលិខិតទៅអាស៊ាន ឬក៏ UN ឬក៏អាចឈានចូលទៅដល់ការធ្វើបាតុកម្មទាមទារបន្តទៀត ៕
http://www.rfa.org/khmer/indepth/Khstudents-in-Philippines-protest-against-Thai-07282008235557.html
កម្ពុជា ថៃនឹងបន្តការពិភាក្សាអំពីវិវាទព្រំដែន ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
រដ្ឋមន្រ្តីការបរទេសនៃប្រទេសថៃ និង កម្ពុជា នឹងចាប់ផ្តើមការពិភាក្សាឡើងវិញនៅថ្ងៃនេះក្នុងគោលបំណងបញ្ចប់ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
នៅក្នុងប៉ុន្មានសប្តាហ៍មកនេះ ប្រទេសទាំងពីរបានបញ្ជូនកងទ័ពទៅកាន់តំបន់ក្បែរប្រសាទព្រះវិហារដែលស្ថិតនៅក្នុងដីវិវាទ។
រដ្ឋមន្រ្តីការបរទេសថៃដែលទើបតែទទួលការតែងតាំងថ្មីលោក Tej Bunnag នឹងធ្វើដំណើរមកកាន់ខេត្តសៀមរាបនៅថ្ងៃនេះដើម្បីធ្វើការពិភាក្សាជាមួយលោកហោ ណាំហុងដែលជារដ្ឋមន្រ្តីការបរទេសកម្ពុជា។
ភាពតានតឹងបានផ្ទុះឡើងកាលពីដើមខែនេះនៅពេលដែលប្រទេសកម្ពុជាបានទទួល ជោគជ័យនៅក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
(ប្រែសម្រួលដោយ វ៉ាន់ មុនីរ័ត្ន)
ប្រភព៖ http://www.radioaustralia.net.au/khmer/news/stories/s2316653.htm
រដ្ឋមន្ត្រីការបរទេសខ្មែរថៃជួបប្រជុំគ្នាដើម្បីដោះស្រាយជម្លោះ ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ហ៊ុយ វណ្ណៈ
2008-07-28
កិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសកម្ពុជានិងប្រទេសថៃ គឺបានចាប់ផ្តើមហើយនៅថ្ងៃច័ន្ទនេះ នៅឯទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរកការដោះស្រាយភាពតានតឹងផ្នែកយោធានៅតំបន់បា្រសាទព្រះវិហារនោះ ។
RFA Photo/Uy Sophea
ទាហានខ្មែរយាមល្បាតប្រាសាទព្រះវិហារនៅក្នុងខែត្រព្រះវិហារ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០៨ ខណៈដែលរដ្ឋមន្ត្រីការបរទេសខ្មែរថៃជួបប្រជុំគ្នានៅខែត្រសៀមរាបដើម្បីរកដំណោះស្រាយភាពតានតឹងផ្នែកយោធានៅតំបន់បា្រសាទព្រះវិហារ ។
តំណាងភាគីកម្ពុជាគឺមានមន្ត្រីចំនួន១៧រូប ដែលដឹកនាំដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ។ ចំណែកឯសមភាគីថៃមានមន្ត្រីចំនួន១៦រូប ដែលដឹកនាំដោយលោក ទេព ប៊ុនណាក ដែលជារដ្ឋមន្ត្រីការបរទេសថៃទើបឡើងកាន់តំណែងថ្មី ។
សេចក្តីរាយការណ៍ពីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីកិច្ចប្រជុំនៅឯខេត្តសៀមរាបនោះ គឺលោក ម៉ាយ៉ារិទ្ធិ បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនាថ្ងៃនេះភាគីកម្ពុជាបានលើកយកបញ្ហាដែលថៃបានរំលោភអធិបតេយ្យកម្ពុជា ចំណែកឯថៃវិញបានលើកយកចំណុចតំបន់ត្រួតស៊ីគ្នានៅព្រំដែនថៃ-កម្ពុជា ។
សូមជម្រាបថាកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសនេះបានធ្វើឡើងបន្ទាប់ពីជំនួបប្រជុំមួយរវាងមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា-ថៃបានបរាជ័យ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍មុន ។ ហើយកិច្ចប្រជុំថ្ងៃនេះដែរក៏បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺលោក ហ៊ុន សែន និងលោក សាម៉ាក់ ស៊ុនថរាវ៉េទ បានពិភាក្សាជាមួយគ្នាតាមទូរស័ព្ទកាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៍មុននោះដែរ ។
រហូតមកទល់ម៉ោង ៧:៣០នាទីថ្ងៃដដែលនេះ កិច្ចពិភាក្សាគឺនៅមិនទាន់បានដឹងលទ្ធផលនៅឡើយទេ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Thai-meeting-started-07282008092041.html
Ministers meet over temple row ខែ កក្កដា 29, 2008
Posted by សុភ័ក្ត្រ in News.add a comment
Foreign ministers from Thailand and Cambodia have begun talks aimed at resolving an increasingly tense stand-off between the two countries over disputed border territory near to the ruins of an ancient Khmer temple.
Officials at the talks on Monday hope the meeting in the northern Cambodian city of Siem Reap will end the stalemate between the two neighbours.
Last week a meeting between Thai and Cambodian defence ministers held in Bangkok foundered on what maps should be used to demarcate the border.
The move comes as thousands of soldiers from both sides face off near the Preah Vihear temple which sits on a cliff along the mountainous Thai-Cambodia border.
“ I hope that the result of the talks will be positive,” Tej Bunnag, Thailand’s newly-appointed foreign minister, said ahead of Monday’s meeting.
Thai and Cambodian officials say neither side expected a quick resolution but hoped to lay out a plan for tackling unresolved border issues.
UN help
Following the failed first meeting in Bangkok Cambodia sought help from the United Nations Security Council, but later agreed to a second meeting with Thailand.
|
|
Hor Namhong, Cambodia’s foreign minister, said he hoped the fresh round of dialogue would end the impasse but warned that his government will pursue the case at the UN if talks failed again.
Negotiations last week quickly ended in an argument over which map drawn up over the last 100 years should be used to settle ownership of the temple and the surrounding area.
Despite the long-standing conflict, Thailand accepted a ruling by the International Court of Justice that awarded the temple to Cambodia in 1962.
But ties turned hostile again recently after Unesco, the UN cultural organisation, listed Preah Vihear as a World Heritage site.
The current conflict focuses on an area about 5 sq km of scrubland surrounding the 11th century Khmer-era temple.
Concerns over Preah Vihear also helped boost the victory of Cambodia’s ruling party in Sunday’s general elections.